Grand News Asia Close

បញ្ហាព្រំដែនគួរតែជាជ័រកាវបិទភ្ជាប់ឈាមខ្មែរឱ្យរួបរួមគ្នា មិនគួរជាគ្រាប់បែកផ្ទុះបំបែកឈាមខ្មែរឱ្យបែកខ្ញែកគ្នានោះទេ!

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ទស្សនៈ-Opinion ព័ត៌មានជាតិ 1017
បញ្ហាព្រំដែនគួរតែជាជ័រកាវបិទភ្ជាប់ឈាមខ្មែរឱ្យរួបរួមគ្នា មិនគួរជាគ្រាប់បែកផ្ទុះបំបែកឈាមខ្មែរឱ្យបែកខ្ញែកគ្នានោះទេ! The author has called for unity among Khmer in the face of foreign aggression. Post AI

បញ្ហាព្រំដែន មិនមែនជារឿងរបស់រាជរដ្ឋាភិបាលតែមួយអាណត្តិ ឬជាកម្មសិទ្ធិផ្តាច់មុខរបស់គណបក្ស​នយោបាយណាមួយឡើយ ប៉ុន្តែវាជាបញ្ហាអាយុជីវិត និងនិរន្តរភាពយូរអង្វែងរបស់ប្រជាជាតិទាំងមូល ដែលទាមទារឱ្យមានការចូលរួមទទួលខុសត្រូវខ្ពស់បំផុតពីគ្រប់ភាគីពាក់ព័ន្ធ ទាំងគណបក្សកាន់អំណាច គណបក្សប្រឆាំង អ្នកនយោបាយគ្រប់និន្នាការ កងកម្លាំងប្រដាប់អាវុធ អ្នកបច្ចេកទេស និងប្រជាពល​រដ្ឋទូទៅ។ ព្រំដែន គឺជាបន្ទាត់ខណ្ឌសីមានៃអធិបតេយ្យ ជានិមិត្តរូបនៃបូរណភាពទឹកដី និងជាសេចក្តី​ថ្លៃថ្នូររបស់ជាតិ។ ហេតុដូច្នេះហើយ គ្រប់គណបក្សនយោបាយទាំងអស់ គប្បីយកបញ្ហាព្រំដែន​ដាក់​បញ្ចូលជារបៀបវារៈអាទិភាពខ្ពស់បំផុត នៅក្នុងកម្មវិធីនយោបាយរបស់ខ្លួន មិនថាក្នុងអំឡុងពេល​យុទ្ធនាការបោះឆ្នោត ឬក្រោយពេលឡើងកាន់អំណាចនោះទេ។

ក្នុងបរិបទភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញ និងសណ្ដាប់ធ្នាប់ពិភពលោកដែលផ្អែកលើ​ច្បាប់កំពុង​ចុះ​ខ្សោយ បញ្ហាព្រំដែនជាមួយប្រទេសជិតខាងតែងតែជាចំណុចរសើប និងអាចបង្កឱ្យមានវិបត្តិសន្តិសុខ​បានគ្រប់ពេលវេលា ប្រសិនបើគ្មានការគ្រប់គ្រងប្រកបដោយ​យុទ្ធសាស្ត្រវែងឆ្ងាយ ភាពឆ្លាតវៃខាងការទូត និងធ្លុងសាមគ្គីភាពជាតិផ្ទៃក្នុង។ ក្នុងន័យនេះ យ៉ាងហោចណាស់មាន​សសរស្តម្ភគោលនយោបាយអាទិភាព​ចំនួនបី ដែលគ្រប់គណបក្សនយោបាយគួរតែតម្រង់ទិស និងដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួន ហើយក្លាយជាកម្មវិធីនយោបាយជាតិនៅពេលដែលខ្លួនឈ្នះឆ្នោតឡើងកាន់អំណាច៖

ទី១. គោលនយោបាយដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ៖ គ្រប់គណបក្សនយោបាយ​ទាំងអស់គប្បី​បង្ហាញឱ្យបានច្បាស់លាស់នូវយុទ្ធសាស្ត្រ ចក្ខុវិស័យ និងយន្តការគតិយុត្តរបស់ខ្លួន ក្នុង​ការ​ដោះស្រាយ​វិវាទព្រំដែនជាមួយប្រទេសជិតខាង ដោយផ្អែកលើបទដ្ឋានច្បាប់អន្តរជាតិ ផែនទី​ប្រវត្តិសាស្ត្រ កិច្ចព្រមព្រៀង សន្ធិសញ្ញា និងយន្តការការទូតសន្តិវិធី។ ការដោះស្រាយ​បញ្ហាព្រំដែន​​មិនអាចផ្អែកលើ​អារម្មណ៍ ភាពឆេវឆាវ មនោសញ្ចេតនាបុគ្គល ឬការប្រើប្រាស់​វោហាសព្ទ​ជាតិ​និយ​ម​ជ្រុលនោះឡើយ ប៉ុន្តែត្រូវផ្អែកលើសតិបញ្ញា ភស្តុតាងឯកសារច្បាប់ដ៏រឹងមាំ និងការទូតប្រកបដោយការទទួលខុស​ត្រូវខ្ពស់។

ទី២. យុទ្ធសាស្ត្រ និងយុទ្ធវិធីការពារព្រំដែន អធិបតេយ្យ និងបូរណភាពទឹកដី ៖ គណបក្សនយោបាយ​ទាំងអស់ គួរមានចក្ខុវិស័យវែងឆ្ងាយនិងច្បាស់លាស់អំពីការកសាង​និងពង្រឹងសមត្ថភាពវិស័យការពារជាតិ ទំនើបកម្មយន្តការ​សន្តិសុខព្រំដែន ការអភិវឌ្ឍយុទ្ធសាស្ត្រខ្សែក្រវាត់ការពារ និងការប្រើប្រាស់ការទូតបុរេកម្ម ជាយន្តការបង្ការនិងទប់ស្កាត់ជម្លោះ។ ការការពារអធិបតេយ្យនិងបូរណភាពទឹកដី មិនមែនជាកាតព្វកិច្ច​ដាច់ដោយឡែករបស់កងទ័ពតែមួយមុខនោះទេ ប៉ុន្តែជាកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមរបស់ជាតិទាំងមូល។

ទី៣. គោលនយោបាយអភិវឌ្ឍន៍ព្រំដែន ៖ ប្រជាពលរដ្ឋដែលរស់នៅតាម​ខ្សែ​បន្ទាត់ព្រំដែន គឺជា ព្រំដែន​រស់ ជាមហាកំពែងការពារអធិបតេយ្យ​ជួរមុខ​ដ៏មានប្រសិទ្ធភាពបំផុត។ ប្រសិនបើតំបន់​ព្រំដែន​​ស្ថិតក្នុង​ភាពក្រីក្រ ខ្វះខាតហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ខ្វះសេវាសាធារណៈ និងឱកាសសេដ្ឋកិច្ច នោះវានឹង​បង្កជា​ភាពងាយរងគ្រោះទាំងផ្នែកសន្តិសុខ ភូមិសាស្ត្រនយោបាយ និងស្ថិរភាពសង្គម។ ដូច្នេះ ការអភិវឌ្ឍ​តំបន់ព្រំដែន គប្បីត្រូវបានចាត់ទុកជា​គោលនយោបាយសន្តិសុខជាតិ​យូរអង្វែងដ៏សំខាន់និងចាំបាច់បំផុត។

អ្វីដែលជាចំណុច​គន្លឹះនិងសំខាន់បំផុតនៅចំពោះមុខស្ថានភាពបច្ចុប្បន្ន មិនមែនជាការចោទប្រកាន់ ភាពមន្ទិលសង្ស័យ ឬការទម្លាក់កំហុសដាក់គ្នាទៅវិញទៅមករវាងខ្មែរនិងខ្មែរនោះឡើយ។ សំណួរសំខាន់​ដែល​យើង​​ត្រូវចោទ​សួរនោះគឺ តើយើងត្រូវធ្វើដូចម្តេច ដើម្បីទាមទារយក​ទឹកដីដែលទាហានសៀម​ឈ្លានពាន​​កំពុងឈរជើង គ្រប់គ្រង និងកាន់កាប់ដោយខុសច្បាប់ ​ត្រឡប់មក​វិញប្រកបដោយសន្តិវិធី ភាពស្របច្បាប់ និងមានប្រសិទ្ធភាព?

នេះគឺជាចំណុចស្នូលដែលអ្នកនយោបាយគ្រប់និន្នាការត្រូវរួម​គ្នាគិត ស្រាវជ្រាវ និងស្វែងរក​ដំណោះ​ស្រាយរួម មិនមែនយកបញ្ហាដែលជាជោគវាសនារបស់ជាតិនេះ មកធ្វើជាឧបករណ៍​ដើម្បីកេងចំណេញ​ទាញយកប្រជាប្រិយភាព ឬយកឈ្នះចាញ់ផ្នែកនយោបាយផ្ទៃក្នុងនោះឡើយ។ អ្នកនយោបាយទាំងអស់ ត្រូវទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រជាតិនិងកូនចៅជំនាន់ក្រោយ បើទឹកដីនេះរបូតទៅដៃ​សត្រូវ​ជាស្ថាពរ។

