Grand News Asia Close

កម្ពុជា​ស្វែងរក​សន្ធិ​សញ្ញាដែន​សមុទ្រ​ជា​មួយថៃ​តាមរយៈ UNCLOS

ដោយ៖ Morm Sokun ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ព័ត៌មានជាតិ 1010
កម្ពុជា​ស្វែងរក​សន្ធិ​សញ្ញាដែន​សមុទ្រ​ជា​មួយថៃ​តាមរយៈ UNCLOS កម្ពុជា​ស្វែងរក​សន្ធិ​សញ្ញាដែន​សមុទ្រ​ជា​មួយថៃ​តាមរយៈ UNCLOS

សេចក្តី​សង្ខេប​៖ ប្រទេស​ទាំង​ពីរ​ចាប់​ផ្តើម​កិច្ច​ពិភាក្សា​ផ្សះផ្សា​នៅ​ប្រទេស​សិង្ហបុរី ដើម្បី​ដោះ​ស្រាយ​ការ​ទាមទារដែន​សមុទ្រ​ដែល​ត្រួត​គ្នា​នៅឈូង​សមុទ្រថៃ ដោយ​បាន​លើក​ឡើងពី​ជំហរ​ខុស​គ្នា ប៉ុន្តែ​បាន​បង្ហាញ​សញ្ញា​ត្រៀម​ខ្លួន​សម្រាប់​កិច្ច​សន្ទនា និង​ដំណោះ​ស្រាយ​តាមរយៈ​ការ​ចរចា​។

កម្ពុជា​បាន​អំពាវនាវ​ឱ្យ​មាន​ការ​កំណត់​ព្រំ​ដែនដែន​សមុទ្រ​តាម​គ្រប់​មធ្យោបាយ​ជាមួយ​ប្រទេសថៃ ដើម្បី​ដោះ​ស្រាយ​ការ​ទាមទារដែន​សមុទ្រ​ដែល​ត្រួត​គ្នា​ដែលអូស​បន្លាយ​អស់រយៈ​ពេល​ជា​យូរមក​ហើយ​នៅឈូង​សមុទ្រថៃ ដោយ​រដ្ឋ​មន្ត្រី​ការ​បរទេស និងសហ​ប្រតិបត្តិ​ការ​អន្តរជាតិ លោក ប្រាក់ សុខុន បាន​ជំរុញឱ្យ​គណៈកម្មការ​ផ្សះផ្សា​ដែល​គាំទ្រ​ដោយ​អង្គ​ការសហ​ប្រជា​ជាតិ ជួយ​ប្រទេស​ទាំង​ពីរឈាន​ទៅ​សម្រេច​សន្ធិ​សញ្ញា​មួយ​ស្រប​តាម​ច្បាប់​អន្តរជាតិ​។

លោក​ស្រី Katrina Cooper ធ្វើ​ជា​ប្រធាន​គណៈកម្មការ​ផ្សះ​ផ្សា​នៃ​អនុ​សញ្ញា​អង្គ​ការសហ​ប្រជា​ជាតិ​ស្តីពី​នីតិ​សមុទ្រ (UNCLOS) ដែល​មាន​សមាជិក​អព្យា​ក្រឹត​ចំនួន ៥រូប ដែល​កំពុង​ដឹកនាំ​ដំណើរ​ការ​នៅ​ប្រទេស​សិង្ហបុរី ពាក់​ព័ន្ធ​នឹង​ផ្ទៃ​ទឹក​មាន​ជម្លោះ​ជាង ២៧០០០គីឡូម៉ែត្រ​ការ៉េ ដែល​សម្បូរ​ទៅ​ដោយ​ប្រេង និង​ឧស្ម័ន​។ ផ្ទៃ​ទឹក​នេះ​ត្រូវ​បាន​ប៉ាន់​ប្រមាណថា​មាន​ធនធាន​អ៊ីដ្រូ​កាបូន​មាន​តម្លៃ​ប្រមាណ ៣០០ប៊ីលាន​ដុល្លារ (ស្មើ​ប្រមាណ ១,២១៤ទ្រីលានរៀល)។

ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ដំបូង​របស់​គណៈកម្មការ​ផ្សះផ្សា​កម្ពុជា-ថៃ ក្រោម UNCLOS នៅ​ប្រទេស​សិង្ហបុរី កាលពី​ម្សិលមិញ លោក ប្រាក់ សុខុន បាន​មាន​ប្រសាសន៍ថា គោលបំណង​ចម្បង​របស់​កម្ពុជាគឺ​សម្រេច​បាន​ដំណោះ​ស្រាយ​មួយ​ដែល​ផ្តល់ផល​ប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ និង​រួម​ចំណែក​ដល់​សន្តិភាព កិច្ចសហ​ប្រតិបត្តិ​ការ និង​វិបុល​ភាព​រួម​ក្នុង​តំបន់​។

លោក​បាន​មាន​ប្រសាសន៍ថា​៖ «កម្ពុជា​មាន​បំណង​សម្រេច​សន្ធិ​សញ្ញា​មួយ​ជាមួយ​ប្រទេសថៃ ដោយ​មាន​ជំនួយពី​គណៈកម្មការ និង​ស្រប​តាម​ច្បាប់​អន្តរជាតិ ដើម្បី​កំណត់​ព្រំដែន​សមុទ្រ​តាម​គ្រប់​មធ្យោបាយ​រវាង​រដ្ឋ​ទាំង​ពីរ»។

កិច្ច​ប្រជុំ​នេះ​បាន​នាំ​ភាគី​ទាំង​ពីរមកជួប​គ្នា​ក្រោម​យន្ត​ការ​ផ្សះផ្សា​ដោយ​ចាប់​បង្ខំ​របស់ UNCLOS បន្ទាប់ពី​ការ​ចរចា​អស់រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​ដោយ​មិន​ទទួល​បាន​ជោគជ័យ ជុំ​វិញ​ការ​ទាមទារដែន​សមុទ្រ​ដែល​ត្រួត​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​។

កម្ពុជា និងថៃ​បាន​ចាប់​ផ្តើម​ពិភាក្សា​អំពី​ព្រំដែន​សមុទ្រ​របស់​ប្រទេស​ទាំង​ពីរ​នៅខែ​មេសា ឆ្នាំ១៩៩៥​។ នៅ​ឆ្នាំ២០០១ ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថ​លេខាលើអនុស្សរណៈ​នៃ​ការយោគ​យល់ (MoU) ស្តីពី​ការ​ទាមទារដែន​សមុទ្រ​ដែល​ត្រួត​គ្នាលើ​ធ្នើរ​ទ្វីប ដោយ​បង្ហាញពី​ការប្តេជ្ញា​ចិត្ត​របស់​ពួកគេ​ក្នុង​ការ​ចរចា​កំណត់​ព្រំដែន​សមុទ្រ និង​ស្វែងរក​ធនធាន​ធម្មជាតិ​ដើម្បីផល​ប្រយោជន៍​រួម​។

ទោះជា​យ៉ាងណា លោក សុខុន បាន​មាន​ប្រសាសន៍ថា ភាគី​ទាំង​ពីរ​មិន​ទាន់​អាចឈាន​ដល់​កិច្ច​ព្រម​ព្រៀងលើ​ព្រំ​ដែនដែន​សមុទ្រ ឬ​លើការ​រៀបចំ​អភិវឌ្ឍ​រួម​នៅឡើយ​ទេ ដែល​ធ្វើឱ្យ​ធនធាន​នៅ​ក្រោម​ផ្ទៃ​ទឹក​ដែល​មាន​ជម្លោះ​នៅតែ​មិន​ទាន់​ត្រូវ​បាន​រុករក​។

លោក​បាន​មាន​ប្រសាសន៍ថា នៅ​ថ្ងៃទី៥ ខែ​ឧសភា ប្រទេសថៃ​បាន​ប្រកាស​ជា​សាធារណៈ​អំពី​ការលុបចោល​ដោយ​ឯកតោ​ភាគី​នូវ MoU ឆ្នាំ២០០១​។ បន្ទាប់មក កម្ពុជា​បាន​ជ្រើសរើស​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ក្រោម UNCLOS ដោយ​លើក​ឡើងថា ជំហាន​នេះ​ស្រប​នឹង​ការប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​ការ​ដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិ​វិធី និង​ច្បាប់​អន្តរជាតិ​។

