Grand News Asia Close

កម្ពុជា​បដិសេធ​ការ​អះអាង​របស់ថៃ​អំពី​ការ​ចាប់​ខ្លួន

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 1015
កម្ពុជា​បដិសេធ​ការ​អះអាង​របស់ថៃ​អំពី​ការ​ចាប់​ខ្លួន Thai Prime Minister entered occupied area in the An Seh area, deep beyond their unilaterally produce map as marked in blue. SSBA

សេចក្តី​សង្ខេប​៖ មន្ត្រី​កម្ពុជា​បញ្ជាក់ថា អត្ថបទ​ឯករាជ្យ​មួយ​ដែល​លើក​ឡើងថា មេ​ដឹកនាំថៃ​អាច​ប្រឈម​នឹង​ការ​ចាប់​ខ្លួន មិន​ឆ្លុះ​បញ្ចាំងពីគោល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ​។

រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​ការបក​ស្រាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃជុំ​វិញ​អត្ថបទ​ស្រាវជ្រាវ​មួយ ដែល​លើក​ឡើងថា មន្ត្រីថៃ​អាច​ប្រឈម​នឹង​ការ​ចាប់​ខ្លួន ដោយ​បញ្ជាក់ថា បទ​អត្ថាធិប្បាយ​ឯករាជ្យ​នេះ​មិន​តំណាងឱ្យគោល​នយោបាយ​របស់​រដ្ឋ​ចំពោះ​ជម្លោះ​ព្រំដែន​ឡើយ​។

ការ​បញ្ជាក់​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​បាន​ចុះ​ផ្សាយ​ដោយ​បង្ហាញថា អត្ថបទ​ដែល​ចេញ​ផ្សាយ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) គឺជា​ការ​គំរាម​ចាប់​ខ្លួន​មេ​ដឹកនាំថៃ និង​មន្ត្រី​ផ្សេង​ទៀត ជុំ​វិញ​វត្ត​មាន​របស់​ពួកគេ​នៅ​តំបន់​ព្រំ​ដែន​ដែល​មាន​ជម្លោះ​។

មន្ត្រី​បាន​ប្រាប់​កាសែត​ខ្មែរថាមស៍ថា ទស្សនៈ​ដែល​បាន​បង្ហាញ​នៅ​ក្នុង​អត្ថបទ គឺជា​ទស្សនៈ​របស់​អ្នក​និពន្ធ ហើយ​មិន​គួរ​ត្រូវ​បានបក​ស្រាយថា ជាគោល​នយោបាយ​របស់​រដ្ឋ​នោះ​ទេ​។

មន្ត្រី​បាន​និយាយថា​៖ «ជំហរ​ផ្លូវ​ការ​របស់​យើង​នៅតែប្តេជ្ញា​ចិត្ត​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី តាមរយៈ​កិច្ច​សន្ទនា យន្ត​ការ​ទ្វេភាគី​ដែល​មាន​ស្រាប់ និង​ស្រប​តាម​ច្បាប់​អន្តរជាតិ»។

មន្ត្រី​បាន​បញ្ជាក់ថា ការបក​ស្រាយ​នេះគឺ​ចាំបាច់ ដើម្បីទប់​ស្កាត់​ការ​យល់​ច្រឡំ បន្ទាប់ពី​ក្រសួង​ការ​បរទេស និងសហ​ប្រតិបត្តិ​ការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​តវ៉ា​ចំពោះ​ដំណើរ​ទស្សន​កិច្ច​ដោយ​គ្មាន​ការ​អនុញ្ញាត​របស់​នាយក​រដ្ឋ​មន្ត្រីថៃ អនុធីន ឆាន់វិរៈគូន ទៅ​កាន់​តំបន់អាន​សេះ ក្នុង​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ដែល​កម្ពុជា​ចាត់​ទុកថា​ជា​ទឹកដី​អធិបតេយ្យ​របស់​ខ្លួន​។

មន្ត្រី​បាន​ឱ្យ​ដឹងថា កម្ពុជា​នៅតែ​ប្រកាន់​ខ្ជាប់​នូវ​ជំហរឱ្យ​ប្រទេសថៃ​គោរព​បូរណភាព​ទឹកដី​របស់​កម្ពុជា​។

អត្ថបទ​របស់ DC-Cam ដែល​មាន​ចំណង​ជើងថា «អធិបតេយ្យ​ភាព និង​ការអត់​ធ្មត់​៖ ជំហរ​ផ្នែក​ច្បាប់​ចំពោះ​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ទឹកដី​មាន​ជម្លោះ» ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក ឆាំង យុ នាយក​របស់​មជ្ឈមណ្ឌល​នេះ​។

លោក ឆាំង យុ បាន​សរសេរថា មន្ត្រីថៃ​ដែល​ចូល​ទៅ​កាន់​ទឹកដី​ដែល​ទីក្រុង​ភ្នំពេញ​ចាត់​ទុកថា​ជា​ទឹកដី​អធិបតេយ្យ​របស់​ខ្លួន អាច​ត្រូវ​បាន​ចាប់​ខ្លួន និង​កាត់​ទោស​តាម​ច្បាប់​ជាតិ​។ លោក​បាន​បន្ថែមថា បុគ្គល​ដែល​កាន់​អាវុធ​អាច​ប្រឈម​នឹង​ការ​ប្រើ​កម្លាំង​ស្រប​តាមបទប្បញ្ញត្តិ​ដែល​អាច​អនុវត្ត​បាន​។

លោក ឆាំង យុ បាន​លើក​ឡើងថា​៖ «មន្ត្រីថៃណា​ក៏ដោយ​ដែល​ចូល​ទៅ​កាន់​ទឹកដី​អធិបតេយ្យ អាច​ត្រូវ​បាន​ចាប់​ខ្លួន និង​កាត់​ទោស​ដោយ​ស្រប​ច្បាប់ តាម​ច្បាប់​ជាតិ ពីបទ​រំលោភ​ច្បាប់​ទាំង​នោះ​។ បុគ្គល​ដែល​កាន់​អាវុធ​ក៏​អាច​ប្រឈម​នឹង​ការ​ប្រើ​កម្លាំងដ៍​ធ្ងន់ធ្ងរ ស្រប​តាមបទប្បញ្ញត្តិ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​កម្លាំង»។

លោក​បាន​និយាយថា នាយក​រដ្ឋ​មន្ត្រីថៃ​ត្រូវ​បានអម​ដំណើរ​ដោយកង​កម្លាំង​យោធា ដែល​កំពុង​កាន់​កាប់​តំបន់​នោះ​ដោយ​ខុស​ច្បាប់​។

លោក ឆាំង យុ បាន​បន្ថែមថា​៖ «ការអត់​ធ្មត់​យ៉ាង​ខ្លាំង​នៅតែ​ត្រូវ​បាន​អនុវត្ត ដោយ​យើង​ដឹងថា ការទូត​គឺជា​មធ្យោបាយ​ដែល​មាន​ការ​ចំណាយ​ទាប​បំផុត ទោះបី​ជាវា​ជា​មធ្យោបាយ​ដែល​មាន​ប្រសិទ្ធភាព​តិច​បំផុត ក្នុង​ការ​ដោះ​ស្រាយ​ស្ថាន​ការណ៍​ដោយ​សន្តិ​វិធី​ក៏ដោយ»។

មន្ត្រី​បាន​សង្កត់​ធ្ងន់ថា DC-Cam គឺជា​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ឯករាជ្យ ហើយ​ការ​បោះពុម្ព​ផ្សាយ​របស់​ខ្លួន​មិនមែន​ជាគោល​នយោបាយ​ផ្លូវ​ការ​របស់​រដ្ឋ​ឡើយ​។

បញ្ហា​នេះ​បាន​ទាក់ទាញ​ការ​ឆ្លើយតបពី​លោក អនុធីន ដែល​ត្រូវ​បាន​រាយ​ការណ៍ថា បាន​ច្រានចោល​ព័ត៌មាន​ដែល​លើក​ឡើងថា អាជ្ញាធរ​អាច​ស្វែងរក​ការ​ចាប់​ខ្លួន​លោកជុំ​វិញ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​។

លោក អនុធីន បាន​និយាយថា​៖ «ពិត​មែនឬ? តើ​ខ្ញុំ​គួរ​និយាយ​អ្វី?» ដោយ​បាន​បន្ថែមថា លោក​បាន​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់ថៃ និង​សេចក្តី​ប្រកាស​រួម​ដែល​មេ​ដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​។

លោក អនុធីន បាន​និយាយថា ភាគី​ទាំង​ពីរ​គួរតែ​ប្រកាន់​ខ្ជាប់​នូវ​សេចក្តី​ប្រកាស​រួម ដែល​អំពាវនាវឱ្យ​ភាគី​ទាំង​ពីរ​រក្សា​ស្ថានភាព និង​ទីតាំង​បច្ចុប្បន្ន​របស់​ខ្លួន​។

រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត ភក្ត្រា បាន​ការពារ​ជំហរ​តវ៉ា​របស់​កម្ពុជា ដោយ​លើក​ឡើងថា បញ្ហា​នេះ​គួរតែ​ត្រូវ​បាន​វាយ​តម្លៃ​តាមរយៈ​ផែនទី សន្ធិ​សញ្ញា និង​យន្ត​ការ​ដែល​ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា ជាជាង​ការ​ប្រើ​វោហារ​សាស្ត្រ​នយោបាយ ឬ​វត្ត​មាន​រូប​វន្ត​។

លោក ភក្ត្រា បាន​ថ្លែងថា ការ​តវ៉ា​នេះ​គឺជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋ​អធិបតេយ្យ​មួយ ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន​។
លោក​បាន​បញ្ជាក់ថា​៖ «បញ្ហា​ស្នូល​ដែល​មិន​គួរ​ត្រូវ​បាន​បង្វែរ​ចេញពី​ការ​ពិភាក្សា គឺ​មាន​ភាព​ច្បាស់​លាស់​៖ តើ​តំបន់អាន​សេះ​ស្ថិត​នៅ​ទីណា?»។

ដោយយោង​តាម​លេខាធិ​ការដ្ឋាន​កិច្ច​ការ​ព្រំដែន លោក ភក្ត្រា បាន​ថ្លែងថា អាន​សេះ​ស្ថិត​នៅ​ក្នុង​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ​។ លោក​បានកត់សម្គាល់ថា ផែនទី​ខ្នាត ១:២០០,០០០ ដែល​ផលិត​ឡើងពី​ការ​កំណត់​ព្រំដែន​ឥណ្ឌូចិន-សៀម ក្រោម​អនុ​សញ្ញា និង​សន្ធិ​សញ្ញា​បារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ បាន​កំណត់​តំបន់​នេះ​ស្ថិត​នៅ​ក្នុង​ទឹកដី​អធិបតេយ្យ​របស់​កម្ពុជា​។

លោក​បាន​បន្ថែមថា សូម្បីតែ​ផែនទី​ស៊េរី L7017 ដែលថៃគូស​ដោយ​ឯកតោ​ភាគី និង​មិន​ត្រូវ​បាន​ទទួល​ស្គាល់ថា​ជា​មូលដ្ឋាន​ច្បាប់​សម្រាប់​ការ​កំណត់​ព្រំដែន ក៏​បង្ហាញ​តំបន់អាន​សេះ​នៅ​ក្នុង​ខ្សែ​ព្រំដែន​ខាង​កម្ពុជា​ផងដែរ​។

លោក ភក្ត្រា បាន​បន្តថា​៖ «ពាក្យ​សម្តី​មិន​អាច​បង្កើត​ព្រំដែន​បានទេ ហើយ​កម្លាំង​ក៏​មិន​អាច​បង្កើត​ព្រំដែន​បាន​ដែរ​។ ការ​អះអាង​ដោយ​ឯកតោ​ភាគី​មិន​អាច​បង្កើត​អធិបតេយ្យ​ភាព​បានទេ ហើយ​ការ​កាន់​កាប់​ដោយ​កម្លាំង​ក៏​មិន​អាច​បង្កើត​អធិបតេយ្យ​ភាព​បាន​ដែរ»។

លោក​បាន​បន្ថែមថា វត្ត​មាន​រូប​វន្ត និង​ការ​ដំឡើង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា រួម​មាន​ទូកុងតឺន័រ លួស​បន្លា ផ្លូវ ការ​ដាក់​ពង្រាយ​កងទ័ព និង​ទង់ជាតិ មិន​អាច​ជំនួសឱ្យ​ការ​កំណត់​ព្រំ​ដែន​ដោយ​ស្រប​ច្បាប់​បាន​ឡើយ​។

លោក​បាន​លើក​ឡើងថា​៖ «ទូកុងតឺន័រ​មិនមែន​ជា​បង្គោល​ព្រំដែន​ទេ​។ លួស​បន្លា​មិនមែន​ជា​ខ្សែ​ព្រំដែន​អន្តរជាតិ​ទេ​។ ទង់ជាតិ​របស់​ប្រទេស​មួយ​មិន​អាច​ផ្ទេរ​អធិបតេយ្យ​ភាព​ពីរដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ​ទៀត​បានទេ»។

លោក ភក្ត្រា បាន​បន្ថែមថា ដំណើរ​ទស្សន​កិច្ច​របស់​មន្ត្រី​ជាន់​ខ្ពស់ថៃ​មិន​អាច​បង្កើត ឬ​ពង្រឹង​ការ​អះអាង​អធិបតេយ្យ​ភាពលើ​តំបន់អាន​សេះ​បាន​ឡើយ​។

លោក​បាន​ឱ្យ​ដឹងថា​៖ «ជា​ពិសេស ដំណើរ​ទស្សន​កិច្ច​របស់​នាយក​រដ្ឋ​មន្ត្រី អនុធីន ឆាន់វិរៈគូន មិន​អាច​ត្រូវ​បានយកមក​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​បង្កើត ឬ​ពង្រឹង​ការ​អះអាង​អធិបតេយ្យ​ភាព​របស់ថៃលើ​តំបន់អាន​សេះ​បាន​ឡើយ»។

លោក​បាន​សង្កត់​ធ្ងន់ថា ការ​អនុវត្ត​សិទ្ធិ​អធិបតេយ្យ​នៅ​ក្នុង​ទឹកដី​ជាតិ មិន​គួរ​ត្រូវ​បាន​ចាត់​ទុកថា​ជា​ការ​គំរាម​ប្រើ​កម្លាំង​យោធា​នោះ​ទេ​។

លោក​បាន​ថ្លែងថា​៖ «ការ​អនុវត្ត​ច្បាប់ និង​ការ​គំរាម​កំហែង ឬ​ការ​ប្រើ​កម្លាំង គឺជា​បញ្ហា​ពីរ​ដាច់​ដោយឡែកពី​គ្នា ទាំង​តាម​ផ្លូវ​ច្បាប់ និង​ការទូត»។

លោក ភក្ត្រា បាន​អំពាវនាវឱ្យ​ភាគី​ទាំង​ពីរជៀសវាង​សកម្មភាព​បង្កហេតុ និង​ការ​ផ្លាស់​ប្តូរ​ស្ថាន​ភាព​បច្ចុប្បន្ន (status quo) ដែល​អាចប៉ះ​ពាល់​ដល់​ដំណើរ​ការ​កំណត់​ព្រំដែន​។ លោកថា បញ្ហា​ព្រំ​ដែន​ដែល​នៅសេសសល់​គួរតែវិលត្រឡប់​ទៅរក​ការងារ​បច្ចេកទេស តាមរយៈ​គណៈកម្មការ​ព្រំដែន​ចម្រុះ (JBC)។

លោក​បានយោង​ទៅ​ចំណុចទី៣ នៃ​សេចក្តី​ប្រកាស​រួម ចុះ​ថ្ងៃទី២៧ ខែ​ធ្នូ ឆ្នាំ២០២៥ ដែល​ចែងថា ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀងថា រាល់​ការ​រៀបចំ​ដែល​មានចែង​ក្នុង​សេចក្តី​ប្រកាស​នេះ មិនប៉ះ​ពាល់​ដល់​ការ​ខ័ណ្ឌ​សីមា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ឡើយ​។

លោក ភក្ត្រា បាន​ថ្លែងថា បទប្បញ្ញត្តិ​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់ថា ការ​កំណត់​ព្រំដែន​គួរតែ​បន្ត​តាមរយៈ​យន្ត​ការ​ដែល​បាន​ព្រម​ព្រៀង​គ្នា​ទៅវិញ​ទៅមក ហើយ​ភាគី​ណាមួយ​មិន​គួរ​បង្កើត​ស្ថានភាព​ជាក់​ស្តែង​ថ្មី​នៅលើដី រួចយក​ស្ថានភាព​នោះ​ទៅ​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​កំណត់​ព្រំដែន​នៅពេល​ក្រោយ​ឡើយ​។

រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ ឧត្តម​សេនីយ៍ ទៀ សីហា បាន​ប្រាប់​មន្ត្រី​អង្គ​ការសហ​ប្រជា​ជាតិ និង​អនុ​ព័ន្ធ​យោធា​បរទេស​កាលពី​ថ្ងៃពុធថា កម្ពុជា​គ្មាន​បំណង​បង្ក​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាងណា​មួយ​ឡើយ ហើយក៏​គ្មាន​បំណង​ចង់​ធ្វើសង្គ្រាម​ដែរ​។

ឧត្តម​សេនីយ៍ ទៀ សីហា បាន​ថ្លែងថា​៖ «យើង​បាន​រស់នៅ​ក្នុង​សន្តិ​ភាព​អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​នៅ​ឆ្នាំ២០២៥ យើង​បាន​ប្រឈម​មុខ​នឹង​ការប៉ះ​ទង្គិច​ជាមួយ​ប្រទេសថៃ​។ នេះ​បង្ហាញ​ពី​ភាពផុយ​ស្រួយ​នៃ​ព្រំដែន​របស់​យើង នៅពេល​ប្រទេស​ជិត​ខាង​របស់​យើង​ប្រឈម​នឹង​បញ្ហា​នយោបាយ​។ សង្គ្រាម​មិន​អាច​ឆ្លុះ​បញ្ចាំងពី​វឌ្ឍន​ភាព​របស់​ប្រទេស​ណាមួយ​បានទេ​។ យើង​ធ្លាប់​ឆ្លង​កាត់​ភ្លើង​សង្គ្រាម​ដ៏ជូរចត់ ហើយ​យើង​មិន​ចង់​បាន​សង្គ្រាម​ទេ​។ យើង​ចង់​បានតែ​សន្តិភាព​។ យើង​ចង់​បាន​ការ​អភិវឌ្ឍ»។

ឧត្តម​សេនីយ៍ ទៀ សីហា បាន​លើក​ឡើងថា បទ​ពិសោធន៍​នៃ​សង្គ្រាម​ស៊ីវិលអូស​បន្លាយ​ជា​យូរ​ឆ្នាំ បាន​ផ្តល់​ឱ្យ​មេ​ដឹកនាំ​ជាតិ​នូវ​ការ​យល់​ដឹង​យ៉ាង​ច្បាស់​អំពីផល​វិបាក​នៃ​ជម្លោះ​។ លោក​បាន​បន្ថែមថា បន្ទាប់ពី​សម្រេច​បាន​សន្តិភាព ការប្តេជ្ញា​ចិត្ត​ចំពោះ​សន្តិ​សុខ​អន្តរជាតិ​ត្រូវ​បាន​បង្ហាញ​តាមរយៈ​ការ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គ​ការសហ​ប្រជា​ជាតិ​។

ជំហរ​ផ្លូវ​ការ​នៅតែ​រក្សាថា បញ្ហា​ព្រំដែន​គួរតែ​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី តាមរយៈ​កិច្ច​សន្ទនា យន្ត​ការ​ទ្វេភាគី​ដែល​មាន​ស្រាប់ និង​ច្បាប់​អន្តរជាតិ ដោយ​បដិសេធ​ការបក​ស្រាយ​ណាមួយ​ដែល​លើក​ឡើង​ដោយ​អង្គ​ការ​ឯករាជ្យថា​ជាគោល​នយោបាយ​របស់​រដ្ឋ​។

-Khmer Times-

អត្ថបទទាក់ទង