Grand News Asia Close

កម្ពុជា-ចិន បើកទំព័រការទូតជាមួយគ្នាតាំងពីពេលណា?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ ចំណេះដឹងទូទៅ ទស្សនៈ-នយោបាយ វប្បធម៌ & ប្រវត្តិសាស្រ្ដ 283
កម្ពុជា-ចិន បើកទំព័រការទូតជាមួយគ្នាតាំងពីពេលណា? កម្ពុជា-ចិន បើកទំព័រការទូតជាមួយគ្នាតាំងពីពេលណា?

(ភ្នំពេញ)៖ នាពេលបច្ចុប្បន្ន កម្ពុជា-ចិនកំពុងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា និងបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រទេសទាំងពីរហៅមិត្តភាពនេះថា «មិត្តដែកថែប»។ ចាប់ពីឆ្នាំ១៩៥៨ដល់ឆ្នាំ២០២៤នេះ ទំនាក់ទំនងការទូតជាផ្លូវការបានឈានដល់ខួប៦៦ឆ្នាំហើយ ប៉ុន្តែប្រសិនបើនិយាយពីប្រវត្តិទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ។

* សំណួរសួរថា តើទំព័រការទូតកម្ពុជានិងចិនចាប់ផ្ដើមតាំងពីពេលណា? ផ្ដួចផ្ដើមដោយអ្នកណាខ្លះ? តើអ្នកណាជាអ្នកដើរតួធ្វើការទូតនេះ?

ប្រវត្តិសាស្ត្របានបង្ហាញឱ្យយើងដឹងហើយថា ជនជាតិខ្មែរបានបង្កើតអាណាចក្រដំបូងមួយតាំងពីដើមគ្រិស្ដសករាជ នោះគឺអាណាចក្រភ្នំ ភាសាខ្មែរបុរាណហៅ វ្នំ ដែលចិនហៅ ហ្វ៊ូណន ឬហ្វ៊ូណាន។ តាមពិតទៅ ប្រជារាស្ត្រខ្មែរនិងចិនមានទំនាក់ទំនងជាមួយគ្នាតាំងពីមុនសម័យបង្កើតអាណាចក្រភ្នំនោះមកម្ល៉េះ នេះបើតាមសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោកសាស្ត្រាចារ្យ ត្រឹង ងា។

សៀវភៅប្រវត្តិទំនាក់ទំនងកម្ពុជា-ចិនបានបញ្ជាក់ដែរថា អាណាចក្រភ្នំរបស់ខ្មែរជាទីប្រសព្វចរាចរណ៍ជំនួញពាណិជ្ជកម្មផ្លូវសមុទ្រ ក៏ដូចជាវប្បធម៌រវាងអារ្យធម៌ចិននិងអារ្យធម៌ឥណ្ឌា បូករួមទាំងភាពសម្បូរហូរហៀនូវធនធានផលិតផលគ្រប់ប្រភេទ ក្នុងនោះកំពង់ផែអូរកែវ និងទុនស៊ុន គឺជាកំពង់ផែពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់របស់នគរភ្នំខ្មែរយើង។

យោងតាមពង្សាវតាហានខាងកើត នៅគ្រិស្ដសករាជឆ្នាំ៨៤ អធិរាជហាន ចាងទី (Zhang Di) បានរាជានុញ្ញាតឱ្យរាជទូតនគរភ្នំចូលគាល់ និងទទួលព្រះរាជអំណោយមួយចំនួនពីព្រះរាជាខ្មែរ មានកុយរមាស និងមាន់ព្រៃរោមសជាដើម។ ត្រង់ចំណុចនេះហើយ ដែលទំព័រប្រវត្តិទំនាក់ទំនងកម្ពុជានិងចិនត្រូវបានចាប់ផ្ដើមលើកដំបូងបង្អស់។ នេះក៏ជាពេលដែលស្ដេចចិនទទួលជំនូនពីរដ្ឋបរទេសលើកដំបូងបង្អស់ផងដែរ។ ប៉ុន្តែនេះគ្រាន់តែជាកិច្ចការដែលធ្វើឡើងតែម្ខាងប៉ុណ្ណោះ ដោយហេតុថា កម្ពុជាបានបញ្ជូនបេសកទូតទៅប្រទេសចិនមុន ឯប្រទេសចិននៅមិនទាន់បញ្ជូនបេសកទូតមកកម្ពុជាវិញនៅឡើយ។ យ៉ាងហោចណាស់ យើងត្រូវចាំដល់សតវត្សទី៣ ទើបទំនាក់ទំនងកាទូតទ្វេភាគីត្រូវបានតភ្ជាប់គ្នាទៅវិញទៅមកជាផ្លូវការ។

