ទាក់ទងនឹងការប្រើប្រាស់គ្រាប់បែកចង្កោមពីសំណាក់ភាគីថៃ មកលើបូរណភាពទឹកដីកម្ពុជា ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦
ទាក់ទងនឹងការប្រើប្រាស់គ្រាប់បែកចង្កោមពីសំណាក់ភាគីថៃ មកលើបូរណភាពទឹកដីកម្ពុជា ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការប្រើប្រាស់គ្រាប់បែកចង្កោមពីសំណាក់ភាគីថៃ មកលើបូរណភាពទឹកដីកម្ពុជា
ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦
សំណួរទី១៖ តើការប្រើប្រាស់គ្រាប់បែកចង្កោមពីសំណាក់ភាគីថៃនៅតំបន់ព្រំដែនកម្ពុជា អាចប៉ះពាល់ដល់ប្រជាពលរដ្ឋ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាដូចម្តេចខ្លះ?
ចម្លើយ៖ ការប្រើប្រាស់គ្រាប់បែកចង្កោមពីសំណាក់ភាគីថៃ អាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋកម្ពុជាទាំងកំឡុងពេលមានការវាយប្រហារ និងក្រោយការវាយប្រហារ។ វាអាចបណ្តាលឱ្យមនុស្សស្លាប់ ឬរងរបួស ហើយប៉ះពាល់ដល់ផ្ទះសម្បែង ដីស្រែចម្ការ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព វត្តអារាម និងសំណង់ស៊ីវិលផ្សេងៗ។
តាមការស្រាវជ្រាវរបស់ CMAC តំបន់ដែលរងផលប៉ះពាល់មាន ៣៤៩ភូមិ ក្នុងនោះ CMAC បានស្រាវជ្រាវរួច ៣៣៥ភូមិ។ ផ្ទៃដីដែលរងផលប៉ះពាល់មានជិត ៣០ម៉ឺនហិកតា និងប៉ះពាល់ដល់ជាង ៩ម៉ឺនគ្រួសារ ឬប្រជាពលរដ្ឋជាង ៣៥ម៉ឺននាក់។ ផលប៉ះពាល់ទាំងនេះធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាពិបាករស់នៅ និងពិបាកប្រើប្រាស់ដីសម្រាប់ធ្វើស្រែចម្ការ និងរកចំណូលប្រចាំថ្ងៃ។
សំណួរទី២៖ ហេតុអ្វីបានជាការប្រើប្រាស់គ្រាប់បែកចង្កោមពីសំណាក់ភាគីថៃជាបញ្ហាដែលសហគមន៍អន្តរជាតិត្រូវយកចិត្តទុកដាក់?
ចម្លើយ៖ គ្រាប់បែកចង្កោមអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋមិនត្រឹមតែពេលកំពុងវាយប្រហារប៉ុណ្ណោះទេ ប៉ុន្តែវាអាចបន្តបង្កគ្រោះថ្នាក់នៅពេលក្រោយទៀត ដោយសារសំណល់គ្រាប់ដែលមិនទាន់ផ្ទុះអាចនៅសេសសល់ក្នុងដី។ វាអាចរារាំងប្រជាពលរដ្ឋមិនឱ្យប្រើប្រាស់ដីសម្រាប់រស់នៅ និងធ្វើកសិកម្មដោយសុវត្ថិភាព។ ដូច្នេះ ការប្រើប្រាស់គ្រាប់បែកចង្កោមពាក់ព័ន្ធដោយផ្ទាល់នឹងការការពារជនស៊ីវិល និងការគោរពច្បាប់មនុស្សធម៌អន្តរជាតិ ដែលជាបញ្ហាដែលសហគមន៍អន្តរជាតិត្រូវយកចិត្តទុកដាក់។
សំណួរទី៣៖ តើសន្និសីទអន្តរជាតិនៅទីក្រុងវៀងចន្ទន៍បានបង្ហាញជំហរដូចម្តេច ចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា?
ចម្លើយ៖ សន្និសីទត្រួតពិនិត្យឡើងវិញលើកទី៣ នៃការអនុវត្តអនុសញ្ញាអន្តរជាតិ ស្តីពីការហាមឃាត់ប្រើប្រាស់គ្រាប់បែកចង្កោម ដែលបានប្រព្រឹត្តទៅនៅក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីពេលថ្មីៗនេះ បានចេញថ្លែងការណ៍ថ្កោលទោសការប្រើប្រាស់គ្រាប់បែកចង្កោម ខណៈថៃបានប្រើគ្រាប់បែកចង្កោមប្រមាណ ៦-៧ លានគ្រាប់មកលើបូរណភាពទឹកដីកម្ពុជា។ សន្និសីទក៏បានអំពាវនាវផងដែរឱ្យបញ្ឈប់ការប្រើប្រាស់គ្រាប់បែកចង្កោម និងត្រូវគោរពច្បាប់មនុស្សធម៌អន្តរជាតិ ក៏ដូចជាច្បាប់សិទ្ធិមនុស្សអន្តរជាតិ៕





