Grand News Asia Close

សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ២៩ « ដំណើរនៃការស្វែងរកសន្តិភាពលើកទី១ »

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣ ឯកសារ 79
សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ២៩ « ដំណើរនៃការស្វែងរកសន្តិភាពលើកទី១ » សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ២៩ « ដំណើរនៃការស្វែងរកសន្តិភាពលើកទី១ »

សៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នកដែលចូលចិត្តកិច្ចការស្រាវជ្រាវ និងចងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បីចងក្រងប្រវត្តិសាស្រ្តរបស់យើង ព្រោះតាំងពីច្រើនសម័យកាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការចងក្រងឯកសារ នៃប្រទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។ ជនបរទេស មិនមែនទន់ខ្សោយនោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អាចនឹងមានការលើសលស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រសិនបើជាតិសាសន៍យើងជាអ្នករៀបរៀងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និងឧត្តមគតិជាតិពិតប្រាកដរបស់ខ្លួនដែរ។

ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។

វគ្គ២៩ « ដំណើរនៃការស្វែងរកសន្តិភាពលើកទី១ »

ការស្វែងរកសន្តិភាព ប្រៀបដូចនឹងការរាវរកម្ជុលក្នុងមហាសាគរដ៏មហាធំធេង ឯការថែរក្សាសន្តិភាពឱ្យនៅឋិតថេរគង់វង្ស គឺកាន់តែលំបាកទៅទៀត ប្រៀបដូចនឹងការថែទាំកែវភ្នែកមិនឱ្យប៉ះពាល់នឹងធូលី ឬខ្យល់ដូច្នេះដែរ។

នៅលើជុំវិញពិភពលោក ភាគច្រើនបំផុតគឺគេបង្ហាញតែវិធី ឬយុទ្ធសាស្រ្តនៃការធ្វើសង្គ្រាមបង្ហូរឈាម កាប់សម្លាប់គ្នា។ តើគួរធ្វើ ឬត្រូវធ្វើដូចម្តេចដើម្បីឈ្នះលើសមរភូមិប្រយុទ្ធបង្ហូរឈាម ដោយគេមិនបានបង្ហាញអំពីក្បួនយុទ្ធសាស្រ្ត ឬគន្លឹះនៃការបញ្ចប់សង្រ្គាម ឬតើត្រូវមានដំណើរការរបៀបណាដើម្បីស្វែងរកសន្តិភាពទេ? ប៉ុន្តែចំពោះសម្តេច ហ៊ុន សែន ទោះបីជាគេមិនទាន់ទទួលស្គាល់ដោយទូលំទូលាយថា ជាបិតាសន្តិភាព ឬត្រូវគេប្រមាថ ពេបជ្រាយដោយទឹកចិត្តអគតិ លោកបង្ហាញយ៉ាងច្បាស់អំពីគន្លឹះនិងយុទ្ធសាស្រ្តបញ្ចប់សង្រ្គាមឬដំណើរការស្វែងរក សន្តិភាព គឺយុទ្ធ-សាស្រ្ត៥ចំណុច ឌីហ្វីដ (DIFID ) និងគោលនយោបាយ ឈ្នះ ឈ្នះ ៣ចំណុចផ្សេងទៀត។ល។ តាមប្រវត្តិសាស្រ្ត សង្រ្គាមលើលោកភាគច្រើនស្ទើរតែ១០០% គឺបញ្ចប់ដោយការបង្ហូរឈាម តែនៅកម្ពុជាក្រោម យុទ្ធសាស្រ្តឌីហ្វីដ និងគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេច ហ៊ុន សែន គឺសង្រ្គាមនៅកម្ពុជាទាំងមូល បញ្ចប់ដោយមិនចាំបាច់ចំណាយសូម្បីគ្រាប់កាំភ្លើងមួយគ្រាប់។

