Grand News Asia Close

ការដណ្តើមយកឯករាជ្យជាតិពីបរទេសដោយមិនធ្វើសង្រ្គាមបង្ហូរឈាមខ្មែរ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ ព័ត៌មានជាតិ 265
ការដណ្តើមយកឯករាជ្យជាតិពីបរទេសដោយមិនធ្វើសង្រ្គាមបង្ហូរឈាមខ្មែរ ការដណ្តើមយកឯករាជ្យជាតិពីបរទេសដោយមិនធ្វើសង្រ្គាមបង្ហូរឈាមខ្មែរ
កាលពីជាង១៤០ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាត្រូវបានត្រួតត្រាដោយបរទេសដែលជិះកប៉ាល់ឆ្លងកាត់មហាសមុទ្ររាប់ខែបានមកដល់ទឹកដីនេះ។ អ្នកដឹកនាំបារាំងសម័យនោះ បានបង្ខំអោយរាជវង្សខ្មែរយល់ព្រមផ្តល់អំណាចចាត់ចែងគ្រប់គ្រងទៅបារាំង តាមរយៈសន្ធិសញ្ញាឆ្នាំ១៨៨៣។ គ្រានោះបារាំងបានធ្វើឲ្យកម្ពុជា ក្លាយជាដែនដីសម្រាប់ផ្គត់ផ្គង់ផលកសិកម្មឲ្យបារាំង ដោយបញ្ចូលកម្ពុជាទៅក្នុងសហព័ន្ធឥណ្ឌូចិនបារាំង។ ប្រជានុរាស្ត្រខ្មែរចាប់ផ្តើមរងទុក្ខវេទនាដោយ បារាំងបានជំរិតទារពន្ធដារ យ៉ាងធ្ងន់ធ្ងរ មានតាំងពីពន្ធមនុស្ស ពន្ធដី ពន្ធលំនៅដ្ឋាន ពន្ធសត្វពាហនៈ ពន្ធយានជំនិះ ពន្ធរបរអាជីវកម្ម។ល។ ដោយសារការកេង ប្រវ័ញ្ច និងការគាបសង្កត់ពីពួកបារាំងខ្លាំងពេក ប្រជារាស្ត្រខ្មែរ បានងើប បះបោរប្រឆាំងនឹងបារាំងជាបន្តបន្ទាប់ ដូចជាចលនាតស៊ូរបស់ក្រឡាហោមគង់ (១៨៨៥-១៨៨៦), ចលនាតស៊ូរបស់ពិស្ណុលោកឈូក (១៨៨៥-១៨៨៦) ។ប៉ុន្តែចលនាតស៊ូទាំងនេះ ត្រូវបានបង្ក្រាបយ៉ាង ឃោរឃៅ ពីសំណាក់កងទ័ពបារាំង។ ព្រះបាទ នរោត្តម សីហនុ តែងរិះរកគ្រប់លទ្ធភាព ដើម្បីរំដោះប្រទេសជាតិ ពីអាណានិគមបារាំងជានិច្ច។ ដោយយល់ថា ការទាមទារឯករាជ្យដោយអាវុធនឹងបណ្តាលឲ្យប្រជារាស្ត្ររងទុក្ខខ្លាំងពេក ព្រះមហាក្សត្រចាប់ផ្តើមធ្វើការ តស៊ូតាមផ្លូវទូត ដើម្បីទាមទារឯករាជ្យនៃប្រទេសកម្ពុជា។ នៅឆ្នាំ១៩៤៩ សម្តេចព្រះបាទ នរោត្តម សីហនុ ទ្រង់បានទាមទារឲ្យប្រទេសបារាំង បញ្ឈប់នូវសន្ធិសញ្ញាអាណាព្យាបាល ដែលបានចុះហត្ថលេខានៅឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥២ សម្តេចព្រះបាទ នរោត្តម សីហនុ ទ្រង់បានថ្លែងជាឱឡារិកថា ព្រះអង្គនឹងខិតខំស្វែងរកឯករាជ្យបរិបូរណ៍ជូនជាតិមាតុភូមិឲ្យបានដាច់ខាត ក្នុងរយៈពេល ៣ឆ្នាំ។ ព្រះអង្គបានចាប់ផ្តើមពង្រីកទ័ពផងនិងការទូតផងដោយពង្រីកទ័ពពីជាង៣ ០០០នាក់ឡើងដល់ជាង៣០ ០០០នាក់ ហើយព្រះអង្គចាប់ផ្តើមយាងធ្វើការទូត។ ព្រះអង្គ បានផ្ញើសារលិខិតជូន លោក វ៉ាំង សង់ អូរីយ៉ូល ប្រធានាធិបតីនៃសាធារណរដ្ឋ បារាំង ចំនួន ៣ លើក ។ នៅពេលនោះ រដ្ឋាភិបាលបារាំង ពុំបានអើពើ ទៅនឹងសំណើរបស់ព្រះអង្គនោះឡើយ ព្រះអង្គទ្រង់ ក៏សម្រេចព្រះទ័យយាង ចាកចេញទៅធ្វើយុទ្ធនាការទាមទារឯករាជ្យ នៅក្នុងប្រទេសកាណាដា សហរដ្ឋអាមេរិក ជប៉ុន និងចុងក្រោយគឺយាងទៅទីក្រុងបាងកក ដើម្បីស្រែកអំពាវនាវឲ្យពិភពលោកបានដឹងថា ប្រទេសកម្ពុជាមិនទាន់បានឯករាជ្យដោយបរិបូណ៍ទេ។ នៅទីបំផុតនៅថ្ងៃ ទី ១២ ខែកក្កដាឆ្នាំ ១៩៥៣ អធិបតេយ្យទាំងមូល លើផ្នែកការទូតត្រូវបាន ធ្វើឡើងតាមរយៈការប្តូរលិខិតរវាង រដ្ឋាភិបាល បារាំង និង រាជរដ្ឋាភិបាលកម្ពុជា ។ ព្រះអង្គទ្រង់បានប្រើព្រះបញ្ញាញាណដើម្បីធ្វើឲ្យមតិសកលលោក ពិសេសលោកខាងលិច តម្រូវឲ្យរដ្ឋាភិបាលបារាំង ព្រមចូលរួមធ្វើការចរចាជាមួយរដ្ឋាភិបាលកម្ពុជា ស្ដីពីឯករាជ្យបរិបូរណ៍ នៃរាជាណាចក្រកម្ពុជា។ ការចរចានៅទីក្រុង ប៉ារីស ប្រទេសបារាំង បានឈានទៅដល់សំណើមួយដែល ធ្វើឡើងដោយមាន ប្រទេសបារាំង យល់ព្រមផ្តល់សម្បទានដ៏សំខាន់ខ្លះដល់កម្ពុជា ។ ឧត្តមសេនីយ៍បារាំង លោក ឡ ង់ ក្លាត បានប្រកាសយ៉ាងមហោឡារិកប្រគល់នូវ អំណាច បញ្ជាការរបស់ខ្លួនថ្វាយព្រះរាជា ។ គ្រានោះ កងទ័ព និង អគ្គសេនាធិការរបស់បារាំង ក៏បាន ដកថយពីកម្ពុជា ។ នៅខែធ្នូឆ្នាំ១៩៥៤ប្រទេសបារាំង បានទទួលស្គាល់ទាំងស្រុងលើ អធិបតេយ្យ ទាំងមូលរបស់កម្ពុជា លើវិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ពោលគឺ ៨ ខែ មុន សន្និសីទក្រុងហ្សឺណែវ ដោយស្នាព្រះ ហស្ថដ៏ ឧត្ដុង្គឧត្ដមរបស់ព្រះអង្គ ព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលឯករាជ្យ ទាំងស្រុងពីសាធារណរដ្ឋបារាំង ។ បារាំងក៏ បានធ្វើពិធីមួយនៅមុខព្រះបរមរាជវាំង ដែល ឧទ្ធិសចំពោះការដកថយនៃអំណាចរបស់ បារាំងពីកម្ពុជា ។ សម្តេចព្រះបាទ នរោត្តម សីហនុ បានដណ្តើមយកឯករាជ្យពីប្រទេសបារាំងដោយសន្តិវិធី ដោយអហិង្សា មិនបានធ្វើសង្រ្គាមជាមួយបារាំងត្រូវបង្ហូរឈាមខ្មែរនោះទេ ខណៈប្រទេសជិតខាងកម្ពុជា ទាល់តែមានការបង្ហូរឈាមប្រជាជន ទើបទទួលបានឯករាជ្យពីប្រទេសបារាំង។ ប្រជារាស្រ្តខ្មែរតែងចងចាំមិនភ្លេចនូវព្រះរាជបូជនីយកិច្ចរបស់ព្រះអង្គទាមទារឯករាជ្យជូនប្រជាជាតិខ្មែរពីអាណានិគមបារាំង និងការដឹកនាំប្រទេសមានការរីកចម្រើនខ្លាំងក្នុងសម័យសង្គមរាស្ត្រនិយម។ ព្រះករុណាសម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ បានយាងចូលព្រះទិវង្គត ដោយព្រះជរាពាធ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា

អត្ថបទទាក់ទង