Grand News Asia Close

វិភាគអន្តរជាតិ៖ ហេតុអ្វីចិន នឹងពិបាកវាយកាន់កាប់តៃវ៉ាន់?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 1232
វិភាគអន្តរជាតិ៖ ហេតុអ្វីចិន នឹងពិបាកវាយកាន់កាប់តៃវ៉ាន់? វិភាគអន្តរជាតិ៖ ហេតុអ្វីចិន នឹងពិបាកវាយកាន់កាប់តៃវ៉ាន់?

2024-02-02 09:21pm
(ប៉េកាំង)៖ ទោះបីជាចិននៅតែបន្តអះអាងពីឆន្ទៈបង្រួបបង្រួមជាតិជាមួយ តៃវ៉ាន់ ដោយសន្តិវិធីក៏ដោយ ក៏ប៉េកាំងមិនដែលបោះបង់ចោលឡើយនូវ ការប្រើប្រាស់កម្លាំងយោធាដើម្បីកាន់កាប់តៃវ៉ាន់។ អស់រយៈពេលជាង ២ទសវត្សរ៍មកនេះ យោធាចិនបានធ្វើទំនើបកម្មគួរឱ្យកត់សម្គាល់ជាមួយការផ្តោត លើការអភិវឌ្ឍសមត្ថភាពមីស៊ីលបាលិស្ទីគ យន្ដហោះចម្បាំង ហើយបច្ចុប្បន្ន កងទ័ពជើងទឹកចិនបានក្លាយជាកងទ័ពជើងទឹកធំជាងគេបំផុតនៅលើ ពិភពលោក។ មិនតែប៉ុណ្ណោះ កងទ័ពរំដោះប្រជាជនចិន PLA បានបង្កើនវិសាលភាពនៃការធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ ប៉ុន្មានឆ្មាំថ្មីៗនេះ ដើម្បីសំលៀងសមត្ថភាពប្រយុទ្ធឱ្យកាន់តែមុតស្រួច។

ខណៈក្ដីសង្ឃឹមក្នុងការបង្រួបបង្រួមជាមួយតៃវ៉ាន់ដោយសន្តិវិធីកាន់តែខើចទៅៗ ហើយចំណាប់អារម្មណ៍របស់ប្រជាជនតៃវ៉ាន់ចំពោះការបង្រួបបង្រួមជាមួយ ចិនកាន់តែធ្លាក់ចុះ ចិនអាចនឹងដើរដល់ចំណុចមួយដែលត្រូវសន្មត់ថាការប្រើកម្លាំងយោធា គឺជាជម្រើសតែមួយគត់ដើម្បីសម្រេចកម្មវត្ថុនយោបាយរបស់ខ្លួន។ តាមក្រុមអ្នកជំនាញយោធា បើប្រៀបធៀបកម្លាំង តៃវ៉ាន់មិនអាចទប់ទល់ជាមួយចិនបានឡើយ ហើយអ្វីដែលតៃវ៉ាន់ត្រូវធ្វើ គឺត្រូវពង្រឹងសមត្ថភាពយោធា របស់ខ្លួន ដើម្បីពន្យារពេល ឬទប់ទល់នឹងការវាយប្រហារណាមួយរបស់ចិន ទម្រាំសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍។

តែយ៉ាងណាក៏ដោយ ការវាយកាន់កាប់តៃវ៉ាន់ក៏មិនមែនជារឿងងាយស្រួលសម្រាប់ចិននោះដែរ ដោយការប្រើកម្លាំងយោធា ឬក៏ការបិទខ្ទប់តៃវ៉ាន់ឱ្យបាន ជោគជ័យ ជាបេសកកម្មដ៏ស្មុគស្មាញបំផុត នៅក្នុងយុគសម័យទំនើបនេះ ហើយណាមួយកងទ័ពចិនក៏មិនធ្លាប់ប្រយុទ្ធនៅក្នុងសង្រ្គាមទ្រង់ទ្រាយធំនោះដែរ ក្នុងរយៈពេលជាង ៧ទសវត្សរ៍មកនេះ។

* សង្រ្គាមជើងទឹកដ៏ប្រថុយប្រថាន
ដើម្បីវាយកាន់កាប់តៃវ៉ាន់ ចិននឹងត្រូវដឹកនាំប្រតិបត្តិការយោធាដ៏ស្មុគស្មាញទាំងតាមផ្លូវអាកាស ជើងគោក និងសមុទ្រ រួមទាំងសង្រ្គាមអេឡិចត្រូនិក និងព័ត៌មានវិទ្យា។ អ្វីដែលចិនត្រូវប្រឈមមុខមុនគេ នោះគឺទីតាំងភូមិសាស្ត្ររបស់តៃវ៉ាន់ដែលជារនាំងធម្មជាតិដ៏ធំ សម្រាប់ការធ្វើប្រតិបត្តិការយោធា។ ច្រកសមុទ្រតៃវ៉ាន់ដែលមានទទឹងប្រហែល ១៤៤គីឡូម៉ែត្រ មានលក្ខខណ្ឌអាកាសធាតុមិនអំណោយផលទេ ដោយសារតែមានរដូវមូសុង២ និងអាកាសធាតុអាក្រក់កើតឡើងជាញឹកញាប់ ដែលនេះអនុញ្ញាតឱ្យការធ្វើប្រតិបត្តិការយោធាអាចធ្វើទៅកើតក្នុងរយៈប៉ុន្មានខែប៉ុណ្ណោះក្នុងមួយឆ្នាំ។ បានន័យថាចិនត្រូវប្រាកដថាសង្រ្គាមត្រូវតែបញ្ចប់ឱ្យបានលឿនបំផុត។

លើសពីនេះទៅទៀត ដោយសារតែតៃវ៉ាន់ជាដីកោះ ចិនត្រូវតែបញ្ជូនកងទ័ពក្នុងចំនួនដ៏ច្រើនចូលទៅកាន់ដីគោកនៃកោះតៃវ៉ាន់។ ប៉ុន្តែ ការដឹកកងទ័ព រាប់សែននាក់ឆ្លងច្រកសមុទ្រតៃវ៉ាន់ ត្រូវចំណាយពេលជាច្រើនសប្ដាហ៍ និងតម្រូវឱ្យមាននាវារាប់ពាន់គ្រឿង ហើយក្នុងនាវាមួយគ្រឿងត្រូវចំណាយពេល ច្រើនម៉ោង។ ការប្រើពេលវេលាកាន់តែច្រើន ក៏នឹងទុកពេលកាន់តែច្រើនឱ្យតៃវ៉ាន់ ក្នុងការកំណត់គោលដៅវាយប្រហារលើនាវារបស់ចិន ប្រមូលផ្ដុំកងទ័ព រង់ចាំកងទ័ពចិននៅតាមតំបន់ឆ្នេរ និងដំឡើងរបាំងការពារ។

ចិនក៏នឹងត្រូវផ្លាស់ប្ដូរការដាក់ពង្រាយសព្វាវុធទៅកាន់តំបន់ឆ្នេរភាគខាងកើតផងដែរ តែការធ្វើបែបនេះអាចនឹងឱ្យសហរដ្ឋអាមេរិក និងតៃវ៉ាន់ដឹងខ្លួនជាមុន។ ក្រៅពីនេះ គេនៅមិនទាន់ដឹងថាតើចិនមាននាវាដែលខ្លួនត្រូវការជាចាំបាច់ ដើម្បីវាយកាន់កាប់តៃវ៉ាន់ គ្រប់គ្រាន់ដែរឬក៏យ៉ាងណានោះទេ? ខណៈនាវាដឹកអាវុធ និងកងទ័ពរបស់ចិនត្រូវបានគេរាយការណ៍ថាមានទំហំតូច។ ម្យ៉ាងវិញទៀត បើទោះជាចិនជ្រើសរើសប្រើនាវាស៊ីវិលដើម្បីដឹកអាវុធ និងកងទ័ពក៏ដោយ ក៏ការធ្វើបែបនេះត្រូវចំណាយពេលយូរក្នុងការបញ្ជូនកងទ័ព និងអាវុធឡើងលើគោក ហើយក៏អាចនឹងរងគ្រោះពីការវាយប្រហារដោយមីស៊ីល ពីតៃវ៉ាន់ដែរ។

* មានទីតាំងតិចតួច ដើម្បីឡើងគោក
នៅត្រង់ចំណុចនេះ ទោះជាទទួលបានជោគជ័យ ក្នុងការឆ្លងច្រកសមុទ្រតៃវ៉ាន់ក៏ដោយ ក៏កងទ័ពចិននឹងត្រូវប្រឈមមុខនឹងឧបសគ្គដដែល នោះគឺដោយសារតែ មានកំពង់ផែទឹកជ្រៅ និងឆ្នេរតិចតួចប៉ុណ្ណោះនៅតៃវ៉ាន់ ដែលអំណោយផលដល់ការបញ្ជូនកងទ័ពឡើងដីគោក។ ណាមួយ តៃវ៉ាន់ក៏អាចនឹងបំផ្លាញកំពង់ផែ សំខាន់ៗរបស់ខ្លួន នៅដើមទីនៃជម្លោះផងដែរ ដើម្បីកុំឱ្យចិនប្រើប្រាស់កំពង់ផែទាំងនោះកើត។ ឆ្នេរភាគខាងលិចរបស់តៃវ៉ាន់ គឺជាតំបន់ទឹករាក់ ដែលលាតសន្ធឹង ចេញពីឆ្នេរភាគច្រើនរបស់តៃវ៉ាន់ ដែលនេះមានន័យថាតំបន់នេះមិនមែនជាទីតាំងល្អសម្រាប់ការបញ្ជូនកងទ័ពឡើងគោកទេ។