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេច ហ៊ុន សែន ដឹកនាំកងទ័ពបួននាក់រត់ចេញពីកម្ពុជា ទៅប្រទេសវៀតណាម ដើម្បីស្វែងរកការជួយអន្តរាគមន៍ រំដោះប្រជាជាតិ និងប្រទេសខ្មែរ ឱ្យរួចផុតពីអំពើឃោរឃៅ យង់ឃ្នង ព្រៃផ្សៃ នៃរបបកម្ពុជាប្រជាធិបតេយ្យ។ ការស្វែងរកសន្តិភាពរបស់សម្ដេច មិនមែនទើបតែចាប់ផ្តើមនៅអំឡុងឆ្នាំ១៩៨៧ នៅបារាំងនោះទេ គឺចាប់ផ្តើមតាំងពីឆ្នាំ១៩៧៧ មកម្ល៉េះ។ ឯការប្រឆាំងរបប ប៉ុល ពត ដូចយើងដឹងរួចមកហើយ សម្ដេចមិនមែនទើបតែប្រឆាំងនៅ ឆ្នាំ១៩៧៧ នេះដែរ គឺធ្លាប់ប្រឆាំង និងបះបោរតាំងពីអំឡុងឆ្នាំ១៩៧៣ ឬ១៩៧៤ ខណៈខ្មែរក្រហមចាប់ផ្តើមប្រព្រឹត្តអំពើឃោរឃៅមកលើប្រជាជនរំដោះ។

បើសិក្សាទៅលើកាលប្បវត្តិ និងការចូលខ្លួនមកស្វែងរកសន្តិភាពរបស់សម្តេច ហ៊ុន សែន មិនមែនទើបតែធ្វើឡើងអំឡុងឆ្នាំខាងលើនេះទេ តែកើតឡើងតាំងតែពីដើមខែមេសា ឆ្នាំ១៩៧០ មកម្ល៉េះ ព្រោះការរត់ចូលព្រៃម៉ាគី តាមការអំពាវនាវរបស់សម្ដេចព្រះនរោត្តម សីហនុ នៅក្រោយរដ្ឋប្រហារ គឺជាការស្វែងរកសន្តិភាពជូនជាតិលើកដំបូងរួចទៅហើយ។ ការតស៊ូក្នុងព្រៃដើម្បីបញ្ចប់សង្រ្គាម គឺជាការរួមចំណែកធ្វើឱ្យកម្ពុជាមានសន្តិភាព។ ប៉ុន្តែ អ្វីៗមិនដូចបំណងឡើយ ហើយសង្រ្គាមបានអូសបន្លាយពីទសវត្សរ៍១៩៧០ រហូតដល់ចុងខែធ្នូ ឆ្នាំ១៩៩៨។ ជារួមជិត៣០ឆ្នាំ ទើបសង្រ្គាមបញ្ចប់ជាស្ថាពរក្រោមយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ របស់សម្តេច។

ក្នុងសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើមុខវិជ្ជា មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយ ក្រោមប្រធានបទសន្តិភាព និងការអភិវឌ្ឍ បង្ហាញឃើញថា សន្តិភាព នៅប្រទេស កម្ពុជា គឺមិនឋិតថេរនោះទេ តាំងពីបរមបុរាណមក គឺផុយស្រួយខ្លាំងណាស់ ហើយប្រជាជន កម្ពុជារស់នៅក្នុងសុខសន្តិភាព ទទួលបានតិចតួចជាងសង្រ្គាម ឬជម្លោះផ្ទៃក្នុងរវាងអ្នកគ្រប់គ្រងប្រទេស និងអ្នកឯទៀត។ សន្តិភាពចែកចេញជាពីរធំៗ គឺសន្តិភាពផ្លូវកាយ និងសន្តិភាពផ្លូវចិត្ត។ សន្តិភាពផ្លូវកាយ គឺរស់នៅដោយគ្មានការបៀតបៀនលើរាងកាយដោយហិង្សា ដោយអាវុធ ឯ សន្តិភាពផ្លូវចិត្ត គឺការរស់នៅដោយគ្មានការគំរាមកំហែងខាងស្មារតី សតិអារម្មណ៍ តាមរយៈពាក្យសម្តី និងអំណាច។ សន្តិភាព គឺជាឫសគល់នៃលទ្ធិប្រជាធិបតេយ្យ សន្តិភាព គឺជាឫសគល់នៃ សេរីភាព សន្តិភាព គឺជាឫសគល់នៃការអភិវឌ្ឍ។ សម្តេច ហ៊ុន សែន ក៏លើកឡើងក្នុងសំណេររបស់ សម្តេច នៅលើទំព័រហ្វេសប៊ុកកាលពី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែរថា គ្មានសន្តិភាព គ្មានអ្វីៗទាំងអស់។

