Grand News Asia Close

វិភាគអន្តរជាតិ៖ តើអ៉ីស្រាអែល កំពុងឈ្នះក្នុងសង្រ្គាមប្រឆាំងក្រុមហាម៉ាស ឬ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 232
វិភាគអន្តរជាតិ៖ តើអ៉ីស្រាអែល កំពុងឈ្នះក្នុងសង្រ្គាមប្រឆាំងក្រុមហាម៉ាស ឬ? វិភាគអន្តរជាតិ៖ តើអ៉ីស្រាអែល កំពុងឈ្នះក្នុងសង្រ្គាមប្រឆាំងក្រុមហាម៉ាស ឬ?

(តែល អាវីវ)៖ ទោះជាកំពុងប្រឈមមុខនឹងសម្ពាធ និងការអំពាវនាវពីអន្តរជាតិឱ្យមានបទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សាក៏ដោយ ក៏នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នៅតែប្ដេជ្ញាថានឹងបន្តធ្វើសង្រ្គាម រហូតទាល់តែសម្រេចគោលដៅ នោះគឺ «កម្ទេចក្រុមហាម៉ាស»។ ប៉ុន្តែ នៅពីក្រោយឆាកឯណោះវិញ ពាក្យថា «កម្ទេចក្រុមហាម៉ាស» ហាក់កាន់តែមានសំឡេងស្រាលទៅៗ ដោយរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក ​Yoav Gallant បានយកពាក្យ «វិយោធកម្ម ឬការរំសាយយោធា និងបណ្ដេញហាម៉ាស» ចេញពីការគ្រប់គ្រងតំបន់ហ្កាហ្សាមកជំនួសវិញ។

អស់រយៈពេលជាង ៤ខែមកនេះ ពោលគឺចាប់តាំងពីសង្រ្គាមហ្កាហ្សា ផ្ទុះឡើងក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មកទល់នឹងបច្ចុប្បន្ន មានការចោទសួរកាន់តែច្រើនឡើងថាតើអ៉ីស្រាអែលអាច ឬមានសមត្ថភាពសម្រេចគោលដៅដែលខ្លួនបានដៅ នៅក្នុងតំបន់ ហ្កាហ្សាបានដែរឬទេ? និងថាតើអ៉ីស្រាអែលកំពុងឈ្នះក្នុងសង្រ្គាមប្រឆាំងហាម៉ាស ឬ?

ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល បានឱ្យដឹងថាមានមនុស្សយ៉ាងហោច ១,២០០នាក់ត្រូវបានសម្លាប់ និងជាង ៦,៩០០នាក់បានរងរបួស ហើយជាច្រើននាក់ កំពុងស្ថិតជាចំណាប់ខ្មាំងនៅក្នុងដៃក្រុមហាម៉ាស បន្ទាប់ពីក្រុមអ្នកប្រយុទ្ធក្នុងតំបន់ហ្កាហ្សាមួយនេះបើកការវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន។ ចំណែក ក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សាវិញ បានឱ្យដឹងថាជនជាតិប៉ាឡេស្ទីនយ៉ាងហោច ២៨,៦៦៣នាក់ហើយត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល និងជាង ៦៨,៣៩៥នាក់រងរបួស។

នៅក្នុងសង្រ្គាមជាមួយក្រុមហាម៉ាសដែរ ក្រុមមន្ត្រីអ៉ីស្រាអែលបានឱ្យដឹងថាទាហានអ៉ីស្រាអែល មកពីកងកម្លាំងការពារជាតិ IDF ៥៥៦នាក់ត្រូវបានសម្លាប់ ក្នុងនោះមាន ២២១នាក់ត្រូវបានសម្លាប់ ចាប់តាំងពីអ៉ីស្រាអែលបើកធ្វើសង្រ្គាមជើងគោកវាយលុកចូលហ្កាហ្សា។ បន្ថែមពីលើនេះ ក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះ ក្រុមមន្ត្រីអ៉ីស្រាអែលក៏បានអះអាងដែរថា​ ១ភាគ៣ នៃក្រុមអ្នកប្រយុទ្ធហាម៉ាស ឬជាង ៣០,០០០នាក់ត្រូវបានកម្ចាត់។ ក៏ប៉ុន្តែ តាមការវាយតម្លៃមួយរបស់ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៉ីស្រាអែល ដែលត្រូវបានចុះផ្សាយដោយកាសែតអាមេរិក Wall Street Journal ៨០ភាគរយនៃផ្លូវរូងក្រោមដីរបស់ហាម៉ាសនៅតែអាច ដំណើរការជាធម្មតា។ សម្រាប់ក្រុមអ្នកវិភាគខ្លះ តួលេខនេះគឺនៅឆ្ងាយពីការរំពឹងទុក ទោះជាអ៉ីស្រាអែលបានទម្លាក់គ្រាប់បែកកម្ទេចតំបន់ហ្កាហ្សា រាបដល់ដីក៏ដោយ។ ក្រុមហាម៉ាសធ្លាប់បានអះអាងថាពួកគេបានសាងសង់ផ្លូវរូងក្រោមដីមានប្រវែង ៥០០គីឡូម៉ែត្រនៅក្នុងតំបន់ហ្កាហ្សា។