យោងតាមប្រវត្តិសាស្ត្រចិន នៅចុងសម័យរាជវង្សហានខាងកើត ប្រទេសនេះបានជួបនូវភាពវឹកវរបែបបាក់គ្នាជាច្រើនតំបន់ ហើយក្រោយមកអ្នកខ្លាំង៣រូបក៏បានលេចមុខឡើងនៅក្នុងសម័យសង្គ្រាមនេះ នោះគឺឆាវ ឆាវ (Cao Cao) លីវ ប៉ី (Liu Bie) និងស៊ុន ឈាន (Sun Qian) ដែលពួកគេបានពង្រឹងអំណាច វាតទីទឹកដី បង្កើតបានជានគររៀងៗខ្លួន។ អ្នកប្រវត្តិសាស្ត្រចិនហៅសម័យនេះថា សាមកុក ភាសាខ្មែរហៅថា នគរទាំង៣ រួមមាន៖ នគរវ៉ី នគរស៊ូ និងនគរអ៊ូ។ ព្រឹត្តិការណ៍សាមកុកនេះកើតឡើងចាប់ពីឆ្នាំ២២០-២៨០នៃគ្រិស្ដសករាជ។ ស្ដេច ស៊ុន ឈាន ជាក្សត្រដំបូងដែលបានបង្កើតនិងកាន់កាប់នគរអ៊ូ ឬអ៊ូខាងកើត ដែលលាតសន្ធឹងនៅភាគខាងកើតជាប់នឹងសមុទ្រចិនខាងត្បូង។ អ្នកស្រុកនៅនគរនេះមិនអាចបន្តធ្វើជំនួញពាណិជ្ជកម្មផ្លូវគោក ទៅកាន់ភូមិភាគកណ្ដាល និងតំបន់ភាគខាងលិចដូចមុនទៀតនោះឡើយ ដោយសារតែបញ្ហាសង្គ្រាមជាមួយនគរវ៉ី និងនគរស៊ូ ដូច្នេះហើយពួកគេត្រូវតែបង្កើនការធ្វើពាណិជ្ជកម្មផ្លូវសមុទ្រជាមួយប្រទេសផ្សេងៗនៅប៉ែកខាងត្បូង មានដូចជានគរលីនយីរបស់ចាម្ប៍ នគរភ្នំរបស់ខ្មែរ និងពួកឈ្មួញមកពីឥណ្ឌាជាដើម។ នគរអ៊ូខាងកើតដែលមានកម្លាំងទ័ពជើងទឹកខ្លាំងក្លា បានវាយត្រួតត្រាលើនគរជីវជិនដែលនៅខាងជើងប្រទេសវៀតណាមបច្ចុប្បន្ន ក្រោយមកក៏បានបញ្ចុះបញ្ចូលបណ្ដានគរខាងត្បូងឱ្យចុះចូលជាមួយខ្លួន ក្នុងនោះមាននគរលីនយីរបស់ចាម្ប៍ និងនគរភ្នំរបស់ខ្មែរយើង។ នគរភ្នំកាលនោះ បើប្រៀបកម្លាំងទ័ពជាមួយនគរអ៊ូ គឺនៅខ្សោយជាង បានន័យថា យើងមិនអាចធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសធំដែលនៅឆ្ងាយនោះឡើយ ដូច្នេះហើយនៅឆ្នាំ២៤៣ ព្រះរាជានគរភ្នំបានបញ្ជាឱ្យរាជទូតខ្មែរបញ្ជូនជំនូនបណ្ណាការទៅថ្វាយស្ដេចនគរអ៊ូ។ ចិនហៅព្រះនាមព្រះរាជាខ្មែរអង្គនេះថា ហ្វាន់ចាន (Fan Zhan)។

ទន្ទឹមនឹងការបង្កើនសកម្មភាពពាណិជ្ជកម្មជាមួយនគរភ្នំ រាជការនគរអ៊ូខាងកើតក៏បានបញ្ជូនបេសកទូត២រូប រួមមាន កាំង ថៃ និង ជូ យីង ឱ្យមកធ្វើទស្សនកិច្ចផ្លូវការជាមួយនគរភ្នំ និងបណ្ដានគរផ្សេងទៀត។ នេះគឺជាលើកដំបូងបង្អស់ដែលខាងភាគីចិនបញ្ជូនបេសកទូតមកកាន់ទឹកដីកម្ពុជា ជាកិច្ចបង្ហាញនូវអត្ថន័យនយោបាយគួរឱ្យកត់សម្គាល់។ ព្រះរាជានគរភ្នំដែលទទួលដំណើរទស្សនកិច្ចរបស់បេសកទូតចិននាពេលនោះ ចិនហៅព្រះនាមថា ហ្វាន់ស៊ីយុន (Fàn Xún)។

សូមជម្រាបដែរថា រាជទូតតុងអ៊ូ កាំង ថៃ និង ជូ យីង ក្រោយពីត្រឡប់មកពីនគរភ្នំវិញ បានសរសេរនូវស្នាដៃដែលទាក់ទងអំពីទឹកដី ភូមិសាស្ត្រ ធនធាន ផលិតផល និងប្រពៃណីរបស់អ្នកស្រុកហ្វ៊ូណន។ ឆ្លងកាត់ការសរសេរសៀវភៅទាំងនេះ ក៏ធ្វើឱ្យជនជាតិចិនយល់ដឹង និងស្គាល់ពីកម្ពុជាបានកាន់តែច្រើន។ ស្នាដៃលោកទាំងពីរក៏បានផ្ដល់ខ្លឹមសារមួយចំនួន សម្រាប់ការសរសេរសៀវភៅប្រវត្តិសាស្ត្រប្រទេសកម្ពុជាផងដែរ ពិសេសគឺនៅសម័យអាណាចក្រភ្នំ៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង