Grand News Asia Close

វិភាគអន្តរជាតិ៖ ក្រោយការសម្លាប់រង្គាលនៅ Rafah តើឯណាទៅ «បន្ទាត់ក្រហម» របស់លោក បៃដិន?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 487
វិភាគអន្តរជាតិ៖ ក្រោយការសម្លាប់រង្គាលនៅ Rafah តើឯណាទៅ «បន្ទាត់ក្រហម» របស់លោក បៃដិន? វិភាគអន្តរជាតិ៖ ក្រោយការសម្លាប់រង្គាលនៅ Rafah តើឯណាទៅ «បន្ទាត់ក្រហម» របស់លោក បៃដិន?

(វ៉ាស៊ីនតោន)៖ «បន្ទាត់ក្រហម» របស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា បានបន្តផ្លាស់ប្ដូរជានិច្ច បើទោះជាលោកផ្ទាល់កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឱ្យប្រកាន់ជំហរម៉ឺងម៉ាត់ បន្ទាប់ពីមនុស្សរាប់សិបនាក់បានស្លាប់នៅក្នុងការវាយប្រហារតាម ផ្លូវអាកាសរបស់អ៉ីស្រាអែលលើទីក្រុងក្នុងតំបន់ហ្កាហ្សាមួយនេះក៏ដោយ។ ខណៈពិភពលោកបង្ហាញការខឹងសម្បារទៅនឹងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល កាលពី ថ្ងៃអាទិត្យសប្ដាហ៍មុន ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៤៥នាក់ក្នុងទីក្រុង Rafah សេតវិមាននៅថ្ងៃអង្គារ ទី២៨ ខែឧសភានេះបាននិយាយថាការវាយប្រហារដ៏សាហាវនេះ មិនបានឆ្លង «បន្ទាត់ក្រហម» នោះទេ ដ្បិតមិនមែនជាការវាយប្រហារជើងគោកទ្រង់ទ្រាយធំដែលលោក បៃដិន បានព្រមានថានឹងចាត់វិធានការឆ្លើយតបឡើយ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយថាលោក បៃដិន នៅតែប្រកាន់ជំហរដដែល ហើយក៏មិនបានកែប្រែចំពោះអ្វីដែលបានកំណត់ និយមន័យនៃប្រតិបត្តិការយោធាជើងគោកទ្រង់ទ្រាយធំ ធ្វើឡើងដោយអ៉ីស្រាអែលដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិកនោះដែរ។ យ៉ាងណាក៏ដោយ លោក បៃដិន បច្ចុប្បន្នកំពុងប្រឹងប្រែងរក្សាតុល្យភាពមួយដ៏លំបាកទាំងនៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិពាក់ព័ន្ធនឹងសង្រ្គាមហ្កាហ្សា ជាពិសេសក្នុងពេលដែលប្រធានាធិបតីវ័យ ៨១ឆ្នាំ រូបនេះត្រូវបានរំពឹងថានឹងត្រូវតតាំងជាមួយគូប្រជែងចាស់របស់លោក គឺលោក ដូណាល់ ត្រាំសាជាថ្មី នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកាខាងមុខ។

* តើត្រូវមានមនុស្សស្លាប់ប៉ុន្មាននាក់ទៀត ទើបចាត់ទុកថាឆ្លងបន្ទាត់ក្រហម?
ប្រឈមមុខនឹងបាតុកម្មនៅតាមសាកលវិទ្យាល័យក្នុងសហរដ្ឋអាមេរិក ប្រឆាំងនឹងការគាំទ្ររបស់លោកចំពោះអ៉ីស្រាអែល លោក បៃដិន បានប្រកាសកាលពីដើមខែឧសភានេះថាលោក នឹងមិនផ្គត់ផ្គង់អាវុធឱ្យអ៉ីស្រាអែលសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការយោធាទ្រង់ទ្រាយធំក្នុងទីក្រុង Rafah ទេ ហើយលោកបានផ្អាកការដឹកជញ្ជូនគ្រាប់បែកមួយចំនួន។ ប៉ុន្តែ​ ចាប់ពី ពេលនោះមកដែរ លោក បៃដិនមិនបានចាត់វិធានការសកម្មភាពអ្វីទាំងអស់ ដោយទុកបណ្ដោយឱ្យអ៉ីស្រាអែលបង្កើនការវាយប្រហារតាមផ្លូវអាកាស ខណៈមានសេចក្ដីរាយការណ៍ កាលពីថ្ងៃអង្គារថារថក្រោះអ៉ីស្រាអែលបានចូលដល់កណ្ដាលទីក្រុង Rafah។ ផ្ទុយទៅវិញ សេតវិមានមិនបានបញ្ជាក់នោះទេថាតើសកម្មភាពបែបណារបស់អ៉ីស្រាអែល ទើបអាច ចាត់ទុកបានថាជាការវាយលុកទ្រង់ទ្រាយធំ។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយកាលពីសប្ដាហ៍មុនថា «អ្វីដែលយើងកំពុងពិនិត្យមើល នោះគឺថាតើមានមនុស្សស្លាប់ច្រើន និងការបំផ្លិចបំផ្លាញ ឬក៏ អត់»? នៅឯសេតវិមានកាលពីថ្ងៃអង្គារវិញ លោក Kirby ត្រូវបានជជីកសួរយ៉ាងខ្លាំងពីអ្នកសារព័ត៌មានជុំវិញការវាយតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ដែលបង្កជាភ្លើងឆាបឆេះជំរំមួយ របស់ជនភៀសខ្លួនប៉ាឡេស្ទីនក្នុងទីក្រុង Rafah ដោយក្នុងនោះមានមនុស្សជាច្រើននាក់ត្រូវភ្លើងឆេះទាំងរស់រហូតដល់ស្លាប់យ៉ាងអាណោចអាធម។ តាមលោក Kirby ការស្លាប់របស់ ជនស៊ីវិលនេះគឺជារឿងដ៏សោកសៅ និងគួរឱ្យរន្ធត់។ ប៉ុន្តែជាថ្មីម្ដងទៀត លោកនៅតែបញ្ជាក់ថានឹងមិនមានការផ្លាស់ប្ដូរនៅក្នុងគោលនយោបាយអាមេរិកចំពោះអ៉ីស្រាអែលនោះទេ។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ដូច្នេះថា «យើងមិនបានមើលឃើញថាវាជាការវាយលុកទ្រង់ទ្រាយធំចូលក្នុងទីក្រុង Rafah ទេ។ យើងក៏មិនបានឃើញថាពួកគេ (អ៉ីស្រាអែល) ធ្វើប្រតិបត្តិការជាមួយកងអង្គភាពទ្រង់ទ្រាយធំ មានកងទ័ពច្រើន វាយប្រហារលើគោលដៅច្រើននៅផ្ទាល់ដី នោះដែរ»។

