Grand News Asia Close

វិភាគអន្តរជាតិ៖ ចិនកំពុងបញ្ចុះបញ្ចូលឱ្យពិភពលោកចាយប្រាក់យ័ន តើអាចនឹងជោគជ័យទេ?

ដោយ៖ Morm Sokun ​​ | ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ទស្សនៈ-Opinion 1106
វិភាគអន្តរជាតិ៖ ចិនកំពុងបញ្ចុះបញ្ចូលឱ្យពិភពលោកចាយប្រាក់យ័ន តើអាចនឹងជោគជ័យទេ? វិភាគអន្តរជាតិ៖ ចិនកំពុងបញ្ចុះបញ្ចូលឱ្យពិភពលោកចាយប្រាក់យ័ន តើអាចនឹងជោគជ័យទេ?

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានចូលរួមក្នុងកិច្ចចរចាជាមួយអ៉ីរ៉ង់ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយ ដោយផ្អែកលើអំណាចជាប្រពៃណីមួយរបស់ខ្លួន នោះគឺការសន្យាបន្ធូរបន្ថយទណ្ឌកម្ម និងអនុញ្ញាតឱ្យអ៉ីរ៉ង់ ទទួលបានប្រាក់មួយចំនួនពីទ្រព្យសម្បត្តិជិត ១០០ពាន់លានដុល្លារដែលត្រូវបានបង្កក។ ក៏ប៉ុន្តែអំណាចបែបនេះកំពុងថយថមចុះ ខណៈទីក្រុងតេហេរ៉ង់បានធ្វើឱ្យយុទ្ធនាការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកថយចុះ ប្រសិទ្ធភាពក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះតាមរយៈការប្រើប្រាស់ដោយជោគជ័យនូវ «និម្មាបនកម្មហិរញ្ញវត្ថុ ឬប្រព័ន្ធហិរញ្ញវត្ថុ» ដែលត្រូវបានបង្កើតឡើងដោយផ្អែកលើប្រាក់យ័នរបស់ចិន។

អនុត្តរភាពរបស់ប្រាក់ដុល្លារអាមេរិក ដែលបច្ចុប្បន្ននៅតែត្រូវបានប្រើប្រាស់ ៨០ភាគរយក្នុងការធ្វើពាណិជ្ជកម្មហិរញ្ញវត្ថុអន្តរជាតិ បានផ្ដល់អត្ថាប្រយោជន៍យ៉ាងសម្បើមដល់ទីក្រុងវ៉ាស៊ីនតោន ក្នុងការចាត់ចែងពាណិជ្ជកម្មពិភពលោក។ ការទូទាត់ក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិភាគច្រើនធ្វើឡើងជាប្រាក់ដុល្លារអាមេរិក តាមរយៈធនាគារអាមេរិកដែលនេះបានធ្វើឱ្យវ៉ាស៊ីនតោនមានសមត្ថភាពតាមដានលំហូរហិរញ្ញវត្ថុ និងអាចដាក់ទណ្ឌកម្មលើបណ្ដាប្រទេសដទៃ។ ប៉ុន្តែ នៅពេលដែលសត្រូវរបស់សហរដ្ឋអាមេរិកងាកទៅប្រើប្រាស់ប្រាក់យ័នក្នុងការធ្វើពាណិជ្ជកម្មរបស់ពួកគេ នោះការទូទាត់នឹងមិនត្រូវធ្វើឡើងតាមប្រព័ន្ធធនាគារអាមេរិកនោះទេ ហើយនេះអាចនឹងធ្វើឱ្យអំណាចរបស់ទីក្រុងវ៉ាស៊ីនតោន ធ្លាក់ចុះប្រសិទ្ធភាព។

សហរដ្ឋអាមេរិកបានបើកផ្លូវឱ្យអ៉ីរ៉ង់លក់ប្រេងឡើងវិញក្រោមការទូទាត់ជាប្រាក់ដុល្លារអាមេរិក ដោយមិនជាប់ទណ្ឌកម្មរយៈពេល ៦០ថ្ងៃអំឡុងកិច្ចចរចា។ ទោះជាស្ថិតក្រោមទណ្ឌកម្មអាមេរិកដែលជាគោលការណ៍មានន័យថាការលក់ ប្រេងរបស់អ៉ីរ៉ង់ត្រូវបានរាំងខ្ទប់ក៏ដោយ អ៉ីរ៉ង់នៅតែអាចកើបបានចំណូលជាង ៤៣ពាន់លានដុល្លារពីការលក់ប្រេងក្នុងឆ្នាំ២០២៤ ហើយភាគច្រើននៃប្រេងដែលត្រូវបានលក់គឺត្រូវបានទូទាត់ជាប្រាក់យ័ន។ នេះបើតាមក្រសួងហិរញ្ញវត្ថុអាមេរិក។ ករណីដូចគ្នានេះដែរ នៅពេលផ្ដើមធ្វើសង្រ្គាមជាមួយអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២៤ និងបន្ទាប់ពីសហរដ្ឋអាមេរិក រួមទាំងបណ្ដាប្រទេសអឺរ៉ុបព្រួតគ្នាដាក់ទណ្ឌកម្ម ក្រុមហ៊ុននាំចេញប្រេង និងក្រុមហ៊ុនជាច្រើនទៀតរបស់រុស្ស៉ីបានប្រើប្រាក់យ័នក្នុងការធ្វើពាណិជ្ជកម្ម។ បច្ចុប្បន្ន ក្រុមមន្ត្រីរុស្ស៉ីបានឱ្យដឹងថា៩០ភាគរយ នៃការធ្វើពាណិជ្ជកម្មរវាងរុស្ស៉ី និងចិនត្រូវបានទូទាត់ជាប្រាក់យ័ន និងប្រាក់រូប្លិ៍របស់រុស្ស៉ី។

* កិច្ចព្រមព្រៀងចិន-អ៉ីរ៉ង់
ចិនបានចាប់ផ្ដើមបោះជំហានដើម្បីប្រើប្រាស់ប្រាក់យ័នសម្រាប់ការទូទាត់ប្រាក់អន្តរជាតិ បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨។ មានអតិរេកពាណិជ្ជកម្មជាច្រើនឆ្នាំមកនេះ បានធ្វើឱ្យចិនកាន់កាប់ទុនបម្រុងអន្តរជាតិ ២ទ្រីលានដុល្លារ ក្នុងនោះភាគច្រើនជាប្រាក់ដុល្លារអាមេរិក។ ម្លោះហើយថ្នាក់ដឹកនាំចិនមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថាទុនបម្រុងអន្តរជាតិរបស់ចិនអាចនឹងស្ថិតនៅក្រោមឥទ្ធិពលរបស់រដ្ឋាភិបាលអាមេរិក និងធានាគារកណ្ដាលអាមេរិក ដែលការសម្រេចចិត្តណាមួយរបស់ពួកគេអាចនឹងធ្វើឱ្យទុនបម្រុងអន្តរជាតិរបស់ចិនធ្លាក់ថ្លៃ ហើយក្នុងមានករណីជម្លោះណាមួយផ្ទុះឡើង សហរដ្ឋអាមេរិកក៏អាចនឹងផាត់ចិនចេញពីប្រព័ន្ធ លុយដុល្លារអាមេរិកផងដែរ។ ដោយមើលឃើញបែបនេះ ទីក្រុងប៉េកាំងបានប្រើប្រាស់ទុនបម្រុងអន្តរជាតិជាលុយដុល្លារអាមេរិកដើម្បីផ្ដល់កម្ចីទៅឱ្យបណ្ដាប្រទេសកំពុងអភិវឌ្ឍក្នុងគោលដៅពង្រីកឥទ្ធិពលរបស់ខ្លួន នៅជុំវិញពិភពលោក។ ក្រោយមក ចិនបានងាកទៅផ្ដល់កម្ចីជាប្រាក់យ័នតាមរយៈធនាគារកណ្ដាលរបស់ខ្លួនឱ្យទៅបណ្ដាប្រទេសក្រីក្រដែលធ្វើឱ្យចិនក្លាយជាម្ចាស់កម្ចីមួយដែលពួកគេមិនអាចខ្វះបាន។ រហូតដល់ ឆ្នាំ២០១៥ ចិនបានប្រកាសដាក់ចេញប្រព័ន្ធទូទាត់អន្តរធនាគារ CIPS ​(Cross-Border Interbank Payment System) ដែលជាប្រព័ន្ធគ្រប់គ្រងលើការផ្ទេរ និងទូទាត់ប្រាក់ឆ្លងដែន ដើម្បីសម្រួល ការធ្វើពាណិជ្ជកម្មទ្វេភាគី និងជំរុញការប្រើប្រាស់ប្រាក់យ័ន ដើម្បីជួយជំរុញឱ្យការទូទាត់ប្រាក់យ័នកាន់តែមានលក្ខណៈអន្តរជាតិ។

៣ឆ្នាំក្រោយមកទៀត ចិនបានដាក់ចេញការធ្វើពាណិជ្ជកម្មប្រេងទូទាត់ជាប្រាក់យ័ន ដែលអនុញ្ញាតឱ្យចិនទិញប្រេងទូទាត់ជាប្រាក់យ័នជំនួសឱ្យប្រាក់ដុល្លារអាមេរិក។ ចិនក៏ទទួលបានជោគជ័យដែរក្នុងការញ្ចុះបញ្ចូលឱ្យ ក្រុមហ៊ុនអន្តរជាតិមួយចំនួន ក្នុងនោះរួមមានទាំងធនាគារអាមេរិកបោះផ្សាយមូលបត្របំណុលជាប្រាក់យ័នទៀតផង។ កិច្ចប្រឹងប្រែងជំរុញប្រាក់យ័នរបស់ចិនកំពុងស្ថិតក្នុងដំណាក់កាលដំបូង នៅពេលរដ្ឋបាលលោក ត្រាំ កាលពីអាណត្តិទី១ ក្នុងឆ្នាំ២០១៨ បានធ្វើយុទ្ធនាការបិទខ្ទប់ការនាំចេញប្រេងរបស់អ៉ីរ៉ង់នៅដល់កម្រិតសូន្យ និងបង្ខំឱ្យអ៉ីរ៉ង់ត្រឡប់ទៅរកតុចរចាជុំវិញកម្មវិធីនុយក្លេអ៊ែរ និងការគាំទ្ររបស់អ៉ីរ៉ង់ចំពោះក្រុម Proxy នៅទូទាំងតំបន់មជ្ឈិមបូព៌ា តួយ៉ាងដូចជាក្រុមហេសបូឡា។ ទណ្ឌកម្មអាមេរិកបានធ្វើឱ្យការលក់ប្រេងអ៉ីរ៉ង់ស្ទើរតែដួលរលំខណៈបណ្ដាប្រទេសដែលខ្លាចជាប់ទណ្ឌកម្មអាមេរិក បានបញ្ឈប់ការទិញប្រេងពីអ៉ីរ៉ង់។

ការណ៍នេះបានជំរុញឱ្យតេហេរ៉ង់ងាកទៅរកប៉េកាំង។ ចិន និងអ៉ីរ៉ង់បានចុះហត្ថលេខាលើសន្ធិសញ្ញាយុទ្ធសាស្ត្រមួយមានអាយុកាល២៥ឆ្នាំ ក្នុងខែមីនា ឆ្នាំ២០២១ សំដៅពង្រឹងទំនាក់ទំនងសន្តិសុខ និងសេដ្ឋកិច្ចរវាង ប្រទេសទាំង២ឱ្យកាន់តែស៊ីជម្រៅ។ នៅក្រោមសន្ធិសញ្ញានេះដែលត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ អ៉ីរ៉ង់នឹងត្រូវធ្វើពាណិជ្ជកម្មប្រេងដើម្បីដោះដូរទៅនឹងការវិនិយោគរបស់ចិនលើកំពង់ផែអ៉ីរ៉ង់ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។ អ៉ីរ៉ង់បានចាត់ទុកថាភាពជាដៃគូជាមួយចិនជាខែលការពារមួយប្រឆាំងនឹងសម្ពាធខុសច្បាប់របស់ភាគីទី៣ ដែលគេដឹងច្បាស់ថាតេហេរ៉ង់ចង់សំដៅលើសហរដ្ឋអាមេរិក។

