វិភាគអន្តរជាតិ៖ ហេតុអ្វីរុស្ស៉ីប្រឹងវាយយកទីក្រុង Pokrovsk របស់អ៊ុយក្រែនខ្លាំងម្ល៉េះ?
(មូស្គូ)៖ រុស្ស៉ីបានអះអាងថាកងកម្លាំងរបស់ខ្លួនកំពុងវាយរុលកាន់តែជ្រៅចូលទៅក្នុងទីក្រុង Pokrovsk ស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ជាមួយការបង្ហោះវីដេអូបង្ហាញពីវត្តមានទាហានរុស្ស៉ីជិះម៉ូតូ និងរថយន្ដនៅក្នុងទីក្រុងមួយនេះក្រោមផ្សែងអ័ព្ទ។ មេបញ្ជាការកំពូលយោធាអ៊ុយក្រែន លោក Oleksandr Syrskyi បានវាយតម្លៃថារុស្ស៉ីកំពុងប្រមូលផ្ដុំកងទ័ពប្រហែលជា ១៥០ ០០០នាក់ ដើម្បី វាយផ្ដាច់យកទីក្រុង Pokrovsk។ ខាងក្រោមជាចំណុចសំខាន់ៗគួរដឹងពីទីក្រុង Pokrovsk ដែលរុស្ស៉ីហៅថាទីក្រុង Krasnoarmeysk ជាឈ្មោះក្នុងសម័យសូវៀត។
* អ្វីទៅជា Pokrovsk?
Pokrovsk ជាចំណុចប្រសព្វមួយនៃផ្លូវគោក និងបណ្ដាញផ្លូវដែកនៅក្នុងតំបន់ Donetsk នៃភាគខាងកើតអ៊ុយក្រែន។ មុនសង្រ្គាមផ្ទុះឡើង ទីក្រុងនេះមានប្រជាជន ៦០ ០០០នាក់ រស់នៅ។ Pokrovsk ធ្លាប់ជាមជ្ឈមណ្ឌលភស្តុភារមួយដ៏សំខាន់សម្រាប់កងទ័ពអ៊ុយក្រែន ដោយសារតែទីក្រុងនេះស្ថិតនៅលើផ្លូវដ៏សំខាន់ដែលកងទ័ពប្រើប្រាស់ដើម្បីផ្គត់ផ្គង់ដល់កងទ័ពប្រយុទ្ធនៅសមរភូមិជួរមុខដទៃទៀត។ ប៉ុន្តែ ប្រជាជនភាគច្រើនក្នុងទីក្រុងនេះ រួមមានកុមារទាំងអស់ត្រូវបានជម្លៀសចេញ និងមានជនស៊ីវិលមួយចំនួនតូចប៉ុណ្ណោះបន្តរស់នៅ ក្នុងគ្រាដែលអគារជាច្រើនក្នុងទីក្រុង Pokrovsk ត្រូវបានបំផ្លាញរាបដល់ដី រីឯផ្លូវថ្នល់ក៏ត្រូវបានបំផ្លិចបំផ្លាញដែរ។ តំបន់រ៉ែធ្យូងថ្មដ៏សំខាន់មួយដែលត្រូវបានផ្អាកសកម្មភាព និងសាកលវិទ្យាល័យបច្ចេកទេសល្បីៗក្នុងតំបន់ Donetsk សុទ្ធតែស្ថិតក្នុងទីក្រុង Pokrovs។
* ហេតុអ្វីរុស្ស៉ីចង់បានទីក្រុង Pokrovs ខ្លាំងម្ល៉េះ?
រុស្ស៉ីចង់ដណ្ដើមគ្រប់គ្រងតំបន់ Donbas ដែលមានខេត្ត ២រួមបញ្ចូលគ្នាគឺ Luhansk និង Donetsk។ អ៊ុយក្រែននៅតែបន្តគ្រប់គ្រង ១០ភាគរយនៃតំបន់ Donbas ឬស្មើនឹងផ្ទៃដី ៥០០០គីឡូម៉ែត្រក្រឡា ដែលភាគច្រើនស្ថិតនៅភាគខាងជើងនៃតំបន់ Donetsk។ តាមក្រុមអ្នកជំនាញយោធារុស្ស៉ី ការវាយដណ្ដើមបានទីក្រុង Pokrovsk និង Kostiantynivka ដែលកងកម្លាំងរុស្ស៉ីកំពុងព្យាយាមឡោមព័ទ្ធ ផងនោះ នឹងផ្ដល់ឱ្យកងទ័ពរុស្ស៉ីនូវមូលដ្ឋានមួយដើម្បីវាយរុលឆ្ពោះទៅភាគខាងជើងទៅកាន់ទីក្រុងធំ២ផ្សេងទៀតដែលអ៊ុយក្រែនកំពុងគ្រប់គ្រងក្នុងតំបន់ Donetsk គឺទីក្រុង Kramatorsk និង Sloviansk។ មិនតែប៉ុណ្ណោះ ការបាត់បង់ទីក្រុង Pokrovs ក៏នឹងទុកឱ្យតំបន់ Dnipropetrovsk របស់អ៊ុយក្រែនងាយរងគ្រោះនឹងការវាយប្រហាររុលទៅមុខពីរុស្ស៉ីដែរ។ ប្រសិនបើទីក្រុង Pokrovs ត្រូវបានវាយបែក ពិតមែន នោះវានឹងក្លាយជាការវាយដណ្ដើមបានទឹកដីអ៊ុយក្រែនដ៏សំខាន់មួយរបស់រុស្ស៉ី ចាប់តាំងពីមូស្គូវាយយកបានទីក្រុង Avdiivka កាលពីដើមឆ្នាំ២០២៤។ រុស្ស៉ីអាចនឹងប្រើប្រាស់ការវាយបានទីក្រុងនេះ ដើម្បីបញ្ជូនទៅលោកខាងលិចថាតំបន់ Donetsk ទាំងមូលនឹងធ្លាក់ចូលក្នុងដៃរុស្ស៉ីដោយចៀសមិនរួច ហើយថាវាជារឿងល្អសម្រាប់អ៊ុយក្រែនដែលត្រូវបោះបង់ចោលទឹកដីរបស់ខ្លួនឱ្យរុស្ស៉ី នៅក្រោម កិច្ចព្រមព្រៀងសន្តិភាពមួយ។
ប៉ុន្តែមកទល់នឹងពេលនេះ កងទ័ពអ៊ុយក្រែនដែលបានទាត់ចោលគំនិតបោះបង់ចោលទឹកដី នៅតែបន្តតស៊ូប្រយុទ្ធការពារទីក្រុង Pokrovs ក្នុងគោលបំណងបង្ហាញទៅកាន់លោកខាងលិចថាខ្លួនមានសមត្ថភាព ធ្វើឱ្យរុស្ស៉ីខាតបង់ធ្ងន់ធ្ងរ ដូរយកបានជ័យជម្នះបន្តិចបន្តួច ហើយនេះមានន័យថាអ៊ុយក្រែនស័ក្តិសមបន្តទទួលបានជំនួយយោធា និងហិរញ្ញវត្ថុពីលោកខាងលិច។ ក្រុមអ្នកវិភាគយោធាលោកខាងលិចដូចជាលោក Rob Lee មកពីវិទ្យាស្ថាន Foreign Policy Research Institute មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថាការវាយដណ្ដើមបានទីក្រុង Pokrovsk នឹងក្លាយជាជ័យជម្នះដ៏សំខាន់មួយសម្រាប់ រុស្ស៉ី ក្រោមហេតុផលនៃការធ្វើប្រតិបត្តិការ។ ប៉ុន្តែ រុស្ស៉ីនៅតែមិនទាន់អាចសម្រេចបំណងគ្រប់គ្រង Donetsk ទាំងមូលបាននោះទេ ដ្បិតអ៊ុយក្រែនកំពុងគ្រប់គ្រងទីក្រុងដ៏រឹងមាំ២ផ្សេងទៀត គឺ Kramatorsk និង Sloviansk។ នេះបើតាមលោក Rob Lee។
* ហេតុអ្វីរុស្ស៉ីចំណាយពេលយូរក្នុងការវាយទីក្រុង Pokrovsk?
