អាកាសយានដ្ឋានពោធិ៍ចិនតុង៖ បំពេញមុខងារជាប្រវត្តិសាស្ត្រ និងសេដ្ឋកិច្ច អស់រយៈកាល៨៥ឆ្នាំកន្លងមក
#ទស្សនៈ
អាកាសយានដ្ឋានពោធិ៍ចិនតុង គឺជានិមិត្តរូបនៃអត្តសញ្ញាណប្រទេសកម្ពុជា ដែលមានវត្តមានផ្សាភ្ជាប់រវាងសម័យមុននិងសម័យកាលទំនើប បរិស្ថាននិងប្រជាជន ភូមិឋាននិងពិភពលោក។ ក្នុងនាមជាព្រះរាជស្នាព្រះហស្តជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់នៃសម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ អាកាសយានដ្ឋានពោធិ៍ចិនតុងគឺជាផ្នែកមួយនៃផែនការកែប្រែមុខមាត់ប្រទេសជាតិនាសម័យកាលសង្គមរាស្ត្រនិយម ស្ថិតក្រោមព្រះរាជបេសកកម្មដឹកនាំដ៏ឈ្លាសវ័យនៃសម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ។ អាកាសយានដ្ឋានពោធិ៍ចិនតុងគឺជាទីតាំងដ៏ពិសេសមួយ ចំពោះព្រះរាជដំណើរជីវិតនៃសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ និងចំពោះកេរដំណែលប្រទេសជាតិថែមទៀតផង។
នយោបាយ វប្បធម៌ សេដ្ឋកិច្ច និងប្រវត្តិសាស្ត្រ សុទ្ធសឹងតែបានក្រងត្របាញ់ភ្ជាប់ជាមួយគ្នានៅក្នុងបរិវេណនៃទីតាំងបេតិកភណ្ឌជាតិមួយនេះ ដែលឈរកៀកទៅនឹងរាជធានីរបស់ប្រទេសកម្ពុជា ទីតម្កល់ព្រះរាជបល្ល័ងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់នៃរាជវង្សានុវង្ស ព្រះបរមរាជវាំង ព្រះរាជវត្តមាននៃព្រះករុណា ព្រះមហាក្សត្រ និងព្រះរាជសុបិនដ៏ថ្លៃថ្លានៃសម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ ដើម្បីប្រទេសកម្ពុជា។
ព្រះរាជសុបិនដ៏ថ្លៃថ្លានៃសម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរចំពោះប្រទេសកម្ពុជា គឺព្រះអង្គចង់ឱ្យប្រទេសនេះមានសន្តិភាព និងវិបុលភាព ដោយបម្រើមុខងារជាចំណុចប្រមូលផ្តុំនៃការដោះដូរពាណិជ្ជកម្មអន្តរជាតិ សម្រេចបានជាសមិទ្ធផលវប្បធម៌ និងលើកស្ទួយឧត្តមភាពនៃផ្នែកសិក្សាធិការ។ សង្គ្រាម អស្ថិរភាព ភាពក្រីក្រ និងជម្លោះផ្ទៃក្នុង ក៏ដូចជាអំពើប្រល័យពូជសាសន៍ ស្ទើរតែបំផ្លិចបំផ្លាញព្រះរាជសុបិននេះ អស់ទាំងស្រុងទៅ ហើយ។ ទោះបីជាយ៉ាងណាក្តី បច្ចុប្បន្ន ខណៈពេលដែលកម្ពុជាបោះជំហានឆ្ពោះទៅកាន់អនាគតមួយដ៏ត្រចះត្រចង់ប្រកបទៅដោយក្តីសង្ឃឹម ព្រះរាជសុបិនរបស់សម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ បានចាំងរស្មីយ៉ាងត្រចះត្រចង់ ផុសឡើងនៅក្នុងក្រអៅបេះដូងរបស់យុវជនយុវនារីកម្ពុជា នៅក្នុងរាល់សកម្មភាព សេចក្តីសង្ឃឹម និងក្តីស្រមៃ។
អាកាសយានដ្ឋានពោធិចិនតុង គឺតែងតែស្ថិតនៅដក់ជាប់នៅក្នុងព្រះរាជហឫទ័យនៃសម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ ដោយសារតែអាកាសយានដ្ឋានពោធិ៍ចិនតុងគឺមិនមែនត្រឹមតែជាអាកាសយានដ្ឋានសាមញ្ញមួយតែប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺជាព្រះរាជជំហានជានិមិត្តរូបមួយ នៅក្នុងព្រះរាជបេសកកម្មរបស់សម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ ក្នុងការប្រែផ្លាស់មុខមាត់ប្រទេសជាតិ។ អាកាសយានដ្ឋានពោធិ៍ចិនតុង ត្រូវបានអភិវឌ្ឍចេញពីទីវាលហោះហើរដ៏តូចមួយជាដំបូងនៅឆ្នាំ១៩៤១ ឱ្យទៅជាអាកាសយានដ្ឋានដែលតភ្ជាប់ប្រទេសកម្ពុជាទៅកាន់ពិភពលោក និងបម្រើមុខងារជាទីប្រជុំនៃមធ្យោបាយធ្វើដំណើរដ៏សំខាន់ប្រចាំរាជធានី។ អាកាសយានដ្ឋានពោធិ៍ចិនតុងបានផ្លាស់ប្តូរមុខមាត់ ដោយដើរតួនាទីជាជំហាននិមិត្តរូបមួយឆ្ពោះទៅកាន់ការធ្វើទំនើបកម្មរបស់ប្រទេសកម្ពុជា បន្ទាប់ពីទទួលបានឯករាជ្យភាពពេញលេញ។
សម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ ព្រះអង្គឈ្វេងយល់យ៉ាងច្បាស់អំពីសារសំខាន់នៃការដែលអាកាសយានដ្ឋាននេះ នឹងក្លាយទៅជាទីតាំងដែលទទួលស្វាគមន៍អ្នកដំណើររាប់លាននាក់មកកាន់ប្រទេសកម្ពុជា។ ដូច្នេះហើយ ព្រះអង្គបានរាជានុញ្ញាតចាត់តាំងឱ្យស្ថាបត្យករឯកប្រចាំប្រទេស ចូលរួមដោយផ្ទាល់នៅក្នុងការរចនាសាងសង់អាកាសយានដ្ឋាននេះឡើង។ សព្វថ្ងៃ ថ្វីត្បិតតែអាកាសយានដ្ឋានពោធិ៍ចិនតុងត្រូវបានគេហៅថាជា «ព្រលានយន្តហោះចាស់» យ៉ាងណាក្តី អាកាសយានដ្ឋានពោធិ៍ចិនតុងនេះ រក្សាបាននូវអត្ថន័យដ៏វិសេសវិសាល ដែលមិនមែនត្រឹមតែជាសំណង់ដែលបន្សល់ពីសម័យមុនរបស់ប្រទេសកម្ពុជាឡើយ។
បច្ចុប្បន្ន អាកាសយានដ្ឋានពោធិ៍ចិនតុង គឺជាចំណុចប្រសព្វរវាងអតីតកាល និងអនាគតកាលរបស់កម្ពុជា ហើយអាកាសយានដ្ឋានពោធិ៍ចិនតុងនេះ ពោរពេញទៅដោយសក្តានុពលក្នុងការបផ្លាស់ប្តូរតួនាទីទៅជាទីតាំងថ្មីមួយសម្រាប់ការរំលេច និងការបំផុសអត្តសញ្ញាណជាតិរបស់ប្រទេសកម្ពុជាសារជាថ្មី និងជាព្រះរាជសុបិនដ៏ថ្លៃថ្លានៃព្រះរាជស្ថាបត្យករកំពូលរបស់កម្ពុជា គឺសម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិ ខ្មែរ។
ឯកឧត្តម ឆាំង យុ គឺជាឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាស្ថានិក/នាយក ព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ជាមួយនិងក្រុមស្ថាបត្យករនៃព្រះរាជបណ្ណាល័យហ្លួងម៉ែរួមមាន លោក ទិត្យ សត្យាវង្ស, កញ្ញា លឹម វណ្ណសូលីហ្សា និងកញ្ញា លាង ចាន់ធី ដែលទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងរចនាប្លង់អាកាសយានដ្ឋានពោធិ៍ចិនតុង។
-Post Khmer-





