Grand News Asia Close

«កំណត់ត្រានៃប្រជាធិបតេយ្យូបនីយកម្មដោយសន្តិភាពរបស់កម្ពុជា»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 287
«កំណត់ត្រានៃប្រជាធិបតេយ្យូបនីយកម្មដោយសន្តិភាពរបស់កម្ពុជា» «កំណត់ត្រានៃប្រជាធិបតេយ្យូបនីយកម្មដោយសន្តិភាពរបស់កម្ពុជា»

ទោះបីជាមានការរិះគន់ក្តី ក៏មានហេតុផលដែលត្រូវជឿជាក់ថា ការបោះឆ្នោត ថ្ងៃទី២៣ ខែកក្កដា នឹងមាន ភាពស្របច្បាប់។ នៅថ្ងៃទី២៣ ខែកក្កដា កម្ពុជានឹងឆ្លងកាត់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយទៀត នោះ គឺការបោះឆ្នោតថ្នាក់ជាតិជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។ ការបោះឆ្នោតនេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ថែមទៀតនូវប្រជាធិបតេយ្យូបនីយកម្មប្រកបដោយសន្តិភាពដែលផ្អែកលើគោលការណ៍នីតិរដ្ឋរបស់កម្ពុជា ។

មានទិដ្ឋភាព៣ ដែលបង្ហាញថា កម្ពុជាគឺជាប្រទេសគំរូដ៏កម្រមួយនៅក្នុងចំណោមបណ្តាប្រទេសក្រោយ សង្គ្រាមនៅលើពិភពលោក។ ទិដ្ឋភាពទី១ គឺកម្ពុជា ស្ថិតក្នុងចំណោមប្រទេសក្រោយសង្គ្រាម មួយចំនួនតូច ដែលមិនបានធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលសាជាថ្មី ។ សន្តិភាពគឺជាកត្តាចាំបាច់បំផុត ដើម្បីអាចឱ្យប្រទេសយើងបន្តអភិវឌ្ឍទៅជាប្រទេសជោគជ័យបំផុតមួយក្រោយសង្គ្រាម ។ ប្រទេសជាច្រើនដូចជា អាហ្វហ្កានីស្ថាន កុងហ្គោ ហៃទី លីបង់ សូម៉ាលី សៀរ៉ាឡេអូន និងស៊ូដង់ ដែលបានទទួលកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ នៅតែបន្តមានជម្លោះរ៉ាំរ៉ៃនៅឡើយ ។

ដោយឡែក ចាប់តាំងពីការបោះឆ្នោតគាំទ្រដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩៣ ប្រទេសកម្ពុជាមាន សន្តិភាពជាទូទៅដោយមិនមានជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំនោះទេ។ បន្ទាប់ពីការធ្វើសមាហរណកម្មនៃកងកម្លាំងខ្មែរក្រហមដែលនៅសេសសល់នៅចុងឆ្នាំ១៩៩៨ តាមរយៈនយោបាយ “ឈ្នះ-ឈ្នះ” របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជាបានបង្រួបបង្រួមកងទ័ពជាតិរបស់ខ្លួនជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ ។ នេះគឺជាចំណុចគន្លឹះសំខាន់ក្នុងការលុបបំបាត់នូវរចនាសម្ព័ន្ធនៃអំពើហិង្សាដែលមាននៅក្នុងនយោបាយកម្ពុជាជាយូរមកហើយ។

ជាក់ស្តែង រហូតដល់ចុងឆ្នាំ ១៩៩៨ គណបក្សនយោបាយរបស់កម្ពុជានៅតែគ្រប់គ្រងបក្សពួកផ្សេងគ្នានៃកងកម្លាំងប្រដាប់អាវុធ ដូច្នេះហើយ ប្រព័ន្ធបែបនេះបានផ្តល់ជាលំហដែលអាចបង្កឱ្យមានអំពើហិង្សានៅពេលដែលគណបក្សផ្សេងគ្នាមិនអាចផ្សះផ្សា ឬចុះសម្រុងនឹងគ្នាបាន ។ ការប៉ះទង្គិចប្រដាប់អាវុធក្នុងខែកក្កដា ឆ្នាំ១៩៩៧ គឺជាឧទាហរណ៍ជាក់ស្តែងនៃការតស៊ូប្រដាប់អាវុធរវាងកងទ័ពដែលស្មោះត្រង់នឹងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ ដូច្នេះ សម្រាប់ប្រទេសដូចជាកម្ពុជា ការសម្រេចបាន នូវឯកភាពជាតិនៃកងទ័ពជាតិមិនមែនជាកត្តាដ៏សាមញ្ញនោះឡើយ។ នេះគឺជាការរួមចំណែកសំខាន់ខ្លាំងណាស់ដល់សន្តិភាព ។

គួរកត់សម្គាល់ផងដែរ ថា រដ្ឋាភិបាលកម្ពុជាមុនៗ មិនដែលមានរដ្ឋាភិបាលណាដែលអាចគ្រប់គ្រងកងទ័ពជាតិទាំងមូលបានទេ ហើយក៏គ្មានរដ្ឋាភិបាលណាដែលបានកាន់កាប់ដែនអធិបតេយ្យទាំងមូលរបស់កម្ពុជាបាន ដោយគ្មានពួកឧទ្ទាម ឬតំបន់ស្វយ័តនោះដែរ ។

ទិដ្ឋភាព ទី២ គឺប្រជាធិបតេយ្យូបនីយកម្មនៅកម្ពុជាមានដំណើរប្រកបដោយសន្តិភាព និងមិនអាចប្រែក្រឡាស់ ថយក្រោយបាន។ មាត្រា១៥៣ នៃរដ្ឋធម្មនុញ្ញ មានចែងយ៉ាងច្បាស់ថា ការសើរើ ឬវិសោធនកម្ម រដ្ឋធម្មនុញ្ញ មិនអាចធ្វើបានឡើយកាលបើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបប រាជានិយម អាស្រ័យដោយរដ្ឋធម្មនុញ្ញ។

ទោះបីជាមានការរិះគន់ក៏ដោយ ក៏ប្រទេសកម្ពុជានៅតែបន្តរៀបចំការបោះឆ្នោតជាទៀងទាត់ មិនដែលអាក់ខាន ហើយវាមិនមានសញ្ញាណាមួយដែលបង្ហាញថា កម្ពុជានឹងលែងរៀបចំការបោះឆ្នោត ហើយកម្ពុជា អាចនឹងជ្រើសរើសយកទម្រង់ផ្សេង នៃប្រព័ន្ធគ្រប់គ្រងរដ្ឋក្រៅពីប្រព័ន្ធប្រជាធិបតេយ្យក៏គ្មានដែរ។

គេមិនគួរប្រញាប់ប្រញាល់ទាមទារលទ្ធិប្រជាធិបតេយ្យពេញលេញក្នុងរយៈពេលពីរ ឬបីទសវត្សរ៍ពីប្រទេសក្រោយសង្គ្រាមដូចកម្ពុជានោះទេ។ វាត្រូវការពេលវេលាដើម្បីឱ្យប្រព័ន្ធសង្គមទាំងមូលសម្របខ្លួន។ វាត្រូវការ ពេលវេលាដើម្បីឱ្យប្រជាជនយើងយល់ដឹង និងបែងចែកឱ្យបានច្បាស់លាស់រវាងសិទ្ធិ និងកាតព្វកិច្ចរបស់ ពលរដ្ឋ។ ពលរដ្ឋខ្លះគាត់ដឹងតែទាមទារសិទ្ធិរបស់ពួកគាត់ ប៉ុន្តែ ពួកគាត់មិនបានគិតពីកាតព្វកិច្ចរបស់ពលរដ្ឋក្នុងការគោរពច្បាប់នោះឡើយ ។ ក្នុងប្រព័ន្ធនយោបាយដែលគណបក្សនយោបាយធ្លាប់តែឆ្លងកាត់ការតស៊ូដោយប្រដាប់អាវុធ និងការកំចាត់គ្នាទៅវិញទៅមក សង្គមយើងក៏ត្រូវការពេលវេលាដើម្បីអនុញ្ញាតឱ្យវប្បធម៌សន្ទនាអាចចាក់ឫសបានដោយរឹងមាំ ។

សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនយោបាយ មិនគួរត្រូវបានលើកកម្ពស់ខ្ពស់ហួសហេតុដល់កម្រិតមួយដែលលទ្ធិប្រជាធិបតេយ្យបានក្លាយជាលេសដើម្បីគាំទ្រដល់លទ្ធិជ្រុលនិយម និងប្រជាកលនិយមនោះទេ។

ប្រទេសកម្ពុជាបន្តប្រកាន់យកលទ្ធិប្រជាធិបតេយ្យដែលសមស្របទៅនឹងបរិបទប្រវត្តិសាស្ត្រ វប្បធម៌ អត្តសញ្ញាណ និងព្រះពុទ្ធសាសនារបស់ខ្លួនដែលគោរពយ៉ាងខ្ជាប់ខ្ជួននូវការរួមរស់ដោយសន្តិភាព និងការអត់ឱន។ បើទោះជាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ដោយ ប៉ុន្តែ ភាពសុខដុមខាងសាសនារបស់កម្ពុជាមានភាព លេចធ្លោយ៉ាងខ្លាំង ទាំងនៅក្នុងតំបន់ និងពិភពលោក។ មិនថាសាសនាគ្រឹស្ត ឬសាសនាឥស្លាម ពលរដ្ឋសុទ្ធតែ អាចប្រតិបត្តិបានដោយសេរីនៅក្នុងប្រទេសកម្ពុជា ដោយគ្មានការរើសអើង ហើយកម្ពុជាមិនដែលមានអំពើ ហិង្សាផ្នែកសាសនានោះឡើយ។

ការលុបបំបាត់អន្តរាគមន៍ពីបរទេសនៅក្នុងនយោបាយផ្ទៃក្នុង និងដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា ក៏ ជាចំណុចពិសេសមួយនៃនយោបាយរបស់កម្ពុជាផងដែរ ។ កម្ពុជាបានប្រកាន់ជំហររឹងមាំក្នុងការជំរុញប្រជាធិបតេយ្យូបនីយកម្មប្រកបដោយសន្តិភាពដោយផ្អែកលើជម្រើសអធិបតេយ្យរបស់ខ្លួន ហើយបានបដិសេធយ៉ាង ដាច់អហង្ការនូវអន្តរាគមន៍ និងការជ្រៀតជ្រែកពីបរទេសនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ។ ករណីកាត់ទោស លោក កឹម សុខា គឺឧទាហរណ៍មួយស្រាប់ ។

កម្ពុជាមិនមានអ្វីត្រូវខ្លាចការរិះគន់ទាក់ទងនឹងដំណើរនៃប្រជាធិបតេយ្យូបនីយកម្មរបស់ខ្លួននោះឡើយ។ សូម្បីតែសហរដ្ឋអាមេរិកដែលមានប្រវត្តិប្រជាធិបតេយ្យជាងពីររយឆ្នាំហើយក៏ដោយ ក៏អំពើហិង្សានាពេលថ្មីៗនេះនៅវិមានសភាកាពីតូល មិនមែនជាគំរូល្អដែលប្រទេសប្រជាធិបតេយ្យប្រាថ្នាចង់បាននោះដែរ ។ ហើយការ បដិសេធរបស់សហរដ្ឋអាមេរិកចំពោះឥទ្ធិពលបរទេសក្នុងការបោះឆ្នោតរបស់ខ្លួន ក៏មិនខុសអ្វីពីករណីរបស់កម្ពុជានោះដែរ ។