ឧត្តមសេនីយ៍ទោអ៉ីស្រាអែលចូលនិវត្តន៍ លោក Giora Eiland ដែលធ្លាប់ប្រឡូកក្នុងសង្រ្គាម Yom Kippur និងសង្រ្គាមនៅលីបង់ ព្រមទាំងធ្លាប់ដឹកនាំ ក្រុមប្រឹក្សាសន្តិសុខជាតិអ៉ីស្រាអែលពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៦ បានប្រាប់ទូរទស្សន៍អាមេរិក ABC News កាលពីចុងខែមករាថា កងកម្លាំង IDF កំពុងសម្រេចបាន ជោគជ័យដ៏សំខាន់ផ្នែកតាក់ទិកយោធាលើក្រុមហាម៉ាស។ ប៉ុន្តែ បច្ចុប្បន្នមិនទាន់ដើរដល់ដំណាក់កាលវាយបំបាក់ក្រុមហាម៉ាសបាននៅឡើយទេ។ ឧត្តមសេនីយ៍រូបនេះ បានគូសបញ្ជាក់ដូច្នេះថា «បើនិយាយពីកម្លាំងយោធា ប្រតិបត្តិការនៅក្នុងតំបន់ហ្កាហ្សាពិតជាបានជោគជ័យ។ យើងបានកម្ទេចយោធា អាវុធ និងឃ្លាំងអាវុធ រួមទាំង រូងក្រោមដីជាច្រើន។ ប៉ុន្តែ ប្រតិបត្តិការនេះចំណាយពេលយូរជាងការរំពឹងទុក ហើយខ្ញុំអាចនិយាយបានថាហាម៉ាសហាក់មិនទាន់ប្រឈមមុខនឹងសម្ពាធពិតប្រាកដ នៅឡើយទេ»។

តាមលោក Eiland លោកផ្ទាល់គាំទ្រឱ្យអ៉ីស្រាអែលបន្តធ្វើសង្រ្គាមនៅហ្កាហ្សា តែលោកជឿថាបើមិនមានការត្រឡប់ទៅរកការបិទខ្ទប់ទាំងស្រុងលើជំនួយមនុស្សធម៌ និងការផ្គត់ផ្គង់ចូលតំបន់ហ្កាហ្សាឡើងវិញទេ នោះការវាយបំបាក់ក្រុមហាម៉ាសប្រហែលជាមិនអាចធ្វើទៅកើតទេ ឬក៏អាចធ្វើទៅកើត តែត្រូវចំណាយពេលយូរ រហូតដល់ មួយឆ្នាំ ឬច្រើនជាងនេះដែលអ៉ីស្រាអែលមិនមានពេលវេលាច្រើនបែបនេះនោះទេ នៅចំពោះមុខសម្ពាធកាន់តែខ្លាំងពីអន្តរជាតិ។ ក៏ប៉ុន្តែ ការបិទខ្ទប់ទាំងស្រុងដូចដែល លោក Eiland លើកឡើងគឺជារឿងដែលអន្តរជាតិ រួមទាំងសហរដ្ឋអាមេរិកមិនអាចទទួលយកបាន ជាពិសេសបន្ទាប់ពីអ៉ីស្រាអែលត្រូវបានអាហ្វ្រិកខាងត្បូង ប្ដឹងឡើង តុលាការយុត្តិធម៌អន្តរជាតិ ជុំវិញការចោទប្រកាន់ពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិប៉ាឡេស្ទីន។

លោក Daniel Levy ជាប្រធាន U.S./Middle East Project ដែលជាវិទ្យាស្ថានគោលនយោបាយផ្តោតលើគោលនយោបាយអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា បាននិយាយថា ការបង្កើនការវាយលុករបស់អ៉ីស្រាអែលលើក្រុមហាម៉ាស មកទល់នឹងសព្វថ្ងៃ បានបង្ហាញថាមានព្រំដែនកំណត់ ហើយក្រុមហាម៉ាសនៅតែអាចធ្វើសកម្មភាពបាន នៅឡើយ។ «ជាការពិតណាស់ ក្រុមអ្នកប្រយុទ្ធហាម៉ាសមួយចំនួនត្រូវបានសម្លាប់ រីឯសមត្ថភាពវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់ពួកគេត្រូវបានកាត់បន្ថយ។ ប៉ុន្តែ ហាម៉ាសនៅតែអាចធ្វើសកម្មភាពបាននៅឡើយ»។ នេះជាការកត់សម្គាល់របស់លោក Levy។

តាមពិតទៅ ក្រុមអ្នកវិភាគជាច្រើនបានចោទសួរ និងបង្ហាញការសង្ស័យពីគោលដៅកម្ទេចក្រុមហាម៉ាសរបស់អ៉ីស្រាអែល ពីព្រោះហាម៉ាសនៅក្នុងកែវភ្នែករបស់ប្រជាជន ហ្កាហ្សា គឺជា «ចលនាតស៊ូមួយដែលបានក្លាយជាស្មារតីរបស់ពួកគេ និងចាក់ឬសយ៉ាងជ្រៅក្នុងសង្គមប៉ាឡេស្ទីន» ហើយសង្រ្គាមរបស់អ៉ីស្រាអែលគឺមានតែជួយបង្កើន ប្រជាប្រិយភាពរបស់ហាម៉ាសនៅហ្កាហ្សាតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើតាមលោក Daniel Levy អ៉ីស្រាអែល ក៏កំពុងប្រឈមមុខនឹងភាពឯកោនៅលើឆាកអន្តរជាតិផងដែរ ហើយនេះគឺជាអ្វីដែលក្រុមហាម៉ាសចង់បាន ស្របពេល សង្រ្គាមរបស់អ៉ីស្រាអែលនៅហ្កាហ្សា បាន និងកំពុងកែប្រែការយល់ឃើញរបស់ពិភពលោក ជាពិសេសនៅក្នុងចំណោមបណ្ដាប្រទេស global South ដែលកំពុង មើលឃើញថាប្រជាជនប៉ាឡេស្ទីនកំពុងរងអយុត្តិធម៌ បើទោះជាអ៉ីស្រាអែលដំបូងឡើយជាជនរងគ្រោះនៃការវាយប្រហាររបស់ក្រុមហាម៉ាសក៏ដោយ៕

អត្ថបទទាក់ទង