លោក សុខុន បាន​មាន​ប្រសាសន៍ថា​៖ «កម្ពុជា​បាន​ចាត់​វិធាន​ការ​នេះ ដើម្បី​ស្វែងរក​មធ្យោបាយ​ឆ្ពោះ​ទៅមុខ​ដោយ​សន្តិ​វិធី ស្រប​តាម​ច្បាប់​អន្តរជាតិ​។ កម្ពុជា​មើល​ឃើញ​ដំណើរ​ការ​ផ្សះផ្សា​នេះ​ជា​មធ្យោបាយ​សម្រាប់​ស្តារ​ទំនុក​ចិត្ត​ឡើង​វិញ មិនមែន​ជា​ទម្រង់​នៃ​ការ​បង្កើន​ភាព​តានតឹង​នោះ​ទេ»។

លោក​បាន​មាន​ប្រសាសន៍ថា វិធី​សាស្ត្រ​របស់​កម្ពុជា​ត្រូវ​បាន​កំណត់​ដោយបទ​ពិសោធន៍​ប្រវត្តិសាស្ត្រ​របស់​ខ្លួនពី​ជម្លោះ និងផល​វិបាក​ដ៏​ធ្ងន់ធ្ងរ​ផ្នែក​ធនធាន​មនុស្ស និង​សេដ្ឋកិច្ច​ដែល​បណ្តាល​មកពី​ជម្លោះ​។

លោក​បាន​មាន​ប្រសាសន៍ថា​៖ «ដូច្នេះ មាន​ប្រទេស​តិច​ណាស់​ដែល​យល់​ដឹង​ជ្រាល​ជ្រៅ​ជាង​កម្ពុជា​អំពី​តម្លៃ​នៃ​សន្តិភាព និង​ការ​ចំណាយ​ដ៏​ធ្ងន់ធ្ងរ​ផ្នែក​ធនធាន​មនុស្ស និង​សេដ្ឋកិច្ច​ដែល​បណ្តាល​មកពី​ជម្លោះ»។

លោក សុខុន បាន​មាន​ប្រសាសន៍ថា កម្ពុជា​ត្រៀម​ខ្លួន​ពិចារណា​លើការ​រៀបចំ​អភិវឌ្ឍ​រួម ប្រសិនបើ​ប្រទេស​ទាំង​ពីរ​មិន​អាចឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ភ្លាមៗលើ​ព្រំ​ដែនដែន​សមុទ្រ​ចុង​ក្រោយ​បាន​។

លោក​បាន​មាន​ប្រសាសន៍ថា​៖ «ជា​ជម្រើស​មួយ​ផ្សេង​ទៀត កម្ពុជា​ត្រៀម​ខ្លួន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ប្រទេសថៃ សម្រាប់​ការ​អភិវឌ្ឍ​រួម និង​ការបែងចែក​ធនធាន​ប្រកបដោយ​សមធម៌​រវាង​រដ្ឋ​ទាំង​ពីរ រហូត​ដល់​មាន​កិច្ច​ព្រម​ព្រៀង​ចុង​ក្រោយ​ស្តី​ពី​ព្រំដែន​សមុទ្រ​របស់​ប្រទេស​ទាំង​ពីរ»។

រដ្ឋ​មន្ត្រី​ការ​បរទេសថៃ លោក Sihasak Phuangketkeow ដែល​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ដូច​គ្នា បាន​មាន​ប្រសាសន៍ថា ប្រទេសថៃ​ចង់​បាន​ដំណោះ​ស្រាយលើ​បញ្ហា​កំណត់​ព្រំដែន​សមុទ្រ ដែល​ការពារ​សិទ្ធិ​របស់​ខ្លួន ខណៈ​ជំរុញ​ប្រទេស​ជិត​ខាង​ទាំង​ពីរឈាន​ឆ្ពោះ​ទៅមុខ​។