ក្នុងវចនានុក្រមខ្មែរពន្យល់ថា សន្តិភាព មកពីភាសាបាលីពីរម៉ាត់ គឺ សន្តិ បូកនឹង ភាព។ សន្តិ មានន័យថា សេចក្តីស្ងប់ សេចក្តីសាន្តត្រាណ។ ឯភាពមានន័យថា ដំណើរ បែបបទ ឬលំនាំ ឬទម្រង់ជាដើម។ ដូច្នេះ សន្តិភាព មានន័យថា សេចក្តីស្ងប់ដោយសុខសាន្តត្រាណ ដំណើរជាសះនឹងគ្នា។

សម្តេចព្រះមហាឃោសនន្ទ វ៉ា យ៉ាវ ជាសម្តេចសង្ឃដែលបង្កើតធម្មយាត្រាស្វែងរកសន្តិភាពដើម្បីកម្ពុជាតាំងពីឆ្នាំ១៩៩២ មកនោះ ទ្រង់កត់ត្រាថា សន្តិភាព កើតឡើងពីចិត្តគំនិតរបស់បុគ្គល។ បើបុគ្គលមានសន្តិភាពក្នុងចិត្ត នាំឱ្យគ្រួសារមានសន្តិភាព។ បើគ្រួសារមានសន្តិភាព នាំឱ្យសហគមន៍មានសន្តិភាព។ បើសហគមន៍មានសន្តិភាព នាំឱ្យប្រទេសជាតិមានសន្តិភាព(គ្មានសង្រ្គាម)។ បើប្រទេសជាតិមានសន្តិភាព នាំឱ្យពិភពលោកមានសន្តិភាព។

ដូច្នេះទោះបីការបញ្ចប់សង្រ្គាមនៅថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលប្រជាពលរដ្ឋខ្មែរសង្ឃឹម និងជឿជាក់ ថានឹងទទួលបាននូវសុខសន្តិភាពនោះ គឺផ្ទុយស្រឡះទាំងស្រុង។ ប្រទេសជាតិប្រែក្រឡាស់ ក្រឡាប់ចាក់៣៦០អង្សារ ព្រោះទាំងហិង្សាផ្លូវចិត្ត និងផ្លូវកាយកើតឡើងដំណាលគ្នាដោយទទួលរងនូវការបណ្តេញចេញដោយហិង្សា ដោយការបាញ់ប្រហារពីកងទ័ពខ្មែរក្រហម។ ទាំងទាហាន លន់ នល់ ទាំងបញ្ញវន្ត ទាំងប្រជាជនស្លូតត្រង់ ត្រូវគំរាមកំហែងឱ្យចាកចេញពីផ្ទះសម្បែងដោយគ្មានការអនុគ្រោះ ទោះបីជាអ្នកជំងឺ ឬស្រ្តីមានផ្ទៃពោះ ឬទើបតែឆ្លងទន្លេរួច។ ការរស់នៅក្នុងភាពឈឺចាប់ដោយអំពើបំពានផ្លូវកាយនិងផ្លូវចិត្ត ត្រូវស្ថិតក្នុងចិត្តនិងខួរក្បាលប្រជាជនខ្មែរជារៀងរាល់ថ្ងៃនៅឡើយ អស់រយៈពេលជាង៣ឆ្នាំ។ សន្តិភាពផ្លូវចិត្ត និងផ្លូវកាយ ក៏ត្រូវបំផ្លាញត្រឹមនេះដែរ រហូតដល់ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ សន្តិភាពផ្លូវកាយ និងផ្លូវចិត្ត របស់ពួកគេសម្រាលឱ្យធូរស្រាលមកវិញ ទោះបីមិនទាន់បាន១០០%ក្តី។ ផ្លូវចិត្តរបស់ពួកគេ នៅមានការព្រួយបារម្ភអំពីការចូលមកប្លន់ ឬបាញ់សម្លាប់ពីកងទ័ពព្រៃខ្មែរក្រហម ឯសន្តិភាពផ្លូវកាយរបស់ពួកគេ ក៏នៅទទួលរងផលប៉ះពាល់តិចតួច ដូចជាការរងរបួសស្នាម ពីការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតកម្ពុជា និងទ័ពខ្មែរក្រហមនៅតាមតំបន់មួយចំនួន។ ប៉ុន្តែចំពោះប្រជាជនខ្មែរ ដែលរត់ភៀសខ្លួនពីសង្រ្គាមទៅកាន់ព្រំដែនថៃ តាមតួលេខបង្ហាញថា ប្រមាណជាង៥ម៉ឺននាក់ ត្រូវទាហាន ប៉ារ៉ាថៃ បាញ់ កៀរទម្លាក់ និងបង្ខំដោយហិង្សាឱ្យចុះជ្រោះដ៏គ្រោះថ្នាក់នៅភ្នំដងរែក។ នៅជើងភ្នំដងរែក តំបន់នៃខេត្តព្រះវិហារនៅគ្រានោះ គឺពោរពេញដោយគ្រាប់មីន ដែលទាហានខ្មែរក្រហមដាក់ពង្រាយ។ តាមរបាយការណ៍របស់អង្គការអន្តរជាតិ UNHCR ឱ្យដឹងថា ជនរងគ្រោះដោយអំពើឃោរឃៅរបស់ទាហានថៃ បានបាត់បង់ជីវិតដោយសារជាន់មីន ជំងឺ និងគ្មានអាហារ ប្រមាណ៥ពាន់នាក់ ក្នុងនោះប្រមាណជាង២ពាន់នាក់ទៀតបាត់ខ្លួន។ ចំណែកអ្នកដែលរស់រានមានជីវិតពីគ្រោះដ៏រន្ធត់តក់ស្លុត ប្រមាណ៩០% មានជំងឺបាក់ស្បាត ឬវិបល្លាសស្មារតី។

ការស្វែងរកដំណោះស្រាយ សន្តិភាពនៅប្រទេសកម្ពុជារបស់សម្តេច គឺធ្វើឡើងជាប្រាំដំណាក់កាល គឺ៖

– ដំណាក់កាលទី១ នៅឆ្នាំ១៩៧០ ខណៈសម្តេចរត់ចូលព្រៃម៉ាគី។ – ដំណាក់កាលទី២ នៅខែមិថុនា ឆ្នាំ១៩៧៧ ពេលសម្តេចរត់ភៀសខ្លួនទៅវៀតណាម។ – ដំណាក់កាលទី៣ នៅឆ្នាំ១៩៨៤ ពេលមានការសាកល្បងចរចាជាសម្ងាត់ រវាងសម្តេចហ៊ុន សែន និងសម្តេចព្រះនរោត្ត សីហនុ តែមិនបានសម្រេច ដោយសារតែមានការជំទាស់ពីភាគីចិន និងថៃ។ – ដំណាក់កាលទី៤ គឺធ្វើឡើងនៅប៉ារីស ឆ្នាំ១៩៨៧ ពេលសម្តេចជួបចរចាលើកទី១ជាមួយសម្តេចព្រះនរោត្តម សីហនុ នៅប្រទេសបារាំង។ – ដំណាក់កាលទី៥ នៅឆ្នាំ១៩៩៤ នៅពេលដែលសម្តេច ចាប់ផ្តើមរៀបចំ និងអនុវត្តន៍យុទ្ធសាស្រ្ត ឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមជាស្ថាពរនៅកម្ពុជា តែដំណើរការនោះត្រូវអូសបន្លាយរហូតដល់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទើបសង្រ្គាមបញ្ចប់១០០% ឬមានន័យថា កម្ពុជាមានសន្តិភាពពេញលេញទូទាំងប្រទេសទាំងស្រុង ធ្វើឱ្យកម្ពុជាក្លាយពីប្រទេសមួយ មានតំបន់ត្រួតត្រា៤ មកជាកម្ពុជា ដែនដីមួយ មានរដ្ឋបាលតែមួយ។