រុស្ស៉ីបានវាយប្រហារលើទីក្រុង Pokrovsk អស់រយៈពេលជាង ១ឆ្នាំមកហើយ។ ជំនួសឱ្យការបើកប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំដែលខ្លួនធ្លាប់បានធ្វើដូចជាការវាយលុកលើទីក្រុង Bakhmut ក្នុងឆ្នាំដំបូង នៃសង្រ្គាម យោធារុស្ស៉ីកំពុងប្រើប្រាស់យុទ្ធសាស្ត្រចែកកម្លាំងទ័ពជា២ ដើម្បីវាយឡោមព័ទ្ធទីក្រុង Pokrovsk បន្តិចម្ដងៗ និងកាត់ផ្ដាច់បណ្ដាញផ្គត់ផ្គង់របស់អ៊ុយក្រែន។ កងទ័ពរុស្ស៉ីបានវាយប្រហារលើ កងទ័ពអ៊ុយក្រែនតាមរយៈការបញ្ជូនកងទ័ពមួយអង្គភាពតូច និងដ្រូនដើម្បីបំផ្លាញភស្តុភារ និងបង្កចលាចល មុននឹងបញ្ជូនកងទ័ពបន្ថែមទៅវាយលុក។ អ៊ុយក្រែនបាននិយាយថាការវាយលុកលើទីក្រុង Pokrovsk បានធ្វើឱ្យរុស្ស៉ីបាត់បង់កងទ័ពក្នុងចំនួនដ៏ច្រើន។ តែមូស្គូបាននិយាយថាគឺអ៊ុយក្រែនទៅវិញទេដែលមានប្រជាជនតិចជាងរុស្ស៉ី កំពុងប្រឈមនឹងគ្រោះថ្នាក់អស់កងទ័ពប្រយុទ្ធ ហើយថាតាក់ទិកប្រយុទ្ធសន្សឹមៗ របស់ខ្លួនត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយការស្លាប់ និងរងរបួសក្នុងចំណោមទាហានរបស់ខ្លួន។ យ៉ាងណាក៏ដោយ ក្រុមអ្ន្កកវិភាគជឿថាប្រតិបត្តិការវាយលុករបស់អ៊ុយក្រែនចូលក្នុងតំបន់ Kursk របស់រុស្ស៉ី កាលពីឆ្នាំ២០២៤ ទៅវិញទេ ដែលជាហេតុផលធ្វើឱ្យការវាយលុករបស់រុស្ស៉ីលើទីក្រុង Pokrovsk មានភាពយឺតយ៉ាវ។
* តើឥលូវ មានអ្វីកំពុងកើតឡើង?
អ៊ុយក្រែនកំពុងប្រញាប់ប្រញាល់ពង្រឹងកម្លាំងទ័ពនៅក្នុងទីក្រុង Pokrovsk។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកាថា កតា្តអាកាសធាតុអាក្រក់កំពុង អំណោយផលដល់ការវាយប្រហាររបស់រុស្ស៉ីដែលកំពុងកើនឡើង។ ដោយឡែក យោធាអ៊ុយក្រែនវិញបានឱ្យដឹងថាទីក្រុងមូស្គូកំពុងបង្កើនកិច្ចប្រឹងប្រែងបញ្ជូនកងទ័ពបន្ថែមចូលក្នុងទីក្រុង Pokrovsk នាពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយប្រើប្រាស់ផ្សែងអ័ព្ទយ៉ាងក្រាស់ឃ្មឹកដើម្បីលាក់ខ្លួន។ តាមយោធាអ៊ុយក្រែន គោលដៅរបស់កងទ័ពរុស្ស៉ីគឺចូលឱ្យដល់ព្រំដែនភាគខាងជើងនៃទីក្រុង Pokrovsk និងក្រោយមក ព្យាយាមឡោមព័ទ្ធ។
គួរបញ្ជាក់ថា បើតាមលោក Syrskyi កងកម្លាំងអ៊ុយក្រែនកំពុងព្យាយាមវាយបណ្ដេញទាហានរុស្ស៉ីប្រហែលជា ៣០០នាក់ ដែលទីក្រុងកៀវអះអាងថាកំពុងមានវត្តមានក្នុងទីក្រុង Pokrovsk៕
-Fresh News-