បញ្ហាព្រំដែន ជាបញ្ហាជាតិដ៏មានសារសំខាន់បំផុត ដែលទាមទារឱ្យមានធ្លុងសាមគ្គីភាពជាតិ​កម្រិត​ខ្ពស់បំផុត។ ថ្នាក់ដឹកនាំនិងអ្នកនយោបាយគ្រប់និន្នាការ គប្បីចេះបិទទ្វារ​ពិភាក្សា​គ្នាក្នុងមហាគ្រួសារខ្មែរ​ប្រកប​ដោយវិជ្ជាជីវៈ ​ការទទួលខុសត្រូវ និងមនសិការជាតិខ្ពស់បំផុត ដើម្បីស្វែងរក​យុទ្ធសាស្ត្ររួម​​ក្នុង​ការ​ការពារផលប្រយោជន៍ជាតិ។ យើងមិនគួរយកចំណុចខ្លាំង ចំណុចខ្សោយ ឬយុទ្ធសាស្ត្រផ្ទៃក្នុងរបស់ខ្មែរ មកលាតត្រដាងឬវាយប្រហារគ្នា​ជាសាធារណៈឡើយ ព្រោះទង្វើបែប​នេះ អាចនឹងក្លាយជាការផ្តល់ទិន្នន័យ​ឬព័ត៌មានយុទ្ធសាស្ត្រដែលសត្រូវឈ្លានពាន​ឬភាគីម្ខាងទៀត​អាចយកទៅប្រើប្រាស់ដើម្បីវាយបកនិងប្រឆាំង​នឹង​យើងវិញ​។

​ខ្មែរយើងមានសុភាសិត​មួយពោលថា «ឈ្លោះគ្នាក្នុងគ្រួសារ ដូចស្រាតកាយាបង្ហាញញាតិ ឈ្លោះគ្នាក្នុងសង្គមជាតិ ដូចលាតកំណប់បង្ហាញចោរ»។ សុភាសិតនេះ នៅតែមានតម្លៃជ្រាល​ជ្រៅសម្រាប់បរិបទបច្ចុប្បន្ន។ នៅពេលដែលខ្មែរនិងខ្មែរឈ្លោះទាស់ទែងគ្នា​ដោយគ្មានព្រំដែនកំណត់ និងការបញ្ចេញព័ត៌មានរសើប​ឬយុទ្ធសាស្ត្រជាតិជាសាធារណៈ វាមិនត្រឹមតែធ្វើឱ្យកម្លាំងផ្ទៃក្នុង​ជាតិចុះខ្សោយនិងបែកបាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងផ្ដល់ឱកាស​ឱ្យបរទេសឈ្លានពាន ប្រើប្រាស់ភាពល្ងង់ខ្លៅនិងភាពបែកបាក់របស់យើង ដើម្បីបម្រើឱ្យផលប្រយោជន៍និងមហិច្ឆតា​ឈ្លានពានរបស់ពួកគេទៅវិញទេ។

ដូច្នេះ អ្នកនយោបាយទាំងអស់មិនគួរប្រើប្រាស់​បញ្ហាព្រំដែន​​ឧបករណ៍នយោបាយបង្កឱ្យមានភាពបែកបាក់​ជាតិ ឬដុតកំដៅកំហឹងសង្គមនោះឡើយ ប៉ុន្តែយើងគួរតែបង្កើតរបៀបវារៈជាតិរួមតែមួយ ដែលគ្រប់​គណបក្ស​នយោបាយ​និងប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមគ្នាថែរក្សា​និងការពារ។ បញ្ហាព្រំដែនគួរតែជាជ័រ​កាវបិទភ្ជាប់ឈាមខ្មែរ មិនគួរជាគ្រាប់បែកផ្ទុះបំបែកឈាមខ្មែរឱ្យបែកខ្ញែកគ្នានោះទេ។ នៅពេលណា​ដែល​បញ្ហា​ទឹកដី និងអធិបតេយ្យជាតិ ត្រូវបានប្រែក្លាយទៅជាគោលនយោបាយរួម​និងជាសំឡេង​ឯកច្ឆន្ទ​របស់​ជាតិ នោះ​ខ្មែរនឹងមាន​ភាពធន់ផ្ទៃក្នុង​និងមានកម្លាំងយុទ្ធសាស្ត្រគ្រប់គ្រាន់ក្នុងការការពារអធិបតេយ្យ​ បូរណភាព​ទឹកដី និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិ​ឱ្យបានរឹងមាំ​និងស្ថិតស្ថេរគង់វង្ស​យូរអង្វែង៕

បណ្ឌិត គិន ភា គឺជា​សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា

អត្ថបទទាក់ទង