ផែនទីអាចបដិសេធបាន តែប្រវត្តិសាស្ត្រ និងសាលក្រមអន្តរជាតិ មិនអាចលុបបានឡើយ
ដោយ៖លោកតា
ក្នុងរយៈពេលចុងក្រោយនេះ ការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃ អំពីការបដិសេធផែនទីសម័យអាណានិគមបារាំងខ្នាត 1:200,000 បានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ការអះអាងថា “ផែនទីនោះលែងមានសម្រាប់រដ្ឋាភិបាលថៃ” មិនមែនជាការបញ្ចេញមតិបច្ចេកទេសធម្មតាទេ ប៉ុន្តែជាសារនយោបាយដ៏ធ្ងន់ធ្ងរ ដែលប៉ះពាល់ដោយផ្ទាល់ដល់គោលការណ៍ច្បាប់អន្តរជាតិ ប្រវត្តិសាស្ត្រ និងស្ថិរភាពព្រំដែនក្នុងតំបន់អាស៊ីអាគ្នេយ៍។
បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ មិនមែនជាជម្លោះថ្មីឡើយ វាជាបញ្ហាប្រវត្តិសាស្ត្រដែលបានបន្តអស់ជាច្រើនទសវត្សរ៍ និងត្រូវបានពិភាក្សា ទាំងតាមយន្តការទ្វេភាគី និងតាមស្ថាប័នច្បាប់អន្តរជាតិ។ ដូច្នេះ ការបដិសេធផែនទីដែលធ្លាប់ត្រូវបានប្រើប្រាស់ និងទទួលស្គាល់ក្នុងប្រវត្តិសាស្ត្រអន្តរជាតិ មិនអាចត្រូវបានមើលថាជាការផ្លាស់ប្តូរបច្ចេកទេសធម្មតាបានឡើយនេះ ជាការប៉ុនប៉ងបង្កើត “ការពិតថ្មី” តាមរយៈសុន្ទរកថានយោបាយ។
•ផែនទី 1:200,000 មិនមែនជាក្រដាសធម្មតា
ផែនទីខ្នាត 1:200,000 ដែលរៀបចំក្នុងសម័យបារាំង គឺជាឯកសារប្រវត្តិសាស្ត្រ និងច្បាប់ដែលមានតម្លៃអន្តរជាតិ វាមិនមែនជាផែនទីដែលកម្ពុជាបង្កើតឡើងដោយឯកតោភាគីឡើយ ប៉ុន្តែជាផែនទីដែលត្រូវបានបង្កើតក្នុងដំណើរការកំណត់ព្រំដែនរវាងសៀម និងឥណ្ឌូចិនបារាំង ក្រោមកិច្ចព្រមព្រៀងអន្តរជាតិ។
អ្វីដែលសំខាន់ជាងនេះ គឺតុលាការអន្តរជាតិយុត្តិធម៌ (ICJ) នៅទីក្រុងឡាអេ ក្នុងសាលក្រមឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារ បានយោង និងទទួលស្គាល់សុពលភាពនៃផែនទីនេះ។ តុលាការបានសន្និដ្ឋានថា ថៃបានទទួលយកផែនទីនោះដោយការអនុវត្តជាក់ស្តែងអស់រយៈពេលជាយូរណាស់មកហើយ ដោយមិនបានជំទាស់ នេះមានន័យថា ផែនទីមិនត្រឹមតែជាឯកសារប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាផ្នែកមួយនៃមូលដ្ឋានច្បាប់អន្តរជាតិ។
ដូច្នេះ ការប្រកាសថា “ផែនទីនោះលែងមាន” មិនអាចលុបបំបាត់សាលក្រមអន្តរជាតិ ឬកាតព្វកិច្ចផ្លូវច្បាប់ដែលបានបង្កើតឡើងរួចហើយបានឡើយ ច្បាប់អន្តរជាតិមិនដំណើរការតាមឆន្ទៈនយោបាយរបស់រដ្ឋាភិបាលណាមួយទេ ប្រសិនបើរដ្ឋណាមួយអាចបដិសេធឯកសារប្រវត្តិសាស្ត្រដែលខ្លួនធ្លាប់ទទួលស្គាល់ ដោយគ្រាន់តែប្រកាសថា “លែងមាន” នោះប្រព័ន្ធច្បាប់អន្តរជាតិទាំងមូលនឹងបាត់បង់សុវត្ថិភាព និងស្ថិរភាព។
•អធិបតេយ្យភាព មិនមែនជាសិទ្ធិកំណត់ការពិតតែម្នាក់ឯង
ការលើកឡើងរបស់ថៃ ត្រូវបានបង្ហាញក្នុងបរិបទ “ការការពារអធិបតេយ្យភាពជាតិ”ក៏ប៉ុន្តែ ត្រូវយល់ថា អធិបតេយ្យភាព មិនមានន័យថា ប្រទេសណាមួយអាចកំណត់ព្រំដែនតាមការយល់ឃើញរបស់ខ្លួនដោយឯកតោភាគីនោះទេ។
