Grand News Asia Close

ផ្សាយបន្តផ្ទាល់៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ Live stream ទំព័រវីដេអូ ព័ត៌មានជាតិ 232

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រ​ហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា​ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ដែលរៀបចំឡើងនៅសណ្ឋាគារសុខា។​

សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» គឺជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញ បើកកិច្ចពិភាក្សា​លើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គម ដើម្បីជាធាតុចូលសម្រាប់ដោះ​ស្រាយ​បញ្ហា​ប្រឈម និងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា។

សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» បានធ្វើឡើងជារៀងរាល់ឆ្នាំ រយៈពេលជាង១០ឆ្នាំមកហើយ។ សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ធ្វើឡើងក្រោមប្រធានបទ​ «ចក្ខុវិស័យ ប្រទេសកម្ពុជា​ឆ្នាំ​២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន»។

កម្ពុជា បានកំណត់គោលដៅប្រកបដោយមហិច្ឆិតា ក្នុងការប្រែក្លាយទៅជាប្រទេស ដែលមាន​ចំណូល​មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានសេដ្ឋកិច្ចជឿនលឿននៅឆ្នាំ២០៥០។​ដើម្បីស្វែងរក​មាគ៌ា​​ឆ្ពោះទៅមុខ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានផ្តួចផ្តើមការ​ស្រាវជ្រាវយ៉ាងទូលំទូលាយមួយ ដើម្បីរួមចំណែកដល់ចក្ខុវិស័យនេះ។

សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ដែលរៀបចំឡើយដោយវិទ្យាស្ថាន CDRI នឹងបង្ហាញ អំពីវឌ្ឍនភាព​នៃការសិក្សាស្រាវជ្រាវដែលកំពុងបន្តនេះ និងធ្វើការវាយតម្លៃលើជម្រើសគោលនយោបាយ ដែលកើតចេញពីសេណារីយ៉ូនាពេលអនាគតប្រកបដោយព័ត៌មានគ្រប់ជ្រុងជ្រោយ។

សន្និសីទឆ្នាំ២០២៣នេះ ដើរតួជាវេទិកាសំខាន់មួយ សម្រាប់ថ្នាក់ដឹកនាំជាង៥០០នាក់ រួមទាំងមន្ត្រី រដ្ឋា​ភិបាល អ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញការជាតិ និងអន្តរជាតិ មករួមគ្នាដើម្បីដោះស្រាយ បញ្ហាប្រឈម​សំខាន់ៗរបស់កម្ពុជា។

សន្និសីទឆ្នាំ២០២៣ នេះមានក្រុមពិភាក្សាសំខាន់ៗចំនួន៣វគ្គ។ វគ្គពិភាក្សានីមួយៗ ត្រូវបានរៀបចំឡើ​ង​ដោយ​ផ្តោតលើបញ្ហាសំខាន់ៗ អំពីទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា អាទិភាពនៃការអភិវឌ្ឍ​ប្រកប​ដោយនិរន្តរភាព និងសក្កានុពលក្នុងការដកស្រង់បទពិសោធ ដើម្បីធ្វើឱ្យមានការរីកចម្រើន​តាមគន្លង​អភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ កិច្ចពិភាក្សាជានីមួយៗ មានគោលបំណងផ្តល់នូវការ​យល់ដឹង​ជាក់ស្តែង ជំរុញឱ្យមានកិច្ច សន្ទនាស៊ីជម្រៅ និងផ្តល់នូវការយល់ដឹងទូលំទូលាយ អំពីទិដ្ឋភាពនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

តាមរយៈសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣នេះ វិទ្យាស្ថាន CDRI បន្តការប្តេជ្ញាចិត្ត​របស់​ខ្លួនក្នុងការប្រមូលផ្តុំមេដឹកនាំដែលមានឥទ្ធិពលបំផុតពីប្រទេសកម្ពុជា អាស៊ីអាគ្នេយ៍។ល។ ដើម្បីជម្នះ​បញ្ហា​ប្រឈម និងយល់ដឹងពីចក្ខុវិស័យរបស់ប្រទេសកម្ពុជាឆ្នាំ២០៣០ និងចក្ខុវិស័យឆ្នាំ២០៥០៕

អត្ថបទទាក់ទង