លោក Sihasak បាន​ថ្លែងថា ប្រទេសថៃ​បាន​គាំទ្រ​ជាប់​ជានិច្ច​ចំពោះ​កិច្ច​សន្ទនា​ទ្វេភាគី ជា​មធ្យោបាយ​ដោះ​ស្រាយ​ភាព​ខ្វែង​គំនិត​គ្នា​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ ដោយ​លើក​ឡើងថា ការទូត​គួរតែ​ដំណើរ​ការ​រួម​ជាមួយ​យន្ត​ការ​ផ្លូវ​ច្បាប់ ដើម្បី​ស្តារ​ទំនុក​ចិត្ត​ឡើង​វិញ និង​ស្វែងរក​ដំណោះ​ស្រាយ​ប្រកប​ដោយចីរ​ភាព​។

លោក​បាន​មាន​ប្រសាសន៍ថា ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បាន​ឆ្លង​កាត់​ដំណាក់​កាល​ដ៏​លំបាក​មួយ ដោយ​ជម្លោះ​បាន​ធ្វើឱ្យខូចខាត​ដល់​ទំនុក​ចិត្ត និងប៉ះ​ពាល់​ដល់សហគមន៍​នៃ​ភាគី​ទាំង​ពីរ​។ ប្រទេសថៃជឿ​ជាក់ថា ការ​កសាង​ទំនុក​ចិត្ត និង​ការទូត​ជាក់​ស្តែង គឺ​ចាំ​បាច់​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ដែល​កាន់តែ​ស្មុគ​ស្មាញ​។

លោក Sihasak បាន​ជំទាស់​នឹង​ការបក​ស្រាយ​របស់​កម្ពុជា​អំពី​មូល​ហេតុ​ដែល​នាំឱ្យ​ចាប់​ផ្តើម​ដំណើរ​ការ​ផ្សះ​ផ្សា​បច្ចុប្បន្ន ជា​ពិសេស​ការ​ពិពណ៌នា​របស់​កម្ពុជា​ចំពោះ​ការ​សម្រេច​ចិត្ត​របស់ថៃ​ក្នុង​ការលុបចោល MoU ឆ្នាំ២០០១​។

លោក​បាន​មាន​ប្រសាសន៍ថា កិច្ច​ព្រម​ព្រៀង​នេះ​ទទួល​បាន​វឌ្ឍន​ភាព​តិចតួច​ក្នុងរយៈ​ពេល ២៥ឆ្នាំ​កន្លងមក ក្នុង​អំឡុង​ពេល​នោះ មាន​ការ​ចរចា​ផ្លូវ​ការតែ ២ជុំ​ប៉ុណ្ណោះ​។ ដូច្នេះ ប្រទេសថៃ​បាន​សម្រេច​ស្វែងរក​វិធី​សាស្ត្រ​ថ្មី​សម្រាប់​ការ​ចរចា​។

លោក Sihasak បាន​មាន​ប្រសាសន៍ថា ប្រទេសថៃ​បាន​ស្នើ​ឱ្យ​មាន​ការ​ចរចា​ទ្វេភាគី​ដោយ​ផ្ទាល់លើ​ព្រំ​ដែនដែន​សមុទ្រ ហើយ​បាន​ស្នើថា ប្រទេស​ទាំង​ពីរ​អាច​បន្ត​ទៅ​កាន់​ដំណើរ​ការ​ផ្សះផ្សា​រួម​គ្នា ប្រសិនបើ​មិន​អាចឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ក្នុងរយៈ​ពេល ៦ខែ​។

លោក​បាន​មាន​ប្រសាសន៍ថា​៖ «ដូច្នេះ ការ​ដែល​កម្ពុជា​អះអាងថា ខ្លួន​គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​ចាប់​ផ្តើម​ដំណើរ​ការ​នេះ បន្ទាប់ពី​ប្រទេសថៃ​បញ្ចប់ MoU នោះ គឺជា​ការ​បំភ្លៃ​ការ​ពិត​ទាំងស្រុង»។

ទោះបី​ប្រទេស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​ចូល​រួម​ក្នុង​ដំណើរ​ការ​ផ្សះផ្សា​ក្រោម UNCLOS ក៏ដោយ ភាគី​ទាំង​ពីរ​នៅតែ​មាន​ជំហរ​ខុស​គ្នា​អំពី​វិសាល​ភាព និង​ខ្លឹមសារ​នៃ​ជម្លោះ​។

លោក Sihasak បាន​ថ្លែងថា ប្រទេសថៃ​ចាត់​ទុក​ដំណើរ​ការ​នេះថា​ពាក់​ព័ន្ធតែ​ការ​កំណត់​ព្រំដែន​សមុទ្រ​នៅឈូង​សមុទ្រថៃ​ប៉ុណ្ណោះ​។ លោក​បាន​បញ្ជាក់​ជា​ថ្មី​អំពី​ជំហរ​របស់ថៃលើ​ព្រំដែន​សមុទ្រ ដូច​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ព្រះ​រាជ​ប្រកាស​របស់ថៃ ចុះ​ថ្ងៃទី១៨ ខែ​ឧសភា ឆ្នាំ១៩៧៣​។

លោក​បាន​សង្កត់​ធ្ងន់ថា ប្រទេសថៃ​មិន​ចាត់​ទុក​អធិបតេយ្យ​ភាពលើ​ដីគោក រួម​ទាំង​កោះគុត (Ko Kut) ថា​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ការ​ផ្សះផ្សា​នោះ​ទេ​។ ប្រទេសថៃ​ក៏​បដិសេធ​ខ្សែ​បន្ទាត់​ទាមទារ​ធ្នើរ​ទ្វីប​របស់​កម្ពុជា ឆ្នាំ១៩៧២ ដែល​លោក Sihasak បាន​ពិពណ៌នាថា គ្មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​។

ទោះបី​មាន​ភាព​ខ្វែង​គំនិត​គ្នា​ទាំង​នេះ​ក៏ដោយ លោក Sihasak បាន​លើក​ឡើងថា ប្រទេសថៃ​បាន​ចូល​រួម​ក្នុង​ដំណើរ​ការ​ផ្សះផ្សា​ដោយ​ស្មោះ​ត្រង់ និង​ត្រៀម​ខ្លួន​ធ្វើ​ការ​ប្រកបដោយ​ស្ថាបនា ជាមួយ​គណៈកម្មការ ដើម្បីឈាន​ទៅរក​ដំណោះ​ស្រាយ​តាមរយៈ​ការ​ចរចា​។

លោក​បាន​មាន​ប្រសាសន៍ថា​៖ «ប្រទេសថៃ​ត្រៀម​ខ្លួន​ចូល​រួម​ក្នុង​ដំណើរ​ការ​នេះ​ប្រកបដោយ​ស្ថាបនា ដោយ​មាន​គោលបំណង​សម្រេច​បាន​ដំណោះ​ស្រាយ​មួយ​តាមរយៈ​ការ​ចរចា និង​ប្រកបដោយ​សមធម៌ ដោយ​មាន​ជំនួយពី​គណៈកម្មការ»។

លោក​បាន​បន្ថែមថា ទ្វារ​សម្រាប់​កិច្ច​ចរចា​នៅ​តែបើកចំហ ហើយ​ប្រទេស​ទាំង​ពីរ​នឹង​ត្រូវ​ស្វែងរក​មធ្យោបាយ​ឆ្ពោះ​ទៅមុខ​ជាមួយ​គ្នា​នៅទី​បំផុត​។

លោក Sihasak បាន​មាន​ប្រសាសន៍ថា​៖ «ទ្វារ​សម្រាប់​កិច្ច​សន្ទនា​នៅ​តែបើកចំហ​។ នៅទី​បញ្ចប់ ភារកិច្ច​នៅតែ​ស្ថិតលើ​ប្រទេស​ទាំង​ពីរ ក្នុង​ការ​ស្វែងរក​មធ្យោបាយ​ឆ្ពោះ​ទៅមុខ​ជាមួយ​គ្នា ដោយ​មាន​ភាព​ស្មោះ​ត្រង់ និងសុ​ចរិត»។

លោក សុខុន បាន​មាន​ប្រសាសន៍ថា ការប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ចំពោះ​ច្បាប់​អន្តរជាតិ និង​ការ​ដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិ​វិធី មាន​ឫសគល់​យ៉ាង​ជ្រៅ​នៅ​ក្នុងបទ​ពិសោធន៍​ជាតិ​របស់​ខ្លួន រួម​ទាំង​ការ​ប្រើ​ប្រាស់​ស្ថាប័ន​អន្តរជាតិ ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ដ៏​ស្មុគ​ស្មាញ​។