ប៉ុន្តែ នៅលើឆាកអន្តរជាតិ លោក បៃដិន កំពុងរងសម្ពាធកាន់តែខ្លាំងឡើង ដោយមានការចោទសួរឡើងថាតើសហរដ្ឋអាមេរិកអាចបើកភ្នែកម្ខាង បិទភ្នែកម្ចាងចំពោះការវាយប្រហារ របស់អ៉ីស្រាអែលលើទីក្រុង Rafah បានយូរដល់ណាទៀត? ក្នុងពេលដែលតុលាការយុត្តិធម៌អន្តរជាតិដែលទាំងសហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាសមាជិកផងនោះ បានបង្គាប់ឱ្យ អ៉ីស្រាអែលបញ្ឈប់ការវាយប្រហារលើទីក្រុងហ្កាហ្សាមួយនេះ។

*​ ប្រឹងរក្សាតុល្យភាព
លោក ចូ បៃដិន ក៏កំពុងប្រឈមមុខនឹងការកើនឡើងសម្ពាធនយោបាយនៅក្នុងស្រុកផងដែរ។ បាតុកម្មប្រឆាំងនឹងការគាំទ្ររបស់លោកចំពោះអ៉ីស្រាអែលបានរីកសុសសាយតាម សាកលវិទ្យាល័យជាច្រើននៅទូទាំងសហរដ្ឋអាមេរិក ហើយសូម្បីតែអ្នកនយោបាយខ្លះមកពីគណបក្សប្រជាធិបតេយ្យជាមួយលោក បៃដិន ក៏បានប្រឆាំងនឹងគោលជំហរបស់លោកដែរ។ តែទោះជាបែបនេះក្ដី ក្រុមអ្នកនយោបាយមកពីគណបក្សសាធារណរដ្ឋបានរិះគន់លោក បៃដិន ឥតសំច្ចៃមាត់ ចំពោះអ្វីដែលពួកគេហៅថាលោក បៃដិនបានបរាជ័យក្នុងការគាំទ្រ អ៉ីស្រាអែល ដោយប្រធានរដ្ឋសភាអាមេរិកខាងបក្សសាធារណរដ្ឋ លោក Mike Johnson បានអញ្ជើញលោក Netanyahu ឱ្យថ្លែងសុន្ទរកថាទៅកាន់សភាទាំង២របស់អាមេរិក ក្នុងពេលឆាប់ៗ ចំពេលដែលលោក បៃដិន និងលោក Netanyahu កំពុងមានភាពតានតឹងគ្នា។

លោក Gordon Gray ជាអតីតឯកអគ្គរដ្ឋទូតអាមេរិកដែលបច្ចុប្បន្នជាសាស្ត្រាចារ្យនៅឯសាកលវិទ្យាល័យ George Washington University បាននិយាយថាអ្វីដែលលោក បៃដិន កំពុងធ្វើគឺជាការរក្សាតុល្យភាពដ៏លំបាកមួយ។ តែលោកផ្ទាល់ជឿថាផ្អែកលើការគាំទ្រយូរអង្វែងរបស់លោក បៃដិន ចំពោះអ៉ីស្រាអែល គឺមានន័យថាលោកទំនងជានឹងមិនផ្លាស់ប្ដូរ គោលជំហរឡើយ។

ដូចគ្នាដែរ លោក Colin Clarke ជានាយកស្រាវជ្រាវមកពីក្រុមហ៊ុនប្រឹក្សាយោបល់សន្តិសុខ Soufan Group បានកត់សម្គាល់ថា «លោក បៃដិនចង់បង្ហាញជំហរម៉ឺងម៉ាត់ពាក់ព័ន្ធនឹង ទីក្រុង Rafah ហើយលោកពិតជាបានព្យាយាមបង្ហាញជំហរម៉ឺងម៉ាត់ជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu។ ប៉ុន្តែខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់ បន្ទាត់ក្រហមរបស់លោកបានប្រែទៅជាព្រាលៗកាន់តែខ្លាំងឡើង»។ តាមលោក Colin លោកជឿថាលោក បៃដិន អាចនឹងបន្តគេចវេសក្នុងការឆ្លើយតបចំពោះសកម្មភាពរបស់ អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សា៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង