Grand News Asia Close

វិភាគអន្តរជាតិ៖ តើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ UN អាចបញ្ឈប់អ៉ីស្រាអែល បានឬ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 799
វិភាគអន្តរជាតិ៖ តើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ UN អាចបញ្ឈប់អ៉ីស្រាអែល បានឬ? វិភាគអន្តរជាតិ៖ តើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ UN អាចបញ្ឈប់អ៉ីស្រាអែល បានឬ?

(យូអិន)៖ មួយថ្ងៃបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានអនុម័តដំណោះស្រាយមួយអំពាវនាវឱ្យមានបទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស រួមទាំង ការដោះលែងចំណាប់ខ្មាំង សង្រ្គាមនៅក្នុងតំបន់ហ្កាហ្សាមិនបានបញ្ឈប់នោះទេ ហើយក៏គ្មានចំណាប់ខ្មាំងណាម្នាក់ត្រូវបានដោះលែងនោះដែរ។ ក្រុមហាម៉ាសបានចេញមុខស្វាគមន៍ ដំណោះស្រាយបទឈប់បាញ់នេះ ខណៈអ៉ីស្រាអែលហាក់មិនអើពើនោះទេ ដោយនៅតែបន្តទម្លាក់គ្រាប់បែកលើតំបន់ភាគខាងជើង និងតំបន់ភាគខាងត្បូងហ្កាហ្សា។ ដូច្នេះថាតើ ដំណោះស្រាយ UNSC មានន័យយ៉ាងណាចំពោះសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា ហើយតើនឹងរឿងអ្វីកើតឡើង បើដំណោះស្រាយនេះមិនត្រូវបានអនុវត្តតាម?

* តើដំណោះស្រាយ UNSC ទាមទារអ្វីខ្លះ?
ដំណោះស្រាយលេខ ២៧២៨ បានលើកឡើងនូវការទាមទារចំនួន ៣ចំណុច៖ ទី១ គ្រប់ភាគីត្រូវទទួលយកបទឈប់បាញ់បន្ទាន់មួយអំឡុងខែរ៉ាម៉ាឌន ដែលជាខែតមអាហារនៅពេលថ្ងៃ រយៈពេលមួយខែ របស់អ្នកកាន់សាសនាអ៉ីស្លាម ដើម្បីត្រួតត្រាយផ្លូវឆ្ពោះទៅរកបទឈប់បាញ់ជាអចិន្ត្រៃយ៍។ ទី២៖ ត្រូវតែដោះលែងចំណាប់ខ្មាំងជាបន្ទាន់ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ និងទី៣៖ សង្កត់ធ្ងន់ពីតម្រូវការចាំបាច់ក្នុងការបង្កើនលំហូរជំនួយមនុស្សធម៌ និងពង្រឹងការការពារអាយុជីវិតជនស៊ីវិលក្នុងតំបន់ហ្កាហ្សាទាំងមូល។

នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៥ ខែមីនា សហរដ្ឋអាមេរិកបានបោះចោលទម្លាប់របស់ខ្លួនដែលតែងតែប្រើសិទ្ធិវេតូ ដើម្បីគាំទ្រ និងការពារអ៉ីស្រាអែល ជាមួយការបោះឆ្នោតអនុបវាទ ដែលនេះមានន័យថាដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខស្ដីពីសង្រ្គាមហ្កាហ្សា ត្រូវបានអនុម័តក្នុងសំឡេងគាំទ្រ ១៤ ទល់នឹងគ្មានសំឡេងជំទាស់។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ទីក្រុងវ៉ាស៊ីនតោន បានចាត់ទុកភ្លាមៗផងដែរថាដំណោះស្រាយនេះមិនមានអំណាចផ្លូវច្បាប់ចាប់បង្ខំឱ្យអនុវត្តតាមនោះទេ។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield បានលើកឡើងនៅក្រោយការបោះឆ្នោតថា សហរដ្ឋអាមេរិក គាំទ្រពេញលេញចំពោះកម្មវត្ថុសំខាន់ៗមួយចំនួននៅក្នុងដំណោះស្រាយដែលមិនមានអំណាចផ្លូវច្បាប់មួយនេះ ប៉ុន្តែមិនមែនឯកភាពលើអ្វីៗគ្រប់យ៉ាងដែលមានចែងក្នុងអត្ថបទដំណោះស្រាយនេះ ក្នុងនោះដូចជាការមិនបានថ្កោលទោសក្រុមហាម៉ាសនោះទេ។

ការលើកឡើងរបស់លោកស្រី Thomas-Greenfield បានបង្កឱ្យមានការរិះគន់ពីសំណាក់សមាជិកក្រុមប្រឹក្សាសន្តិសុខដទៃទៀត រដ្ឋជាសមាជិក UN និងអង្គការសិទ្ធិមនុស្ស ព្រមទាំងបង្ក ជាការចោទសួរថាតើការអត្ថាធិប្បាយបែបនេះអាចនឹងជះឥទ្ធិពលដល់កិច្ចប្រឹងប្រែងរបស់អាមេរិក ក្នុងដោះស្រាយវិបត្តិសកលដទៃ នៅឯ UN យ៉ាងណាខ្លះ?

* តើដំណោះស្រាយនេះពិតជាមិនមានអំណាចផ្លូវច្បាប់ មែនឬ?
នៅក្រោមធម្មនុញ្ញបង្កើត UN បណ្ដាប្រទេសជាសមាជិកបានយល់ស្របទទួលយក និងអនុវត្តតាមការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ។ រដ្ឋជាសមាជិក UN ជាច្រើនបានលើកឡើង នូវមាត្រា២៥ នៃធម្មនុញ្ញ UN នេះឯងដើម្បីរិះគន់ប្រឆាំងនឹងការលើកឡើងរបស់សហរដ្ឋអាមេរិក។ «គ្រប់ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខគឺជាច្បាប់អន្តរជាតិ។ ដូច្នេះវាមានអំណាច ផ្លូវច្បាប់ចាប់បង្ខំឱ្យអនុវត្តតាម ដូចជាច្បាប់អន្តរជាតិដូច្នោះដែរ រីឯការអនុវត្តតាមគឺជាបញ្ហានៃឆន្ទៈអន្តរជាតិ»។ នេះជាការបញ្ជាក់ពីអ្នកនាំពាក្យរង UN លោក Farhan Haq។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យលោកស្រី Thomas-Greenfield គឺលោក Nate Evans បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា «ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខមិនបានបង្កើត កាតាព្វកិច្ចថ្មីនៅក្រោមច្បាប់អន្តរជាតិ ដូចអ្វីដែលក្រុមប្រឹក្សាបានធ្វើនៅពេលអនុវត្តកាតព្វកិច្ចដាក់ទណ្ឌកម្មនោះឡើយ។ តែទោះជាដំណោះស្រាយនេះមិនមានអំណាចផ្លូវច្បាប់គ្រប់គ្រាន់ ក៏ពិតមែន ក៏រាល់ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខតែងតែមានឥទ្ធិពល និងគួរតែត្រូវបានអនុវត្តតាម»។

* តើនឹងមានអ្វីកើតឡើង ប្រសិនបើដំណោះស្រាយនេះមិនត្រូវបានអនុវត្តតាម?
តាមក្រិតក្រមរបស់ខ្លួន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានអំណាចដាក់ទណ្ឌកម្ម និងអនុញ្ញាតឱ្យមានការប្រើកម្លាំងយោធា ដើម្បីថែរក្សា ឬស្ដារឡើងវិញនូវសន្តិភាព និងសន្តិសុខ អន្តជាតិ។ តែសកម្មភាពទាំងនេះតម្រូវឱ្យមានការបោះឆ្នោតអនុម័តលើដំណោះស្រាយមួយផ្សេងទៀត ហើយការអនុម័តដំណោះស្រាយនេះទៀតសោត ចាំបាច់ត្រូវតែមានសំឡេងគាំទ្រ យ៉ាងហោចពីប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន៩ ក្នុងចំណោម១៥ប្រទេស និងមិនមានការបោះឆ្នោតវេតូពីសមាជិកអចិន្ត្រៃយ៍ណាមួយក្នុងនោះរួមមានសហរដ្ឋអាមេរិក រុស្ស៉ី ចិន បារាំង ឬក៏ចក្រភពអង់គ្លេសដាច់ខាត។