លោក​បាន​មាន​ប្រសាសន៍ថា​៖ «ការ​គោរព​ច្បាប់​អន្តរជាតិ ការ​ដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិ​វិធី និង​ស្ថាប័ន​ដែល​គាំទ្រ​គោលការណ៍​ទាំង​នេះ មាន​ឫសគល់​យ៉ាង​ជ្រៅ​នៅ​ក្នុងបទ​ពិសោធន៍​ជាតិ​របស់​កម្ពុជា»។

លោក​បាន​លើកយក​ដំណើរ​ការ​ផ្សះផ្សា​ដោយ​បង្ខំ​រវាងទីម័រឡេស្តេ និង​អូស្ត្រាលី ពាក់​ព័ន្ធ​នឹង​សមុទ្រទីម័រ ជា​ឧទាហរណ៍​មួយ​អំពី​របៀប​ដែល​យន្ត​ការ UNCLOS អាចជួយ​ប្រទេស​ជិត​ខាងឱ្យយក​ឈ្នះ​លើការ​ខ្វែង​គំនិត​គ្នា​ដែលអូស​បន្លាយ​យូរមក​ហើយ និងឈាន​ទៅរក​ការ​ដោះ​ស្រាយ​តាម​សន្ធិ​សញ្ញា​ប្រកប​ដោយចីរ​ភាព​។

លោក​បាន​មាន​ប្រសាសន៍ថា​៖ «កម្ពុជា​មាន​ទំនុក​ចិត្តថា គណៈកម្មការ​នេះ ដែល​មាន​សមាស​ភាព​ដ៏​ឆ្នើម នឹង​ស្ថិត​ក្នុង​ទីតាំង​ដ៏​ល្អ ដើម្បីជួយ​កម្ពុជា និងថៃឱ្យ​សម្រេច​បាន​លទ្ធផល​ស្រដៀង​គ្នា ដែល​នាំមក​នូវ​សន្តិភាព ស្ថិរ​ភាព និង​វិបុល​ភាព​រួម​ដល់​តំបន់»។

លោក សុខុន បាន​អំពាវនាវ​ឱ្យ​មាន​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី​ដែល​មាន​ស្រាប់ ជា​ពិសេស​សេចក្តី​ប្រកាស​រួម​ចុះ​ថ្ងៃទី២៧ ខែ​ធ្នូ ឆ្នាំ២០២៥ ដោយ​លើក​ឡើងថា ការ​អនុវត្ត​នេះ​នឹងជួយសម្រួល​ដល់​ការវិលត្រឡប់​របស់​ប្រជា​ពលរដ្ឋភៀ​សសឹក ការ​ការពារ​ទីតាំង​វប្ប​ធម៌​ដែលរង​ការខូចខាត​ក្នុង​អំឡុង​ការ​ប្រយុទ្ធ​គ្នា និង​ការ​គាំទ្រ​ដល់​ការ​ធ្វើ​ឱ្យ​ទំនាក់​ទំនង​ទ្វេ​ភាគីវិលត្រឡប់​ទៅរក​ភាព​ប្រក្រតី​ឡើង​វិញ​។

លោក Sihasak បាន​មាន​ប្រសាសន៍ថា លទ្ធផល​នៃ​ដំណើរ​ការ​ផ្សះផ្សា​នឹង​មានផល​សំខាន់​ចំពោះ​ទំនាក់​ទំនងនា​ពេល​អនាគត​រវាង​ប្រទេស​ទាំង​ពីរ ហើយ​បាន​អំពាវនាវ​ឱ្យ​មាន​ឆន្ទៈ​នយោបាយ​ពី​ភាគី​ទាំង​ពីរ​។

កិច្ច​ប្រជុំ​លើក​ដំបូង​របស់​គណៈកម្មការ​ផ្សះផ្សា កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​សិង្ហបុរី ចាប់ពី​ថ្ងៃ​ចន្ទ រហូត​ដល់​ថ្ងៃ​នេះ​។

-Khmer Times-

អត្ថបទទាក់ទង