Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​អគារទីស្តីការក្រសួងមហាផ្ទៃ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័ររូបថត ព័ត៌មានជាតិ 217
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​អគារទីស្តីការក្រសួងមហាផ្ទៃ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​អគារទីស្តីការក្រសួងមហាផ្ទៃ

នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវ​នឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការ​ក្រសួង​​មហាផ្ទៃ។

អគារស្ថាប័នរដ្ឋដ៏ធំស្កឹមស្កៃរបស់ក្រសួងមហាផ្ទៃ បានផ្តេីមចេញពីគំនិតផ្តួចផ្តើម​របស់​សម្តេចក្រឡាហោម ស ខេង កាលសម្តេច​នៅជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការឯកភាពគាំទ្រ​ពីសម្តេចតេជោ ហ៊ុន សែន កាលនៅជានាយករដ្ឋមន្ត្រីកម្ពុជា។ អគារនេះ បានបញ្ចុះបឋមសិលាបើកការដ្ឋានសាង​សង់នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានផ្ទៃដីសរុបទំហំ ៥.៧ហិកតា ដែលសំណង់អគារមានទំហំ ១៥៣ម៉ែត្រ គុណ ៨៣ម៉ែត្រ មានកម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត (អាចចតរថយន្តក្នុងអគារបានសរុប ចំនួន៣៣០គ្រឿង)។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា មន្ត្រីរាជការ និងប្រជាពលរដ្ឋ ពិតជារីករាយណាស់ជាមួយសមិទ្ធផលអគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ។ សម្តេចធិបតីបានវាយតម្លៃ និងកោតសរសើរខ្ពស់ចំពោះការគិតគូរ និងការសាងសង់អគារដ៏ប្រណិតរបស់រដ្ឋមួយនេះ។ សម្តេចធិបតី បានថ្លែងថា អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ គឺជាមរតកមិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាលនីតិកាលចាស់ ដែលផ្តួចផ្តើមសាងសង់ដោយសម្តេចក្រឡាហោម ស ខេង និងការគាំទ្ររបស់សម្តេចតេជោ​ ហ៊ុន សែន។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានក្តីរំពឹងថា មន្ត្រីរាជការក្រសួងមហាផ្ទៃ នឹងដឹងគុណចំពោះគុណូបការៈដ៏ធំធេងរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនីតិកាលចាស់តាំងចិត្តបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ សម្តេចធិបតីបានថ្លែងកោតសរសើរមន្ត្រីក្រសួងមហាផ្ទៃ ដែលបានប្រឹងប្រែងអនុវត្តន៍កិច្ចការទាំងឡាយ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ហើយក៏បានក្រើនរំលឹកដល់មន្ត្រីរាជការក្រសួងមហាផ្ទៃថា សម្តេចមានក្តីរំពឹងខ្ពស់ចំពោះមន្ត្រីក្រសួងមហាផ្ទៃក្នុងការបំពេញរាល់កិច្ចការជាគោលនយោបាយរបស់រាជរដ្ឋាភិបាល។សម្តេចធិបតី ហ៊ុន ម៉ាណែត មានក្តីរំពឹងថា ក្រោមការដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា អាចឆ្លើយតបបានទៅនឹងក្តីរំពឹងខាងលើនេះ។

នៅព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានក្រើនរំលឹកមន្ត្រីក្រសួងមហាផ្ទៃឱ្យមានការពង្រឹងបន្ថែមទៀត នូវគោលនយោបាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព  ជាមួយគ្នានោះ គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ត្រូវប្រឹងប្រែងសម្រួចមុខព្រួញ ហើយត្រូវប្រឹងប្រែងអនុវត្តន៍ឱ្យកាន់តែប្រសិទ្ធភាព ជាបន្តទៀត។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើដល់គ្រប់មន្ត្រី និងអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងសមត្ថភាព និងតួនាទីរបស់ខ្លួន កែសម្រួលនីតិវិធីផ្ដល់សេវាកាន់តែប្រសើរជូនពលរដ្ឋ, ពង្រឹងត្រួតពិនិត្យតាមដានលើការអនុវត្តគម្រោងសេវាសង្គម និងគម្រោងអភិវឌ្ឍន៍នានា។ សម្តេចធិបតីថ្លែងថា ការពង្រឹងមន្រ្តី និងសមត្ថភាពដល់ថ្នាក់ក្រោមជាតិ គឺជាកត្តាចាំបាច់បំផុត ខណៈរដ្ឋបាលថ្នាក់ក្រោមជាតិនេះហើយដែលជាអ្នកបម្រើសេវាសាធារណៈដល់ពលរដ្ឋជាប្រចាំ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើប្រើប្រាស់ថវិការដ្ឋឱ្យចំគោលដៅ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និង បម្រើសេវាប្រចាំថ្ងៃជូនពលរដ្ឋ ព្រមទាំងសេដ្ឋកិច្ចក្នុងតំបន់។ សម្ដេចបានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត កុំយកថវិកាទៅអភិវឌ្ឍសួនច្បារឱ្យធំជាងគេ ប៉ុន្ដែបែរជាមិនទៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានល្អជូនប្រជាពលរដ្ឋធ្វើដំណើរ។ ដូច្នេះរដ្ឋបាលរាជធានី ខេត្តត្រូវម្ចាស់ការលើការអនុវត្តការងារនេះឱ្យបានល្អ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានលើកឡើងថា បញ្ហាដែលកើតឡើងនៅលើទឹកដីរបស់ខ្លួនគប្បីដោះស្រាយជូនពួកគាត់ឲ្យបានត្រឹមត្រូវ និង​ទាន់​ពេល​វេលា កុំចាំបាច់ឲ្យពួកគាត់នាំគ្នាមកឈរកាន់រូបថតដល់ក្រុងតាខ្មៅ ដែល​ករណី​នេះ​គឺ​បាន​កើត​ឡើង​ម្តងហើយម្តងទៀត ជាពិសេសគឺបញ្ហាដីធ្លីតែម្តង។​ សម្តេចធិបតី បានសង្កត់ធ្ងន់បន្ថែមទៀតថា «ត្រូវក្ដាប់ឱ្យជាប់នូវបញ្ហាប្រឈម ក្ដីកង្វល់​នានា​របស់​ពលរដ្ឋ ហើយខិតខំដោះស្រាយជូនពលរដ្ឋ ប្រកបដោយភាពម្ចាស់ការ ដោយ​កុំចាំ​តែមា​ន​បទ​បញ្ជា​ពីនាយករដ្ឋមន្ត្រី ឬរដ្ឋបាលថ្នាក់ជាតិ»។

សម្តេចធិបតី​នាយករដ្ឋមន្រ្តី ក៏បានជំរុញដល់អាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ បន្ថែម​ទៀត ក្នុងការរធ្វើប្រតិភូកម្មរវាងវិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែ​ប្រសិទ្ធភាព​សំដៅ​បង្កើន​សិទ្ធិ​អំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការដោះស្រាយបញ្ហានៅមូលដ្ឋាន ដើម្បីជំរុញ និង​លើកកម្ពស់ ប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ហើយ​ត្រូវ​ពង្រឹង​សមត្ថភាព​មន្រ្តីវាល្អជាជាងការពង្រីក។

ជាមួយនឹងការប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីស្តីកាថ្មីក្រសួងមហាផ្ទៃនៅថ្ងៃនេះ សម្ដេចធិបតី ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សរិយយស ជូនដល់មន្ត្រី នៃក្រសួងសមហាផ្ទៃ និងបណ្ដាសប្បុរសជនមួយចំនួនផងដែរដែលមានស្នាដៃល្អ និងដែលបានចូលរួមចំណែកក្នុងការកសាងអគារទីស្ដីការថ្មីក្រសួងមហាផ្ទៃ៕

អត្ថបទទាក់ទង