Grand News Asia Close

សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ២៧ « តុលាការខ្មែរក្រហម »

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣ ឯកសារ 85
សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ២៧ « តុលាការខ្មែរក្រហម » សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ២៧ « តុលាការខ្មែរក្រហម »

សៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នកដែលចូលចិត្តកិច្ចការស្រាវជ្រាវ និងចងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បីចងក្រងប្រវត្តិសាស្រ្តរបស់យើង ព្រោះតាំងពីច្រើនសម័យកាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការចងក្រងឯកសារ នៃប្រទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។ ជនបរទេស មិនមែនទន់ខ្សោយនោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អាចនឹងមានការលើសលស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រសិនបើជាតិសាសន៍យើងជាអ្នករៀបរៀងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និងឧត្តមគតិជាតិពិតប្រាកដរបស់ខ្លួនដែរ។

ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។

វគ្គ២៧ « តុលាការខ្មែរក្រហម »

ឆ្ងាយពីការស្វែងរកសន្តិភាពនៅកម្ពុជា ក្រុងវ៉ានស៊ីនតោន និងប៉េកាំង បានរារាំងយ៉ាងជំនាញទាំងគំនិតផ្តួចផ្តើមសន្តិភាពដែលទន់ខ្សោយ ទាំងការព្យាយាមបង្កើតតុលាការកាត់ទោសមេដឹកនាំ ខ្មែរក្រហម។ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលកម្ពុជាបានបន្តអំពាវនាវឱ្យមានការបង្កើតសាលាជំនុំជម្រះក្តីមេដឹកនាំនៃរបប ប៉ុល ពត ជាជាងឱ្យមានការទទួលស្គាល់ជាបន្តរបស់ខ្លួន។ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៨៦ នាយករដ្ឋមន្រ្តីវ័យក្មេង ហ៊ុន សែន បានសរសេរលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការ អង្គការសហប្រជាជាតិ សុំឱ្យដកហូតអាសនៈពីគណៈប្រតិភូ នៃ រដ្ឋាភិបាលត្រីភាគី និងសុំឱ្យមានការបង្កើតសាលាជំនុំជម្រះក្តីអន្តរជាតិកាត់ទោសបន ប៉ុល ពត។ នៅខែធ្នូឆ្នាំ១៩៨៨ រណសិរ្សរំដោះជាតិ បានរៀបចំសន្និសីទមួយដើម្បីគម្រប់ខួបលើកទី៤០ នៃអនុសញ្ញាប្រល័យពូជសាសន៍ ដោយអំពាវនាវទៅកាន់សហគមន៍អន្តរជាតិ ឱ្យបញ្ឈប់ការទទួលស្គាល់ និងឱ្យចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងជនប្រល័យពូជសាសន៍នៅកម្ពុជា ដូចដែលធ្លាប់ធ្វើកន្លងមក ប្រឆាំងនឹងពួកណាហ្សី។ តែគួរឱ្យស្តាយ សេចក្តីអំពាវនាវនោះមិនទទួលបានការយកចិត្តទុកដាក់ ឬការគាំទ្រឡើយ ។

សាលាក្តីខ្មែរក្រហម ដែលមានឈ្មោះហៅថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បង្កើតឡើងអំឡុងឆ្នាំ២០០៤ ក្រោមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហ-ប្រជាជាតិ បន្ទាប់ពីចរចាគ្នាអស់រយៈពេលជាច្រើនឆ្នាំ។ តាមសាវតារនៃសាលាក្តីបង្ហាញថា នៅឆ្នាំ១៩៩៧ រាជរដ្ឋាភិបាលកម្ពុជា បានសំណូមពរឱ្យអង្គការសហប្រជាជាតិ ជួយឧបត្ថម្ភបង្កើតសាលាជម្រះក្ដី ដើម្បីកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ហើយនៅឆ្នាំ២០០១ សភាជាតិកម្ពុជាបានអនុម័តច្បាប់មួយ ដើម្បីបង្កើតតុលាការកាត់សេចក្ដីឧក្រិដ្ឋកម្ម ដែលប្រព្រឹត្ដឡើងនៅប្រទេសកម្ពុជា ក្នុងអំឡុងរបបខ្មែរក្រហមពីឆ្នាំ១៩៧៥-១៩៧៩។ តាមរបាយការណ៍បានឱ្យដឹងថា មានប្រជាជនកម្ពុជាប្រមាណ១,៧ លាននាក់ បាត់បង់ជីវិតដោយសារការបង្អត់អាហារ ទារុណកម្ម ការសម្លាប់ និងការបង្ខំឱ្យធ្វើការហួសកម្លាំង ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃនៃរបបនោះ។ សង្គ្រាមស៊ីវិលបានបន្ដក្រោយពីការដួលរលំនៃរបបខ្មែរក្រហម ។

តាមកិច្ចព្រមព្រៀង អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បង្កើតឡើងដើម្បីជំនុំជម្រះ មេដឹកនាំខ្ពស់បំផុត និងអ្នកដែលទទួលខុសត្រូវខ្ពស់បំផុត នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ រាជរដ្ឋាភិបាលកម្ពុជាទទូចសុំថា ដើម្បីជាផលប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់ តុលាការជម្រះក្ដី ត្រូវប្រព្រឹត្ដទៅនៅក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់មន្ដ្រីនិងចៅក្រមកម្ពុជា គួបផ្សំជាមួយមន្ដ្រីនិងចៅក្រមអន្ដរជាតិ។ កម្ពុជាបានអញ្ជើញសហគមន៍អន្ដរជាតិឱ្យចូលរួមសហការក្នុងការកាត់សេចក្ដីនេះ ដើម្បីធានាឱ្យមានយុត្ដិធម៌ជាលក្ខណៈអន្ដរជាតិ ព្រោះកម្ពុជាយល់ឃើញថាខ្លួននៅទន់ខ្សោយផ្នែកតុលាការ និងចរិតលក្ខណៈអន្ដរជាតិនៃឧក្រិដ្ឋកម្ម។ ចុងបញ្ចប់ កិច្ចព្រមព្រៀងមួយជាមួយអង្គការសហប្រជាជាតិ បានចុះហត្ថលេខានៅខែមិថុនា ឆ្នាំ២០០៣ ដែលចែងអំពីថា តើសហគមន៍អន្ដរជាតិ នឹងជួយឧបត្ថម្ភនិងសហការរបៀបដូចម្ដេចនៅក្នុងអង្គជំនុំជម្រះវិសាមញ្ញនេះ។ តុលាការថ្មីនេះ បង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ប៉ុន្ដែតុលាការនេះ គឺជាតុលាការឯករាជ្យ មិនចំណុះរាជរដ្ឋាភិបាលឬអង្គការសហប្រជាជាតិទេ។ តុលាការនេះគឺជាតុលាការកម្ពុជា ដែលមានការចូលរួមពីសហគមន៍អន្ដរជាតិ ដែលនឹង អនុវត្ដទៅតាមស្ដង់ដាអន្ដរជាតិ។ តុលាការនេះនឹងផ្ដល់ជាគំរូថ្មីមួយដើម្បីដំណើរការកាត់ក្ដីនៅកម្ពុជា។ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា មានអាសយដ្ឋាននៅផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដើម្បីកេងចំណេញផ្នែកនយោបាយ និងដើម្បីធ្វើឱ្យអាម៉ាស់ផង គណបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួន តែងតែភ្ជាប់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេច ហ៊ុន សែន សម្តេច ជា ស៊ីម និងសម្តេច ហេង សំរិន ទៅនឹងអំពើឃោរឃៅនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយពួកគេយល់ថា សម្តេចទាំងបី សុទ្ធតែអាចជាប់ពាក់ព័ន្ធនឹងអំពើឃោរឃៅទាំងនោះ។ ពេលខ្លះ ហៀរទៅដល់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានឡាយលិខិតសុំលាលែងពីព្រះប្រមុខរដ្ឋ តាំងពីខែមេសា ឆ្នាំ១៩៧៦ ។

នៅថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០០៩ យោងតាមឯកសារសម្ងាត់ដែលទីភ្នាក់ងារព័ត៌មានអាម៉េរិក អេ.ភី. បានទទួល ក្រុមមេធាវីការពារក្តីឱ្យ នួន ជា អតីតប្រធានសភានៃរបបកម្ពុជាប្រជាធិបតេយ្យ គឺលោក Victor Koppe បានស្នើសុំធ្វើសម្ភាសន៍ជាមួយសម្តេចព្រះនរោត្តម សីហនុ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្តេចប្រធានព្រឹទ្ធសភា ជា ស៊ីម និងសម្តេចប្រធានរដ្ឋសភា ហេង សំរិន ដែលមេធាវីរូបនោះជឿថា សម្តេចទាំង៣រូប ខាងក្រោយនេះ ជាអតីតសមាជិករបបខ្មែរក្រហម មុននឹងរត់ទៅចុះចូលជាមួយកងទ័ពយៀកណាម ។ លោក Victor Koppe អះអាងថា សម្តេច ហេង សំរិន ជាសាក្សីដ៏សំខាន់បំផុតចំពោះសំណុំរឿង០០២/០២។ ការលើកឡើងរបស់មេធាវីរូបនេះ ដោយសំអាងថា មេធាវីនឹងមិនត្រូវចោទប្រកាន់ ចំពោះការបញ្ចេញមតិរបស់ខ្លួន ក្នុងពេលកំពុងបើកសវនាការឡើយ។ ការលើកឡើងនេះ ក៏ត្រូវអ្នកច្បាប់បញ្ជាក់ថា គ្រាន់តែលើកឡើងតែមួយជ្រុង និងដើម្បីបង្ហាញថា តុលាការអន្តរជាតិគេធ្វើបែបនេះ គឺកោះហៅគ្រប់ភាគី តែគេមិនបានពិនិត្យអំពីវិធាននានា ដែលមានចែងក្នុងកិច្ចព្រមព្រៀងរវាងរាជដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ។ គេគួរតែសិក្សាពាក្យថា អ្នកទទួលខុសត្រូវខ្ពស់បំផុត និងមេដឹកនាំខ្ពស់បំផុត។អ្នកទទួលខុសត្រូវ និងមេដឹកនាំខ្ពស់បំផុត សំដៅលើមនុស្សដែលមានសិទ្ធិសម្រេចចិត្តធ្វើអ្វីមួយ ដូចជាបញ្ជាឱ្យចាប់ចង ឬធ្វើទារុណកម្មនរណាម្នាក់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ សម្តេច ហេង សំរិន ជាកងទ័ពថ្នាក់ក្រោមម្នាក់ ចំណែកសម្តេច ហ៊ុន សែន អតីតមេបញ្ជាការកងទ័ព ដែលពុំមានសិទ្ធិ ឬមានអំណាចបញ្ជាឱ្យកងទ័ពរបស់ខ្លួនធ្វើផ្តេសផ្តាសឡើយ។ ដូចគេឃើញរួចមកហើយថា សម្តេច ហ៊ុន សែន ពុំមែនជាកងទ័ពក្នុងចលនាខ្មែរក្រហមទេតែសម្តេចជាអតីតកងទ័ពរំដោះជាតិសីហនុនិយម ដែលចាប់ផ្តើមមានទស្សនៈផ្ទុយ និងប្រឆាំងពួកកុម្មុយនីស្តប៉ុល ពត ឬកម្ពុជាប្រជាធិបតេយ្យ តាំងពីអំឡុងឆ្នាំ១៩៧៣ ឬ១៩៧៤ ខណៈចលនាខ្មែរក្រហម ធ្វើទារុណកម្មលើប្រជាជនក្នុងតំបន់រំដោះ និងកងទ័ព លន់ នល់ ដែលពួកគេចាប់បាន។

