Grand News Asia Close

ពេលស្រុកមានសង្គ្រាមទើបគេស្គាល់វីរជនពិតប្រាកដ

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion 1009
ពេលស្រុកមានសង្គ្រាមទើបគេស្គាល់វីរជនពិតប្រាកដ ពេលស្រុកមានសង្គ្រាមទើបគេស្គាល់វីរជនពិតប្រាកដ

«ក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ឆ្នាំចុងក្រោយ កម្ពុជាក្នុងសករាជតេជោ-ធិបតី គឺជាសម័យកាលមួយដែលបានស្គាល់សុខសន្តិភាព និងស្ថិរភាពនយោបាយរយៈពេលយូរ ដែលអនុញ្ញាតឱ្យខ្មែរបានស្គាល់ការអភិវឌ្ឍខ្លាំងក្លាមួយមិនដែលធ្លាប់មានពីមុន»។ នេះគឺជារឿងពិតដែល គ្មានអ្នកណាអាចប្រកែកបាននិងដែលត្រូវបានលើកឡើងជាញឹកញាប់ដោយថ្នាក់ដឹកនាំ និងមន្ត្រី រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលបានឆ្លងកាត់សម័យកាលប្រវត្តិសាស្ត្រជាបន្តបន្ទាប់។ នៅពេលដែលនិយាយដល់បញ្ហានេះ ប្រាកដណាស់ យើងតែងតែនឹកដល់ស្ថាបនិកនិងប្រតិបត្តិករសន្តិភាពនិងជាអ្នកដឹកនាំការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនបែបនេះ នោះគឺសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនថ្នាក់ដឹកនាំក្នុងជួរគណបក្សប្រជាជនកម្ពុជា។

ប៉ុន្តែ ឆ្លងកាត់សម័យកាលដែលខ្មែររស់នៅក្នុងសុខសន្តិភាពរយៈពេលយូរ ក៏មានខ្មែរខ្លះ ជាពិសេសអ្នកដែលមាននិន្នាការជ្រុលនិយមមួយចំនួនតូច ស្រាប់តែភ្លេចឬធ្វើជាភ្លេចថាអ្នកណាជាវីរជនរបស់ខ្លួន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ស្ទើរមួយជីវិត ដើម្បីបុព្វហេតុសង្គ្រោះជីវិតខ្មែរចេញពីសេចក្តីស្លាប់ក្នុងរបបប្រល័យពូជសាសន៍ និងបញ្ចេញទេពកោសល្យដ៏អស្ចារ្យក្នុងការស្វែងរកសន្តិភាពជូនប្រទេសជាតិនិងប្រជាជន។ ផ្ទុយទៅវិញ ពួកគេថែមទាំងខិតខំលាបពណ៌ស្ថាបនិកកម្ពុជាសម័យទំនើបឱ្យមានរូបភាពផ្សេងទៅវិញទៅតាមនិន្នាការនយោបាយ និងដើម្បី បំពេញនូវមហិច្ឆិតានយោបាយសួនតួរបស់ខ្លួន។

«ប៉ុន្តែបច្ចុប្បន្ន នៅពេលប្រទេសជាតិជួបប្រទះការឈ្លានពានយ៉ាងកម្រោល និងព្រៃផ្សៃពីសំណាក់ ចោរប្រវត្តិសាស្ត្រសៀម ទើបខ្មែរគ្រប់គ្នាមើលឃើញយ៉ាងច្បាស់ថា អ្នកដែលមានសមត្ថភាពពិតប្រាកដក្នុងការការពារបូរណភាពទឹកដី និងដែលជាទីពឹងដ៏កក់ក្តៅបំផុតរបស់កម្ពុជានិងប្រជាពលរដ្ឋ ខ្មែរ គឺគ្មានអ្នកណាក្រៅពីតេជោសែន ដែលពោរពេញដោយបទពិសោធន៍គ្មានគូប្រៀបទាំងលើ សមរភូមិយោធា សមរភូមិការទូត និងនយោបាយ។ នេះហើយជាវីរជនខ្មែរពិតប្រាកដដែលកំពុងឈរនៅយ៉ាងរឹងមាំជាមួយប្រជាពលរដ្ឋ និងជាមេបញ្ជាការកងទ័ពប្រកបដោយយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយហួសពីការស្មាន»

