ទាក់ទងនឹងការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យភាពទឹកដីកម្ពុជា ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យភាពទឹកដីកម្ពុជា
ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦
សំណួរទី១៖ តើសកម្មភាពដែលកងទ័ពអាកាសថៃហោះចូលក្នុងដែនដីកម្ពុជា បានរំលោភលើច្បាប់ ឬកិច្ចព្រមព្រៀងអ្វីខ្លះ?
ចម្លើយ៖ សកម្មភាពនេះរំលោភលើ មាត្រា១ និងមាត្រា៣(គ) នៃអនុសញ្ញាទីក្រុងឈីកាហ្គោ ឆ្នាំ១៩៤៤ ដែលទទួលស្គាល់អធិបតេយ្យភាពរបស់រដ្ឋនីមួយៗលើដែនអាកាសរបស់ខ្លួន និងមិនអនុញ្ញាតឱ្យយន្តហោះរបស់រដ្ឋមួយហោះចូលដែនអាកាសរដ្ឋមួយទៀតដោយគ្មានការអនុញ្ញាត។ ជាមួយគ្នានេះ សកម្មភាពនេះក៏រំលោភលើ ចំណុចទី៦ នៃវិធានការបន្ថយភាពតានតឹង ដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់ GBC ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ផងដែរ។
សំណួរទី២៖ ថៃតែងតែអះអាងថា ចង់បន្ធូរបន្ថយភាពតានតឹង និងកសាងទំនុកចិត្ត។ តើសកម្មភាពរបស់ថៃនេះស្របនឹងការប្តេជ្ញាចិត្តរបស់ខ្លួនដែរឬទេ?
ចម្លើយ៖ មិនស្របគ្នានោះទេ។ ប្រសិនបើថៃពិតជាចង់បន្ធូរបន្ថយភាពតានតឹង និងកសាងទំនុកចិត្ត ការប្តេជ្ញាចិត្តនោះត្រូវបង្ហាញតាមរយៈសកម្មភាពជាក់ស្តែង និងការគោរពអធិបតេយ្យភាពរបស់កម្ពុជា។ ការដែលឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃហោះចូលក្នុងដែនអាកាសកម្ពុជាដោយគ្មានការអនុញ្ញាត គឺជាសកម្មភាពដែលអាចបង្កើនការព្រួយបារម្ភ និងភាពតានតឹង ហើយផ្ទុយទាំងស្រុងទៅនឹងគោលដៅនៃការកសាងទំនុកចិត្តរវាងភាគីទាំងពីរ។
សំណួរទី៣៖ តើកម្ពុជាមានជំហរយ៉ាងដូចម្តេចចំពោះបញ្ហានេះ?
ចម្លើយ៖ កម្ពុជាទាមទារឱ្យថៃ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពបែបនេះ និងគោរពអធិបតេយ្យភាព បូរណភាពទឹកដី ច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តទ្វេភាគី។ ទន្ទឹមនឹងនេះ កម្ពុជានៅតែបញ្ជាក់ថា ខ្លួនប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការរក្សាទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ដើម្បីស្តារសន្តិភាព និងស្ថិរភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕





