Grand News Asia Close

ក្រោយបទឈប់បាញ់៖ ការប្រកួតប្រជែងរវាងអំណាចលើដី និងភាពស្របច្បាប់ក្នុងសណ្តាប់ធ្នាប់អន្តរជាតិ

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ទស្សនៈ-Opinion 1014
ក្រោយបទឈប់បាញ់៖ ការប្រកួតប្រជែងរវាងអំណាចលើដី និងភាពស្របច្បាប់ក្នុងសណ្តាប់ធ្នាប់អន្តរជាតិ ក្រោយបទឈប់បាញ់៖ ការប្រកួតប្រជែងរវាងអំណាចលើដី និងភាពស្របច្បាប់ក្នុងសណ្តាប់ធ្នាប់អន្តរជាតិ

#OpEd

នៅក្នុងប្រព័ន្ធអន្តរជាតិដែលផ្អែកលើច្បាប់ ប្រទេសណាដែលបន្តកាន់កាប់ទឹកដីប្រទេសដទៃក្រោយបទឈប់បាញ់ គឺមិនមែនកំពុងការពារសន្តិភាពទេ ប៉ុន្តែកំពុងបំផ្លាញសន្តិភាពនិងបង្កើតសង្គ្រាមទៅវិញទេ។ ថៃប្រើភាព ស្ងៀមស្ងាត់ និងការពន្យារពេលជាអាវុធនយោបាយ ដើម្បីបន្តឈ្លានពានទឹកដីកម្ពុជា ដែលទង្វើរនេះមិនអាចលាក់បាំងការពិតបានជារៀងរហូតបានឡើយ។

បទសម្ភាសន៏របស់នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ជាមួយសារព័ត៌មាន Reuters គឺជាការបញ្ចេញសារត្រង់ចំៗ និងខ្លាំងបំផុតមិនធ្លាប់មានទៅកាន់សហគមន៍អន្តរជាតិថា ថៃកំពុងរំលោភបទឈប់បាញ់ និងកំពុងកាន់កាប់ទឹកដីកម្ពុជាដោយកម្លាំង ខណៈកម្ពុជាបានគោរពកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់បានយ៉ាងពេញលេញបំផុត ហើយយកយន្តការណ៏ដោះស្រាយបញ្ហាព្រំដែនដូចដែលបានចែងក្នុងកិច្ចព្រមព្រៀងគ្នានាពេលកន្លងមក។ ការលើកឡើងបែបនេះមិនមែនជាការបកស្រាយនយោបាយទេ ប៉ុន្តែជាការពិពណ៌នាអំពីស្ថានភាពជាក់ស្តែង ដែលថៃមិនអាចបដិសេធបានដោយពាក្យសម្ដីទេ។

បន្ទាប់ពីការវាយប្រយុទ្ធគ្នាក្នុងឆ្នាំ២០២៥ និងមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយក៏កងទ័ពថៃមិនបានដកថយចេញពីទឹកដីកម្ពុជាដែរ ប៉ុន្តែថែមទាំងបានបន្តរុលចូលកាន់កាប់ “យ៉ាងជ្រៅ” ក្នុងទឹកដីកម្ពុជា ដោយដំឡើងទូរកុងតឺន័រ រាយបន្លារលួស និងរារាំងជនភៀសសឹកមិនឱ្យវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញបាន។ ការធ្វើសកម្មភាពបែបនេះ មិនអាចហៅថាជា “ការរក្សាសន្តិសុខ” បានឡើយ។ ការប្រើកម្លាំងដើម្បីផ្លាស់ប្តូរ និងកែប្រែការពិតប្រវត្តិសាស្ត្រខ្សែបន្ទាត់ព្រំដែន គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋឯករាជ្យមួយ មិនត្រឹមតែផ្ទុយពីស្មារតីសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពានលើគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិថែមទៀតផង។

កម្ពុជាមិនបានអំពាវនាវអ្វីលើសពីកាពិតនិងច្បាប់ឡើយ។ កម្ពុជាគ្រាន់តែទាមទារឱ្យប្រើប្រាស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ដែលមានស្រាប់និង យន្តការបច្ចេកទេសដែលបានព្រមព្រៀងគ្នារួចហើយតែប៉ុណ្ណោះ។

សំណួរដែលសហគមន៍អន្តរជាតិត្រូវសួរប្រទេសថៃគឺ៖ បើប្រទេសថៃមានមូលដ្ឋានច្បាប់ត្រឹមត្រូវ ហេតុអ្វីបានជាគេចវេសមិនចូលរួមប្រជុំ JBC? ហើយតើការពន្យារពេលផ្ទៀងផ្ទាត់ការពិតជាផ្លូវការតាមលក្ខណៈបច្ចេកទេស មានន័យដូចម្តេច ខណៈដែលកងទ័ពថៃនៅតែឈរជើងឥនៅលើទឹកដីក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា?ការគេចវេសយន្តការច្បាប់គឺជាសញ្ញាថា ភាគីថៃខ្លាចការពិតនិងមិនហ៊ានប្រឈមមុខនិងផ្លូវច្បាប់។

ការពិតដែលមិនអាចមើលរំលងបាននោះ គឺកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានសម្របសម្រួលនិងធ្វើជាសាក្សីដោយប្រធាធិបតីសហរដ្ឋមេរិក Donald Trump នៅក្នុងទីក្រុងគួឡាឡាំពួរប្រទេសម៉ាឡេស៊ី។ ការបន្ត កាន់កាប់ទឹកដីកម្ពុជាបន្ទាប់ពីកិច្ចព្រមព្រៀងនោះ មិនត្រឹមតែជាការរំលោភលើទឹកដីកម្ពុជាទេ ប៉ុន្តែជាការប្រមាថលើសហរដ្ឋអាមេរិកនិងលើសណ្តាប់ធ្នាប់អន្តរជាតិទាំងមូលថែមទៀតផង។ នេះក៏ជាការផ្ញើសារដ៏គ្រោះថ្នាក់បំផុតមួយថា កិច្ចព្រមព្រៀងអន្តរជាតិអាចត្រូវបានមើលស្រាល ប្រសិនបើភាគីមួយមានកម្លាំងខ្លាំងគ្រប់គ្រងបាននៅលើដីជាក់ស្តែង។

ការព្រួយបារម្ភរបស់ថៃដែលថា កម្ពុជាអាច“និយាយតែម្ខាង” នៅលើវេទិកាអន្តរជាតិនោះ មិនមែនបង្ហាញពីភាពរឹងមាំរបស់ប្រទេសថៃទេ ប៉ុន្តែបង្ហាញពីភាពភ័យខ្លាចនៃការបាត់បង់ជំនឿជឿជាក់លើប្រទេសខ្លួន ពីព្រោះថៃមិនចង់ឲ្យកម្ពុជាយកបញ្ហាព្រំដែនដាក់ចូលទៅក្នុងពហុភាគីឡើយ ពោលគឺថៃតែងតែចងរឹតកម្ពុជានៅក្នុងចំណង “ទេ្វភាគី” ជារៀងរហូតមក។
នៅពេលកម្ពុជាបង្ហាញឯកសារ សន្ធិសញ្ញា និងទាមទារយន្តការបច្ចេកទេស ខណៈដែលថៃបង្ហាញតែរបងបន្លារលួស ទូកុងតឺន័រ និងការជីកប្រឡាយជ្រៀកយកទឹកដីកម្ពុជា ដែលទឹកដីនៅតំបន់នោះភាគីថៃខ្លួនឯងធ្លាប់ទទួលស្គាល់ថាជាទឹកដីកម្ពុជាជាយូរណាស់មកហើយ នោះសហគមន៍អន្តរជាតិពិតជាយល់ច្បាស់ថា ភាគីណាកំពុងឈរនៅខាងផ្លូវច្បាប់ និងភាគីណាកំពុងឈរនៅខាងផ្លូវកម្លាំង។

ថៃអាចបន្តកាន់កាប់ទឹកដីកម្ពុជាបានមួយរយៈ តែមិនអាចកាន់កាប់ភាពស្របច្បាប់បានយូរឡើយ។ ក្នុងសមរភូមិសម័យថ្មី ភាគីដែលបន្តប្រើកម្លាំងក្រោយបទឈប់បាញ់ និងជៀសវាងការប្រើយន្តការច្បាប់ គឺជាភាគីដែលកំពុងចាញ់យុទ្ធសាស្ត្រយ៉ាងស្ងៀមស្ងាត់។

កម្ពុជាមិនកំពុងសុំការអាណិតពីសហគមន៍អន្តរជាតិទេ ប៉ុន្តែកម្ពុជាកំពុងទាមទារអ្វីដែលជាសិទ្ធិដាច់ខាតរបស់ខ្លួន៖ អធិបតេយ្យ បូរណភាពទឹកដី និងការគោរពច្បាប់។ ប្រសិនបើថៃមិនប្ដូរពីការកាន់កាប់ដោយកម្លាំង ទៅរកការដោះស្រាយក្រោមច្បាប់ទេ នោះថៃនឹងមិនត្រឹមតែបាត់បង់ទឹកដីតាមច្បាប់នោះទេ ប៉ុន្តែអាចបាត់បង់ទំនុកចិត្តលើឆាកអន្តរជាតិយ៉ាងធ្ងន់ធ្ងរថែមទៀតផង៕

ដោយ៖ ពិន វិជ័យ- អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ

អត្ថបទទាក់ទង