Grand News Asia Close

វិភាគអន្តរជាតិ៖ យុទ្ធសាស្ត្រ ៥ របស់ចិន ដើម្បីកាន់កាប់តៃវ៉ាន់

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 439
វិភាគអន្តរជាតិ៖ យុទ្ធសាស្ត្រ ៥ របស់ចិន ដើម្បីកាន់កាប់តៃវ៉ាន់ វិភាគអន្តរជាតិ៖ យុទ្ធសាស្ត្រ ៥ របស់ចិន ដើម្បីកាន់កាប់តៃវ៉ាន់

(វ៉ាស៊ីនតោន)៖ ខណៈសង្គ្រាមនៅអ៊ុយក្រែន និងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសកំពុងទាញចំណាប់អារម្មណ៍របស់ពិភពលោក ភាពស្ងប់ស្ងាត់បាន កើតមានឡើងក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ នៅឆ្នាំ២០២៣នេះ។ ប៉ុន្តែ នៅឆ្នាំក្រោយ ច្រកសមុទ្រតៃវ៉ាន់នឹងមិនស្ងាត់ដូចជាឆ្នាំនេះនោះទេ។ តៃវ៉ាន់នឹងត្រូវរៀបចំ ការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួន នៅខែមករា ឆ្នាំ២០២៤ ហើយនៅពេលដែលការបោះឆ្នោតចប់ភ្លាម ចិនអាចនឹងព្យាយាមបង្ហាញពីឫទ្ធានុភាព របស់ខ្លួនដាក់រដ្ឋាភិបាលថ្មីរបស់តៃវ៉ាន់ ដោយការសម្ញែងសាច់ដុំយោធាតាមរយៈការធ្វើសមយុទ្ធ។

ស្ថានការណ៍តានតឹងចុងក្រោយបំផុតនៅច្រកសមុទ្រតៃវ៉ាន់ កាលពីខែសីហា ឆ្នាំ២០២២ បានជំរុញឱ្យក្រុមអ្នកវិភាគខ្លះយល់ថាលោកប្រធានាធិបតីចិន ស៊ី ជិនពីង កំពុងចាប់ផ្ដើមបង្ខំឱ្យតៃវ៉ាន់ទទួលយកអំណាចគ្រប់គ្រងរបស់ចិន។ ប្រមុខទីភ្នាក់ងារស៊ើបការណ៍អាមេរិក CIA លោក William Burns ថែមទាំងបាន ធ្វ ការសន្និដ្ឋានមួយទៀតផងថាលោក ស៊ី ជិនពីង បានបញ្ជាឱ្យកងទ័ពរំដោះប្រជាជនចិន PLA ធ្វើយ៉ាងណាត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ដើម្បីធ្វើសកម្មភាព នៅឆ្នាំ២០២៧។ មិនតែប៉ុណ្ណោះ ការធ្វើសមយុទ្ធយោធារបស់ PLA ជាបន្តបន្ទាប់ក៏ត្រូវបានក្រុមអ្នកវិភាគមើលឃើញដែរថាចិនកំពុងសិក្សាពីវិធីសាស្ត្រនានា ក្នុងនោះរួមមានទាំងការប្រើប្រាស់កម្លាំងយោធា ឬក៏បិទខ្ទប់ឡោមព័ទ្ធតៃវ៉ាន់។

សង្រ្គាមនៅតៃវ៉ាន់ត្រូវបានគេរំពឹងថានឹងផ្ទុះឡើង ប៉ុន្តែគ្រាន់តែគ្មាននរណាដឹងថាវានឹងផ្ទុះឡើងនៅពេលណានោះទេ? ដូច្នេះសំខាន់ជាងការសួរថាតើសង្រ្គាម នឹងផ្ទុះ ឬមិនផ្ទុះឡើង ឬក៏ថាតើសង្រ្គាមនឹងផ្ទុះឡើងនៅពេលណា មានសំណួរផ្សេងមួយដ៏សំខាន់ដែលគេគួរចោទសួរ នោះគឺ «ប្រសិនបើលោក ស៊ី ជិនពីង ពិតជាព្យាយាមបង្រួបបង្រួមចិនជាមួយតៃវ៉ាន់ឱ្យខានតែបាន តើលោកនឹងប្រើយុទ្ធសាស្ត្រអ្វី?» តាមក្រុមអ្នកវិភាគ ចិនមានយុទ្ធសាស្ត្រ និងជម្រើសជាច្រើន ដើម្បីកាន់កាប់តៃវ៉ាន់ ហើយយុទ្ធសាស្ត្រដែលអ្នកវិទ្យាសាស្ត្រនយោបាយអាមេរិកដូចជាលោក Hal Brands យល់ថាចិនអាចនឹងប្រើប្រាស់គឺមាន៥៖

