Grand News Asia Close

ក្រសួង​វប្បធម៌​រៀបចំ​មហោស្រពល្ខោននិយាយ​ដើម្បី​លើកស្ទួយនិងអភិរក្សតម្លៃសិល្បៈវប្បធម៌ជាតិ

ក្រសួង​វប្បធម៌​រៀបចំ​មហោស្រពល្ខោននិយាយ​ដើម្បី​លើកស្ទួយនិងអភិរក្សតម្លៃសិល្បៈវប្បធម៌ជាតិ រូបថត​ឯកសារ​របស់​ក្រសួង​វប្បធម៌​ ដែល​បង្ហាញ​ពី​ទម្រង់​នៃ​ល្ខោននិយាយ។

#សិល្បៈវប្បធម៌

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រពល្ខោននិយាយឆ្នាំ២០២៦ រយៈ​ពេល​២​ថ្ងៃ ក្រោមប្រធានបទ «ចង្កឹះមួយបាច់» ចាប់ពីថ្ងៃទី១-២ ខែតុលា នៅរាជធានីភ្នំពេញ ដើម្បី​ថែរក្សា​ទម្រង់សិល្បៈ​របស់​កម្ពុជា។

​ក្រសួងវប្បធម៌​បាន​ថ្លែង​នៅ​ក្នុង​ការ​ជូន​ដំណឹង​នា​ពេលថ្មីៗនេះ​ថា៖ «ការរៀបចំព្រឹត្តិការណ៍វប្បធម៌នេះ គឺក្នុងគោលបំណងដើម្បីចូលរួមថែរក្សា លើកស្ទួយ និងអភិរក្សតម្លៃសិល្បៈវប្បធម៌ជាតិ ជាពិសេសលើកទឹកចិត្តដល់សិល្បករល្ខោននិយាយឱ្យមានលទ្ធភាពចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយវប្បធម៌ ព្រមទាំងបានបង្ហាញនូវសមត្ថភាព ទេពកោសល្យរបស់ខ្លួនដល់មហាជនឱ្យបានស្គាល់ និងបានដឹងនូវតម្លៃនៃ សិល្បៈអរូបីមួយនេះ»។

ក្រសួង​លើក​ទឹកចិត្ត​ឲ្យ​សិល្បករ អង្គការ សមាគមសិល្បៈ មហាជនទូទាំងប្រទេសដែលមានចំណេះជំនាញល្ខោននិយាយ បានចូលរួមប្រកួតប្រជែង ដោយ​គោរពតាម​លក្ខខណ្ឌ​ដែលក្រសួងបាន​កំណត់ ដោយ​វគ្គជម្រុះ គឺត្រូវ​ធ្វើ​ឡើង​តាម​រយៈវីដេអូ​រយៈពេល​ចន្លោះ​ពី ១៥ ទៅ ៣០​នាទី។ ចំណែក​វគ្គផ្ដាច់​ព្រ័ត្រ​នឹង​ត្រូវ​សម្ដែង​ដោយផ្ទាល់ និង​មាន​ការ​ផ្សាយ​ផ្ទាល់លើ​ផេក​ក្រសួង។

ល្ខោននិយាយ​គឺ​ជា​ទម្រង់​ល្ខោន​មួយ​ដែល​ជា​ការសម្ដែង​ដោយ​តួអង្គ ដោយ​ការ​សម្ដែង​នោះ​ផ្ដោត​លើ​តថភាព​ក្នុង​សង្គម​មួយ​ ក្នុង​គោល​បំណងលើក​យក​បញ្ហា​មក​ដោះស្រាយ ឬ ក្នុង​គោល​បំណង​​អប់រំ​មនុស្ស​លើ​បញ្ហា​ណា​មួយ។ នេះ​បើ​តាម​ សួង សុភ័ក្ត្រ ដែល​បាន​សិក្សា​អំពី​ល្ខោន​នេះ។

លោក ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតត្យសភាកម្ពុជា បាន​ថ្លែង​ថា ការ​រក្សា​សិល្បៈវប្បធម៌ខ្មែរ គឺជា​រឿង​សំខាន់ ហើយ​ការ​អភិវឌ្ឍ​វា​ឲ្យ​មាន​ភាព​ទាក់ទាញ កាន់តែសំខាន់ ព្រោះថា ការ​អភិរក្ស​តែ​មួយ​មុខដោយ​គ្មាន​ការ​អភិវឌ្ឍឬ​នវានុវត្តន៍ទេ​នោះ វា​នឹង​ធ្វើ​ឲ្យ​វប្បធម៌នោះ​មិន​រីក​ចម្រើន។

លោក ឈត ប៊ុនថង៖ «តើ​យើង​ត្រូវ​រក្សា​ទម្រង់​បុរាណ​បែបណា ហើយ​ល្ខោន​និយាយ​បែប​ច្នៃប្រឌិត​នោះ​បែបណា។ ទី២ យើង​មិន​ត្រូវ​ផ្ដោតទៅលើតែរឿងចាស់ៗ​ដដែលៗនោះទេ​ គឺ​យើង​ត្រូវ​មាន​រឿង​ថ្មីៗ ដែល​មាន​គំនិត​អប់រំនៅ​ក្នុង​សង្គម ដូចជា​ទាក់ទងគ្រឿងញៀន គ្រឿង​ស្រវឹង ការឆបោកតាមអនឡាញ ឬ ទាក់ទង​រឿង​សង្គ្រាម។ ដូច្នេះ យើង​គួរ​មាន​រឿងថ្មី និង​មាន​វិធី​សម្ដែង​ថ្មី ប៉ុន្តែ​ជា​ទម្រង់​ល្ខោន​និយាយដដែល»។

លោក​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋគ្រប់គ្នា​មាន​មោទនភាព​លើ​ឫសគល់​នៃ​វប្បធម៌​របស់​ខ្លួន ហើយ​ប្រើវា​ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​វា និង​ពង្រឹង​អំណាច​ទន់​របស់​កម្ពុជា ឬ​ប្រើប្រាស់​ក្នុង​ទម្រង់​ដែល​អាច​ទាក់​ទាញ​ភ្ញៀវទេសចរណ៍តាមតែ​អាច​ធ្វើ​បាន៕

-Phnom Penh Post-

អត្ថបទទាក់ទង