នៅត្រង់នេះ ក្រុមអ្នកវិភាគជឿថានឹងមិនមានការចាត់វិធានការណាមួយប្រឆាំងនឹងអ៉ីស្រាអែល ឬក៏ហាម៉ាសនោះទេ ប្រសិនបើភាគីជម្លោះទាំង២ មិនគោរពអនុវត្តតាមដំណោះស្រាយនេះក៏ដោយ ហើយកាន់តែមិនអាចទៅរួច នោះគឺសហរដ្ឋអាមេរិកនឹងមិនដាក់ទណ្ឌកម្មប្រឆាំងនឹងអ៉ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនទេ។ ផ្ទុយទៅវិញ មានតែប្រើសិទ្ធិវេតូប្រឆាំងនឹងរាល់ការប៉ុនប៉ងដាក់ ទណ្ឌកម្មប្រឆាំងអ៉ីស្រាអែល។ កន្លងមក អ៉ីស្រាអែលតែងតែអាចយករួចខ្លួនជានិច្ចពីការបំពានលើដំណោះស្រាយ UN។ ជាឧទាហរណ៍ កាលខែធ្នូ ឆ្នាំ២០១៦ អំឡុងថ្ងៃចុងក្រោយនៃអាណត្តិរបស់ លោក បារ៉ាក់ អូបាម៉ា UNSC បានអនុម័តដំណោះស្រាយមួយដោយចាត់ទុកថាការសាងសង់លំនៅឋានរបស់អ៉ីស្រាអែលក្នុងទឹកដីប៉ាឡេស្ទីនគឺជាទង្វើខុសច្បាប់ និងបំពានច្បាប់អន្តរជាតិ។ ដំណោះស្រាយនេះត្រូវបានអនុម័តក្នុងសំឡេងគាំទ្រ១៤ ខណៈសហរដ្ឋអាមេរិកបោះឆ្នោតអនុបវាទ។ តែអ៉ីស្រាអែលមិនបានអើពើនឹងដំណោះស្រាយនេះទេ ហើយថែមទាំងផ្គើនលើសដើម ក្នុងការបង្កើនការសង់លំនៅឋានខុសច្បាប់ក្នុងដែនដីប៉ាឡេស្ទីន សម្រាប់និគមជនអ៉ីស្រាអែល។

ម្យ៉ាងវិញទៀត កាលពីខែធ្នូ ឆ្នាំ២០២៣ នៅពេលដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតក្នុងសំឡេងគាំទ្រភាគច្រើនលើសលុប អំពាវនាវឱ្យមានបទឈប់បាញ់ ក្នុងសង្រ្គាម ហ្កាហ្សា អ៉ីស្រាអែលក៏មិនបានធ្វើតាមការអំពាវនាវនេះនោះដែរ ហើយណាមួយដំណោះស្រាយនេះមិនមានអំណាចផ្លូវច្បាប់បង្ខំឱ្យអនុវត្តតាមនោះទេ។

គួរបញ្ជាក់ថា ខណៈអំពាវនាវឱ្យមានបទឈប់បាញ់ ទម្លាក់ជំនួយមនុស្សធម៌តាមយន្ដហោះ និងកំពុងសង់កំពង់ផែបណ្ដោះអាសន្នដើម្បីសម្រួលដល់ការផ្ដល់ជំនួយដល់ប្រជាជនស៊ីវិលហ្កាហ្សា សហរដ្ឋអាមេរិកមិនបានបញ្ឈប់ការផ្គត់ផ្គង់គ្រាប់បែក និងអាវុធឱ្យអ៉ីស្រាអែលឡើយ ហើយថាខ្លួនមានការប្ដេជ្ញាចិត្តចំពោះសន្តិសុខរបស់អ៉ីស្រាអែល។ លើសពីនេះទៅទៀត អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby ថែមទាំងទទូចទៀតផងថា «ការបោះឆ្នោតរបស់យើងមិនមែនឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរគោលនយោបាយរបស់យើង (ចំពោះអ៉ីស្រាអែល) ទេ»៕ ប្រភព៖ Fresh News

 

អត្ថបទទាក់ទង