Grand News Asia Close

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ប្រកាសព័ត៌មាន ព័ត៌មានជាតិ 1017
ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តជម្រាបជូនជនរួមជាតិអំពីជំហររបស់កម្ពុជា និងការទូតសកម្មរបស់រាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន៖

ទី១៖ នៅគ្រប់វេទិកានៃការអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីរាជការ អាជ្ញាធរ នៅតាមបណ្តារាជធានីខេត្ត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី មិនដែលភ្លេចឡើយនូវការក្រើនរម្លឹកអាជ្ញាធរមូលដ្ឋានឱ្យយកចិត្តទុកដាក់ ចំពោះសុខទុក្ខគ្រួសារយុទ្ធជនដែលកំពុងឈរជើងការពារទឹកដីនៅជួរមុខ គ្រួសារយុទ្ធជនពលី និងអតីតយុទ្ធជន។ សម្តេចបានលើកបង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជនដែលបានយកទ្រូងពាំងគ្រាប់ដើម្បីការពារជាតិ ទឹកដី និងប្រជាជន។ ដូច្នេះ ដើម្បីតបស្នងសងគុណចំពោះវីរភាពដ៏អង់អាចក្លាហាននេះ ក៏ដូចជាការអនុវត្តនយោបាយ «ខឿនការពារជាតិរបស់ប្រជាជន» សម្តេចតេជោបានណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់លើជីវភាពក្រុមគ្រួសាររបស់ពួកគេឱ្យបានល្អ ដើម្បីកុំឱ្យពួកគេព្រួយបារម្ភអំពីគ្រួសារ។

សម្តេចតេជោ ហ៊ុន សែន ក៏តែងតែរំលឹកដល់មន្ត្រីអាជ្ញាធរទាំងអស់ឱ្យបន្តរក្សាស្ថិរភាពជាតិ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងដាស់តឿនដល់មន្ត្រីទាំងអស់ឱ្យប្រកាន់ខ្ជាប់ជានិច្ចនូវអភិក្រម៖ «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ តែគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»។ សម្តេចប្រមុខរដ្ឋស្តីទី ក៏តែងតែបញ្ជាក់ពីការគាំទ្រពេញទំហឹងនូវជំហរដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីរបស់រាជរដ្ឋាភិបាល ផ្អែកលើច្បាប់អន្តរជាតិដែលជាជម្រើសដ៏ត្រឹមត្រូវបំផុត។

ទី២៖ មិនថានៅទីកន្លែងណា ក្នុងឬក្រៅប្រទេស មិនថាវេទិកាឬជំនួបណាឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែបំពេញការងារជាអាទិភាពខ្ពស់បំផុតមួយរបស់រាជរដ្ឋាភិបាល នោះគឺ ការងារការទូតសកម្មដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន។ ដំណើរបំពេញទស្សនកិច្ចផ្លូវការ និងការអញ្ជើញចូលរួមវេទិកាអនាគតអាស៊ានលើកទី៣ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី៨ និងទី៩ ខែមិថុនា កន្លងទៅនេះ គឺជាឧទាហរណ៍ដែលបានបង្ហាញច្បាស់អំពីការទទួលខុសត្រូវខ្ពស់បំផុតរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលចំពោះជាតិ មាតុភូមិ និងប្រជាជន។

ជាក់ស្តែង សុន្ទរកថាគន្លឹះដ៏មានអត្ថន័យ នៅឯពិធីបើកវេទិកាអនាគតអាស៊ានលើកទី៣ បានឆ្លុះបញ្ចាំងឱ្យសហគមន៍តំបន់ និងអន្តរជាតិយល់កាន់តែច្បាស់ពីស្ថានភាពពិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបទឈប់បាញ់នៅតែផុយស្រួយ រីឯសកម្មភាពនៅលើដីជាក់ស្តែងនៅតែជារឿងដ៏គួរឱ្យព្រួយបារម្ភ ដែលអាចប៉ះពាល់ដល់សន្តិភាពរវាងប្រទេសទាំងពីរ ក៏ដូចជាសន្តិភាពនិងស្ថិរភាពតំបន់ទាំងមូល។ តាមរយៈសុន្ទរកថាគន្លឹះនោះ ជំហរដោះស្រាយជម្លោះដោយសន្តិវិធីរបស់កម្ពុជាដោយផ្អែកលើច្បាប់អន្តរជាតិ ទាំងព្រំដែនគោកនិងសមុទ្រ ក៏ត្រូវបានបញ្ជាក់យ៉ាងច្បាស់លាស់ជាថ្មីម្តងទៀត។

ក្រៅពីនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏តែងតែបានលើកពីបញ្ហានេះជម្រាបជូនដល់ដៃគូសន្ទនាជានិច្ច នៅក្នុងជំនួបទ្វេភាគីនាអំឡុងពេលនោះ។ ជាក់ស្តែង ក្នុងជំនួបជាមួយសមភាគីវៀតណាម សម្តេចធិបតី បានជម្រាបឯកឧត្តមនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អំពីបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានអរគុណភាគីវៀតណាមចំពោះការគាំទ្រដំណោះស្រាយដោយសន្តិវិធីនៃជម្លោះព្រំដែនកម្ពុជា-ថៃ និងចំពោះការគាំទ្របេសកកម្មរបស់ក្រុមអ្នកអង្កេតការណ៍អាស៊ាន (AOT) ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីការអនុវត្តបទឈប់បាញ់ ក៏ដូចជាការអនុវត្តសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យមានប្រសិទ្ធភាព និងឱ្យបានពេញលេញ។

ក្នុងឱកាសទទួលជំនួបសម្តែងការគួរសមពីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក Christopher Landau ក្រៅពីសម្ដែងក្ដីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក និងបានគូសបញ្ជាក់ពីកាលានុវត្តភាពជាច្រើន ដើម្បីរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស្អិតរមួត និងស៊ីជម្រៅថែមទៀតនោះ សម្ដេចធិបតីក៏បានជម្រាបឯកឧត្តមអនុរដ្ឋមន្ត្រីអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ស្ថានការណ៍តាមព្រំដែនកម្ពុជា-ថៃ និងជំហរដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិនេះ ក៏ត្រូវបានសម្តេចធិបតីលើកឡើងក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី Izumi Nakamitsu អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាណូយដែរ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា ក្នុងនាមជារដ្ឋស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែននៃគណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

សូមអរគុណ!

អត្ថបទទាក់ទង