ទិដ្ឋភាពទី៣ គឺកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងការកែលម្អសុខុមាលភាពរបស់ប្រជាជន រួមទាំងការការពារ និងការលើកកម្ពស់សិទ្ធិមនុស្សជាមូលដ្ឋាន។ ដោយសារតែមានសន្តិភាព និងស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំជាមធ្យម ៧,៧% ចន្លោះពី ឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៩ ដែលធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតមួយនៅលើពិភពលោក។ ជាលទ្ធផល ភាពក្រីក្រត្រូវបានកាត់បន្ថយយ៉ាងគំហុក ហើយកម្ពុជាបានសម្រេចនូវវឌ្ឍនភាពយ៉ាងច្រើនក្នុងការកែលម្អសូចនាករ សុខាភិបាល ការអភិវឌ្ឍន៍កុមារតូច និងការអប់រំកម្រិតបឋមសិក្សានៅតាមទីជនបទ។

អាយុកាលសង្ឃឹមរស់ជាមធ្យម និងអត្រាមរណៈរបស់មាតា កុមារ អាយុក្រោមអាយុ៥ឆ្នាំ និងទារកមានភាពប្រសើរឡើងយ៉ាងខ្លាំងនៅចន្លោះឆ្នាំ២០០០ និងឆ្នាំ២០២១។ នេះគឺ ជាអ្វីដែលប្រទេសកំពុងអភិវឌ្ឍលើពិភពលោកចង់បានតាំងពីដំបូង។

តាមពិតទៅ មិនមានប្រទេសក្រោយជម្លោះច្រើនទេ ដែលមានធាតុផ្សំទាំងបីខាងលើរួមគ្នា ក្នុងរយៈពេលដ៏វែងមួយដូចនៅកម្ពុជា។ ប្រទេសខ្លះមានសន្តិភាព និងការអភិវឌ្ឍ ប៉ុន្តែ រដ្ឋាភិបាលរបស់ពួកគេមិនដែលចង់ ទទួលយកប្រព័ន្ធប្រជាធិបតេយ្យនោះទេ។ រីឯប្រទេសខ្លះវិញ មានលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ នយោបាយផ្ទៃ ក្នុងរបស់ពួកគេរញ៉េរញ៉ៃ សង្គមរបស់ពួកគេមិនមានសន្តិភាព ហើយសេដ្ឋកិច្ចវិញនៅទ្រឹងគ្មានកំណើន ។
ដូច្នេះ ដើម្បីវិនិច្ឆ័យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា យើងគួរតែដកខ្លួនបន្តិច ហើយពិចារណា វិនិច្ឆ័យដោយធ្វើ ការប្រៀបធៀបជាលក្ខណៈ អន្តរជាតិ ជាជាងការប្រើប្រាស់មូលដ្ឋានវិនិច្ឆ័យដែលមានភាពរើសអើងចំពោះប្រទេសកម្ពុជា ។ កម្ពុជាមានទំនុកចិត្តថា យើងធ្វើបានល្អតាមរបៀបរបស់យើង បើគិតពីសោកនាដកម្មពីអតីតកាល ដែល ប្រទេសយើងបានឆ្លងកាត់ ។

ប្រទេសកម្ពុជាបានចាប់ផ្តើមធ្វើបរិវត្តកម្មបន្តិចម្តងៗ ទៅជាសង្គមមួយដែលមានសន្តិភាពជាវិជ្ជមាន ដែលមាន ការស្វែងរកការដោះស្រាយជម្លោះ នយោបាយដោយប្រើ “សន្លឹកឆ្នោតជំនួសឱ្យគ្រាប់កាំភ្លើង”។ នេះគឺជាការបរិវត្តកម្មដ៏អស្ចារ្យមួយសម្រាប់ប្រទេសដូចជាកម្ពុជា ដែលបានឆ្លងកាត់ការបង្ហូរឈាមគ្មានទីបញ្ចប់ និងទុក្ខវេទនាដ៏ធំធេងសម្រាប់ប្រជាជន។ ដំណើរនៃលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជានឹងដើរទៅមុខដោយគ្មានងាកក្រោយនោះទេ។ កម្ពុជា នឹងបន្តដំណើររបស់ខ្លួនទៅមុខជានិច្ច ។

ស៊ឹម វីរៈ
ទីប្រឹក្សាយុទ្ធសាស្ត្រ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)

អត្ថបទទាក់ទង