តែយ៉ាងណាក៏ដោយ ចិននៅតែមានការបារម្ភថាការទិញប្រេងពីអ៉ីរ៉ង់អាចនឹងធ្វើឱ្យក្រុមហ៊ុនចិនប្រឈមមុខនឹងការជាប់ទណ្ឌកម្មពីប្រព័ន្ធហិរញ្ញវត្ថុគ្រប់គ្រងដោយប្រាក់ដុល្លារអាមេរិក។ ដូច្នេះហើយទើបអ៉ីរ៉ង់បានធ្វើការ ជាមួយអតិថិជនក្នុងប្រទេសចិនដើម្បីបង្កើតប្រព័ន្ធសម្ងាត់មួយសម្រាប់ការទិញប្រេង។ ក្រោមប្រព័ន្ធសម្ងាត់នេះ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានបង្កើតក្រុមហ៊ុនជាច្រើនមានតែសំបក ដើម្បីធ្វើការជាមួយឈ្នួញកណ្ដាល ក្នុងការលក់ប្រេងទៅឱ្យចិន និងបិទបាំងប្រភពដើមនៃប្រេងដែលត្រូវបានលក់។ កិច្ចប្រឹងប្រែងនេះរួមបញ្ចូលទាំងការពង្រីក «កងនាវាស្រមោល» ក្នុងការលក់ប្រេងជាប់ទណ្ឌកម្មរវាងអ៉ីរ៉ង់ និងចិន ក្រោមមធ្យោបាយដែល បិទបាំងប្រភពដើមនៃប្រេង។ ជាឧទាហរណ៍ដូចជាការផ្ទេរប្រេងចេញពីកប៉ាល់មួយទៅកប៉ាល់មួយទៀតជាដើម។ តាមក្រុមមន្ត្រីអាមេរិក ទោះជាអ៉ីរ៉ង់ដាក់លក់ប្រេងទូទាត់ជាប្រាក់ដុល្លារអាមេរិកក៏ពិតមែន តែការធ្វើពាណិជ្ជកម្មជាមួយចិនភាគច្រើនត្រូវទូទាត់ជាប្រាក់យ័ន។ គិតត្រឹមដំណាច់ឆ្នាំ២០២២ ចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតដែលទិញ ៩០ភាគរយនៃប្រេងរបស់អ៉ីរ៉ង់។

* ប្រព័ន្ធ mBridge
កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីណាមួយអាចនឹងអនុញ្ញាតឱ្យអ៉ីរ៉ង់ត្រឡប់ចូលទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិវិញ។ តែព្រមពេលជាមួយគ្នា អ៉ីរ៉ង់បានរកឃើញវិធីគេចចេញពីទណ្ឌកម្មតាមរយៈការប្រើប្រាក់យ័ន រួចស្រេចទៅហើយ។ សារៈសំខាន់នៃប្រាក់យ័នបានលេចចេញជារូបរាង នៅបន្ទាប់ពីសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើង។ កាលពីខែមីនា ឆ្នាំ២០២៦ កប៉ាល់ដឹកទូរកុងតឺន័រ Newvoyager មានម្ចាស់ជាជនជាតិចិន បានបង់ប្រាក់ ២លានដុល្លារដែលទូទាត់ជាប្រាក់យ័នទៅឱ្យអ៉ីរ៉ង់ ដើម្បីអាចឆ្លងកាត់ច្រកសមុទ្រ Hormuz។ នេះបើតាមការចុះផ្សាយរបស់កាសែតអាមេរិក Wall Street Journal។ កប៉ាល់មួយចំនួនទៀតក៏ត្រូវបានរាយការណ៍ថា បានទូទាត់ជាប្រាក់យ័នឱ្យអ៉ីរ៉ង់ដែរដើម្បីអាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះដោយសុវត្ថិភាព។ នៅឯអេមីរ៉ាតអារ៉ាប់រួមវិញ ការវាយប្រហារដោយហ្វូងដ្រូន និងមីស៊ីលពីអ៉ីរ៉ង់បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សេដ្ឋកិច្ចរបស់ប្រទេសមួយនេះដែលសម្បូរដោយជនបរទេសរស់នៅ។ សង្រ្គាមអ៉ីរ៉ង់បានធ្វើឱ្យក្រុមអ្នកវិនិយោគ និងជនបរទេសសម្រុកចាកចេញពីអេមីរ៉ាតអារ៉ាប់រួម ហើយដូរប្រាក់ dirhams (ប្រាក់អេមីរ៉ាត់អារ៉ាប់រួម) របស់ពួកគេទៅជាប្រាក់ដុល្លារ និងកាត់បន្ថយទុនបម្រុងជាប្រាក់ដុល្លារក្នុងធនាគារកណ្ដាលរបស់អេមីរ៉ាតអារ៉ាប់រួម។ សង្រ្គាមអ៉ីរ៉ង់ក៏បានធ្វើឱ្យការនាំចេញប្រេងរបស់អេមីរ៉ាតអារ៉ាប់រួម ដែលទូទាត់ជាប្រាក់ដុល្លារអាមេរិក ធ្លាក់ចុះជាហេតុធ្វើឱ្យចំណូលជាប្រាក់ដុល្លារថយចុះផងដែរ។

តាម Wall Street Journal ក្រុមមន្ត្រីអេមីរ៉ាតអារ៉ាប់រួមបានប្រាប់ក្រុមមន្ត្រីអាមេរិកថាប្រសិនបើប្រទេសរបស់ពួកគេខ្វះខាតប្រាក់ដុល្លារអាមេរិក ពួកគេអាចនឹងត្រូវបង្ខំចិត្តប្រើប្រាស់ប្រាក់យ័នរបស់ចិនក្នុងការលក់ប្រេង និងការទូទាត់ផ្សេងៗទៀតដែលនេះនឹងកាន់តែពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងអាប៊ូដាប៊ី និងប៉េកាំងឱ្យកាន់តែស៊ីជម្រៅ។ អេមីរ៉ាតអារ៉ាប់រួមក៏ជាដៃគូដ៏សំខាន់មួយក្នុងប្រព័ន្ធ mBridge របស់ចិនផងដែរ។ ត្រូវបានសម្ពោធ ដាក់ឱ្យប្រើក្នុងឆ្នាំ២០២១ mBridge បានចាប់ផ្ដើមដំណើរក្រោមគម្រោងសហការមួយមានការចូលរួមពីធនាគារ Bank for International Settlements មានមូលដ្ឋានក្នុងប្រទេសស្វ៉ីស ចិន អេមីរ៉ាតអារ៉ាប់រួម ថៃ ហុងកុង និងអារ៉ាប៊ីសាអូឌីតដែលជាដៃគូពាណិជ្ជកម្មប្រេងដ៏ធំរបស់ចិនបានចូលរួមនៅបន្ទាប់មកទៀត។ mBridge ត្រូវបានបង្កើតឡើងដោយប្រើបច្ចេកវិទ្យា Blockchain។ Blockchain ជា​បច្ចេកវិទ្យា​បង្កើតឡើង​ដំបូង​ដើម្បី​ដោះដូរ និង​បញ្ជាក់​ភាព​ពិតប្រាកដ​របស់​រូបិយប័ណ្ណ​ឌីជីថល Bitcoin។ ជា​មូលដ្ឋាន គឺ​ការធ្វើ​បញ្ជី​គណនេយ្យ​មួយដែលមាន​ទម្រង់​ជា​ប្រព័ន្ធ​សំណុំ​កុំព្យូទ័រមិនអាច​កែប្រែបាន។ mBridge ដែលប្រើបច្ចេកវិទ្យា Blockchain សម្រាប់ធនាគារពាណិជ្ជកម្មធ្វើការផ្ទេរប្រាក់យ័នឌីជីថល និងរូបិយបណ្ណដទៃទៀតសម្រាប់អតិថិជនរបស់ពួកគេ ត្រូវបានបង្កើតឡើងជាមធ្យោបាយមួយសម្រាប់ការទូទាត់សកលឱ្យបានលឿនរហ័ស ពោលគឺ ចង់ឱ្យលឿនរហ័សជាងប្រព័ន្ធទូទាត់សកល Swift​ របស់លោកខាងលិច។

គួរបញ្ជាក់ថា បើទោះជាប្រព័ន្ធទូទាត់ CIPS របសចិននៅតែមានទំហំតូចក៏ពិតមែន តែប្រព័ន្ធមួយនេះបានរីកចម្រើនគួរឱ្យកត់សម្គាល់ បន្ទាប់ពីសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ផ្ទុះឡើង។ ការទូតទាត់នៅលើ CIPS មានទំហំ ៧៩០ពាន់លានយ័ន ឬស្មើនឹង ១១៥ពាន់លានដុល្លារក្នុងមួយថ្ងៃ ក្នុងរយៈពេល៣ខែចាប់តាំងពីសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើងកាលពីចុងខែកុម្ភៈ ធៀបទៅនឹង ៦៨០ពាន់លានយ័នក្នុងមួយថ្ងៃ ឬស្មើនឹង១០០ពាន់លានដុល្លារកាលពីឆ្នាំ២០២៥។ នេះបើតាមវិទ្យាស្ថាន Atlantic Council។ ប្រព័ន្ធទូទាត់ Swift មានមូលដ្ឋានក្នុងប្រទេសបែលហ្ស៉ិក នៅតែមានវិសាលភាពធំធេងដោយការទូទាត់អន្តរជាតិលើ ប្រព័ន្ធនេះមានទំហំ ៥ទ្រីលានដុល្លារក្នុងមួយថ្ងៃ។ ប៉ុន្តែការរីកធំធាត់យ៉ាងឆាប់រហ័សនៃសកម្មភាពរបស់ CIPS បានធ្វើឱ្យប្រព័ន្ធទូទាត់របស់ចិនមួយនេះកាន់តែមានលក្ខណៈអន្តរជាតិខ្លាំងជាងមុន៕

-Fresh News-

អត្ថបទទាក់ទង