ពិតណាស់ កម្ពុជាគឺជាប្រទេសតូច មានប្រជាជនតិច និងមានកម្លាំងសេដ្ឋកិច្ច និងយោធាតូចជាងថៃ។ បន្ថែមពីលើនេះ កម្ពុជាទើបតែងើបចេញពីភ្លើងសង្គ្រាមនិងរបបប្រល័យពូជសាសន៍ ដែលប្រទេសជាតិនិងជីវិតមនុស្សត្រូវបានបំផ្លិចបំផ្លាញដល់ឬសគល់។ ទើបតែក្នុងអំឡុងពេលមានសុខសន្តិភាពរយៈពេល ២៦ឆ្នាំចុងក្រោយប៉ុណ្ណោះ ដែលកម្ពុជាមានពេលវេលាពេញលេញក្នុងការស្តានិងអភិវឌ្ឍប្រទេសឡើងវិញបានយ៉ាងលឿនរហ័សលើគ្រប់វិស័យ។ តែបើធៀបនឹងប្រទេសថៃដែលគ្មានសង្គ្រាម និងគ្មានរបបប្រល័យពូជសាសន៍ដូចកម្ពុជា ហើយគេអភិវឌ្ឍប្រទេសរហូតមក កម្ពុជាមិនអាចប្រៀបធៀបជាមួយគេបានឡើយ។

ប៉ុន្តែ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺ ទោះបីជាកម្ពុជាមានសុខសន្តិភាព និងមានគោលនយោបាយ ផ្តោតលើការអភិវឌ្ឍវិស័យអាទិភាពជាច្រើនដើម្បីផលប្រយោជន៍ប្រជាជន ដូចជាវិស័យអប់រំ សុខាភិបាល សង្គមកិច្ច និងហេដ្ឋារចនាសម្ព័ន្ធទន់និងរឹងជាដើមក៏ដោយ ក៏ថ្នាក់ដឹកនាំខ្មែរមិនភ្លេចគិតគូរពីវិស័យការពារជាតិនោះឡើយ។ វាពិតជាមិនមែនជាការងាយស្រួលឡើយ ក្នុងការទប់ទល់ជាមួយប្រទេសមួយដែលធំជាងនិងដែលប្រើកម្លាំងយោធាយ៉ាងកម្រោល ជាមួយអាវុធធុនធ្ងន់ទំនើប រហូតដល់យន្តហោះទម្លាក់គ្រាប់បែកចូលមកឈ្លានពានទឹកដី។ ប្រសិនបើគ្មានការគិតគូរជាមុន គ្មានចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំ និងគ្មានកងទ័ពអង់អាចក្លាហាន ពិសេសបើគ្មានមេទ័ពដែលពោរពេញដោយបទពិសោធន៍ និងយុទ្ធសាស្ត្រមុតស្រួចដូចតេជោសែនទេ កម្ពុជាច្បាស់ជាគ្មានសមត្ថភាពទប់ទល់ជាមួយចោរសៀម និងធ្វើឱ្យចោរប្លន់ទឹកដីប្រវត្តិសាស្ត្រមួយនេះ មានការភ្ញាក់ផ្អើលដូចពេលនេះទេ។

ដោយសារក្រពុលមុខចំពោះការវាយបកយ៉ាងធ្ងន់ធ្ងរទៅលើកងទ័ពរបស់ខ្លួន ពួកចោរសៀមបានប្រើប្រាស់អាវុធធុនធ្ងន់របស់ខ្លួនបាញ់មិនដឹងទិសតំបន់ រាប់ទាំងមកលើទីតាំងស៊ីវិលជាច្រើន ដែល បានធ្វើឱ្យប្រជាពលរដ្ឋយើងមួយចំនួនរងគ្រោះថ្នាក់ និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀត។ នេះជាអំពើឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌ ដែលត្រូវបានកត់ត្រាទុកជាភស្តុតាងដើម្បីបញ្ជាក់ពីអំពើរំលោភច្បាប់អន្តរជាតិ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ចោរសៀម។

អំពើដ៏សាហាវឃោរឃៅនេះនឹងតម្រូវឱ្យពួកគេសងវិញ ដោយច្បាប់អន្តរជាតិនាពេលខាងមុខ។ ប្រជាពលរដ្ឋខ្មែរនឹងចងចាំទុកដោយគ្មានថ្ងៃបំភ្លេចបាននូវឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិដ៏ព្រៃផ្សៃរបស់ចោរសៀមនៅក្នុងសម័យទំនើប។ សម្រាប់ប្រជាពលរដ្ឋខ្មែរ អ្វីដែលត្រូវចងចាំគឺ សម្តេចតេជោ ហ៊ុន សែន គឺជាវីរបុរសរបស់ខ្មែរយ៉ាងពិតប្រាកដដែលរង់ចាំជួយខ្មែរនៅគ្រប់កាលៈទេសៈ សូម្បីតែសម្តេចបានផ្ទេរអំណាចទៅអ្នកជំនាន់ក្រោយរួចហើយក៏ដោយ ក៏ សម្តេចមិនឈរឱបដៃមើលសត្រូវឈ្លានពាននោះឡើយ។ វីរភាពរបស់បុរសរដ្ឋរូបនេះពិតជាសក្តិសម ជាមួយគោរមងារតេជោយ៉ាងពិតប្រាកដ។ តទៅនេះ ទោះជាសង្គ្រាមរវាងអ្នកឈ្លានពានទឹកដី និងអ្នកការការពារទឹកដីនាពេលនេះនឹងបិទបញ្ចប់ដោយរបៀបណាក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរបានឃើញយ៉ាងច្បាស់នូវវីរភាពរបស់វីរបុរសរបស់ខ្លួន នោះគឺសម្តេចតេជោ ហ៊ុន សែន។ ចំណែក អ្នកបន្តវេនពីសម្តេច ក៏មានសមត្ថភាពខ្ពស់ផងដែរ ទាំងភាពវៀងវៃនៃនយោបាយការទូតដើម្បីទាក់ទាញការគាំទ្រពីអន្តរជាតិ និងទាំងសមត្ថភាពយោធា។ នោះគឺសម្តេចធិបតី ហ៊ុន ម៉ាណែត

«ថ្នាក់ដឹកនាំកំពូលទាំងពីររូបនេះហើយដែលជាសរសរស្តមយ៉ាងរឹងមាំក្នុងការការពារជាតិ និងប្រជាជន ដែលយើងអាចហៅថាជាវីរជនរបស់ខ្មែរពិតប្រាកដក្នុងសករាជតេជោ-ធិបតី»។ ជាទូទៅ គេអាចសម្គាល់វីរជនពិតប្រាកដបាន នៅពេលដែលប្រទេសជាតិជួបប្រទះនឹងគ្រោះថ្នាក់ធំៗ ដូចជា សង្គ្រាមឈ្លានពាននាពេលនេះជាដើម ដូចពាក្យដែលគេតែងនិយាយថា ពេលប្រទេសមានសង្គ្រាម ទើបយើងបានស្គាល់វីរជនពិតប្រាកដ ដែលខុសស្រឡះពីវីរជនតាមហ្វេសប៊ុកដែលលេចមុខព្រោងព្រាត នៅពេលប្រទេសជាតិមានសន្តិភាព៕

 

ដោយ វង្ស មករា

សាស្ត្រាចារ្យ និងជាអ្នកវិភាគសង្គម ​និងនយោបាយ

អត្ថបទទាក់ទង