ព្រំដែនអន្តរជាតិ គឺជាបញ្ហាដែលផ្អែកលើកិច្ចព្រមព្រៀង ប្រវត្តិសាស្ត្រ ការទទួលស្គាល់ និងច្បាប់អន្តរជាតិ។ ប្រសិនបើប្រទេសមួយអាចជំនួសផែនទីចាស់ដោយផែនទីថ្មីរបស់ខ្លួន ហើយប្រកាសថា “នេះជាបច្ចេកវិទ្យាទំនើបជាង” នោះប្រទេសជាច្រើនទៀតក៏អាចធ្វើដូចគ្នា ហើយនឹងបង្កឱ្យពិភពលោកចូលទៅក្នុងភាពវឹកវរ។
ការប្រើប្រាស់ផែនទីខ្នាត 1:50,000 របស់ថៃ អាចមានភាពត្រឹមត្រូវបច្ចេកទេសខ្ពស់ជាងមុន ប៉ុន្តែបច្ចេកវិទ្យាថ្មី មិនអាចជំនួសមូលដ្ឋានច្បាប់ដែលមានស្រាប់បានឡើយ បច្ចេកទេស និងច្បាប់ គឺជារឿងពីរផ្សេងគ្នា។ ភាពទំនើបនៃផែនទី មិនមានន័យថា អាចលុបបំបាត់កិច្ចព្រមព្រៀងប្រវត្តិសាស្ត្របានទេ។
•UNESCO មិនគួរត្រូវបានដាក់សម្ពាធនយោបាយ
ការទាមទារឱ្យ UNESCO “រក្សាភាពអព្យាក្រឹត” ស្តាប់ទៅដូចជាសមហេតុផល ប៉ុន្តែការបញ្ជាក់ជាបន្តបន្ទាប់ពីភាគីថៃ ក៏បង្ហាញពីការព្យាយាមបង្កើតសម្ពាធនយោបាយលើអង្គការអន្តរជាតិផងដែរ។
UNESCO ជាស្ថាប័នអន្តរជាតិដែលមានយន្តការឯករាជ្យ និងគោរពតាមច្បាប់អន្តរជាតិ។ កម្ពុជា មានសិទ្ធិដាក់ពាក្យបណ្តឹង ឬស្នើឱ្យមានការពិនិត្យលើបេតិកភណ្ឌពិភពលោកដូចគ្នានឹងប្រទេសណាមួយផ្សេងទៀត។ ក្នុងករណីមានការខូចខាត ឬសកម្មភាពដែលអាចប៉ះពាល់ដល់តំបន់បេតិកភណ្ឌ អង្គការអន្តរជាតិត្រូវមានសិទ្ធិស៊ើបអង្កេតដោយឯករាជ្យ។
កម្ពុជា មិនដែលប្រឆាំងការចុះពិនិត្យរួម ឬការស៊ើបអង្កេតអន្តរជាតិឡើយ ផ្ទុយទៅវិញ កម្ពុជា តែងស្វាគមន៍តម្លាភាព និងការផ្ទៀងផ្ទាត់ជាក់ស្តែង ពីព្រោះការពិតប្រវត្តិសាស្ត្រ និងស្ថានភាពនៅតំបន់ព្រំដែន គឺជាអ្វីដែលអាចបញ្ជាក់បានតាមភស្តុតាង។
•ការទូតពិតប្រាកដ មិនមែនការបង្កើតសុន្ទរកថាជាតិនិយម
ការលើកឡើងរបស់មេដឹកនាំថៃ ក៏បានបង្ហាញពីការផ្លាស់ប្តូរទិសដៅនយោបាយក្នុងស្រុកផងដែរ។ ការប្រើសម្តីរឹងមាំអំពីអធិបតេយ្យភាព និងផែនទីប្រវត្តិសាស្ត្រ អាចមានគោលបំណងបំពេញអារម្មណ៍ជាតិនិយមក្នុងស្រុក ប៉ុន្តែវាមិនមែនជាវិធីដោះស្រាយជម្លោះយូរអង្វែងឡើយ។
ប្រវត្តិសាស្ត្របានបង្ហាញរួចហើយថា ការប្រើសុន្ទរកថាជាតិនិយមលើបញ្ហាព្រំដែន អាចបង្កឱ្យមានភាពតានតឹង និងការប៉ះទង្គិចដែលមិនចាំបាច់។ សន្តិភាពមិនអាចកើតឡើងពីការបដិសេធប្រវត្តិសាស្ត្រ ឬការបង្កើត “ការពិតថ្មី” តាមឆន្ទៈនយោបាយនោះទេ។ សន្តិភាពកើតចេញពីការគោរពគ្នា ការទទួលស្គាល់កាតព្វកិច្ចរួម និងការគោរពច្បាប់អន្តរជាតិ។
•កម្ពុជា និងការការពារអធិបតេយ្យភាពដោយសន្តិវិធី
កម្ពុជា មានជំហរច្បាស់លាស់ថា ខ្លួននឹងបន្តការពារបូរណភាពទឹកដី និងបេតិកភណ្ឌជាតិរបស់ខ្លួន តាម
មធ្យោបាយសន្តិវិធី និងស្របច្បាប់អន្តរជាតិ។ កម្ពុជា មិនស្វែងរកជម្លោះទេ ប៉ុន្តែក៏មិនអាចទទួលយកការបកស្រាយប្រវត្តិសាស្ត្រដោយឯកតោភាគី ដែលផ្ទុយពីសាលក្រមអន្តរជាតិ និងឯកសារផ្លូវច្បាប់បានដែរ។
ការចរចាពិតប្រាកដ ត្រូវផ្អែកលើសុច្ចរិតភាព និងការគោរពការពិតប្រវត្តិសាស្ត្រ មិនមែនលើការបដិសេធឯកសារដែលខ្លួនធ្លាប់ទទួលស្គាល់នោះទេ។ ព្រំដែនអាចជាបន្ទាត់នៅលើផែនទី ប៉ុន្តែសម្រាប់ប្រជាជាតិ វាជាបញ្ហាអត្តសញ្ញាណ អធិបតេយ្យភាព និងកិត្តិយសជាតិ ដែលមិនអាចត្រូវបានផ្លាស់ប្តូរតាមសុន្ទរកថានយោបាយរយៈពេលខ្លីបានឡើយ៕





