វិភាគអន្តរជាតិ៖ ហេតុផលពិតនៅពីក្រោយការខឹងសម្បារបស់ចិន ចំពោះនាយករដ្ឋមន្ត្រីជប៉ុន
(ប៉េកាំង)៖ ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនបានត្រឹមប៉ុន្មានសប្ដាហ៍ លោកស្រី Sanae Takaichi ត្រូវប្រឈមនឹងថាតើអ្វីទៅជានិយមន័យនៃការឆ្លងបន្ទាត់ក្រហមរបស់ចិនស្ដីពីតៃវ៉ាន់។ ជាច្រើនថ្ងៃមកនេះ ចាប់តាំងពី លោកស្រី Takaichi លើកឡើងថាជប៉ុនអាចនឹងធ្វើអន្តរាគមន៍យោធា ប្រសិនបើចិនបើកការវាយប្រហារដើម្បីគ្រប់គ្រងតៃវ៉ាន់ ទីក្រុងប៉េកាំងបានប្រើអំណាចសេដ្ឋកិច្ចរបស់ខ្លួន រាប់ចាប់ពីការព្រមានពលរដ្ឋចិនកុំឱ្យធ្វើដំណើរទៅកម្សាន្ត និងសិក្សានៅជប៉ុន ព្រមទាំងហាមឃាត់ការនាំចូលផលិតផលគ្រឿងសមុទ្រពីជប៉ុន។ មិនត្រឹមខឹងនឹងជប៉ុនប៉ុណ្ណោះទេ ចិនក៏បានយកកំហឹងធ្វើជាការបញ្ជូនសារព្រមានដោយប្រយោលទៅកាន់បណ្ដាប្រទេសនៅក្នុងតំបន់ដែរ «ថាតើនឹងមានកើតឡើង ប្រសិនបើពួកគេហ៊ានប្រកាន់ជំហរប្រឆាំងនឹងចិននៅក្នុងសំំណុំរឿងតៃវ៉ាន់»។
ជម្លោះការទូតរវាងចិន និងជប៉ុនជាង ២សប្ដាហ៍មកនេះបានបង្ហាញហេតុផលពិតប្រាកដដែលចិនខឹងជប៉ុន នោះគឺការព្រួយបារម្ភយ៉ាងស៊ីជម្រៅរបស់ប៉េកាំងអំពីសក្ដានុពលនៃការប្រែប្រួលតុល្យភាពយោធានៅក្នុងតំបន់អាស៊ី ខណៈ បណ្ដាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកកំពុងបង្កើនការចំណាយលើវិស័យយោធា និងធ្វើកិច្ចសហប្រតិបត្តិការប្រឈមនឹងការកើនឡើងឥទ្ធិពលយោធាចិន។ នៅក្នុងកែវភ្នែកចិន ការអត្ថាធិប្បាយរបស់លោកស្រី Takaichi បានបង្ហាញថា ជប៉ុនមិនទទួលស្គាល់ការប្រែប្រួលតុល្យភាពអំណាចដែលចិនកំពុងរះឡើងឆ្ពោះទៅរកតំណែងជាកំពូលមហាអំណាចនោះទេ ហើយមហិច្ឆតាយោធារបស់ជប៉ុនគំរាមកំហែងដល់ការរះឡើងនៃអំណាចចិន។
«ជាលើកដំបូងបំផុត មេដឹកនាំជប៉ុនម្នាក់បានបង្ហាញពីមហិច្ឆតាចំពោះការធ្វើអន្តរាគមន៍ប្រដាប់អាវុធនៅតៃវ៉ាន់ និងចេញសារព្រមានយោធាមួយប្រឆាំងនឹងចិន។ នៅពីក្រោយរឿងនេះគឺជាការប៉ុនប៉ងដ៏គ្រោះថ្នាក់របស់ជនស្ដាំនិយមជប៉ុនម្នាក់ ដើម្បីផ្ដាច់ខ្លួនចេញពីការរឹតត្បិតនៅក្រោមរដ្ឋធម្មនុញ្ញសន្តិនិយម និងកំពុងស្វែងរកឋានៈជាមហាអំណាចយោធា»។ នេះជាការលើកឡើងនៅក្នុងបទអត្ថាធិប្បាយមួយចេញផ្សាយដោយសារព័ត៌មានបក្សកុម្មុយនិស្ដចិន People’s Dail កាលពីដើមសប្ដាហ៍នេះ។
* យោធានិយមរបស់ជប៉ុន
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជប៉ុនបានដើរចេញកាន់តែឆ្ងាយពីរដ្ឋធម្មនុញ្ញសន្តិនិយមដែលសហរដ្ឋអាមេរិកបានដាក់អនុវត្តលើជប៉ុននៅបន្ទាប់ពីសង្រ្គាមលោកលើកទី២ ដើម្បីបង្កើនកញ្ចប់ថវិកាយោធា និងអភិវឌ្ឍសមត្ថភាពវាយបក។ ការផ្លាស់ប្ដូរនេះកើតមានឡើងចំពេលចិនបង្កើនការធ្វើសកម្មភាពយោធានៅក្នុងតំបន់ ជាពិសេសនៅជុំវិញកោះតៃវ៉ាន់ និងខណៈសហរដ្ឋអាមេរិកកំពុងជំរុញឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនបង្កើនកញ្ចប់ថវិកាលើវិស័យការពារជាតិ។ តាមធម្មតា មេដឹកនាំជប៉ុនតែងតែចៀសវាងនិយាយពីបញ្ហាតៃវ៉ាន់ ទាក់ទិននឹងបរិបទនៃការឆ្លើយតបដោយយោធា។ ប៉ុន្តែអ្នកនយោបាយជប៉ុន តួយ៉ាងនៅក្នុងចំណោមអ្នកនយោបាយស្ដាំនិយមនៅក្នុងគណបក្សកាន់អំណាចរបស់លោកស្រី Takaichi មានការព្រួយបារម្ភរឹតតែខ្លាំងពីផលវិបាកសម្រាប់តូក្យូ ប្រសិនបើប៉េកាំងវាយប្រហារលើតៃវ៉ាន់ដែលសិ្ថតនៅលើទីតាំងយុទ្ធសាស្ត្រនៅជិតបង្កើយនឹងជប៉ុន។ ការព្រួយបារម្ភនេះហើយជាមូលហេតុជំរុញឱ្យជប៉ុនបង្កើនកញ្ចប់ថវិកាយោធា ឈានរហូតដល់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទៀតផង។
នៅប៉ុន្មានថ្ងៃដំបូងនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi បាននិយាយចំៗពីតៃវ៉ាន់ និងអំពាវនាវឱ្យពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ក៏ដូចជាងពន្លឿនការអភិវឌ្ឍសមត្ថភាពយោធារបស់ជប៉ុន។ នៅក្រោមក្រសែភ្នែកចិន បើតាមគណនីបណ្ដាញទំនាក់ទំនងសង្គមមួយមានទំនាក់ទំនងនឹងយោធាចិន ការអត្ថាធិប្បាយរបស់លោកស្រី Takaichi ជាសញ្ញាមួយនៃការវិលត្រឡប់មកវិញនៃ «យោធានិយមជប៉ុន» នៅក្នុងពិភពលោកមួយ ដែលកំពុងបែកបាក់យ៉ាងខ្លាំង។ «ដូច្នេះទើបអ្នកខ្លះនៅជប៉ុនយល់ថាទីក្រុងប៉េកាំងខឹងសម្បាយ៉ាងខ្លាំង ហើយចាត់វិធានការតបតភ្លាមៗ ដោយសង្ឃឹមថាលោកស្រី Takaichi នឹងកាន់តែមានការស្ទាក់ស្ទើរជាងមុនក្នុងការជំរុញការវិនិយោគ របស់ជប៉ុនក្នុងវិស័យយោធា»។ នេះជាការយល់ឃើញរបស់លោក Chong Ja Ian ជាសាស្ត្រាចារ្យរងម្នាក់មកពីសាកលវិទ្យាល័យ National University of Singapore។ ចិន និងជប៉ុនមានគំនុំប្រវត្តិសាស្ត្រធំប៉ុនមេឃដែលពិបាក នឹងបំភ្លេច នោះគឺការសម្លាប់រង្គាលជនស៊ីវិលចិនជាង ២០០ ០០០នាក់ ដោយទាហានជប៉ុន អំឡុងការត្រួតត្រារបស់ជប៉ុនលើចិនកាលពីសម័យសង្រ្គាមលោកលើកទី២ ដែលគេស្គាល់ជាទូទៅថាការសម្លាប់រង្គាលនៅទីក្រុង Nanjing។
* ការពារអធិបតេយ្យរបស់ខ្លួន
បើទោះជាជប៉ុនបានបញ្ជូនមន្ត្រីការទូតម្នាក់ទៅកាន់ទីក្រុងប៉េកាំងដើម្បីសាកល្បងបន្ធូរបន្ថយភាពតានតឹងក៏ដោយ ក៏ប៉េកាំងមិនបានបង្ហាញពីសញ្ញាថយមួយជំហាននោះទេ ដោយនៅតែទទូចឱ្យលោកស្រី Takaichi លេបសម្ដីវិញ ជាការទាមទារមួយដែលកំពុងធ្វើឱ្យភាគីទាំងសងពិបាករកច្រកចេញ។ ព្រមពេលជាមួយគ្នា ចិននៅតែបន្តជំរុញគំនិតជាតិនិយម ក្នុងនោះរួមមានទាំងការគំរាមពីយោធាចិននៅក្នុងវីដេអូមួយមានចំណងជើងថា «កុំក្រអឺតក្រទមពេក»។ ដោយមិនបាននិយាយចំឈ្មោះជប៉ុន នៅក្នុងវីដេអូនោះគេឮសំឡេងមនុស្សនិយាយថា «យើងបានសំលៀងជំនាញរបស់យើងតាមរយៈការហ្វឹកហាត់ដ៏ម៉ឺងម៉ាត់ តើយើងអាចឱ្យអ្នកក្រអឺតត្រទមបានយ៉ាងមេចទៅ?» យ៉ាងណាក៏ដោយវីដេអូនោះ ទំនងជាចង់សំដៅដល់រូបភាពមួយសន្លឹករបស់បេសកជននៃក្រសួងការបរទេសជប៉ុន លោក Masaaki Kanai និងសមភាគីចិនរបស់លោក គឺលោក Liu Jinsong នៅបន្ទាប់ពីជំនួបរបស់អ្នកទាំង២ ក្នុងទីក្រុងប៉េកាំងកាលពី ដើមសប្ដាហ៍នេះ។
នៅក្នុងរូបភាពមួយសន្លឹកខាងលើ គេឃើញលោក Liu ឈរយកដៃដាក់ក្នុងហោរប៉ាវខោនិយាយទៅកាន់លោក Kanai ដែលឱនចុះបន្តិចដើម្បីស្ដាប់ ហើយរូបភាពនេះបានផ្ទុះយ៉ាងខ្លាំងនៅលើបណ្ដាញទំនាក់ទំនងសង្គមចិន។ អ្នកអត្ថាធិប្បាយចិនខ្លះបាននិយាយថាមន្ត្រីការទូតជប៉ុនបានឱនក្បាលចុះចាញ់ ខណៈសរសើរលោក Liu ដែលស្លៀកឯកសណ្ឋានមានជាប់ពាក់ព័ន្ធនឹងចលនាប្រឆាំងចក្រពត្តិនិយមរបស់ចិនក្នុងឆ្នាំ១៩១៩។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV វិញបាននិយាយនៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គមថា «អ្វីដែលបានកើតឡើងមិនមែនជារឿងចៃដន្យនោះទេ។ គោលជំហររបស់ចិននៅក្នុងការការពារអធិបតេយ្យរបស់ខ្លួននៅតែមិនផ្លាស់ប្ដូរទេ ទោះកន្លងទៅហួសជាង មួយសវត្សរ៍ហើយក៏ដោយ»៕
-Fresh News-






