Grand News Asia Close

កម្ពុជាមិនមែនជាប្រទេសដែលត្រូវសុំការអនុញ្ញាតពីថៃ មុននឹងនិយាយការពិតនៅលើឆាកអន្តរជាតិនោះទេ

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ទស្សនៈ-Opinion ព័ត៌មានជាតិ 1019
កម្ពុជាមិនមែនជាប្រទេសដែលត្រូវសុំការអនុញ្ញាតពីថៃ មុននឹងនិយាយការពិតនៅលើឆាកអន្តរជាតិនោះទេ កម្ពុជាមិនមែនជាប្រទេសដែលត្រូវសុំការអនុញ្ញាតពីថៃ មុននឹងនិយាយការពិតនៅលើឆាកអន្តរជាតិនោះទេ

ដោយ៖លោកតា

ការចេញមុខរបស់លោក Sihasak Phuangketkeow ក្នុងការព្រមានកម្ពុជាឱ្យ “បញ្ឈប់ការប្រើវេទិកាអន្តរជាតិដើម្បីវាយប្រហារថៃ” មិនត្រឹមតែបង្ហាញពីភាពក្រអឺតក្រទមផ្នែកការទូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការមិនគោរពសិទ្ធិអធិបតេយ្យរបស់ប្រទេសជិតខាងមួយ ដែលមានសិទ្ធិស្មើគ្នាក្នុងសហគមន៍អន្តរជាតិ។

កម្ពុជា ជារដ្ឋអធិបតេយ្យ មិនមែននៅក្រោមអាណានិគមរបស់ថៃឡើយ។ កម្ពុជាមានសិទ្ធិពេញលេញក្នុងការលើកឡើងពីបញ្ហាដែលប៉ះពាល់ដល់បូរណភាពទឹកដី សន្តិសុខជាតិ និងសេចក្ដីថ្លៃថ្នូររបស់ខ្លួន នៅលើវេទិកាអន្តរជាតិណាមួយ រួមទាំងអង្គការសហប្រជាជាតិ។ ប្រសិនបើថៃគ្មានអ្វីត្រូវលាក់បាំង ហេតុអ្វីបានជាខ្លាចការលើកឡើងនៅកម្រិតអន្តរជាតិ?

ការចោទថា កម្ពុជាកំពុង “ធ្វើអោយបញ្ហាទ្វេភាគីឡើងដល់ឆាកអន្តរជាតិ” គឺជាការបង្វែរបញ្ហា ជាក់ស្តែង បញ្ហាព្រំដែន និងការរំលោភអធិបតេយ្យ មិនមែនជារឿងតូចតាចដែលអាចបិទបាំងក្រោមតុចរចាបានឡើយ នៅពេលដែលមានការរំលោភ ឬសកម្មភាពដែលធ្វើឱ្យកម្ពុជាបាត់បង់ទំនុកចិត្ត កម្ពុជាមានសិទ្ធិប្រើយន្តការអន្តរជាតិដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួន។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើល គឺថៃតែងតែនិយាយអំពី “ការកសាងទំនុកចិត្ត” ប៉ុន្តែសកម្មភាពជាក់ស្តែងវិញ គឺការគាបសង្កត់ផ្នែកនយោបាយ ការបង្ហាញអំណាច និងការព្យាយាមបិទមាត់កម្ពុជា។ ទំនុកចិត្តមិនអាចកើតឡើងបានទេ ប្រសិនបើភាគីមួយតែងចង់ធ្វើជាអ្នកបញ្ជា ហើយទាមទារឱ្យភាគីម្ខាងទៀតនៅស្ងៀម។

សាធារណជន និងអ្នកសង្កេតការណ៍អន្តរជាតិ (AOT) ក៏បានឃើញយ៉ាងច្បាស់ពីចរិតពាល និងអាកប្បកិរិយាគំរាមកំហែងរបស់ភាគីថៃផងដែរ។ ជាក់ស្តែង ក្នុងអំឡុងពេលដែលគណៈប្រតិភូចុះទៅពិនិត្យតំបន់ដែលថៃបានឈ្លានពានលើទឹកដីកម្ពុជា ទាហានថៃបានបាញ់គំរាមជាច្រើនគ្រាប់ ដើម្បីបង្កសម្ពាធ និងបំភិតបំភ័យ។ ទង្វើបែបនេះ មិនមែនជាឥរិយាបថរបស់ប្រទេសដែលចង់បានសន្តិភាព និងការកសាងទំនុកចិត្តឡើយន្តែជាការបង្ហាញពីនយោបាយអំណាច និងការមិនគោរពច្បាប់អន្តរជាតិ។

ប្រសិនបើថៃពិតជាចង់ឱ្យបញ្ហាត្រូវដោះស្រាយដោយសន្តិវិធី មូលដ្ឋានដំបូងគេគឺត្រូវបញ្ឈប់សកម្មភាពគំរាមកំហែង និងការប្រើកម្លាំងយោធា មិនអាចនិយាយអំពី “មិត្តភាព” នៅនិងមាត់ ខណៈដៃម្ខាងកំពុងកាន់អាវុធបាញ់គំរាមប្រទេសជិតខាងបានឡើយ។

លោក ស៊ីហាសាក់ គួរយល់ថា សម័យដែលប្រទេសតូចត្រូវស្ដាប់តាមប្រទេសធំដោយគ្មានសំឡេងផ្ទាល់ខ្លួន បានបញ្ចប់យូរហើយ។ កម្ពុជាសព្វថ្ងៃ មានភាពចាស់ទុំផ្នែកការទូត មានមិត្តភាពអន្តរជាតិទូលំទូលាយ និងមានសិទ្ធិស្មើគ្នាក្នុងការនិយាយការពិតទៅកាន់ពិភពលោក។

ការគំរាមថា “អនាគតទំនាក់ទំនងអាស្រ័យលើកម្ពុជា” ក៏ជាសម្ដីដែលបង្ហាញពីភាពអាត្មានិយមផ្នែកការទូតផងដែរ។ ទំនាក់ទំនងល្អមិនអាចស្ថិតលើការបង្គាប់ ឬការគំរាមបានឡើយ ប្រសិនបើថៃពិតជាចង់បានសន្តិភាព និងទំនាក់ទំនងល្អមែន វាត្រូវចាប់ផ្តើមពីការគោរពកម្ពុជា ក្នុងនាមជាប្រទេសស្មើភាព មិនមែនជាប្រទេសដែលត្រូវស្ដាប់បង្គាប់ថៃឡើយ។

កម្ពុជាមិនដែលខ្លាចក្នុងការនិយាយការពិតទេ ហើយក៏មិនត្រូវបង្ខំឱ្យនៅស្ងៀម ដើម្បីបំពេញចិត្តអ្នកណាម្នាក់ដែរ៕

អត្ថបទទាក់ទង