សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាពិសេស ក្នុង «វេទិកាចំណេះដឹងពិភពលោក លើកទី២៥»
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ៖ «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន» ក្នុង «វេទិកាចំណេះដឹងពិភពលោក លើកទី២៥» នៅសាធារណរដ្ឋកូរ៉េ។
ជាមួយគ្នានោះដែរ សម្តេចក៏បានមានប្រសាសន៍ប្រាប់ទៅអង្គវេទិកាផងដែរថា ក្នុងរយៈពេល៦០ឆ្នាំមកនេះអាស៊ានបានជួបបញ្ហាជាច្រើនប៉ុន្តែអាស៊ានមិនបានថយក្រោយនោះទេ គឺឆ្ពោះទៅមុខជានិច្ច និងរឹងមាំកាន់តែខ្លាំងឡើង ដោយប្រទេសជាច្រើនចង់បានអាស៊ានធ្វើជាដៃគូចង់ប្រើប្រាស់វេទិកាជាទៀងទាត់ដែលដឹកនាំដោយអាស៊ាន និងបានទទួលស្គាល់នូវភាពចាំបាច់នៃវេទិកាអាស៊ាន មជ្ឈភាពអាស៊ាន និងអំណាចកោះប្រជុំរបស់អាស៊ានដែលមានឥទ្ធិពលប្រមូលផ្តុំគ្រប់តួអង្គសំខាន់ៗនៅក្នុងពិភពលោក។ ជាក់ស្តែងកន្លងមកនេះមានប្រទេស៥៤ប្រទេសហើយ ដែលបានក្លាយទៅជាភាគីសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមាន ស្ថានទូតប្រចាំនៅតំបន់អាស៊ានរហូតដល់៩៥ប្រទេសផងដែរ។
សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា កម្ពុជាបានសម្លឹងឃើញអាស៊ានជាយន្តការពហុភាគីនិយមកម្រិតតំបន់ ដែលធ្វើការផ្អែកលើកូងសង់ស៊ីស មិនលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសផងគ្នា និងជាស្ថាប័នតំបន់ដែលមានដៃគូសហប្រតិបត្តិការ ដែលចំណុចទាំងនេះ គឺជាភាពទាក់ទាញខ្លាំងសម្រាប់នយោបាយការទូតរបស់កម្ពុជា។ផ្ទៃក្នុងអាស៊ានគឺ អាចរក្សាសាមគ្គីភាពផ្ទៃក្នុងបានស្អិតល្មួត ដោយសារតែគោលការណ៍សំខាន់២ គឺការសម្រេចដោយកូសង់ស៊ីស និងការមិនជ្រៀតជ្រែកប្រទេសផងគ្នា មួយវិញទៀតប្រទេសនីមួយៗសុទ្ធតែមានសិទ្ធិស្មើៗគ្នា មិនថាតូច ឬធំ មាន ឬក្រ ហើយទាំងអស់គ្នាមានលទ្ធភាពពេញលេញក្នុងការចូលរួមក្នុងការកសាងសហគមន៍មួយ ដែលបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថាសម្រាប់អាស៊ាន សន្តិភាព និងស្ថិរភាពគឺជាមូលដ្ឋាន សម្រាប់អ្វីៗទំាងអស់ និងគ្រប់យ៉ាង ហើយសម្រាប់ផ្ទៃក្នុងអាស៊ានគឺអាចរក្សាសាមគ្គីភាពផ្ទៃក្នុងបានស្អិតល្មួត ដោយសារតែគោលការណ៍សំខាន់២ គឺការសម្រេចដោយកូសង់ស៊ីស និង ការមិនជ្រៀតជ្រែកប្រទេសផងគ្នា ហើយមួយវិញទៀតប្រទេសនីមួយៗសុទ្ធតែមានសិទ្ធិស្មើៗគ្នា មិនថាតូច ឬធំ មាន ឬក្រហើយទាំងអស់គ្នាមានលទ្ធភាពពេញលេញក្នុងការចូលរួមក្នុងការកសាងសហគមន៍មួយ ដែលបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកជាដើម៕