Grand News Asia Close

វិភាគអន្តរជាតិ៖ ហេតុអ្វីជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ខ្វល់ខ្វាយពីសង្រ្គាម នៅឆ្ងាយពីផ្ទះរបស់ខ្លួន?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 216
វិភាគអន្តរជាតិ៖ ហេតុអ្វីជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ខ្វល់ខ្វាយពីសង្រ្គាម នៅឆ្ងាយពីផ្ទះរបស់ខ្លួន? វិភាគអន្តរជាតិ៖ ហេតុអ្វីជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ខ្វល់ខ្វាយពីសង្រ្គាម នៅឆ្ងាយពីផ្ទះរបស់ខ្លួន?

 

(វ៉ាស៊ីនតោន)៖​ ខណៈសង្រ្គាមនៅអ៊ុយក្រែនបន្តអូសបន្លាយ ការអំពាវនាវឱ្យសហរដ្ឋអាមេរិកដកខ្លួនចេញពីជម្លោះ ហើយងាកទៅផ្ដោតលើតំបន់អាស៊ីវិញ ក៏កាន់តែមាន សំឡេងឮខ្លាំងឡើងដែរ។ ក៏ប៉ុន្តែ គួរឱ្យចាប់អារម្មណ៍ គេមិនបានស្ដាប់ឮការអំពាវនាវបែបនេះចេញពីមាត់សម័្ពន្ធមិត្តសំខាន់ៗរបស់សហរដ្ឋអាមេរិក ក្នុងតំបន់អាស៊ី តួយ៉ាង ដូចជាកូរ៉េខាងត្បូង ជប៉ុន និងតៃវ៉ាន់នោះទេ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានលើកឡើងក្នុងសន្និសីទភាពជាមេដឹកនាំអាស៊ី «Asian Leadership Conference» រៀបចំឡើងនៅឯ ទីក្រុងសេអ៊ូល កាលពីខែឧសភាថា «ពិភពលោកមិនត្រូវបណ្ដោយឱ្យការឈ្លានពានដោយខុសច្បាប់នៅអ៊ុយក្រែន … ក្លាយទៅជាគំរូមួយនៃភាពជោគជ័យនោះទេ»។ ចំណែក នៅឯជប៉ុនវិញ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ្វូមីអុ គីស៉ីដា បានជ្រើសរើសការប្រកាន់ជំហរប្រឆាំងនឹងរុស្ស៉ី ដោយបានចូលរួមជាមួយក្រុមចម្រុះដឹកនាំ ដោយសហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងមូស្គូ។ ម្យ៉ាងវិញទៀត សូម្បីតែតៃវ៉ាន់ដែលកំពុងប្រឈមនឹងភាពតានតឹងជាមួយចិន ក៏មិនបានលើក ទឹកចិត្តឱ្យទីក្រុងវ៉ាស៊ីនតោន កាត់បន្ថយការផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន ដើម្បីអាចប្រមូលការផ្ដោតអារម្មណ៍ និងធនធានទប់ទល់ជាមួយចិន ក្នុងតំបន់អាស៊ី នោះដែរ។ «ការរស់រានរបស់អ៊ុយក្រែន គឺជាការរស់រានរបស់តៃវ៉ាន់ ហើយជោគជ័យរបស់អ៊ុយក្រែន ក៏ជាជោគជ័យរបស់តៃវ៉ាន់ផងដែរ»។ នេះគឺជាការគូសបញ្ជាក់របស់ មន្ត្រីការទូតជាន់ខ្ពស់តៃវ៉ាន់ម្នាក់ប្រចាំសហរដ្ឋអាមេរិក លោកស្រី Hsiao Bi-khim។

ប៉ុន្តែ ហេតុអ្វីបានជាសម្ព័ន្ធមិត្តអាមេរិកទាំង៣នេះ យកចិត្តទុកដាក់ចំពោះសង្រ្គាមអ៊ុយក្រែន ដែលស្ថិតនៅឆ្ងាយពីតំបន់របស់ពួកគេខ្លាំងម្ល៉េះ រហូតដល់ហ៊ានប្រឆាំងនឹង មហាអំណាចក្បែររបងផ្ទះរបស់ខ្លួនឯងដូចជារុស្ស៉ីទៅវិញ? បើតាមលោក Hal Brands ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់ខាងគោលនយោបាយការបរទេសអាមេរិក និងយុទ្ធសាស្ត្រយោធា មកពីវិទ្យាស្ថាន American Enterprise Institute មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន វាមានហេតុផល ៣យ៉ាងដែលសង្រ្គាមរបស់លោក ពូទីន បានទាញចំណាប់អារម្មណ៍របស់សម្ព័ន្ធមិត្តអាមេរិកទាំង៣នេះ៖

ទី១៖ សង្រ្គាមនៅអ៊ុយក្រែន គឺជាការធ្វើតេស្ដមួយថាតើអាវុធនុយក្លេអ៊ែរ អាចត្រូវបានប្រើដើម្បីបើកការឈ្លានពានធម្មតាបានដែរ ឬក៏យ៉ាងណា? រុស្ស៉ីបាន និងកំពុង ប្រើប្រាស់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន រារាំងកុំឱ្យលោកខាងលិចធ្វើអន្តរាគមន៍យោធាដោយផ្ទាល់ចូលជួយអ៊ុយក្រែន ខណៈកំពុងបំផ្លិចបំផ្លាញ និងប្លន់យកទឹកដីរបស់ អ៊ុយក្រែន។ ប្រសិនបើការធ្វើបែបនេះទទួលបានជោគជ័យ នោះវានឹងកាន់តែបង្កភាពភ័យខ្លាចដល់កូរ៉េខាងត្បូង ជប៉ុន និងតៃវ៉ាន់ ដែលសុទ្ធសឹងតែកំពុងប្រឈមមុខនឹង គូប្រជែងមានអាវុធនុយក្លេអ៊ែរក្នុងដៃ។

