Grand News Asia Close

បទវិភាគ៖ ពិភពលោកកាន់តែគ្មានសុវត្ថិភាព សហរដ្ឋអាមេរិកបានផលប្រយោជន៍កាន់តែច្រើន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 683
បទវិភាគ៖ ពិភពលោកកាន់តែគ្មានសុវត្ថិភាព សហរដ្ឋអាមេរិកបានផលប្រយោជន៍កាន់តែច្រើន បទវិភាគ៖ ពិភពលោកកាន់តែគ្មានសុវត្ថិភាព សហរដ្ឋអាមេរិកបានផលប្រយោជន៍កាន់តែច្រើន

(ប៉េកាំង)៖ របាយការណ៍មួយច្បាប់ដែលចេញផ្សាយដោយក្រសួងការបរទេសអាមេរិក នាពេលថ្មីៗកន្លងទៅនេះ បានទទួលការចាប់អារ្មណ៍ពីសំណាក់ទូទាំងពិភពលោក៖ នៅឆ្នាំ ២០២៣ ទំហំលក់សព្វាវុធទៅឱ្យបរទេសរបស់សហរដ្ឋអាមេរិក បានកើនឡើង ១៦ ភាគរយ ត្រូវជា ២៣៨ ពាន់លានដុល្លារអាមេរិក ដែលបានបំបែកកំណត់ត្រា។ ក្នុងនោះ ទំហំលក់ដូរក្នុងការធ្វើកិច្ចចរចាដោយផ្ទាល់ របស់រដ្ឋាភិបាលអាមេរិកបានឡើងដល់ ៨០,៩ ពាន់លានដុល្លារអាមេរិកដែលកើនឡើង ៥៦ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២២ ចំណែកទំហំលក់ដូរក្នុងវិស័យពាណិជ្ជកម្ម របស់ក្រុមហ៊ុនអាមេរិកបានឡើងដល់ ១៥៧,៥ ពាន់លានដុល្លារអាមេរិកដែលកើនឡើង ២,៥ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២២។

ឆ្នាំ២០២៣ គឺជាឆ្នាំមួយទៀតដែលសហរដ្ឋអាមេរិក បានឆក់យកផលកម្រៃជាច្រើនពីសង្គ្រាម។ មួយផ្នែក ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន នៅតែបន្តអូសបន្លាយ តំបន់ប៉ាឡេស្ទីននិងអ៊ីស្រាអែលបានបាញ់គ្នាម្តងទៀត ក៏ដូចជាការប៉ះទង្គិចក្នុងតំបន់ដែលកំពុងកើតឡើងជាបន្តបន្ទាប់ នៅទូទាំងពិភពលោកបានធ្វើឱ្យបរិយាកាសសន្តិសុខ កាន់តែមានភាពស្មុគស្មាញ ហេតុនេះហើយបានជា ប្រទេសជាច្រើនបានបញ្ជាទិញសព្វាវុធដោយជៀស មិនបានដើម្បីបង្កើនកិច្ចការពារជាតិរបស់ខ្លួន។ មួយផ្នែកទៀត បរិក្ខារទំនើបមានការទាមទារកាន់តែខ្ពស់ឡើងៗ ទៅលើប្រភពធនធាន ហើយលក្ខខណ្ឌសម្រាប់ការលក់សព្វាវុធ ត្រូវបានលើកកម្ពស់យ៉ាងខ្លាំងជាងកាលពីមុន។ សហរដ្ឋអាមេរិកទទួលបានបទពិសោធ និងទិន្នន័យជាក់ស្តែងដែលប្រើប្រាស់ក្នុងសមរភូមិ ក្នុងរយៈពេលជាយូរយារណាស់មកហើយ តាមរយៈការលក់សព្វាវុធ ហើយត្រូវបានកែលម្អជាបន្តបន្ទាប់ដែលកាន់កាប់ចំណែកទីផ្សារកាន់តែធំ។

នៅឆ្នាំ២០២៣ ប្រទេសប៉ូឡូញដែលជាប្រទេសជិតខាងរបស់អ៊ុយក្រែន បានបញ្ជាទិញសព្វាវុធពីអាមេរិកយ៉ាងច្រើនសន្ធឹក ដែលបូករួមទាំងការបញ្ញាទិញឧទ្ធម្ភាគចក្រ Apache ក្នុងតម្លៃ ១២ ពាន់លានដុល្លារអាមេរិក បញ្ជាទិញប្រព័ន្ធរ៉ុក្កែតចល័តខ្ពស់ ដែលត្រូវបានគេហៅថាជា “Haimas” ក្នុងតម្លៃ ១០ ពាន់លានដុល្លារអាមេរិក ក៏ដូចជាទិញរថក្រោះ Abrams M1A1 ក្នុងតម្លៃ ៣,៧៥ ពាន់លានដុល្លារអាមេរិក។

នៅឆ្នាំ ២០២៣ សហរដ្ឋអាមេរិកក៏បានលក់ឧទ្ធម្ភាគចក្រ Chinook ក្នុងតម្លៃ ៨,៥ ពាន់លានដុល្លារអាមេរិក និងគ្រាប់មីស៊ីលរយៈចម្ងាយមធ្យម ពីអាកាសទៅអាកាសដ៏ជឿនលឿនក្នុងទំហំ ៣ ពាន់លានដុល្លារអាមេរិកទៅឱ្យប្រទេសអាល្លឺម៉ង់ លក់រថពាសដែក Stryker ក្នុងតម្លៃ ១,៥ ពាន់លានដុល្លារអាមេរិកទៅឱ្យប្រទេសប៊ុលហ្គារី និងលក់ឧទ្ធម្ភាគចក្រដែលអាចប្រើប្រាស់ លើច្រើនវិស័យក្នុងតម្លៃ ១ ពាន់លានដុល្លារអាមេរិកទៅឱ្យប្រទេសន័រវែស។ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនបានលើកឡើងថា ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន បានជំរុញឱ្យមានការបញ្ជាទិញខាងសព្វាវុធយ៉ាងសន្ធឹកសន្ធាប់ជាច្រើន ពីសហរដ្ឋអាមេរិក ហើយប្រទេសអឺរ៉ុបបានបង្ខំចិត្តទិញសព្វាវុធ ពីសហរដ្ឋអាមេរិកដើម្បីប៉ះប៉ូវនូវចន្លោះខ្វះខាត ដែលបណ្តាលមកពីបានផ្តល់ជំនួយដល់អ៊ុយក្រែន។

ក្នុងរយៈពេលមួយឆ្នាំកន្លងមក ការលក់សព្វាវុធរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក៏បានទទួល ការយកចិត្តទុកដាក់ដូចគ្នាផងដែរ។ ឧទាហរណ៍ ប្រទេសកូរ៉េខាងត្បូងបានចំណាយប្រាក់ ៥ ពាន់លានដុល្លារអាមេរិក សម្រាប់បញ្ជាទិញយន្តហោះចម្បាំង F-35 អូស្ត្រាលីបានចំណាយប្រាក់ ៦,៣ ពាន់លានដុល្លារអាមេរិក សម្រាប់បញ្ជាទិញយន្តហោះដឹកជញ្ជូន Super Hercules C130J-30 ចំណែកប្រទេសជប៉ុននិងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងស្តីពី ការបញ្ជាទិញយន្តហោះផ្តល់ភេវវសញ្ញាជាមុន Hawkeye E-2D ដែលមានតម្លៃ ១ ពាន់លានដុល្លារអាមេរិក។

ការប៉ះទង្គិចនិងសង្រ្គាមបាននាំមកនូវគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ប៉ុន្តែក៏បានធ្វើឱ្យក្រុមឧស្សាហកម្មយោធាអាមេរិក ចំណេញលុយបានច្រើនដែរ។ ពីការញុះញង់ឱ្យបង្កការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន ដល់ការជំរុញអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក”រហូតដល់ការ”លំអៀងទៅរកអ៊ីស្រាអែល” ដូចពាក្យសម្តីរបស់ក្រសួងការបរទេសអាមេរិក ដែលបានលើកឡើង ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា “ការលក់និងផ្ទេរសព្វាវុធត្រូវគេចាត់ទុកថាជា គោលនយោបាយការទូតដ៏សំខាន់របស់អាមេរិក”។ រដ្ឋាភិបាលអាមេរិក គឺជាអ្នកផ្សព្វផ្សាយនិងលក់ដូរគ្រឿងសព្វាវុធ ដោយខ្ចីនូវកិច្ចការនេះដើម្បីពង្រីកជាបន្តបន្ទាប់ នូវកម្លាំងឥទ្ធិពលរបស់ខ្លួនក្នុងទ្វីបអឺរ៉ុប តំបន់អាស៊ីប៉ាស៊ីហ្វិកនិងមជ្ឈិមបូព៌ាជាដើម ក៏ដូចជាឆក់យកផលប្រយោជន៍ ខាងភូមិសាស្ត្រនយោបាយផងដែរ ។

ទំហំលក់សព្វាវុធដែលបានបំបែកកំណត់ត្រា ធ្វើឱ្យអ្នកផងទាំងពួងឃើញច្បាស់ថា ពិភពលោកកាន់តែគ្មានសុវត្ថិភាព សហរដ្ឋអាមេរិកបានផលប្រយោជន៍កាន់តែច្រើន។ តើសហរដ្ឋអាមេរិកខ្វល់ពីអាយុជីវិត របស់ប្រជាជនអ៊ុយក្រែនឬទេ ? តើពួកគេមានគិតគូរពីផលប៉ះពាល់របស់សម្ព័ន្ធមិត្តអឺរ៉ុបឬទេ ? តើពួកគេខ្វល់ពីសន្តិសុខរបស់ប្រជាជននៅតំបន់អាស៊ីប៉ាស៊ីហ្វិកឬទេ ? សម្ព័ន្ធហិរញ្ញវត្ថុនិងឈ្មួញសព្វាវុធរបស់អាមេរិក គ្មានពេលទំនេរផ្តោតសំខាន់ទៅលើការឆ្លើយតបទេ ហើយមានតែបើកស្រាសាំប៉ាញ មកជប់លៀងអបអរសាទរបន្ថែម៕

វិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទទាក់ទង