រាល់សវនាការម្តង ទាំងសហព្រះរាជអាជ្ញា និងសហមេធាវី បរទេស ព្យាយាមឈ្លេចសួរម្តងហើយម្តងទៀត អំពីការជាប់ពាក់ព័ន្ធរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចប្រមុខរាជរដ្ឋាភិបាល ទោះបីសាក្សី ពិសេសលោក កាំង ហ្កេកអ៊ាវ ហៅឌុច ធ្លាប់បញ្ជាក់ប្រាប់សាលាក្តីថា លោកមិនដែលឮ មិនដែលស្គាល់ទេ ឈ្មោះ ហ៊ុន សែននេះ ទើបតែឮនៅក្រោយ ថ្ងៃ៧មករា ១៩៧៩ ក៏ដោយក្ដី។ ពួកគេសឹងតែបៀតបៀនអភ័យឯកសិទ្ធិ ដែលមើលទៅធ្វើដោយកំហឹង ឬគំនុំ ដោយធ្វើយ៉ាងណាយកមនុស្ស ដែលជាអ្នកជួយប្រជាជន រំដោះប្រទេសជាតិពីរបបដ៏ឃោរឃៅយកទៅកាត់ទោសតាមប្រាថ្នា នៃមហិច្ឆតារបស់ពួកគេ។ បើតាមភាសាអ្នកនិពន្ធប្រលោមលោក គេហៅថា យកអ្នកជួយសង្រ្គោះទៅផ្តន្ទាទោស តាមបំណងដ៏ងងឹតល្ងង់ ដែលជនអគតិ ឬអវិជ្ជាចង់បាន។ គេចង់ឱ្យជនរងគ្រោះក្លាយជាជនល្មើស ឯជនល្មើសក្លាយជាវីរបុរស។ ការលើកឡើងបែបនេះ អាចនឹងត្រូវគេខឹង ឬប្តឹងចោទប្រកាន់ថា យើងមានចេតនារារាំងមិនឱ្យសាលាក្តីដំណើរការទៅមុខប្រកបដោយជោគជ័យ ហើយបំភ្លេចអំពីសិទ្ធិសេរីភាព នៃការបញ្ចេញមតិរបស់យើង។ សាលាក្តីខ្មែរក្រហម បានបង្កើតឡើងដោយមិនច្បាស់លាស់អំពីកាលបរិច្ឆេទ បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងលោកឧបនាយករដ្ឋមន្រ្តី សុខ អាន និងលោកតំណាងអង្គការសហប្រជាជាតិ ហ៊ែន ខូរែល កាលពីឆ្នាំ២០០៣ ហើយក្រោយពីការចុះហត្ថលេខានោះ សម្តេច ហ៊ុន សែន ក្នុងនាមនាយករដ្ឋមន្រ្តី បានធ្វើលិខិតថ្វាយសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ក្នុងនាមព្រះអង្គជាព្រះប្រធានរដ្ឋសភា។

នៅអំឡុងឆ្នាំ១៩៩៩ ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានបរទេស សម្តេច ហ៊ុន សែន មានប្រសាសន៍ថា គេមិនអាចទម្លាក់កំហុស ឬទម្លាក់ការទទួលខុសត្រូវអំពីអំពើឃោរឃៅ ក្នុងរបបកម្ពុជាប្រជាធបិតេយ្យ លើការស្លាប់របស់ ប៉ុល ពត និង សុន សេន នោះទេ។ គឺត្រូវមានតុលាការមួយក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ប្រជាពលរដ្ឋមួយចំនួនលើកឡើងថា សហចៅក្រម ឬសហព្រះរាជអាជ្ញា និងសហមេធាវីទាំងនេះ កាលពីក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬក្រោយឆ្នាំ១៩៧៩ បន្តិច គ្មានមុខអ្វីនិយាយពីកម្ពុជាសូម្បីមួយម៉ាត់ឡើយ ពួកគេចង់ធ្វើជាវីរបុរសក្រោយស្រុកទេសមានសន្តិភាព។ ពួកគេចង់យកអ្នកបង្កើតឱ្យមានសាលាក្តីទៅកាត់ទោស តាមការញុះញង់របស់អ្នកនយោបាយ ឬក្នុងន័យបម្រើនយោបាយ ដោយកលឧបាយមិនល្អចំពោះកម្ពុជា ដែលពួកគេចង់ផ្ចាញ់ផ្ចាល។ ក្រៅពីទាមទារមិនបានសម្រេច ក្នុងការអញ្ជើញថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ឱ្យចូលបំភ្លឺ ទាំងសហមេធាវី និងសហព្រះរាជអាជ្ញាសាលាក្តី ក៏ទាមទារឱ្យមានការកាត់ទោសមេដឹកនាំខ្មែរក្រហមដទៃទៀត ដែលនៅសេសសល់ក្នុងសំណុំរឿង០០៣ និង០០៤ ផងដែរ ដែលការទាមទារនេះ ធ្វើឱ្យមានការប្រតិកម្មពីសម្តេចប្រមុខរាជរដ្ឋាភិបាល។ សម្តេចហ៊ុន សែន មានប្រសាសន៍ថា សកម្មភាព ឬការទាមទារចោទប្រកាន់ មេដឹកនាំខ្មែរក្រហមដទៃទៀត ស្ទើរតែឱ្យខ្មែរក្រហមរត់ចូលព្រៃវិញ ឬស្មើនឹងបំផ្លាញសន្តិភាព ។ សម្តេចបានមានប្រសាសន៍ ក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ នៃលទ្ធផលចុងក្រោយជំរឿនប្រជាជនទូទៅរបស់ប្រទេសកម្ពុជាឆ្នាំ២០០៨ ថាទុកឱ្យតុលាការសម្រេចអំពីការចោទប្រកាន់ពួកអតីតមេដឹកនាំខែ្មរបន្ថែម ឬក៏អត់តាមសំឡេងភាគច្រើន។ សម្តេចបញ្ជាក់ថា ចៅក្រមបរទេស និងចៅក្រមខែ្មរកំពុងតែមានទំនាស់គ្នា អំពីការចោទប្រកាន់ពួកអតីតមេដឹកនាំជាន់ខ្ពស់បន្ថែម ទៀត។ ឥឡូវនេះ បើសិនកាត់ទោស (អតីតមេដឹកនាំខែ្មរក្រហម) ដោយមិនបានគិតអំពីសន្តិភាព និងការបង្រួបបង្រួមជាតិ បើកើតសង្គ្រាមឡើងវិញ និងសម្លាប់មនុស្ស២០០ ០០០-៣០០ ០០០នាក់ថែមទៀត នរណាទទួលខុសត្រូវ? ព្រោះសម្ដេចបានប្តូរស្លាប់ ប្តូរជីវិត ដើម្បីបានផែនដីនេះ។ សម្ដេចមិនឱ្យនរណាបំផ្លាញសន្តិភាពទេ ហើយជាតិ និងប្រជាជនកម្ពុជា ក៏មិនឱ្យនរណាធ្វើឱ្យប្រទេសនេះទៅរកអស្ថិរភាពដែរ មិនថាជនជាតិខែ្មរ ឬជនជាតិបរទេសទេ។ សម្តេច ហ៊ុន សែន បានប្រាប់ទៅលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ឱ្យពន្យល់ផងដែរនូវពាក្យថា បើចង់ចោទប្រកាន់អតីតមេដឹកនាំខែ្មរថែមទៀត ទាល់តែលើកសំណើសុំទៅសម្ដេច ឬបើតុលាការចង់ចោទប្រកាន់អតីតមេដឹកនាំខែ្មរក្រហមបន្ថែម តុលាការត្រូវបង្ហាញហេតុផលទៅ សម្តេច ហ៊ុន សែន។ ព្រោះសម្ដេចសុំត្រឹមតែរក្សាសន្តិភាពរបស់ប្រទេសប៉ុណ្ណោះ ដោយមិនជះឥទ្ធិពលទៅលើបញ្ហាតុលាការនោះទេ ហើយសូមកុំឱ្យលោក ឆាំង យុ រញ៉េរញ៉ៃច្រើនពេក។ ភ្លាមៗនោះដែរ លោក ឆាំង យុ បានបញ្ជាក់ក្នុងលិខិតឆ្លើយតបជូន សម្តេចហ៊ុន សែន ថាលោកគ្មានចេតនាជំរុញឱ្យមានការចោទប្រកាន់អតីតមេដឹកនាំខែ្មរក្រហម តាមរយៈសិក្ខាសាលានោះទេ។ ដោយលោកលើកឡើងថា ចំពោះការចោទប្រកាន់បន្ថែម លោកបានទុកបញ្ហានេះឱ្យតុលាការជាអ្នកពន្យល់ ហើយតុលាការ គួរតែឱ្យសម្តេចពន្យល់បញ្ហានេះ ឬពន្យល់ សម្តេចអំពីបញ្ហានេះទេ។

គួររម្លឹកថា ការសាកល្បងកោះអញ្ជើញថ្នាក់ដឹកនាំ ឬប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅបំភ្លឺ ទំនងពួកគេមិនបានពិនិត្យមើលឯកសារឱ្យចប់សព្វគ្រប់ ឬពួកគេមិនទុកចិត្តទេ ព្រោះតាមរបាយការណ៍ស៊ើបអង្កេត គេបានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ ឬសង្ស័យណាមួយលើសម្តេចប្រមុខរាជរដ្ឋាភិបាល។ ខាងក្រោមនេះ ជារបាយការណ៍ស៊ើបអង្កេត និងស្រាវជ្រាវរបស់អ្នកជំនាញពីររូប ដែលធ្វើឡើងនៅឆ្នាំ១៩៩៨។ ឆ្នាំ១៩៩៨ អ្នកសិក្សាពីកម្ពុជា និងជាទីប្រឹក្សា ជាន់ខ្ពស់ នៃសាលាក្តីខ្មែរក្រហមឈ្មោះ ក្រេក អេតចេស្សិន ជនជាតិអាម៉េរិក និងលោក ស្ទីវ ហេឌ័រ ប្រវត្តិវិទូអាម៉េរិក និងជាទីប្រឹក្សាជាន់ខ្ពស់សាលាក្តីខ្មែរក្រហមដូចគ្នា បានចេញសេចក្តីថ្លែងការណ៍មួយថា ពួកគេមិនបានដឹងអំពីភស្តុតាង ដែលដាក់បន្ទុកលើសម្តេច ហ៊ុន សែន ចំពោះបទល្មើសធ្ងន់ធ្ងររបស់ខ្មែរក្រហមទេ។ សេចក្តីថ្លែងការណ៍នេះ ជាសេចក្តីថ្លែងការណ៍ដែលគេអាចរកឃើញនៅក្នុងវេបសាយនានានៃរដ្ឋាភិបាលខ្មែរដោយបានបញ្ជាក់ថា ការអំពាវនាវឱ្យចោទប្រកាន់សម្តេច ហ៊ុន សែន ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ គឺគ្មានមូលដ្ឋានខាងអង្គហេតុ ឬអង្គច្បាប់ទេ។ អ្នកទាំងពីរបន្ថែមថា ផ្ទុយទៅវិញការចោទប្រកាន់នេះ នឹងធ្វើឱ្យអន្តរាយដល់នីតិរដ្ឋ និងការពិត ដែលចោទប្រកាន់ដោយគ្មានមូលដ្ឋាន ឬបំផ្លើសហួសហេតុ ដើម្បីឱ្យសម្រេចបំណងនយោបាយ (របស់ក្រុម ឬបក្សណាមួយ)។ លោក ស្ទីវ បន្តទៀតថា ច្រើនឆ្នាំមកហើយ និងក្រោយពីឯកសាររាប់ពាន់ទំព័រ និងបទសម្ភាសរាប់ពាន់ទៀត ក៏សេចក្តីប្រកាសនេះនៅតែជាការពិត។ លោក អះអាងថា តាមពិតទៅបើតាមលោកដឹង គ្មាននរណាម្នាក់នៅក្នុងគណៈរដ្ឋមន្រ្តី ដ៏មានអំណាចនៅឆ្នាំ២០០៤ ស្ថិតនៅក្នុងចំណោមពួកនៃអ្នកទទួលខុសត្រូវខ្ពស់បំផុត ចំពោះឧក្រិដ្ឋកម្មសម័យខ្មែរក្រហមទេ។ ក្រៅពីសម្តេច ហ៊ុន សែន ដែលគ្មានភស្តុតាងចោទប្រកាន់ អ្នកដែលគ្មានភស្តុតាងដែលត្រូវចោទប្រកាន់ផ្សេងទៀត គឺរដ្ឋមន្រ្តីសេដ្ឋកិច្ច លោក គាត ឈុន និងរដ្ឋមន្រ្តីការបរទេស លោក ហោ ណាំហុង ដែលទទួលរងការចោទប្រកាន់យូរមកហើយ។ លោក ស្ទីវ ហេឌ័រ បញ្ជាក់ទៀតថា ដូច្នេះគំនិតដែលថាអាចមានជនសង្ស័យ ដែលមានអំណាចនៅក្នុងរដ្ឋាភិបាលបច្ចុប្បន្នកងទ័ព ឬកម្លាំងសន្តិសុខដែលគេនិយាយនៅក្នុងស្រុក និងក្រៅស្រុក គឺជារឿងមិនពិត និងជារឿងបង្វែរអារម្មណ៍ឱ្យខុសផ្លូវ។ គេមើលទៅហាក់ដូចជាឃើញថា ជាការស្រមៃដ៏អាក្រក់ដែលខ្មែរ និងបរទេសខ្លះ ដែលប្រឆាំងនឹងរបបបច្ចុប្បន្ន (២០០៤) ដោយសារហេតុផលផ្សេង ច្រឡូកច្រឡំនឹងការវិនិច្ឆ័យរបស់ខ្លួន ហើយចង់យកខ្លួនទៅឡូកឡំនឹងការរករឿងកម្ចាត់អ្នកដទៃដោយការព្យាបាទ។

អេលីហ្សាប៊ែត ប៊ែគឃ័រ អតីតអ្នកសារព័ត៌មានញូវយ៉កថែម និងជាអ្នកនិពន្ធសៀវភៅដ៏ ល្បីល្បាញបានអះអាងនៅក្នុងសៀវភៅ ពេលដែលសង្រ្គាមរលត់ទៅ របស់លោកស្រីថា នៅលើឆាកអន្តរជាតិ សម្ដេចហ៊ុន សែន បានមានប្រៀបលើសម្តេចព្រះនរោត្តមសីហនុមួយទៀត គឺខុសពីសម្តេចព្រះនរោត្តម សីហនុ លោក ហ៊ុន សែន បានផ្តាច់ខ្លួនចេញពីខ្មែរក្រហមតាំងពីយូរមកហើយ ហើយខុសពីសម្តេច សីហនុ សម្តេច ហ៊ុន សែន មិនដែលជាបុគ្គលសំខាន់នៅក្នុងអង្គការបក្សរបស់ ប៉ុល ពត ឬក៏ក្នុងជួរទាហាន ឬរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យឡើយ។ ប្រហែលគ្មានមេដឹកនាំខ្មែរក្រហមណាមួយបានឮ ឬស្គាល់ឈ្មោះ ហ៊ុន សែន មុនពេលគាត់ឡើងកាន់អំណាច ពេលដែលវៀតណាមចូលស្រុកខ្មែរនោះទេ។

បន្ថែមពីលើនេះ នៅពេលដែលមេធាវីការពារក្ដីសួរដេញដោលអំពីឈ្មោះ ហ៊ុន សែន ក្នុងករណីដែលលើកឡើងថា ជាប់ពាក់ព័ន្ធជាមួយបក្ខពួកកម្មាភិបាល ឈ្មោះ អឿន ដែលត្រូវចាប់ខ្លួនដោយអង្គការខ្មែរក្រហមនោះ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ កាំង ហ្កេកអ៊ាវ ហៅឌុច មេគុកទួលស្លែង បានឆ្លើយបញ្ជាក់នៅក្នុងអង្គសវនាការនៃសាលាក្តី ជាឱឡារិកថា លោកមិនដែលស្គាល់ ឬឮឈ្មោះ ហ៊ុន សែន ពីមុនមកទេ ហើយឈ្មោះ ហ៊ុន សែន នេះគឺ ឌុច ឮនៅក្រោយថ្ងៃ៧ មករា ១៩៧៩។

យ៉ាងហោចណាស់ របាយការណ៍ដែលបោះពុម្ពផ្សាយឆ្នាំ២០០៦ និងឯកសារផ្សេងៗទៀតទាំងនេះ ក៏ជាតឹកតាងកាន់តែច្បាស់ថា សម្តេចតេជោនាយករដ្ឋមន្រ្តី គ្មានជាប់ពាក់ព័ន្ធជាមួយអំពើអមនុស្សធម៌ណាមួយនៃរបបខ្មែរក្រហមទេ។ សម្តេច ហ៊ុន សែន គឺពិតជាវីរបុរសរបស់ជាតិ ជាបិតាសន្តិភាពមិនអាចកាឡៃបាន។

ដោយ៖ គង់ សិរីរ័ត្ន

អត្ថបទទាក់ទង