ចំណែក តំបន់ឆ្នេរភាគខាងកើតរបស់តៃវ៉ាន់វិញ ត្រូវបានតម្រៀបជាជួរៗដោយច្រាំថ្មចោទខ្លាំងពេកដែលពិបាកឡើង។ បន្ថែមពីលើនេះបើចិនចង់វាយចូល តំបន់ទីប្រជុំជនភាគកណ្ដាលកោះតៃវ៉ាន់ គឺអាចធ្វើទៅបានតាមច្រកផ្លូវតូចៗ និងផ្លូវក្រោមដីមួយចំនួនតែប៉ុណ្ណោះ ហើយច្រកផ្លូវទាំងនេះតៃវ៉ាន់អាចបំផ្លាញ ឬការពារបាន។ គួររំលឹកថា ប្រតិបត្តិការ D-Day នៅក្នុងសង្រ្គាមលោកលើកទី២ គឺជាប្រតិបត្តិការដឹកកងទ័ពឆ្លងសមុទ្រធំបំផុតនៅក្នុងប្រវត្តិសាស្ត្រយោធា ដោយត្រូវប្រើនាវា ៧០០០គ្រឿង និងមានកងទ័ព ៨៥០,០០០នាក់បានឡើងលើដីគោកនៅឯឆ្នេរ Normandy ដើម្បីរំដោះប្រទេសបារាំងពីហ៊ីត្លែរ។

ដោយឡែក ក្នុងសេណារីយ៉ូសង្រ្គាមនៅតៃវ៉ាន់វិញ ដោយសារតែតំបន់ទឹករាក់ ចិននឹងត្រូវចតនាវារបស់ខ្លួននៅឆ្ងាយពីតំបន់ឆ្នេរតៃវ៉ាន់ ហើយបញ្ជូនអាវុធទៅកាន់ ច្រាំងយឺតៗ តែការធ្វើបែបនេះងាយរងគ្រោះពីការបាញ់មីស៊ីល និងកាំភ្លើងធំពីតៃវ៉ាន់។ ជាការពិតណាស់ ចិនបានធ្វើទំនើបកម្មយោធាយ៉ាងឆាប់រហ័ស តែតៃវ៉ាន់ ក៏បាន និងកំពុងអភិវឌ្ឍសមត្ថភាពការពារខ្លួនផងដែរ រាប់ចាប់ពីមីនប្រឆាំងនាវា និងប្រព័ន្ធការពារដែនអាកាស ហើយគួបផ្សំនឹងមានទីតាំងភូមិសាស្ត្រការពារខ្លួន យ៉ាងអំណោយផលផងនោះ វានឹងតម្រូវឱ្យចិនត្រូវជម្នះឧបសគ្គជាច្រើន។

​* ឆ្លងកាត់ភ្នំ និងស្ថានដីដ៏លំបាក
ប្រសិនបើកងទ័ពចិនអាចឡើងគោកដោយជោគជ័យ នោះជំហានបន្ទាប់របស់ចិនគឺត្រូវឆ្លងកាត់តំបន់ភ្នំ និងស្ថានដីដ៏លំបាក។ តៃវ៉ាន់មានតំបន់ភ្នំជាច្រើន និងភ្នំខ្លះ មានកម្ពស់ជាង ៣០០០ម៉ែត្រ។ កងទ័ពតៃវ៉ាន់អាចលាក់ខ្លួននៅលើភ្នំ ហើយធ្វើសង្រ្គាមឆ្លប ឬសង្រ្គាមព្រៃក៏បាន។ ការឆ្លងកាត់ភ្នំដើម្បីវាយចូលទៅកាន់តំបន់ ទីប្រជុំ គឺជាឧបសគ្គមួយដ៏ធំ ដែលអាចនឹងធ្វើឱ្យឆ្នេរភាគខាងកើតរបស់តៃវ៉ាន់លែងសូវមានប្រយោជន៍ និងបង្ខំឱ្យចិនត្រូវងាកទៅផ្តោតលើការវាយប្រហារលើ តំបន់ឆ្នេរភាគខាងលិចតៃវ៉ាន់។ បន្ថែមពីលើនេះ ទោះជាតៃវ៉ាន់មានកំពង់ផែធំស្ថិតនៅភាគខាងត្បូងក៏ពិតមែន តែការវាយលុកចូលភាគខាងជើងក៏ជារឿងលំបាក ដែរ ពីព្រោះនៅទីនោះមានផ្លូវថ្នល់ធំៗតិចតួច និងមានទន្លេជាច្រើនត្រូវឆ្លង។ ដូច្នេះកងទ័ពចិនអាចនឹងត្រូវផ្តោតលើកំពង់ផែ និងឆ្នេរស្ថិតនៅក្បែរទីក្រុងតៃប៉ិ។

​* តំបន់រដ្ឋធានីរបស់តៃវ៉ាន់
ប្រឈមមុខនឹងឧបសគ្គ ក្នុងការបញ្ជូនកងទ័ពឆ្លងចូលទៅក្នុងកោះតៃវ៉ាន់ ចិនអាចនឹងប្ដូរការផ្តោតរបស់ខ្លួនទៅលើតំបន់រដ្ឋធានីរបស់តៃវ៉ាន់ ដែលមានប្រជាជន ១ភាគ៤រស់នៅ។ កងទ័ពចិនអាចនឹងព្យាយាមគ្រប់គ្រងរដ្ឋធានីតៃប៉ិ និងរំលំរដ្ឋាភិបាលតៃវ៉ាន់។ ដើម្បីការពាររដ្ឋធានីតៃប៉ិ កុំឱ្យធ្លាក់ទៅក្នុងដៃរបស់ចិន តៃវ៉ាន់អាច នឹងបំផ្លាញកំពង់ផែធំ ផ្លូវក្រោមដី និងផ្លូវ highways របស់រដ្ឋធានី ដើម្បីកាត់ផ្ដាច់ផ្លូវចូល។ តែបើកងទ័ពចិនអាចវាយចូលដល់តៃប៉ិ នោះកងទ័ពចិននឹងត្រូវ ប្រឈមមុខនឹងសង្រ្គាមទីក្រុងជាបន្ត។

* ទំហំខាតបង់នៃសង្រ្គាមទីក្រុង
ភាគច្រើននៃប្រជាជនតៃវ៉ាន់ជាង ២៣លាននាក់ប្រមូលផ្តុំគ្នារស់នៅតាមទីក្រុង ក្នុងនោះមាន ៧លាននាក់រស់នៅក្នុងរដ្ឋធានីតៃប៉ិ។ ដើម្បីគ្រប់គ្រងតៃវ៉ាន់ ចិនចាំបាច់ត្រូវតែធ្វើសង្រ្គាមទីក្រុង ដោយប្រយុទ្ធពីអគារមួយទៅអគារមួយ និងពីផ្លូវមួយទៅផ្លូវ។ ពោលគឺដូចគ្នានឹងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សាដែរ នោះគឺជាសង្រ្គាមបង្កការខាតបង់ធ្ងន់ធ្ងរ ជាពិសេសគឺអាយុជីវិតជនស៊ីវិល។

ដោយមានទីតាំងភូមិសាស្ត្រអំណោយផល តៃវ៉ាន់អាចធ្វើឱ្យប្រតិបត្តិការយោធារបស់ចិនមានការពិបាក ត្រូវចំណាយច្រើន និងមិនច្បាស់លាស់។ យ៉ាងណាក៏ដោយ ឆន្ទៈតស៊ូ និងប្រយុទ្ធរបស់ប្រជាជនតៃវ៉ាន់ទៅវិញទេ ដែលមានសារៈសំខាន់ជាងភ្នំ កំពង់ផែ ផ្លូវ ឬក៏មហាសមុទ្រទៅទៀត។ ព្រោះថាបើចិនធ្វើប្រតិបត្តិការយោធា ដោយមានការប្រឆាំងជំទាស់តិចតួចពីប្រជាជនតៃវ៉ាន់ នោះចិនអាចនឹងជម្នះរាល់ឧបសគ្គ ដែលបានរៀបរាប់ខាងលើ។ ផ្ទុយទៅវិញ បើប្រជាជនតៃវ៉ាន់រាប់លាននាក់ ក្រោកឡើងតស៊ូ និងប្រយុទ្ធប្រឆាំង នោះចិននឹងត្រូវប្រឈមមុខនឹងកិច្ចការមួយយ៉ាងលំបាក៕

អត្ថបទទាក់ទង