Cambodia PR Team ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាលចំពោះសកម្មភាព ឈ្លានពានឥតឈប់ឈររបស់ថៃ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦
Cambodia PR Team ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាលចំពោះសកម្មភាព ឈ្លានពានឥតឈប់ឈររបស់ថៃ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាលចំពោះសកម្មភាព ឈ្លានពានឥតឈប់ឈររបស់ថៃ
ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦
សំណួរទី១៖ ហេតុអ្វីបានជាកម្ពុជាធ្វើការតវ៉ាទៅកាន់ភាគីថៃជាបន្តបន្ទាប់ឥតឈប់ឈរ ខណៈដែលថៃកំពុងបន្តឈ្លានពាន?
ចម្លើយ៖ ការតវ៉ារបស់កម្ពុជាទៅកាន់ភាគីថៃជាបន្តបន្ទាប់ គឺមានគោលបំណងចម្បងក្នុងការការពារ និងបញ្ជាក់ជំហររបស់ខ្លួនលើអធិបតេយ្យភាព និងបូរណភាពទឹកដី តាមផ្លូវច្បាប់និងការទូត និងជាសារបញ្ជាក់ប្រាប់ភាគីថៃថា ទឹកដីកម្ពុជាមិនអាចត្រូវបានកាន់កាប់ដោយខុសច្បាប់បានឡើយ។ លើសពីនេះ កម្ពុជាប្រើវិធានការតវ៉ានេះដើម្បីជំរុញឱ្យភាគីថៃគោរពច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ព្រមទាំងជំរុញឱ្យមានការដោះស្រាយបញ្ហាដោយសន្តិវិធី ចៀសវាងការប្រើកម្លាំង ឬសកម្មភាពដែលអាចបង្កការតានតឹងបន្ថែមនៅលើដី។
ម្យ៉ាងទៀត ការតវ៉ាជាបន្តបន្ទាប់ក៏បង្ហាញពីភាពអត់ធ្មត់ និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅតំបន់ព្រំដែន ហើយកម្ពុជានៅតែការពារយ៉ាងម៉ឺងម៉ាត់លើសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន។ វាក៏ជាវិធីសាស្ត្រមួយក្នុងការបញ្ជូនសារដល់សហគមន៍អន្តរជាតិថា កម្ពុជាគោរពច្បាប់ និងប្រើយន្តការសន្តិវិធីក្នុងការដោះស្រាយវិវាទដោយមានគោលបំណងបង្កើតព្រំដែនដែលពោរពេញដោយសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នា។
សំណួរទី២៖ តើកម្ពុជាមានជំហរ និងអំពាវនាវដូចម្តេចចំពោះសកម្មភាពឈ្លានពានម្តងហើយម្តងទៀត របស់ថៃ?
ចម្លើយ៖ កម្ពុជាបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា មិនទទួលស្គាល់នូវការកំណត់ព្រំដែន ឬការទាមទារទឹកដីណាមួយដែលធ្វើឡើងដោយឯកតោភាគីឡើយ ហើយសកម្មភាពទាំងនេះមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ក្នុងការការពារព្រំដែនអន្តរជាតិរបស់កម្ពុជាជាមួយនឹងថៃទេ។ ជាមួយគ្នានេះ កម្ពុជាបានអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលផ្ទុយនឹងកិច្ចព្រមព្រៀង និងគោលការណ៍នៃការកាត់បន្ថយភាពតានតឹង។ ទន្ទឹមនឹងនេះ កម្ពុជានៅតែបន្តប្រកាន់ជំហរដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់ ដើម្បីធានាសន្តិភាព ស្ថិរភាព និងការរស់នៅរួមគ្នាដោយសុខសាន្តនៅតំបន់ព្រំដែនក្នុងរយៈពេលវែង៕