ទី១៖ យុទ្ធសាស្ត្រដែលលោក ស៊ី ជិនពីង ពេញចិត្តជាងគេ និងកំពុងប្រើសព្វថ្ងៃគឺ «ការសម្លុតគំរាមក្រោមកម្រិតហាក់ដូចជាសង្រ្គាមត្រៀមនឹងផ្ទុះឡើង»។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ កងទ័ពចិន PLA បានបង្កើនការធ្វើសកម្មភាពយោធាគួរឱ្យកត់សម្គាល់ដូចជាបញ្ជូនយន្ដហោះចម្បាំងហោះចូលក្នុងតំបន់ កំណត់ដែនអត្តសញ្ញាណការពារដែនអាកាសតៃវ៉ាន់ និងហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ ក្នុងគោលបំណងជាច្រើនដូចជាធ្វើតេស្ដលើ សមត្ថភាព និងចង់ដឹងថាតៃវ៉ាន់មានអាវុធប្រភេទណាខ្លះក្នុងការឆ្លើយតបជាមួយចិន ក៏ដូចជាចង់បង្កើតជាអារម្មណ៍មួយថាតៃវ៉ាន់មិនអាចការពារខ្លួនឯងបាន ហើយធ្វើឱ្យហាក់ដូចជាការវាយប្រយុទ្ធគ្នាដើម្បីតៃវ៉ាន់កើតឡើងជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យប្រជាជនតៃវ៉ាន់មានអារម្មណ៍ថាគ្មានសុវត្ថិភាព និងយល់ថា ការបង្រួបបង្រួមជាមួយចិនជារឿងចៀសមិនរួច។ ការសម្លុតគំរាមដើម្បីបង្រួបបង្រួមជាមួយតៃវ៉ាន់ ដោយមិនចាំបាច់អស់គ្រាប់កាំភ្លើង ជាជម្រើសជាទីពេញចិត្ត មួយរបស់លោក ស៊ី ជិនពីង ពីព្រោះលោកដឹងច្បាស់ជាងនរណាៗទាំងអស់ថាការបំផ្លិចបំផ្លាញបង្កឡើងដោយសង្រ្គាមមានវិសាលភាពធំប៉ុនណា។ ក្នុងន័យនេះ សង្រ្គាមរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅអ៊ុយក្រែន ជាសារព្រមានដល់ចិនរួចទៅហើយ។ ម្លោះហើយ នៅសមុទ្រចិនខាងត្បូង ចិនបាន និងកំពុង ពង្រីកឥទ្ធិពលតាមរយៈការសម្លុតគំរាម ប៉ុន្តែចៀសវាងការប្រើកម្លាំងបាយ ដូចជាការសាងសង់កោះសប្បនិម្មិត សម្រាប់ប្រើជាមូលដ្ឋានយោធាក្នុងគោលដៅ «កែប្រែស្ថានភាពដើម»។ ពិតណាស់ លោក ស៊ី ជិនពីង «ចង់យកឈ្នះដោយមិនបាច់ច្បាំង»។ ប៉ុន្តែ បញ្ហានៅត្រង់ថាយុទ្ធសាស្ត្រសម្លុតគំរាមនេះហាក់ដូចជា មិនដំណើរការទេ បើគេពិនិត្យមើលលទ្ធផលជាក់ស្ដែងដោយសហរដ្ឋអាមេរិកកាន់តែបង្កើនការគាំទ្រដល់តៃវ៉ាន់ រីឯប្រជាជនតៃវ៉ាន់ច្រើនឡើងកាន់តែមានទំនោរ មិនចង់បង្រួបបង្រួមជាមួយចិន ជាពិសេសក្រោយចិនក្រសោបគ្រប់គ្រងទីក្រុងហុងកុងក្នុងឆ្នាំ២០១៩។ ការសម្លុតគំរាមក៏បានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង មិត្តភាពរវាងគណបក្សប្រឆាំង Kuomintang ដោយធ្វើឱ្យគណបក្សមួយនេះត្រូវសម្របទៅតាមការចង់បានរបស់ប្រជាជនតៃវ៉ាន់។

ក្នុងការបោះឆ្នោតនៅឆ្នាំ២០២៤ ប្រសិនបើបេក្ខជនមកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ជាបក្សកាន់អំណាចសព្វថ្ងៃនៅតៃវ៉ាន់ លោក Lai Ching-te ជាអ្នកឈ្នះ នោះលោក ស៊ី ជិនពីង អាចនឹងត្រូវសើរើឡើងវិញថាតើយុទ្ធសាស្ត្រសម្លុតគំរាមដោយមិនចាំបាច់ធ្វើសង្រ្គាមបានទទួលបរាជ័យហើយ ឬក៏យ៉ាងណា? ម្យ៉ាងវិញទៀត ទោះបីជាបេក្ខជនមកពីគណបក្ស Kuomintang ឬបេក្ខជនដទៃ ជាអ្នកឈ្នះក៏ដោយ ក៏លោក ស៊ី នឹងនៅតែបានឃើញថាពីការប្រែប្រួលនៃ នយោបាយតៃវ៉ាន់ ក្នុងផ្លូវដែលមើលទៅការបង្រួបបង្រួមដោយសន្តិវិធីគឺមិនអាចធ្វើរួចឡើយ។ ដូច្នេះមិនយូរមិនឆាប់ លោក ស៊ី ជិនពីង អាចនឹងពិចារណាលើ យុទ្ធសាស្ត្រទី២៖ គឺធ្វើសកម្មភាព ក្នុងនោះរួមមានការដណ្ដើមគ្រប់គ្រងលើកោះរបស់តៃវ៉ាន់ដែលសិ្ថតនៅកៀកនឹងចិន ដូចជាកោះ Kinmen និងកោះ Matsu។ កោះទាំង២នេះធ្លាប់ភ្លក្សរួចហើយ ការទម្លាក់គ្រាប់បែកពីកងទ័ពចិន ក្រោមសម័យអតីតមេដឹកនាំចិន លោក ម៉ៅ សេទុង។ នៅពេលនោះ ដោយសារកម្លាំងទ័ព នៅខ្សោយ ហើយអាមេរិកលូកដៃធ្វើអន្តរាគមន៍ផងនោះ លោក ម៉ៅ សេទុង សម្រេចចិត្តដកថយ ដោយបានត្រឹមបើកភ្នែកមើលតៃវ៉ាន់បន្តគ្រប់គ្រងលើកោះ២ នេះ មកទល់នឹងសព្វថ្ងៃ។ ប៉ុន្តែ តាមសមត្ថភាពយោធាចិនបច្ចុប្បន្ន កោះ២នេះនឹងមិនមានសមត្ថភាពការពារខ្លួនឯងបានទេ ប្រសិនបើមានការវាយប្រហារពីសំណាក់ កងទ័ពចិន PLA។ គិតមួយភ្លែត យុទ្ធសាស្ត្រនេះមើលទៅពិតជាឆ្លាតវៃ ដោយវានឹងបង្ខំឱ្យតៃវ៉ាន់ត្រូវរើសជម្រើសដែលមិនចង់រើស នោះគឺត្រូវពលីជីវិតទាហាន ដ៏ច្រើនដើម្បីការពារកោះទាំង២នេះ ឬក៏ត្រូវសម្លឹងមើលទឹកដីរបស់ខ្លួនត្រូវបានចិនក្រសោបយក។ តែទោះជាមើលទៅឆ្លាត ឬក៏ចិនអាចគ្រប់គ្រងកោះ២នេះបាន ក៏ដោយ ក៏ចិននៅតែមិនអាចគ្រប់គ្រងតៃវ៉ាន់បាននោះទេ ហើយមានតែធ្វើឱ្យចិនកាន់តែពិបាកនៅជំហានបន្ទាប់។ ពីព្រោះសហរដ្ឋអាមេរិកនឹងបានលេសប្រមូល កម្លាំងសម្ព័ន្ធមិត្តប្រឆាំងចិន បង្ហាញការប្ដេជ្ញាចិត្តការពារទឹកដីសេសសល់របស់តៃវ៉ាន់កាន់តែច្បាស់ ឬក៏ជំរុញឱ្យអាមេរិក ដាក់ពង្រាយកងទ័ពឱ្យឈរជើងនៅកោះ Formosa ជាកោះធំបំផុតរបស់តៃវ៉ាន់ដែលនឹងធ្វើឱ្យការបោះជំហានរបស់ចិននៅពេលអនាគតដើម្បីគ្រប់គ្រងតៃវ៉ាន់ នឹងកាន់តែពិបាកស្មុគស្មាញខ្លាំងឡើង។

ចំណែក យុទ្ធសាស្ត្រទី៣៖ គឺការបិទខ្ទប់។ ក្នុងសេណារីយ៉ូនេះ លោក ស៊ី ជិនពីង នឹងព្យាយាមកាត់ផ្ដាច់តៃវ៉ាន់ពីពិភពលោកខាងក្រៅ ដោយឡោមព័ទ្ធតៃវ៉ាន់ ជាមួយនាវាចម្បាំង និងយន្ដហោះចម្បាំង គួបផ្សំជាមួយការវាយប្រហារព័ត៌មានវិទ្យាលើស្ថាប័នហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងការធ្វើតេស្ដបាញ់មីស៊ីល។ ការបិទខ្ទប់នេះមានរយៈពេលវែង ឬខ្លី អាស្រ័យទៅលើលទ្ធផលលេចចេញជារូបរាង ពោលគឺវានឹងមានរយៈពេលខ្លី បើចិនគ្រាន់តែចង់បញ្ជូនសារព្រមានប្រឆាំងនឹង ហេតុការណ៍ដែលខ្លួនមិនពេញចិត្តកំពុងកើតឡើង ហើយនឹងមានរយៈពេលវែង ប្រសិនបើចិនចង់បំផ្លាញសេដ្ឋកិច្ច ឬដាក់សម្ពាធបង្ខំឱ្យប្រជាជនតៃវ៉ាន់ចុះចាញ់។ សេណារីយ៉ូបិទខ្ទប់នេះជាជម្រើសមួយដែលទាញចំណាប់អារម្មណ៍ខ្លាំងជាងគេពីក្រុមមន្ត្រីសន្តិសុខជាតិអាមេរិក។ ប៉ុន្តែ គ្រាន់តែបិទខ្ទប់មួយមុខ ដោយមិនមានដាក់ ចេញវិធាការក្ដៅបន្ថែម គឺមិនអាចឱ្យចិនជោគជ័យទេ។ ដូច្នេះចិនអាចនឹងប្រើយុទ្ធសាស្ត្រទី៤៖ គឺទម្លាក់គ្រាប់បែក។ ការទម្លាក់គ្រាប់បែកលើតៃវ៉ាន់ និងការវាយប្រហារ ដោយប្រើមីស៊ីលបាលិស្ទីគនឹងជួយឱ្យការបិទខ្ទប់ កាន់តែមានប្រសិទ្ធភាពតាមរយៈការបំផ្លាញបណ្ដាញផ្លូវដែលតភ្ជាប់កំពង់ផែសំខាន់ៗ ទៅកាន់ទីក្រុងធំៗរបស់តៃវ៉ាន់ ដែលនេះនឹងធ្វើឱ្យកងទ័ពជើងទឹក និងអាកាសតៃវ៉ាន់ទន់ខ្សោយ។ ក្នុងប្រវតិ្តសាស្ត្រដូចជាការទម្លាក់គ្រាប់បែករបស់អាល្លឺម៉ង់លើអង់គ្លេស វាមិនត្រឹមតែមិនអាចធ្វើឱ្យ ប្រជាជនអង់គ្លេសចុះញ៉មទេ ផ្ទុយទៅវិញបែរជាធ្វើឱ្យពួកគេផ្ទុះកំហឹង និងងើបឡើងកាន់កំាភ្លើងចូលបម្រើ ក្នុងជួរកងទ័ពប្រឆាំងនឹងអាល្លឺម៉ង់កាន់តែខ្លាំង។

នៅត្រង់នេះបើការទម្លាក់គ្រាប់បែក មិនទទួលបានជោគជ័យភ្លាមៗទេ នោះចិននឹងត្រូវប្រថុយខាតបង់ធ្ងន់ធ្ងរ តួយ៉ាងបើប្រជាជនតៃវ៉ាន់ក្នុងចំនួនដ៏ច្រើនស្លាប់ក្នុង ការទម្លាក់គ្រាប់បែកនេះ នោះវានឹងបង្កឱ្យអន្តរជាតិខឹងសម្បារ ហើយផ្ដល់លេសស្របច្បាប់ឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តធ្វើអន្តរាគមន៍។ ម្លោះហើយ បើលោក ស៊ី ជិនពីង ចង់សម្រេចបានលទ្ធផល ចិនអាចនឹងពិរចារណាដល់ យុទ្ធសាស្ត្រទី៥ចុងក្រោយគេ នោះគឺបើកការវាយប្រហារយោធាទ្រង់ទ្រាយធំដើម្បីបង្ហើយតៃវ៉ាន់តែម្ដង។ ក្នុងសេណារីយ៉ូនេះ ចិននឹងប្រើប្រាស់គ្រប់មធ្យោបាយយោធា ក្នុងនោះរួមមានទាំងការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើកងទ័ពតៃវ៉ាន់ និងហេដ្ឋារចនាសម្ព័ន្ធ សំខាន់ គួបផ្សំជាមួយធ្វើសកម្មភាពវិច្ឆេទកម្ម និងធ្វើឃាតមេដឹកនាំតៃវ៉ាន់ ព្យាយាមវាយកាន់កាប់តំបន់ឆ្នេរ កំពង់ផែ និងព្រលានយន្ដហោះដើម្បីប្រើប្រាស់សម្រាប់ ការដឹកកងទ័ព និងការផ្គត់ផ្គត់ចាំបាច់នានា ដើម្បីវាយកាន់កាប់តៃវ៉ាន់ និងកាត់ផ្ដាច់តៃវ៉ាន់ឱ្យឯកោពីការលូកដៃជួយពីកងកម្លាំងបរទេស។ ប៉ុន្តែ ចង់ធ្វើបែបនេះទៅកើត ទាល់តែចិនវាយប្រហារជាមុនលើមូលដ្ឋានទ័ពអាមេរិកលើកោះហ្កាំ ជប៉ុន និងនាវាផ្ទុកយន្ដហោះចម្បាំង ក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ឬក៏គំរាមប្រើអាវុធនុយក្លេអ៊ែរ សំដៅកំញើញកុំឱ្យសហរដ្ឋអាមេរិកលូកដៃជួយតៃវ៉ាន់។

តែបើចិនមិនធ្វើដូច្នេះទេ នោះនាវាចម្បាំង និងកងទ័ពចិន នឹងងាយរងគ្រោះបំផុតពីការវាយប្រហាររបស់សហរដ្ឋអាមេរិកទាំងផ្លូវអាកាស និងសមុទ្រ ក្នុងករណី សហរដ្ឋអាមេរិកសម្រេចចិត្តលូកដៃចូលជួយតៃវ៉ាន់។ ច្រាស់មកវិញ បើចិនពិតជាធ្វើបែបនេះមែន ដោយសម្លាប់កងទ័ពអាមេរិករាប់រយ ឬរាប់ពាន់នាក់ នោះសង្រ្គាមធំ ជាមួយសហរដ្ឋអាមេរិកនឹងផ្ទុះឡើង ហើយវានឹងក្លាយជាសង្រ្គាមមួយត្រូវបានអ្នកជំនាញយល់ថានឹងធ្វើឱ្យភាគីទាំងសងខាងរងរបួសធ្ងន់ និងខាតបង់ធ្ងន់ធ្ងរ៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង