Grand News Asia Close

នាយករដ្ឋមន្ត្រី៖ ថៃ​គ្រប់គ្រងទឹកដីកម្ពុជាខ្លះមែន ប៉ុន្តែ​កម្ពុជា​មិន​បាន​បាត់​ដី​ដូច​ការ​រិះគន់

ដោយ៖ Morm Sokun ​​ | ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ព័ត៌មានជាតិ 1089
នាយករដ្ឋមន្ត្រី៖ ថៃ​គ្រប់គ្រងទឹកដីកម្ពុជាខ្លះមែន ប៉ុន្តែ​កម្ពុជា​មិន​បាន​បាត់​ដី​ដូច​ការ​រិះគន់ នាយករដ្ឋមន្ត្រី៖ ថៃ​គ្រប់គ្រងទឹកដីកម្ពុជាខ្លះមែន ប៉ុន្តែ​កម្ពុជា​មិន​បាន​បាត់​ដី​ដូច​ការ​រិះគន់

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ បញ្ជាក់​ជា​ថ្មីថា​ព្រំដែន​កម្ពុជា​គឺ​ផ្អែក​លើ​បង្គោល​ព្រំដែន​តាំង​ពី​ឆ្នាំ​១៩០៧ មិន​មែន​បង្គោលព្រំដែន​ដែល​ថៃ​កំណត់​នោះ​ទេ ហើយ​លោក​បញ្ជាក់​ថា ទឹកដីកម្ពុជា​មិនបាន​បាត់បង់​តាម​រយៈ​កិច្ច​ព្រម​ព្រៀង ២៧ ធ្នូ​នោះទេ។

នៅ​ក្នុង​ពិធី​សម្ពោធ​​មន្ទីរពេទ្យ ហ្លួង ម៉ែ នៅ​ព្រឹកថ្ងៃទី១៦ ខែសីហានេះ លោក​​បាន​​លើក​ឡើង​ជា​ឧទាហរណ៍​ថា បង្គោល​លេខ ៥៨ និង ៥៩ ត្រូវ​បាន​រំកិល​ចូល​មក​ក្នុង​ទឹកដី​ខ្មែរ​ប្រមាណ ១គីឡូម៉ែត្រ ហើយ​ភាគី​ការងារខណ្ឌសីម៉ា​បាន​ឯកភាពគ្នា​យក​ទៅដាក់​ទីតាំង​ដើម​វិញ។

លោក​ថ្លែង​ថា៖ «អត់មាន​ស៊ីញ៉េដី​ឲ្យ​អ្នក​ណា​ទេ។ យើង​មាន​អស់​ហើយ កិច្ច​ព្រម​ព្រៀង​ទីក្រុង​គូឡាឡាំពួរ (KL accord) សូម្បីតែ​កិច្ច​ព្រមព្រៀង​ឈប់បាញ់​ ២៧ ធ្នូ ក៏មិន​បាន​ចែង​ថា​មាន​ការ​កាត់​ដី​ឲ្យ​អ្នក​នោះ​ទេ។ សូម​មើល​ឲ្យ​ច្បាស់។ ចំណុច​ទី២ ចែង​ថា វាយ​នៅ​កន្លែង​ណា​ឈប់​នៅ​កន្លែង​ហ្នឹង​សិនទៅ ហាម​រំកិលចុះឡើង ព្រោះ​អាច​នាំ​ឲ្យ​មាន​ការ​វាយ​គ្នា​មិន​ចេះ​ចប់»។

លោក​បន្ត​ថា៖ «ក្រោយ​មក នៅពេលថៃ​រាយបន្លាលួស យើង​តវ៉ា​ថា​អ្នក​ឯង​រំលោភ​បទ​ឈប់បាញ់។ នៅ​ក្នុងកិច្ច​ព្រមព្រៀង ចំណុច​ទី៣​បាន​និយាយ​ច្បាស់​លាស់ បើ​គ្មាន​ចំណុច​នេះ ក៏យើង​មិន​ស៊ីញ៉េដែរ​ នៅ​ថ្ងៃ ២៧ ធ្នូ។ ចំណុច​ទី៣ បញ្ជាក់​ច្បាស់​ថា ខ្សែព្រំដែន​មិន​មែន​កំណត់​ដោយ​កិច្ច​ព្រមព្រៀង​នេះទេ។ ខ្សែព្រំដែន​គឺ​កំណត់​ដោយ​ JBC ដែល​ត្រូវ​ចុះ​វាស់វែង​តាម​កិច្ច​ព្រមព្រៀង​ដែល​មាន​ស្រាប់»។

ការ​ថ្លែង​របស់​លោក ហ៊ុន ម៉ាណែត សំដៅ​លើ​អ្នក​រិះគន់​ដែល​ថា រដ្ឋាភិបាល​ធ្វើ​ឲ្យ​បាត់​ដី​ទៅ​ថៃ។

លោក​បញ្ជាក់​ដែរ​ថា កិច្ច​ព្រមព្រៀង​ថ្ងៃទី២៧ ធ្នូ គឺដើម្បី​បញ្ឈប់ការ​ប្រយុទ្ធគ្នា ដើម្បី​បញ្ចៀស​ការ​បាត់​បង់​អាយុ​ជីវិត​ទាំង​កងទ័ព​និងជន​ស៊ីវិល។

លោក​ទទួល​ស្គាល់​ថា ថៃ​កំពុង​គ្រប់​គ្រង​ទឹកដី​កម្ពុជា​ជា​ច្រើន​ទីតាំង ហើយ​លោកស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ទុកចិត្ត​លើ​​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ព្រំដែន​ដោយ​សន្តិវិធី ដោយ​មិន​ប្រើ​កម្លាំង។

លោក​ថ្លែង​ថា៖ «យើង​ត្រូវ​ដោះស្រាយ[ដោយសន្តិវិធី] ជាជាង​ការ​បន្ត​វាយគ្នា​យក​ចាញ់​ឈ្នះ ពីព្រោះ​វា​អត់​មាន​ចាញ់​មាន​ឈ្នះ​ទេ គឺ​វាយ​ទៅ​វាយ​មក។ ដូច​ខ្ញុំ​បាន​លើក​ឡើង​ថា មិន​ថា​នៅ​មជ្ឈិមបូព៌ា ឬ​នៅអឺរ៉ុបទេ វាយ​ទៅវាយ​មក​អត់ចប់ ចុងក្រោយ​អស់​តែ​មនុស្ស ហើយ​ចុង​ក្រោយ​មក​ចរចាជាមួយគ្នា​ដដែល។ ដូច្នេះ យើង​ត្រូវ​រក​វិធី​ចរចា​ឲ្យ​អស់​លទ្ធភាព»៕

អត្ថបទទាក់ទង