ទី២៖ ប្រវត្តិសាស្ត្របានបង្ហាញហើយថាសន្តិភាពនឹងមិនអាចស្ថិតនៅគង់វង្សយូរអង្វែង ក្នុងតំបន់អឺរ៉ុប និងអាស៊ីបានឡើយ ប្រសិនបើផ្នែកសំខាន់ណាមួយនៃតំបន់នេះ ដួលរលំ។ ជាឧទាហរណ៍ នៅអំឡុងសង្រ្គាមលោកលើកទី២ ការឈ្លានពានរបស់ហ៊ីត្លែរ ក្នុងតំបន់អឺរ៉ុប បានជំរុញឱ្យជប៉ុនបង្កើនការឈ្លានពានរបស់ខ្លួនក្នុងតំបន់អាស៊ី ហើយក្នុងឆ្នាំ១៩៥០ សហរដ្ឋអាមេរិកបានធ្វើអន្តរាគមន៍យោធានៅក្នុងតំបន់ឧបទ្វីបកូរ៉េ ដើម្បីបំបាក់ស្មារតីសហភាពសូវៀត ពីការធ្វើតេស្ដភាពផុយស្រួយនៃលោកសេរី ក្នុងតំបន់អឺរ៉ុបខាងលិច។ សព្វថ្ងៃ ជ័យជម្នះណាមួយរបស់រុស្ស៉ីនៅអ៊ុយក្រែន នឹងបង្កភាពស្មុគស្មាញដល់សណ្ដាប់ធ្នាប់ពិភពលោកដឹកនាំដោយសហរដ្ឋអាមេរិក រាប់សិប ឆ្នាំមកនេះ ដោយវានឹងបញ្ជូនសារថាឥទ្ធិពលនៃប្លុកមួយដឹកនាំដោយចិន និងរុស្ស៉ីដែលអាមេរិកហៅថាប្លុកផ្ដាច់ការ នឹងកើនឡើង ខណៈប្លុកលោកខាងលិចរបស់អាមេរិក នឹងឈានទៅរកការដួលរលំ។ បើរឿងបែបនេះកើតឡើងពិតមែន នោះវានឹងបង្កើតបរិយាកាសអសន្តិសុខក្នុងតំបន់អឺរ៉ុប បង្វែរចំណាប់អារម្មណ៍ ក៏ដូចជាស្រូបយកធនធាន របស់សហរដ្ឋអាមេរិក ក្នុងរយៈពេលច្រើនឆ្នាំ ឬក៏អាចរាប់ទសវត្សរ៍ក៏ថាបាន។

ការវិវត្តទៅរកស្ថានការណ៍បែបនេះ មិនមែនជារឿងល្អសម្រាប់តំបន់អាស៊ីនោះទេ ហើយមេដឹកនាំក្នុងតំបន់ក៏បានដឹងពីរឿងនេះដែរ ដូចដែលនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៉ីដា បានកត់សម្គាល់កាលពីឆ្នាំ២០២២ ថា «អ៊ុយក្រែនថ្ងៃនេះ អាចនឹងក្លាយជាអាស៊ីខាងកើតនៅថ្ងៃស្អែក»។

ចំណែក មូលហេតុទី៣៖ នោះគឺយុទ្ធសាស្ត្ររារាំងកុំឱ្យសង្រ្គាមផ្ទុះឡើង វាអាស្រ័យទៅលើថាតើអ្នកដែលចង់បើកការឈ្លានពាន នឹងធ្វើការគណនាបែបណាចំពោះឆន្ទៈនៃ គូសត្រូវរបស់ខ្លួន ហើយថាពួកគេនឹងគិតយ៉ាងណាដែរចំពោះសហគមន៍អន្តរជាតិ ថាតើនឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើសកម្មភាពឈ្លានពានគ្រប់ទម្រង់ដែរឬក៏យ៉ាងណា? នៅត្រង់ចំណុចនេះ សង្រ្គាមនៅអ៊ុយក្រែនគឺជាគំរូមួយសម្រាប់បណ្ដាប្រទេសដទៃ ក្នុងការដកស្រង់បទពិសោធន៍សម្រាប់ការចាត់វិធានការឆ្លើយតប។

ដូច្នេះហើយទើប ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ កំពុងយកចិត្តទុកដាក់តាមដានស្ថានការណ៍សង្រ្គាមនៅអ៊ុយក្រែន ដោយរង់ចាំមើលថាតើនរណាអាចទ្រាំបានយូរជាង នរណា ហើយថាតើនរណាអាចនឹងផ្ដួលនរណា? ពីព្រោះពួកគេដឹងយ៉ាងច្បាស់ថា «ចិន និងកូរ៉េខាងជើង» ក៏កំពុងតាមមើលដូចគ្នាដែរ៕ Fresh News

អត្ថបទទាក់ទង