ដំណើរការបង្រួបបង្រួមជាតិរបស់សម្តេច ហ៊ុន សែន ស្រដៀងគ្នា ឬអាចនិយាយថា មានគំរូល្អជាងព្រះបាទឦសានវរ្ម័នផង ដោយសារព្រះអង្គបង្រួបបង្រួមតែពីរនគរ គឺចេនឡាទឹក និងចេនឡាគោក តែសម្តេច ហ៊ុន សែន បង្រួបបង្រួម៤តំបន់ត្រួតត្រា គឺចលនា ហ៊្វុនស៊ិនប៉ិច ចលនាលោកតា សឺន សាន ចលនាខ្មែរក្រហម និងចលនាសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ការស្វែងរកសន្តិភាព ធ្វើឡើងដោយរលូនផង ដោយមានឧបសគ្គដ៏ស្មុគស្មាញផង តែទោះយ៉ាងណា ក៏តួអង្គស្ថាបនិក ឬបិតាសន្តិភាពរូបនេះ នៅតែតស៊ូ អត់ធ្មត់ និងពុះពារគ្រប់ឧបសគ្គ លះបង់កម្លាំងកាយចិត្ត ដើម្បីប្តូរមកវិញឱ្យជាតិ ប្រជាជនមានសេចក្តីសុខ ទាំងផ្លូវកាយ និងផ្លូវចិត្ត។ លោក អ៊ីស្សេ អ៊ីណូអេ អតីតសមាជិកសភាជប៉ុន ដែលមានមោទនភាពក្នុងការធ្វើជាស្ពានចម្លងដើម្បីដំណើរការផ្សះផ្សាជាតិ និងស្វែងរកសុខសន្តិភាពនៅកម្ពុជា បានរៀបរាប់ក្នុងសៀវភៅរបស់លោកដែលមានចំណងជើងថា ស្ពានចម្លងរវាងបេះដូងទាំងពីរ ថាតាំងពីការបង្កើតឱ្យមានរបបកម្ពុជាថ្មីមួយនៅឆ្នាំ១៩៩៣ មក សម្តេច ហ៊ុន សែន ជាមេដឹកនាំតែម្នាក់គត់ ដែលបូជាថាមពលទាំងអស់របស់សម្ដេច ដើម្បីបុព្វហេតុសុខសន្តិភាពនៅកម្ពុជា ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះនរោត្តម សីហនុ។

ជាមួយនឹងពាក្យក្រើនរម្លឹកដ៏គួរពិចារណាមួយឃ្លាដែលមហាជនលើកឡើងថា “សន្តិភាព មិនមែនជបដោយមន្តអាគមបានទេ តែកើតឡើងដោយការយកអាយុជីវិតរបស់ថ្នាក់នាំគណបក្សប្រជាជនកម្ពុជាទៅប្តូរ”។ ដូចពាក្យរបស់មហាត្មៈគន្ធី លើកឡើងដែរថា “សន្តិភាព នឹងមិនអាចកើតឡើងបានទេ ប្រសិនបើភាគីជម្លោះមិនព្រមបោះបង់អាវុធ”។

គួររម្លឹកពីការលើកឡើងរបស់សម្តេច ដែលអញ្ជើញទៅដល់ទីតាំងលាក់អាវុធ កាលពីព្រឹកថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ២០១៧ ខណៈដែលសម្តេច និងមន្រ្តីសំខាន់ៗមួយចំនួនធំ អញ្ជើញទៅកាន់ទីតាំងស្លាកស្នាមអនុស្សាវរីយ៍មួយចំនួន នៅក្នុងប្រទេសវៀតណាម ដែលសម្តេច និងយុទ្ធមិត្ត៤រូប ធ្វើដំណើរឆ្ពោះទៅពឹងវៀតណាម ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពី៤០ឆ្នាំមុន។ ថ្លែងពីកន្លែងលាក់អាវុធ ក្នុងដំណើការតស៊ូរំដោះប្រទេសជាតិនៅព្រំដែនកម្ពុជា វៀតណាម សម្តេច ហ៊ុន សែន មានប្រសាសន៍ថា សម្តេច រួមនឹងយុទ្ធមិត្ត៤រូបទៀត តស៊ូរត់ភៀសខ្លួនទៅកាន់ប្រទេស វៀតណាម ដើម្បីស្វែងរកការគាំទ្រកម្លាំងយោធា មករំដោះប្រទេសកម្ពុជា នោះគឺសម្តេចធ្វើឡើងដូចវីរបុរសរបស់ប្រទេសបារាំង លោក ស្ហាលដឺហ្គោល។ សម្តេចរត់ភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ចំណែកលោក ស្ហាលដឺហ្គោល រត់ភៀសខ្លួនពីបារាំងទៅកាន់ប្រទេសអង់គ្លេស ដើម្បីស្វែងរកការគាំទ្ររំដោះប្រទេសបារាំង ចេញពីអាណានិគមហ្វាស៊ីសហ៊ីត្លែរ ហើយលោកស្ហាលដឺហ្គោល ត្រូវប្រជាជនបារាំងចាត់ទុកជាវីរបុរសរបស់ពួកគេ។ ប្រសិនបើចង់បន្ទោសថា ហេតុអ្វីសម្តេចទៅពឹងប្រទេសវៀតណាម ដើម្បីជួយរំដោះប្រទេស គេគួរបន្ទោស ឬសួរលោកស្ហាលដឺហ្គោល ផងដែរ។

ក្នុងជំនួបចរចាលើកដំបូងឆ្នាំ១៩៨៧ នៅហ្វែរ អង់ តាដឺន័រ ប្រទេសបារាំង សម្តេច ហ៊ុន សែន បានទូលថ្វាយសម្ដេចព្រះនរោត្តម សីហនុ ថារឿងពឹងពាក់វៀតណាមឱ្យជួយកម្ពុជា ព្រះអង្គក៏ធ្លាប់ពឹងវៀតណាមដែរ ដែលការលើកឡើងនោះ ធ្វើឱ្យព្រះអង្គទទួលស្គាល់ថា ជាការត្រឹមត្រូវ ព្រោះប្រទេសជិតខាងត្រូវពឹងគ្នាទៅវិញទៅមក ហើយមូលហេតុដែលក្រុមចលនាសម្តេច ហ៊ុន សែន មិនទៅពឹងពាក់លាវ ឬថៃ ដោយសារលាវ មានប្រជាជនតិច កម្លាំងទ័ព និងសព្វាអាវុធខ្សោយ។ ឯថៃជាប្រទេសសមាជិកអាស៊ាន ដែលមានគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃជាពិសេសចម្ងាយផ្លូវធ្វើដំណើរពីព្រំដែនខាងកើត (សម្តេចនៅតំបន់បូព៌ា) ទៅកាន់ប្រទេសថៃ (ខាងលិច) មានចម្ងាយឆ្ងាយ ទម្រាំទៅដល់មានរយៈពេលយូរ ម្យ៉ាងពេលទៅដល់មិនប្រាកដថា ថៃគេនឹងទទួលដែរ។

មានប្រសាសន៍ក្នុងពិធីសម្ពោធសាលារៀន នៅឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) កាលពីខែមេសា ឆ្នាំ១៩៩០ ក្រោយពីត្រឡប់មកពីចរចាស្វែងរកសន្តិភាព នៅក្រុងហ្សាកាតា វិញ សម្តេច ហ៊ុន សែន មានប្រសាសន៍ទៅកាន់អ្នកភូមិរាប់ពាន់នាក់ថា ពេលអ្នកកាសែតសួរថា តើភាគីខ្មែរទាំងអស់វាយតម្លៃឯកសារនៅហ្សាកាតា ល្អឬអាក្រក់? ហើយភាគីណាមួយឆ្លើយក៏បាន? ពេលនោះលោក សឺន សាន មិនឆ្លើយតាមទិសដៅនៃសំណួរទេ តែបែរជាវាយប្រហារ សម្តេចភ្លាមៗតែម្តង ថាវៀតណាមមកនៅស្រុកខ្មែរ១លាន២សែន៥ម៉ឺននាក់។ យកប្តីខ្មែរយកប្រពន្ធខ្មែរ រួចមកបន្លំខ្លួនធ្វើកងទ័ពរបស់សម្តេច ធ្វើជាអ្នករដ្ឋការរបស់សម្ដេច ហើយថែមទាំងចេះនិយាយភាសាខ្មែរទៀតផង។

ជាការឆ្លើយតបទៅនឹងការវាយប្រហារសម្តេច ហ៊ុន សែន មានប្រសាសន៍ថា វាអយុត្តិធម៌ពេកហើយចំពោះសាធារណរដ្ឋប្រជាមានិតកម្ពុជា។ សម្តេចលើកឡើងជាសំណួរថា នៅស្រុកក្រូចឆ្មារ តាំងពីដើមមកតើមានវៀតណាមប៉ុន្មាននាក់? តើនៅម្តុំខេត្តក្រចេះមានវៀតណាមប៉ុន្មាននាក់? ឥឡូវមានប៉ុន្មាន? គ្មានទេចម្ការកៅស៊ូពីសម័យដើម ភាគច្រើនវៀតណាមជាកម្មករ ឥឡូវមានទេ? គឺគ្មានទេ។ សម្តេច បានឱ្យលោកសឺន សាន ពិចារណាឡើងវិញ ជាពិសេសត្រូវប្រកាន់សច្ចធម៌ ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នា។ សម្តេចលើកឡើងថា លោក សឺន សាន ចោទថាមានវៀតណាមនៅកម្ពុជាច្រើន ខណៈលោក សឺន សាន ខ្លួនឯងក៏និយាយខ្មែរមិនច្បាស់ គឺមានសំនៀងវៀតណាមផងដែរ។ សូម្បីតែសម្តេចព្រះនរោត្តម សីហនុ ក៏មានព្រះបន្ទូលបែបលេងសើច តែបង្កប់ន័យអប់រំ ជ្រាលជ្រៅ ប្រាប់លោកសឺន សាន ដែរ ថាបើពេលចូលមកស្រុកខ្មែរភ្លាម ត្រូវពិនិត្យមើលអ្នកណានិយាយខ្មែរមិនច្បាស់ ត្រូវដេញត្រឡប់ទៅវៀតណាមវិញ។ តែត្រូវដេញលោក សឺន សាន ទៅមុនគេ ព្រោះលោក សឺន សាន និយាយខ្មែរមិនច្បាស់។

វត្តមានរបស់កងទ័ពវៀតណាម គេយកមកធ្វើជាឆ្អឹងទទឹងក ក្នុងការស្វែងរកដំណោះស្រាយសន្តិភាពនៅកម្ពុជា។ វត្តមានរបស់កងទ័ពប្រជាជនវៀតណាម គឺតាមសំណូមពររបស់ប្រជាជន និងចលនាតស៊ូរបស់ប្រជាជនកម្ពុជា ដែលស្រែកដង្ហោយហៅឱ្យគេមកជួយ ឱ្យរួចផុតពីសេចក្តីស្លាប់ ពីសេចក្តីមហាវេទនាប៉ុណ្ណោះ។

ជុំវិញបញ្ហានេះ លោក ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បាននិយាយថា នៅសម័យ ប៉ុល ពត ដោយសារវេទនាពេក វេទនាហួសនិស្ស័យ បើមានអ្នកណាមកជួយ ទោះបីឱ្យលោកលិឍគូទ លាងលាមក ក៏លោកព្រមដែរ។

នៅក្នុងរបប ប៉ុល ពត រយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប្រជាជនទាំងមនុស្សចាស់ មនុស្សវ័យ កណ្តាល យុវជន និងកុមារ គឺគ្មានអ្នកណាម្នាក់នៅទំនេរទេ គេតម្រូវឱ្យធ្វើការជាទម្ងន់ ហួសកម្លាំង និងហូបមិនគ្រប់គ្រាន់។ យុវជនគ្មានសិទ្ធិសាសង ឬបង្កើតស្នេហាដោយខ្លួនឯងទេ មនុស្សទាំងអស់គ្មានសិទ្ធិបេះកសិផល ឬលួចហូបអាហារដែលខ្លួនបានដាំ ឬបានធ្វើទេ។ មនុស្សទាំងអស់គ្មានសិទ្ធិនឹងសម្រេចចិត្តថា ត្រូវរស់ ឬស្លាប់ឡើយ។ ជីវិតមនុស្សមានតម្លៃថោកជាងសត្វ ឬរបស់កំប៉ិកកំប៉ុក។ អ្នកណាឱ្យគោស៊ីមិនឆ្អែត ឬឈឺ ឬធ្វើឱ្យបាក់ចបកាប់ ឬបង្គី នឹងត្រូវចាប់ខ្លួន បើមិនសម្លាប់ ក៏ត្រូវកសាងដែរ។ យុវជន ត្រូវរែកដី ដែលតំបន់ខ្លះតម្រូវមួយថ្ងៃ២ ម៉ែត្រគូប តំបន់ខ្លះមួយថ្ងៃ៣ម៉ែត្រគូប។ បើធ្វើមិនហើយ នឹងត្រូវគេយកទៅកសាងរៀនសូត្រ ឬសម្លាប់។ ដោយ៖ គង់ សិរីរ័ត្ន, សម្រួលផ្សាយ៖ កន ចំណាន

អត្ថបទទាក់ទង