Grand News Asia Close

អង់គ្លេសជំរុញកម្ពុជា-ថៃ៖ រក្សាសន្តិភាព បន្តការសន្ទនា

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ទស្សនៈ-Opinion 1025
អង់គ្លេសជំរុញកម្ពុជា-ថៃ៖ រក្សាសន្តិភាព បន្តការសន្ទនា អង់គ្លេសជំរុញកម្ពុជា-ថៃ៖ រក្សាសន្តិភាព បន្តការសន្ទនា

ការមកកាន់កម្ពុជារបស់លោកស្រី Rosie Winterton រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់​ចក្រ​ភពអង់គ្លេស នៅពេលដែលបញ្ហាព្រំដែនកម្ពុជា–ថៃកំពុងទទួលបានការចាប់អារម្មណ៍​ពីសហគមន៍​អន្តរ​ជាតិនោះ គឺជាដំណើរទស្សនកិច្ចដែលមានអត្ថន័យលើសពីការពង្រឹងទំនាក់ទំនងទ្វេភាគី។ សារដែល​លោក​ស្រីពាំនាំយកមកជាមួយនោះគឺការផ្តោតសំខាន់ទៅលើការរក្សាសន្តិភាព ការបន្តការសន្ទនា និងការ​អនុវត្ត​បទឈប់បាញ់មួយឱ្យបានពេញលេញនិងយូរអង្វែង។

អង់គ្លេសបានអំពាវនាវឱ្យកម្ពុជា-ថៃបន្តដោះស្រាយបញ្ហាតាមរយៈការសន្ទនាដោយសន្តិវិធី និងគោរពឱ្យ បានពេញលេញនូវបទឈប់បាញ់ដែលបានព្រមព្រៀងគ្នានាពេលកន្លងមក សារនេះមានសារៈសំខាន់ ណាស់នៅក្នុងពេលដែលប្រជាជននៅតាមតំបន់ព្រំដែនចង់ឃើញការបញ្ចប់ភាពតានតឹង និងអាចវិល​ត្រឡប់​ទៅរកជីវិតរស់នៅធម្មតាវិញ។

បើនិយាយពីពាក្យថា «សន្ទនា» ហាក់ដូចជារឿងធម្មតា ប៉ុន្តែក្នុងបរិបទដែលជម្លោះព្រំដែនកម្ពុជា-ថៃ​នៅតែមានភាពតានតឹងនិងផុយស្រួយ ពាក្យនេះមានន័យសំខាន់ណាស់។ នៅពេលភាគីទាំងពីរមានការប្រឈមមុខគ្នា និងធ្លាប់ប្រើប្រាស់កម្លាំង ការអំពាវនាវឱ្យត្រឡប់មករកតុចរចា គឺជាការបញ្ជាក់ថា បញ្ហាដែលស្មុគស្មាញ​បែបនេះ គួរត្រូវបានដោះស្រាយតាមការចរចា និងមធ្យោបាយសន្តិវិធី ជាជាងការប្រើកម្លាំងយោធា។

ជម្លោះព្រំដែនមិនមែនជារឿងដែលអាចត្រូវបញ្ចប់ត្រឹមការឈ្នះនៅលើសមរភូមិឬការកាន់កាប់យកបានទីតាំងរបស់ភាគីណាមួយយកមកគ្រប់គ្រងថាជារបស់ខ្លួននោះទេ ព្រោះនៅទីបញ្ចប់បញ្ហាជម្លោះព្រំដែនទាំង​នោះនៅតែ​ត្រូវត្រឡប់មករកតុចរចា និងយន្តការដែលភាគីទាំងពីរបានព្រមព្រៀងគ្នាដោយចៀសមិនរួច ដូច្នេះការរក្សាបទឈប់បាញ់ គឺមិនមែនគ្រាន់តែជាការបញ្ឈប់ស្នូរកាំភ្លើងនោះទេ ប៉ុន្តែជាការទុកពេលបើក​ផ្លូវ​ឱ្យការទូត និងការដោះស្រាយបញ្ហាអាចបន្តទៅមុខបាន។

ត្រង់ចំណុចនេះស្របទៅនឹងខ្លឹមសារនៃសេចក្តីប្រកាសរួម ដែលភាគីទាំងពីរបានឯកភាពគ្នាថា ការព្រម​ព្រៀង​​ក្រោមសេចក្តីប្រកាសនោះ មិនត្រូវប៉ះពាល់ដល់ការខ័ណ្ឌសីមា ឬព្រំដែនអន្តរជាតិរវាង​ប្រទេសទាំង​ពីរ​ឡើយ។ ដូចគ្នានេះដែរ ភាគីទាំងពីរបានប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែន (JBC) បន្តការ​ងារ​​វាស់វែង និងខ័ណ្ឌសីមាតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយផ្តល់អាទិភាពដល់តំបន់​ដែលមាន​ប្រជាជនរស់នៅ និងត្រូវបានប៉ះពាល់ពីជម្លោះ។ ការងារនេះក៏ត្រូវធានាសុវត្ថិភាពដល់ក្រុមការងារ រួម​ទាំងការការពារពីគ្រោះថ្នាក់ដោយសារមីនផងដែរ។

យោងតាមខ្លឹមសារនេះ ភាគីទាំងពីរត្រូវរក្សាបទឈប់បាញ់ និងរក្សាសន្តិភាព​នៅតាមទី​តាំង​ជាក់ស្តែង ខណៈ​ការងារខ័ណ្ឌសីមាព្រំដែនត្រូវបន្តតាមយន្តការដែលមានស្រាប់។ ការបែងចែកតួនាទី​​ច្បាស់​​រវាង​ការ​រក្សាសន្តិភាព និងការដោះស្រាយបញ្ហាព្រំដែន នឹងជួយបន្ថយភាពតានតឹង និងបង្កើត​បរិយា​កាសល្អ​សម្រាប់ការចរចា និងដោះស្រាយបញ្ហាដែលនៅសេសសល់បាន។

ការដែលលោកស្រី Winterton ចុះទៅកាន់ខេត្តឧត្តរមានជ័យ បានធ្វើឱ្យដំណើរទស្សនកិច្ចនេះ​មានអត្ថ​ន័យ​​ខុស​ពីដំណើរទស្សនកិច្ចទូទៅ ដោយលោកស្រីបានផ្តោតការយកខ្លាំងទៅលើផលប៉ះពាល់នៃជម្លោះ​លើ​ប្រជា​ពលរដ្ឋកម្ពុជា និងកុមារដែលត្រូវបានភៀសខ្លួនពីតំបន់ជម្លោះ ត្រង់ចំនុចនេះហើយដែល សន្តិ​ភាព​​​មិនមែន​ជា​ពាក្យ​ដែលប្រើសម្រាប់តែនៅក្នុងសេចក្តីថ្លែងការណ៍នោះទេ ប៉ុន្តែក៏ត្រូវប្រើជាមួយ​ប្រ​ជា​ពល​​​រដ្ឋ​​ដែល​រងផលប៉ះពាល់នៅតាមព្រំដែនអាចទទួលបានសន្តិភាពជាក់ស្តែងផងដែរ នោះមាន​ន័យ​ថា ការ​អាចវិលត្រឡប់ទៅផ្ទះសម្បែង ធ្វើស្រែ​ចម្ការ បើកការរកស៊ី និងអាចឱ្យកូនៗ​របស់​ពួកគាត់ទៅសាលា​វិញបានដោយគ្មានភាពភ័យខ្លាច។

ដូច្នេះការរក្សាបទឈប់បាញ់ និងការបន្តការសន្ទនា គឺជារឿងដែលមិនអាចមើលរំលងបាន។ ប្រសិន​បើ​ស្នូរអាវុធស្ងប់ ប៉ុន្តែភាពតានតឹងនៅតាមព្រំដែននៅតែបន្តកើនឡើង សន្តិភាពក៏នៅតែមានភាព​ផុយ​ស្រួយ។ ផ្ទុយទៅវិញ បើបទឈប់បាញ់ត្រូវបានគោរព ការងាររបស់ JBC អាចបន្តទៅមុខបាន ហើយភាគី​ទាំងពីរអាចប្រើយន្តការដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហាព្រំដែនបាន នេះជាមូលដ្ឋាន​សំខាន់​​សម្រាប់​ឈានទៅរកសន្តិភាពបានយូរអង្វែងហើយ។

ការយកចិត្តទុកដាក់របស់ចក្រភពអង់គ្លេសចំពោះបញ្ហានេះ មិនបានបញ្ចប់ត្រឹមបទឈប់បាញ់នោះទេ អង់គ្លេសកំពុងបន្តគាំទ្រការបោសសម្អាតមីន ការអប់រំ និងការស្តារសហគមន៍ដែលបានរងផល​ប៉ះពាល់​ផងដែរ។ នេះបង្ហាញថា សន្តិភាពដែលអន្តរជាតិចង់ឃើញ មិនមែនមានត្រឹមការឈប់ប្រយុទ្ធគ្នាទេ ប៉ុន្តែជាសន្តិភាពដែលប្រជាជនកម្ពុជាអាចរស់នៅបានយ៉ាងពិតប្រាកដ។

បើមើលពីដំណើរទស្សនកិច្ចរបស់លោកស្រី Rosie Winterton គួរត្រូវបានចាត់ទុកថា ជាសញ្ញាមួយទៀត​នៃការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិចំពោះស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ។ អ្វីដែលអង់​គ្លេស​​ចង់​ឃើញ គឺការរក្សាសន្តិភាព ការគោរពបទឈប់បាញ់ និងបន្តការសន្ទនា ដើម្បីកុំឱ្យភាពតានតឹង​វិលត្រឡប់ទៅរកការប្រឈមមុខគ្នាដោយកម្លាំងយោធាជាថ្មីវិញ។

សម្រាប់កម្ពុជា-ថៃ ការដោះស្រាយបញ្ហាព្រំដែនអាចត្រូវការពេលវេលា និងការអត់ធ្មត់ ព្រមទាំងការទូត និងការប្រើប្រាស់យន្តការដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ប៉ុន្តែអ្វីដែលមិនគួររង់ចាំតទៅទៀតនោះ គឺសន្តិភាព។ ការរក្សាបទឈប់បាញ់ ការការពារជនស៊ីវិលនៅតាមព្រំដែន និងការបើកផ្លូវឱ្យ JBC បន្តការងារ គឺជាអ្វីដែលភាគីទាំងពីរអាចចាប់ផ្តើមធ្វើបានចាប់ពីពេលនេះទៅ។

ទីបំផុត អ្វីដែលប្រជាពលរដ្ឋចង់បាន មិនមែនជាជម្លោះឬសង្គ្រាមដែលអូសបន្លាយទេ។ ពួកគាត់ចង់​បាន​សុវត្ថិភាព និងជីវិតធម្មតាវិញ។ ដូច្នេះ បញ្ហាដែលនៅសេសសល់គួរបន្តដោះស្រាយតាមការសន្ទនា ខណៈ​សន្តិភាព និងបទឈប់បាញ់ត្រូវរក្សាឲ្យបាន ហើយការខ័ណ្ឌសីមាព្រំដែនគោកក៏ត្រូវបន្តតាមយន្តការ​ដែលភាគី​ទាំង​ពីរបានព្រមព្រៀងគ្នា៕

ដោយ៖ ពិន វិជ័យ

អត្ថបទទាក់ទង