ក្រសួងការពារជាតិកម្ពុជាបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់របស់ថៃ និងទាមទារឱ្យអនុវត្តកិច្ចព្រមព្រៀងព្រំដែនដោយសន្តិវិធី
ក្រសួងការពារជាតិកម្ពុជាបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់របស់ថៃ និងទាមទារឱ្យអនុវត្តកិច្ចព្រមព្រៀងព្រំដែនដោយសន្តិវិធី
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយឧត្តមសេនីយ៍ Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលបានចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន។
កម្ពុជាសូមបញ្ជាក់សាជាថ្មីថា តាមពិតគឺភាគីថៃនោះទេដែលបានបើកការវាយប្រហារប្រដាប់អាវុធមកលើកម្ពុជាមុន។ ដូច្នេះ ភាគីថៃដែលជាអ្នកវាយប្រហារមកលើកម្ពុជាមុន មិនអាចមកដើរតួជាជនរងគ្រោះ ព្រមទាំងយកលេសការពារខ្លួនមកធ្វើជាមូលហេតុ ដើម្បីបង្ហាញអំពីភាពស្របច្បាប់នៃសកម្មភាពយោធាខុសច្បាប់របស់ខ្លួនបានឡើយ។
ជាមួយគ្នានេះ វាមានសារៈសំខាន់ក្នុងការគូសបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃមុនពេលបើកការវាយប្រហារប្រដាប់អាវុធដោយគ្មានការញុះញង់មកលើកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃបានប្រកាសអំពីផែនការត្រៀមលក្ខណៈសង្គ្រាម «ចក្រពង្ស ភូវនាថ» (Chakrabongse Bhuvanath)។ ការដាក់ចេញនូវផែនការនេះបានបង្ហាញយ៉ាងច្បាស់ថា សកម្មភាពយោធារបស់ថៃមានការរៀបចំទុកជាមុនយ៉ាងល្អិតល្អន់ និងប្រព្រឹត្តឡើងដោយចេតនាពិតប្រាកដ ផ្ទុយពីការលើកឡើងរបស់ភាគីថៃ ដែលថាការប្រើប្រាស់កម្លាំងរបស់ខ្លួន គ្រាន់តែជាការឆ្លើយតបក្នុងលក្ខណៈការពារខ្លួនប៉ុណ្ណោះ។
ក្នុងន័យនេះ ការប៉ុនប៉ងរបស់ភាគីថៃក្នុងការលើកយកការចោទប្រកាន់អំពីការញុះញង់ ការព្រួយបារម្ភផ្នែកសន្តិសុខ និងបញ្ហាគ្រាប់មីន មកធ្វើជាមូលហេតុសម្រាប់បង្អាក់ ឬពន្យារពេលការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែន គឺមិនស្របទៅនឹងស្មារតី និងការប្តេជ្ញាចិត្តដែលមានចែងក្នុងសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នោះទេ។
ដូច្នេះ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃអនុវត្តសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព និងជាបន្ទាន់ ជាពិសេសតាមរយៈការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនរបស់គណៈកម្មការព្រំដែនចម្រុះ (JBC) ឱ្យបានឆាប់រហ័ស ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
កម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការស្វែងរកដំណោះស្រាយដោយយុត្តិធម៌ សន្តិវិធី និងស្ថិតស្ថេរជាអចិន្ត្រៃយ៍ចំពោះបញ្ហាព្រំដែន ដោយផ្អែកលើច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ។ ជាមួយគ្នានេះ កម្ពុជានឹងមិនទទួលយកការប្រើប្រាស់កម្លាំង ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (faits accomplis) ជាមធ្យោបាយសម្រាប់កំណត់ ឬផ្លាស់ប្តូរព្រំដែនរវាងប្រទេសទាំងពីរជាដាច់ខាត។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦





