Grand News Asia Close

សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៣៣ « ការទទួលបានការកោតសរសើរពីពិភពលោក »

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឯកសារ 100
សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៣៣ « ការទទួលបានការកោតសរសើរពីពិភពលោក » សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៣៣ « ការទទួលបានការកោតសរសើរពីពិភពលោក »

ឆ្នាំ២០២៣–សៀវភៅ«កម្ពុជា សម័យតេជោ»ជាស្នា​ដៃ​រ​បស់ ​ឯ​ក​ឧត្ត​ម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជា​សមា​ជិ​ក​​ក្រុ​ម​ប្រឹ​ក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចង​ក្រ​ងសៀវភៅនេះឡើងដើម្បីបង្ហាញ​ទៅ​ដល់​មនុស្សជំនាន់ក្រោយៗទៀតឱ្យបានជ្រាបថា ក្នុងសម័យកាល ក្រោមការដឹកនាំរបស់ ស​ម្តេ​ចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុ​ជា​មានការរីកចម្រើន និងមានសមិទ្ធផលជាច្រើនរាប់មិនអស់ ដែ​លត្រូវចាប់អារម្មណ៍កោតស​រ​សើ​រ និងកត់ត្រាទុក។ ដូច្នេះ ខ្លឹមសារក្នុងសៀវភៅនេះ មិនមានរៀបរាប់លម្អិត អំពី​ដំណើរជីវិត​រ​បស់សម្តេច ហ៊ុន សែន ដូចសៀវភៅដទៃៗទៀតទេ។

ប៉ុន្តែ និយាយអំពីរាល់ការអភិវឌ្ឍ ដែ​ល​ស​ម្តេចតេជោ ហ៊ុន សែន ខិតខំប្រឹងប្រែង ដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ ជាពិសេស ដើ​​ម្បីសុខុមាលភាពប្រជាជនដោយគ្មានរើសអើង ជាតិសាសន៍ សាសនា ឬពណ៌សម្បុរ ឬន​យោ​​​បាយចាប់តាំងពីក្រោយព្រះរាជាណាចក្រកម្ពុជាទី២ ត្រូវបា​នបង្កើតឡើងនៅឆ្នាំ១៩៩​៣​និ​ង​​ការ​បញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ឯកឧត្តម ពៅ សុខ ជឿថា សៀវភៅនេះ ទោះបីមិនល្អឥតខ្ចោះ ប៉ុន្តែ នឹងក្លាយជាពន្លឺ ជា​​​ឯ​កសា​រជំនួយស្មារតីខ្លះៗដល់អ្នកស្រាវជ្រាវ មិត្តអ្នកអាន ឬមនុស្សជំនាន់ក្រោយ ក្នុង​កា​រ​សិ​ក្សា​​​ឈ្វេងយល់អំពីព្រឹត្តិការណ៍នានា ដែ​លកើតមាន​ឡើ​ងនៅក្នុងផ្ទៃប្រទេសចន្លោះ​ពី​ឆ្នាំ​១​៩​៧​០​ដល់ឆ្នាំ២០២៣។ ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែល​មាននៅក្នុងសៀវភៅ«​កម្ពុ​ជា ស​ម័​យ​តេ​ជោ​»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។

វគ្គ៣៣« ការទទួលបានការកោតសរសើរពីពិភពលោក »
ក្រោយពីការយកជីវិត កម្លាំងកាយចិត្ត និងស្មារតីដើរកាត់ព្យុះភ្លៀង ផ្គររន្ទះដែល​ជាវិ​ញ្ញា​សា​ជីវិតទី៤ វិញ្ញាសានៃភាពជាមេដឹកនាំ ទៅប្រយុទ្ធប្រឆាំង និងទ​ប់ស្កាត់កា​ររីក​រាល​ដាល​ជំងឺ​កូ​​វី​ដ-១៩ ដ៏កាចសាហាវ ជាពិសេសការគិតគូរដ៏ខ្ពង់ខ្ពស់លើសុខុមាលភាពប្រជាជន ទោះ​បី​ស​​​ម្តេចមិនទទួលបាននូវការកោតសរសើរពីក្រុមអ្នកប្រឆាំង ដែ​លជារៀងរាល់ថ្ងៃគ្មានធ្វើ​អ្វី​ក្រៅ​តែ​​ពីរកនឹកពាក្យដើម្បីបង្ខូចកិត្តិយស និងបង្កើតគំនិតប្រឆាំងសន្តិភាព ប្រឆាំងការអភិវឌ្ឍ ប្រ​ឆាំ​ងការរីកចម្រើនរបស់ប្រទេសខ្លួនឯង ទីបំផុត សម្តេច ហ៊ុន សែន ដ៏ជាញជ័យ នៃកម្ពុជា ទទួ​ល​បាន នូវការកោតសរសើរពីអង្គការសុខភាពពិភពលោក និងបណ្តាប្រទេសនានា គួរ​ជា​ទី​មោ​​ទ​នៈ​ក្រៃ​លែង។ បន្ទាប់ពីធ្វើឱ្យប្រសើរឡើង នូវការបើកសេដ្ឋកិច្ចទូទាំងប្រទេស ចំពោះការទប់ស្កាត់ជំងឺកូវីដ-១៩​ លោក ត្រេដូស អាដហាណូម ហ្គីប្រ៊ីយេស៊ុស (Tedros Adhanom) ប្រធា​នអង្គការសុខ​ភា​ព​​ពិភពលោក (WHO) បានផ្ញើលិខិតមួយច្បាប់ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោ​យរៀ​ប​រាប់ថាលោកមានសេចក្ដីសោមនស្សរីករាយ និងកោតសរសើរ យ៉ាងក្រៃលែង ដែ​លរាជ​រ​ដ្ឋា​ភិ​បាលកម្ពុជា បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រតិបត្តិ ផែន​ការយុទ្ធសាស្ត្រប្រុ​ង​ប្រៀ​ប​ទុ​​កជាមុន និងផែនការឆ្លើយតបនឹងជំងឺកូវីដ-១៩ ជា​សកលរបស់អង្គកា​រសុ​ខភាព​ពិភ​ពលោ​ក​។ លោកក៏បានយកឱកាសនេះកោតសរសើរចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់​ស្កាត់ជំងឺរាតត្បាតដ៏កាចសាហាវនេះ។

លោកសូមគាំទ្រយ៉ាងក្លៀវក្លា ចំ​ពោះភាពជាអ្ន​ក​ដឹ​ក​នាំ​នយោបាយ ការចូលរួម និងតួនាទីរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ដោ​យកា​រ​គោ​រ​ព​ដ៏ខ្ពង់ខ្ពស់ បានផ្ញើលិខិតកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុ​ន សែន និងរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ នូវវិធានការប្រកបដោយប្រសិទ្ធភាព និ​ង​សកម្មបំផុត ក្នុងការប្រយុទ្ធប្រឆាំងការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ លោក ហ្សូរ៉ាប ប៉ូ​ឡូលី​កា​ស្វី​លី រៀបរាប់ថា អង្គការទេសចរណ៍ពិភពលោកពិតជារីករាយខ្លាំងណាស់ ដោយបាន​ឃើញ​ប្រ​ទេសកម្ពុជាកំពុងចាប់ផ្តើមវិស័យទេសចរណ៍ក្នុងស្រុកឡើងវិញ ស្ថិ​តក្រោមការគ្រ​ប់គ្រ​ងដ៏​ល្អ​ និងបានដាក់ឱ្យអនុវត្តន៍វិធានសុវត្ថិភាពចាំបាច់ និងអនាម័យ ក៏ដូ​ចជាគោល​ការណ៍​ណែ​នាំ​នា​នានៅតាមតំបន់ទេសចរណ៍ “យើងខ្ញុំសូមអរគុណដល់កម្ពុជាជាអនេក ស​ម្រាប់ការចូ​លរួ​ម​ក្នុ​ងកិច្ចខិតខំប្រឹងប្រែងនេះ ដែលឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុ​ងសក​ម្មភា​ព​របស់អង្គការទេសចរណ៍ពិភពលោកអំឡុងពេលវេលាដ៏លំបាក”។ ជាថ្មីម្តងទៀត អង្គការទេសចរណ៍ពិភពលោក សូមសម្តែង នូវការកោតសរសើរខ្ពស់ ចំ​ពោះកា​រ​ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែ​លតែងតែទុក​សុ​ខុមាលភាព និងសុវត្ថិភាពប្រជាជនជាអាទិភាព។ តាមរយៈ Twitter នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០លោកវេជ្ជបណ្ឌិត តាក់កឺស៊ី កាសៃ (Dr.
Ta​k​e​shi Kasai) អគ្គនាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច បាន​ស​រសេរថា លោកសូមកោតសរសើរប្រទេសកម្ពុជា ចំពោះការសម្រេចចិត្តដ៏រហ័សរហួ​នរ​ប​ស់​ខ្លួ​ន ក្នុងការគ្រប់គ្រងករណីឆ្លងជាចង្កោម ទៅលើព្រឹត្តិការណ៍៣វិច្ឆិកា នៃការបំពេញទស្សនកិច្ច​កា​រ​ទូតរបស់រដ្ឋមន្រ្តីការបរទេស ហុងគ្រី និងសូមកោតសរសើរថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ដែ​​លអនុវត្ត នូវគំរូដ៏ល្អក្នុងវិស័យសុខភាពសាធារណៈ ព្រោះសុខុមាលភាពជាសមូហភា​ព គឺ​ពឹ​ង​ផ្អែកលើការដឹកនាំដ៏ខ្លាំងក្លា និងសកម្មភាព នៃបុគ្គលនីមួយៗ។
លោ​កស្រីវេជ្ជបណ្ឌិត លី អាយលែន (Dr. Li Ailan) តំណាងអង្គការសុខភាព​ពិភពលោ​កប្រចាំ​ក​ម្ពុជា បានសរសេរលើបណ្តាញសង្គម twitter របស់លោកស្រីថា លោ​កស្រីសូមចូលរួមអ​បអ​រ​សាទរចំពោះកម្ពុជា ក្នុងការគ្រប់គ្រងព្រឹត្តិការណ៍០៣ ខែវិច្ឆិកា យ៉ាងមានប្រសិទ្ធភាព និ​ងធ្វើ​ឱ្យ​​កម្ពុជាមានសុវត្ថិភាពពីវីរុសកូវីដ-១៩។ ការឆាប់រកឃើញ ការឆ្លើយតបរហ័ស ជា​មួយនឹងអ​ន្ត​រា​គមន៍ ដែលមានគោលដៅច្បាស់លាស់ គឺជាកត្តាចាំបាច់នាំមកនូវជោគជ័យរបស់កម្ពុជា។ ភាពជោគជ័យរបស់កម្ពុជា ក្រោមការដឹកនាំ ដ៏ឈ្លាសវាងវៃរបស់សម្តេចតេជោ ហ៊ុន សែន ក៏​ធ្វើ​ឱ្យកម្ពុជា ក្លាយជាប្រទេសក្នុងចំណាត់ថ្នាក់លេខ១នៅអាស៊ី និងលេខ៣ នៅ​ទូទាំងពិ​ភ​ព​លោ​ក​ លើការគ្រប់គ្រងកូវីដ-១៩។
តាមរបាយការណ៍វាយតម្លៃមួយរបស់ការិយាល័យចក្ខុវិស័យសេដ្ឋកិច្ចនៃប្រទេសសេណេហ្គាល់ (Le​ Bureau de Prospective Economique ) កាលពីថ្ងៃទី៦ វិច្ឆិកា ដែល​ត្រូវ​បា​ន​ដ​កស្រ​ង់​ដោ​​យវិទ្យុបារាំង RFIបានឱ្យដឹងថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ី និងលេ​ខ​៣​នៅ​លើ​​ពិភពលោក ជាប្រទេសដែលគ្រប់គ្រងផលប៉ះពាល់បានល្អជាងគេលើជំងឺកូវីដ-១៩ ក្នុង​ចំ​ណោ​​ម១៦៦ប្រទេស។ ចំណាត់ថ្នាក់លេខ១ និងលេខ២បានទៅលើប្រទេសសាំងណេវីស (S​a​i​n​t Kitts and Nevis) និងប្រទេសសីស្ហែល (Seychelles)។ របាយការណ៍វាយតម្លៃនេះ ត្រូ​វ​បា​​​ន​ធ្វើ​ឡើង ដោយផ្អែកលើមូលដ្ឋានទិន្នន័យរបស់អង្គការសុខភាពពិភពលោ​ក និងផ្អែកលើ​ធា​តុ​សំ​​ខាន់ៗចំនួន៣គឺ៖ ១.ស្ថានភាព នៃការចម្លងមេរោគ ២.ស្ថានភាព នៃការជាសះស្បើយ និង ៣.ករណីមរណភាព នៅជិតពាក់កណ្តាល ខែមករា ឆ្នាំ២០២១ កម្ពុជា បានឡើងដល់កំពូល គឺស្ថិ​តក្នុង​ចំណា​ត់ថ្នា​ក់​លេ​ខ១ លើពិភពលោក ក្នុងការគ្រប់គ្រង និងទប់ស្កាត់ជំងឺកូវីដ-១៩ ។ នៅដើមខែមេសា ឆ្នាំ​២​០​២១ អង្គការសុខភាពពិភពលោក ប្រចាំអាស៊ីប៉ាស៊ីហ្វិក (WHO)បានបង្ហាញពីការកោ​តស​រ​សើ​ររបស់ខ្លួនមួយទៀត ចំពោះភាពឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុ​ង​​ការបិទខ្ទប់ចរាចរណ៍ឆ្លងកាត់ខេត្ត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

លោក Takeshi Kasai នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អាស៊ី ប៉ា​ស៊ីហ្វិ​ក​ បានរៀបរាប់ថា អង្គការសុខភាពពិភពលោក សូមកោតសរសើរចំពោះការសម្រេចចិត្ត ដ៏​ខ្ព​ង់​ខ្ពស់របស់សម្ដេច ដោយផ្អែកលើការវាយតម្លៃ អំពីហានិភ័យ ក្នុ​ងការរឹតបន្ដឹងកា​រធ្វើច​រាច​រ​ណ៍​ឆ្លងរាជធានីខេត្ត ក្នុងឱកាស នៃថ្ងៃ បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ នោះគឺជាវិធានការគន្លឹះមួយ ក្នុងការកាត់បន្ថយ ហានីភ័យ និងការពារប្រទេសកម្ពុជា។ វិធា​ន​កា​រមួយនេះ រួមជាមួយនឹងវិធានការ សុខភាពសាធារណៈដទៃទៀត នឹង​មានតួនា​ទីសំ​ខា​ន់​នៅ​ក្នុ​​ងការទប់ស្កាត់ការរីក រាលដាល នៃមេរោគ ជាពិសេសក្នុងអំឡុងពេលប្រារ​ព្ធពិធីបុ​ណ្យចូ​ល​ឆ្នាំ​ថ្មី។ លោកយល់ថា កិច្ចការទាំងនេះ មិនមែនជាការសម្រេចចិត្តដ៏ងាយស្រួលទេ ព្រោះ ជា​ធ​ម្ម​តាប្រជាជននៅទូទាំងពិភពលោក រួមទាំងនៅកម្ពុជាផង គឺតែងតែនឿយ ណា​យនឹង​ការ​រឹ​ត​ប​​ន្ដឹ​ងនានា។ ដូច្នេះ កម្ពុជាមិនប្រឈមនឹងការលំបាកនេះតែម្នាក់ឯងទេ អ​ង្គការសុខភាព​ពិភ​ព​លោ​កឈរនៅជាមួយកម្ពុជាជានិច្ច ហើយនឹងបន្តផ្តល់ការគាំទ្រ ផ្នែក​គោលនយោបាយបច្ចេក​ទេ​ស និងប្រតិបត្តិការដល់ក្រសួង សុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។ នៅដើមខែឧសភា ឆ្នាំ២០២១ កម្ពុជាត្រូវបានវាយតម្លៃ និងកោតសរសើរថា ជាប្រទេ​សជាប់​ចំ​ណា​ត់ថ្នាក់លេខ២ ក្នុងតំបន់អាស៊ានបន្ទាប់ពីសិង្ហបុរីលើការចាក់វ៉ាក់សាំងជូនប្រជាជន និងជ​ន​ប​រទេស ដែលរស់នៅក្នុងព្រះរាជណាចក្រកម្ពុជាបានច្រើនជាងគេ។ ចំណាត់ថ្នាក់នេះ មិ​នមែ​ន​ជា​រឿងចៃដន្យទេ ប៉ុន្តែ គឺជាការគិតគូរយ៉ាងហ្មត់ចត់ និងផែនការច្បាស់លាស់ជាក់លាក់ និង​ម៉ឺ​ង​ម៉ាត់បំផុត ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេញជាបន្តបន្ទាប់ តាំ​ង​ពី​កា​រចាប់ផ្តើមដំបូង នៃដំណើរការចាក់វ៉ាក់សាំង គឺចាក់បែបផ្ការីក និងដោយគ្មានការរើសអើង។ នៅចុងខែឧសភាឆ្នាំ២០២១ តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា លោ​ក​ស្រី​ លី អាយលែន ក៏បានថ្លែងកោតសរសើរដូចគ្នាចំពោះរាជរដ្ឋាភិបាលកម្ពុជា លើ​ដំណើរការ​យ៉ា​ងល្អប្រសើរ នៃការចាក់វ៉ាក់សាំងជូនប្រជាជនដែរ ខណៈ​ត្រឹមតែរយៈពេលខ្លីអា​ចចា​ក់វ៉ា​ក់​សាំ​​ងបានជាង២,២លាននាក់។
លោកស្រីអាយលែន មានប្រសាសន៍ថា ការ​រៀបចំនូវកា​រចា​ក់​វ៉ា​ក់សាំងរបស់កម្ពុជាមានរបៀបរៀបរយល្អ ហើយប្រជាពលរដ្ឋមានការស​ប្បាយរី​ករា​យ​ក្នុ​ង​កា​រ​ចូលរួម និងមកទទួលការចាក់វ៉ាក់សាំង។ លោកស្រីបញ្ជាក់ថា ប្រ​ជាជនកម្ពុជាពិតជាមា​នសំ​ណា​ង ដែលមានមេដឹកនាំល្អ និងមានឱកាសបានទទួលវ៉ាក់សាំងការពារវីរុសកូវីដ-១៩ ដូចៗ​គ្នា​ ។ នៅដើមខែមិថុនា ឆ្នាំ២០២១ តំណាងអង្គការសហប្រជាជាតិ( UN) ប្រចាំកម្ពុជា បា​នថ្លែ​ងកោ​ត​ស​រសើរ និងអរគុណដល់រាជរដ្ឋភិបាលកម្ពុជា និងក្រសួងសុខាភិបាល ចំពោះ​ការគ្រប់គ្រ​ងកា​រ​រា​តត្បាត នៃជំងឺកូវីដ-១៩នៅកម្ពុជា បានយ៉ាងល្អប្រសើរ។ លោកស្រី Pauline Tameis អ្ន​កស​ម្រ​ប​សម្រួលរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា មានប្រសាសន៍ថា លោ​កស្រី​សូ​ម​កោ​ត​ស​រសើរ និងថ្លែងអំណរគុណ ដល់រាជរដ្ឋភិបាលកម្ពុជា និងក្រសួងសុខាភិបាល ចំពោះ​កា​រ​គ្រ​ប់​គ្រង ការរាតត្បាត នៃជំងឺកូវីដ-១៩ នៅកម្ពុជា។ អ​ង្គការសហប្រជាជាតិប្តេជ្ញាចិត្តបន្តកិ​ច្ចស​ហ​កា​រនិងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩​។ នៅចុងខែមិថុនា ឆ្នាំ២០២១ ធនាគារពិភពលោក ក៏បា​នថ្លែងកោតសរសើរចំពោះកិច្ចប្រឹងប្រែ​ង​រ​​បស់សម្តេច ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ លោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ី​ហ្វិ​ក បានអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងដ៏សកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការ​កា​រ​ពារការរីករាលដាល នៃជំងឺកូវីដ-១៩ និងការគ្រប់គ្រងបញ្ហានានា ដែ​លបណ្តាលមកពី​វិ​ប​ត្តិ​សុ​ខ​ភាពពិភពលោក។

នៅពាក់កណ្តាលខែសីហា ឆ្នាំ២០២១ តំណាងអង្គការសុខភាពពិភពលោក(WHO) ប្រ​ចាំ​ក​ម្ពុ​ជា លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Li Ailan) បានចេញសេចក្តីថ្លែងការណ៍មួយ កោតសរ​សើ​រ​ដល់​ប្រទេសកម្ពុជា ដែលសម្រេចបានជោគជ័យនៅក្នុងការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដល់​ប្រជាជនរបស់ខ្លួនមុនកាលកំណត់ បើធៀបទៅនឹងផែនការដែលបានគ្រោងទុក។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា អង្គការសុខភាពពិភពលោក(WHO) ផ្តល់​ការ​គាំទ្រផ្នែក​យុទ្ធ​សា​ស្ត្រ​ និងបច្ចេកទេសដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងនោះមានការ​វិ​ភា​គ​ស្ថានភាព ការផ្តល់យោបល់គោលនយោបាយអំពីការផ្តល់អាទិភាព ការធ្វើផែនការអនុវត្ត និ​ង​ការតាមដានការចាក់វ៉ាក់សាំងរួមទាំងការបណ្តុះបណ្តាលបុគ្គលិក និងគ្រប់គ្រងស្ថានការណ៍​មិ​នល្អ ក្រោយពីចាក់វ៉ាក់សាំងរួច។ គិតមកដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក​ម្ពុជាបានចា​ក់​វ៉ា​​ក់សាំងជូនប្រជាជនរបស់ខ្លួនចំនួនជាង៨,៦លាននាក់(ជាង៨០%) ក្នុងចំណោមមនុស្សពេញ វ័​យ១០លាននាក់។ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន អះអាងថា ភាពក្លាហាន ការយល់ចិត្ត និងសេ​ចក្តី​ស្រឡា​ញ់​ ដែលប្រមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាមានចំពោះប្រទេសជាតិ និង​មនុស្ស​ជាទី​ស្រ​ឡា​​ញ់របស់ខ្លួនតែងតែជំរុញចិត្តលោកស្រី ឱ្យកាន់តែមានកម្លាំងចិត្ត ហើយលោកស្រីជឿថា ស​ក​ម្មភាពជាបុគ្គលនិងសមូហភាពនឹងអាចយកឈ្នះក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​បា​ន​។ នៅចុងខែសីហា ឆ្នាំ២០២១ លោកស្រី លី អាយលែន មានប្រសាសន៍កោតសរសើរម្តង​ទៀ​ត​ចំ​ពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេច ហ៊ុន សែន ក្នុ​ងការស្វះស្វែងរក​វ៉ាក់សាំងប្រ​ឆាំងមេ​រោ​គ​កូ​​វីដ-១៩ ចាក់ជូនដល់ប្រជាជនរបស់ខ្លួនបានយ៉ាងលឿននិងប្រកបដោយប្រសិទ្ធភាពខ្ពស់ ខ​ណៈ​អត្រានៃការចាក់វ៉ាក់សំាងនៅកម្ពុជាមានកម្រិត​ខ្ពស់ជា​ងគេរហូត​ដល់ជាង​៨០​%ហើ​យ​នោះ​។លោកស្រីលើកឡើងថា ការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា លើការទប់ស្កាត់កូវីដ-១​៩ គឺ​បានយ៉ាងល្អប្រសើរ ព្រោះតែការឆ្លងស្ថិតនៅទ្រឹង ដែ​លរាជរដ្ឋាភិបាលមិនបណ្តោយ​ឱ្យ​មា​​នការផ្ទុះឆ្លងធ្ងន់ធ្ងរជាងនេះ ហើយបានទប់ស្កាត់អត្រា នៃការស្លាប់ ស្ថិតក្នុងកម្រិតទាប។ លោកស្រី អាយលែន មានប្រសាសន៍កោតសរសើរថា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែ​ន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សមិទ្ធផល ដែលទទួលបានក្នុងយុទ្ធនាការចាក់វ៉ាក់សំាងកូវីដ-១​៩នៅប្រទេសកម្ពុជា គឺជាសមិទ្ធផលមួយ ដែលគួរឱ្យស្ញប់ស្ញែង ព្រោះ​កម្ពុជាគឺជាប្រទេស​មួ​យ​ ក្នុងចំណោមបណ្តាប្រទេស នៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ខា​ងលិចរបស់អង្គការសុ​ខភា​ព​ព​ភិពលោក ដែ​លបានទទួលជោគជ័យគួរឱ្យកត់សម្គាល់​សម្រាប់ដំណើរ​ការចាក់​វ៉ាក់សំា​ងកូ​វី​ដ​-​១៩។ កាលពីពាក់កណ្តាល ខែសីហា ឆ្នាំ២០២១ លោកស្រី អាយលែន ធ្លាប់លើកឡើង និងកោ​ត​ស​រ​សើ​រ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងជំងឺកូវីដ​-១៩បានល្អប្រសើរ ទោះបីមេ​រោ​គ​បំប្លែងថ្មីកំពុងរាតត្បាតខ្លាំងក៏ដោយ ហើយកម្ពុ​ជាជាប្រទេសមួយទទួលបានជោគជ័យ​លើកា​រ​ចាក់វ៉ាក់សាំងនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ជាពិសេសមួយរយៈពេលចុងក្រោយនេះ កម្ពុ​ជា​គ្រប់គ្រង និងទប់ស្កាត់ជំងឺកូវីដ-១៩បានយ៉ាងល្អប្រសើរ ធ្វើ​ឱ្យមេរោគថមថយឥទ្ធិពលនៃកា​រ​ចម្លង។ អង្គការយូនីសេហ្វ ប្រចាំកម្ពុជា បានព្យាករណ៍ថា ក្នុងដំណាក់កាលនេះ កម្ពុជា ជិត ឈា​នដ​ល់​កា​រគ្រប់គ្រងមេរោគដ៏កាចសាហាវកូវីដ-១៩ បានយ៉ាងមានប្រសិទ្ធភាពហើយ។ នៅ​ចុង​ខែ​តុ​លា ឆ្នាំ២០២១ អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បាន​កោតសរ​សើ​រ​ជា​ថ្មីថា កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ក្នុង​ការទប់ស្កាត់កា​រ​រី​​ករាលដាលជំងឺកូវីដ-១៩។

ដើមខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្រ្តី ប្រា​ក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ Kha​le​d​ KHIARI ក៏បានកោតសរសើរលើយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់សម្តេច ហ៊ុ​ន​ សែនដែរ។ ជាថ្មីម្តងទៀត នៅដើម ខែធ្នូ ឆ្នាំ២០២១ ក្នុងជំនួបជាមួយសម្តេចក្រឡាហោម ស ខេង ឧ​ប​នា​យ​ករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធវីដេអូ សន្និសីទពីចម្ងាយ លោកស្រី Ma​r​y​a​m Salim ប្រធានគ្រប់គ្រងថ្មីរបស់ការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា បា​នកោ​ត​ស​រ​សើ​រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលគ្រប់គ្រងស្ថានភាពកូវីដ-១៩ បានយ៉ាងល្អប្រសើរ និង​ធ្វើ​ឱ្យប្រសើរឡើងវិញនូវស្ថានភាពសេដ្ឋកិច្ចកម្ពុជា ទោះបីវិបត្តិកូវីដ-១៩​ធ្វើឱ្យ​ប៉ះពា​ល់​យ៉ា​ង​ណា​ក្តី។ នៅដើមខែកុម្ភៈ ឆ្នាំ២០២២ ស្ថាប័នព័ត៌មានជប៉ុន Nikkei បានវាយតម្លៃថា កម្ពុជា​ជាប់ចំ​ណា​ត់​ថ្នា​ក់លេខទី២ បន្ទាប់ពីកោះតៃវ៉ាន់ ជាប្រទេសមានការស្ទុះងើបឡើងវិញពីកូវីដ-១៩ បានល្អ​ជា​ង​គេបំផុត ក្នុងចំណោម១២០ប្រទេសលើពិភពលោក។ នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២២ ក្នុងឱកាសដឹកនាំប្រតិភូធនាគារពិភពលោក ចូ​ល​ជួ​ប​ស​ម្តែ​ងការគួរសមជាមួយសម្ដេច ហ៊ុន សែន លោកស្រី Manela V.Ferro អនុប្រធា​នធនា​គា​រ​ពិ​ភ​ព​លោក ទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានកោតសរសើរ និ​ងវាយតម្លៃ​ខ្ពស់ចំ​ពោះ​កិ​​ច្ចប្រឹងប្រែង និងការឆ្លើយតបប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ជា​ពិសេ​ស​ស​ម្រេចបានការចាក់វ៉ាក់សាំងក្នុងអត្រាកម្រិតខ្ពស់ជាងគេក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងស​ម្រេ​ច​​បានការបើកប្រទេសកាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។
នៅចុងខែមីនា ឆ្នាំ២០២១ លោក Paul Jacob Roby ប្រធានក្រុមចម្រុះគម្រោងអាហារូបត្ថ​ម្ភ​និ​ង​​ប្រ​ជាជននៃធនាគារពិភពលោក (Cluster Lead for World Bank Health Nutrition and P​op​u​l​a​tion Projects) ប្រចាំកម្ពុជា បានថ្លែងកោតសរសើរកម្ពុជា ដែលខិតខំមិនខ្លាចនឿយហត់ ក្នុ​ង​កា​រប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ លោកបានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា និង​ក្រ​សួ​ង​​សុខាភិបាល ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់ដែលបានខិតខំក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និ​ង​តែងតែសហការយ៉ាងជិតស្និទ្ធជាមួយធនាគារពិភពលោក។ នៅដើមខែឧសភា ឆ្នាំ២០២២ ក្នុងជំនួបជាមួយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួ​ងសុ​ខា​​​ភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នា​យកគ្រប់គ្រងប្រចាំ​តំ​បន់ និងជាអនុប្រធានដឹកនាំជាន់ខ្ពស់ US-ABC លោក Michael Michalak បា​នអបអរសាទ​រ​ដោ​​យក្តីកោតសរសើរប្រទេសកម្ពុជា ដែលបានទទួលជោគជ័យ ក្នុង​ការប្រយុទ្ធប្រឆាំងជំងឺរា​ត​ត្បា​​តជាសកលកូវីដ-១៩។ លោក Michael Michalak មានប្រសាសន៍ថា លោ​កសូមអបអរ​សា​ទ​​រកម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាន និងអបអរសាទរ ដោ​យ​ក្តីគោរពកោតសរសើរដល់​ប្រ​ទេ​សកម្ពុជាដែលបានប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រហូតបានទទួលជោគជ័យ។ ក្រៅ​ពីទ​ទួ​ល​បានការកោតសរសើរពីបណ្តាអង្គការនានា លើការប្រយុទ្ធប្រឆាំងកូវីដ-១៩ កម្ពុជា ក៏ទ​ទួល​បា​នការកោតសរសើរពីបណ្តាប្រទេសនានាលើលោកដែរ។ សម្រាប់ប្រទេសចិន ជាយូរមកហើយ តាំងពីជំងឺកូវីដ-១៩ ចាប់ផ្ទុះឡើងនៅក្រុង វូហាន ខេ​ត្ត​ហ៊ឺ​ប៉ីប្រទេសចិន ខណៈសម្តេច ហ៊ុន សែន អញ្ជើញទៅកាន់ប្រទេសចិន ដើ​ម្បីលើ​ក​ទឹ​កចិ​ត្ត​ប្រ​ជា​ជន និងរដ្ឋាភិបាលចិន ទាំងរដ្ឋាភិបាល និងប្រជាជនចិន បានប្រកាសគាំទ្រ អរគុណ និង​កោ​តសរសើរកម្ពុជា ដ៏គគ្រឹគគ្រេងរួចមកហើយ អំពីភាពក្លាហាន និងកា​រសម្រេចចិត្តខ្ពស់រ​ប​ស់​សម្តេច ហ៊ុន សែន។ ប៉ុន្តែ ក្នុងដំណាក់កាល ដែលកម្ពុជា ប្រយុទ្ធឈ្នះកូវីដ-១៩ ក្រោ​មកា​រ​ដឹ​ក​នាំរបស់សម្តេច ហ៊ុន សែន លើការគ្រប់គ្រងកូវីដ-១៩ តាមរយៈយន្តការចាក់វ៉ាក់សាំងផ្ការីក ប្រ​ទេសចិននៅបានគាំទ្រ និងកោតសរសើរកម្ពុជាបន្ថែមទៀត។

នៅដើមខែវិច្ឆិកា ឆ្នាំ២០២១ ឆ្លើយតបចំពោះសំណួរអ្នកព័ត៌មាន ដែ​លសួរអំពីការ​រីកចម្រើន​ការ​ចា​ក់វ៉ាក់សាំង ដែលជាជំនួយរបស់ចិន កាលពីថ្ងៃទី៤ ខែវិច្ឆិកា អ្នក​នាំពាក្យក្រសួងការបរ​ទេ​ស​ចិ​ន លោក Wang Wen Binមានប្រសាសន៍ថា ចិនពិតជាស្ងើចសរសើរកម្ពុជា ចំ​ពោះវិធា​ន​កា​រ​ប្រ​ឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ ហើយចិនចូលរួមរីករាយដោយស្មោះសរ ចំពោះ​សមិទ្ធផលរ​ប​ស់​កម្ពុជាក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ លោក Wang Wen Bin នៅតែអះ អាងថា ប្រ​ទេស​ចិ​ន និងកម្ពុជា គឺជាមិត្តដែកថែប។ ប្រទេសទាំងពីរបានរួមដៃគ្នាកសាងខ្សែការពារ ដ៏​រឹង​មាំ​ក្នុ​ង​កា​រប្រឆាំង នឹងជំងឺកូវីដ-១៩។ ក្នុងជំនួបការងារជាមួយលោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី ក្រ​សួងការបរទេស នៅ​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈលោក ឆុង អើយយ៉ុង រដ្ឋមន្រ្តីការបរទេស នៃសា​ធា​រ​ណ​រដ្ឋកូរ៉េ ប្រទេសកូរ៉េខាងត្បូងដែលជាប្រទេសទើបតែបានមកដាក់ទូតប្រចាំកម្ពុជា អំឡុ​ង​ឆ្នាំ​១​៩៩៧ ប៉ុន្តែ ទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់នោះ បា​នបង្ហាញពីទឹកចិត្តរីករាយ និង​កោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាចំ​ពោះយុទ្ធនា​ការ​ចា​ក់​វ៉ាក់សាំងទាន់ពេលវេលានៅទូទាំងប្រទេស។ នៅចុងខែមិថុនា ឆ្នាំ២០២០ ក្នុងជំនួបការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧ​បនា​យ​ក​រ​ដ្ឋ​មន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃឯកអគ្គរាជទូតជប៉ុនប្រចាំ កម្ពុជា លោក មីកាមិ ម៉ាសាហ៊ីរ៉ូ (M​I​K​A​MI Masahiro) បានថ្លែងកោតសរសើរ និង អ​បអរសាទរចំពោះវិធានការ​ទាន់ពេល​វេលារ​បស់​រា​ជរដ្ឋាភិបាលកម្ពុជា ដែល ដាក់ចេញវិធានការជាបន្ដបន្ទាប់ រហូតមកដល់ពេលនេះ ដើ​ម្បីការ​ពា​​រ និងទប់ ស្កាត់ ជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ នៅចុងឆ្នាំ២០២០ ឯកអគ្គរាជទូត ជប៉ុ​ន​ប្រ​ចាំកម្ពុជា បានថ្លែងកោតសរសើរម្តងទៀត ចំពោះរាជរដ្ឋាភិបាល និងប្រជាជ​នកម្ពុជា ដែ​ល​ទប់ស្កាត់បាន នូវការរីករាលដាលនៃជំងឺកូវីដ-១៩។
នៅចុងខែកញ្ញា ឆ្នាំ២០២០ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា​បា​​ន​កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏​ដូចជាក្រសួងសុខាភិបាល ដែលបានគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ លោ​ក​សូ​ម​​អប​អរសាទរជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោ​មការដឹកនាំប្រកបដោយភាពឈ្លាសវៃរប​ស់​ស​​ម្តេចតេជោហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩។ ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំង ដែលជាជំនួយរបស់អាម៉េរិក នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​​២០២១ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកបានកោតសរសើរថា ប្រទេសកម្ពុជា បា​នវាយតម្លៃយ៉ាងឆាប់រហ័សលើការគំរាមកំហែង នៃជំងឺកូវីដ-១៩ និង​បានរៀបចំផែនការ​យ៉ា​​ងល្អភ្លាម​ៗជាមួយដៃគូពាក់ព័ន្ធ ដើម្បីបញ្ឈប់កូវីដ-១៩ ទោះបី​ការប្រយុទ្ធមិនទាន់​ឈ្នះនៅ​ឡើ​យ​ក្តី ​ក៏ប្រទេសកម្ពុជាបានខិតខំយ៉ាងខ្លាំងក្លា ក្នុង​ការរៀបចំផែនការប្រព័ន្ធ​ថែទាំសុ​ខភាព​ប​ង្កើ​​នសមត្ថភាពព្យាបាល និងកែលម្អប្រព័ន្ធមន្ទីរពិសោធន៍ ធានាតាមដានរកអ្នកដែលបាន​ប៉ះ​ពា​ល់ដោ​យជំងឺកូវីដ-១៩។ នៅចុងខែមីនាឆ្នាំ២០២២អគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជាបានកោតសរសើរផងដែរដល់វិស័យសុ​ខាភិបាលកម្ពុជា ជាពិសេសកោតសរសើរសម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើការគ្រប់គ្រងជំងឺកូវីដ-១៩។ នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២២ អនុ​រដ្ឋមន្ត្រីការ​ប​រ​ទេ​ស​សហរ​ដ្ឋអាមេរិកដែលមកធ្វើទស្សនកិច្ចនៅកម្ពុជា បានកោតសរសើរកម្ពុជា ចំពោះ​យុទ្ធនា​កា​រចា​ក់វ៉ាក់សាំង កូវីដ-១៩ និងគាំទ្រកម្ពុជាជាប្រធានអាស៊ាន។

សម្រាប់ប្រទេសបារាំង ដែ​ល​ធ្លា​​ប់ជាអាណនិគមលើកម្ពុជាជិត១០០ឆ្នាំ និងជាហត្ថលេខី នៃកិច្ចព្រមព្រៀងប៉ារីស ឆ្នាំ១៩៩១ នោះ​ នៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០២១ លោកស្រី អ៊ីវ៉ា ង្វៀនប៊ិញ ឯកអ​គ្គរដ្ឋ​ទូតបា​រាំ​ង​ប្រ​ចាំ​នៅកម្ពុជាចប់អាណត្តិ បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែ​លគ្រប់​គ្រង​បាន​ល្អប្រ​សើ​រ​ លើការរាតត្បាតជំងឺកូវីដ-១៩ និងការផ្តល់វ៉ាក់សាំងជូនប្រជាជន។ នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២២ ក្នុងជំនួបការងារជាមួយលោក ឧត្តមសេនីយ៍ឯកហ៊ុន ម៉ា​ណែត លោក Jacques PELLET អគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា បា​នសម្តែងកា​រអប​អរសា​ទរ​ចំ​ពោះ​កម្ពុជា ដែលទទួលបានចំណាត់ថ្នាក់ឈានមុខគេ ឬលេខ១លើពិភពលោកលើការប្រយុទ្ធ និ​ងគ្រ​ប់គ្រងជំងឺកូវីដ-១៩ ។ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជំនួបសម្តែងការគួរសមជាមួយសម្ដេច តេជោ ហ៊ុន សែន នៅ​វិមានសន្តិភាព លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) បានថ្លែងកោតសរសើរ ចំពោះ​នយោ​បា​យវ៉ាក់សាំងរបស់សម្ដេចតេជោ ហ៊ុន សែន រហូតដល់បានបើកប្រទេសឡើងវិញ ។ លោ​កក៏​បា​នអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែ​លបានដឹ​កនាំប្រ​ទេសឈានឆ្ពោះ​មក​កា​ន់ការអភិវឌ្ឍយ៉ាងខ្លាំងក្លា ជាពិសេសនយោបាយវ៉ាក់សាំងរបស់សម្ដេចតេជោ ហ៊ុន សែន ដែ​លបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ ការប្រយុទ្ធប្រឆាំងកូវីដ-១៩របស់សម្តេច ហ៊ុន សែន ក៏ធ្វើឱ្យមានការកោតសរសើរ ពីអ​គ្គរ​ដ្ឋទូ​ត​អូ​ស្រ្តាលី ប្រចាំកម្ពុជាដែរ។ លោក ប៉ាប្លូ កាង (H.E. Mr. PABLO K​ANG)បានមា​នប្រសា​សន៍​ថា ​លោកសូមកោតសរសើរ ចំពោះប្រទេសកម្ពុជា ជាពិសេស សម្តេច ហ៊ុន សែន ដែ​ល​ទ​ប់​ស្កា​ត់ នូវការរីករាលដាលជំងឺកូវីដ-១៩បានយ៉ាងល្អប្រសើរ ជាពិ​សេសគឺការចាក់វ៉ាក់សាំងជូន​ប្រ​ជាជនក​ម្ពុជាធ្វើឱ្យជំងឺនេះមិនរីករាលដាលធ្ងន់ធ្ងរ។ ក្នុងចំណោមប្រទេសធំៗ លើសកលលោកដែលគាំទ្រ និង​កោតស​រសើរ​ចំពោះ​កិច្ច​ខិ​ត​ខំ​រ​ប​ស់​ស​ម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ប្រទេសរុស្សី តា​ម​រ​យៈ​អ​គ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានកោតសសើរ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុ​ងកា​រគ្រប់​គ្រងកា​ររី​ក​រាលដាល នៃជំងឺកូវីដ-១៩ ដោយជោគជ័យដែរ។
ក្នុងជំនួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត នៅ​បញ្ជា​កា​រ​ក​ង​ទ័ពជើងគោក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី លោក អា​ណាតូ​លិ​ បូរ៉ូវីគ(Anatoly BOROVIK) មានប្រសាសន៍ថា លោ​កសូមកោតសសើរដល់​រាជរ​ដ្ឋាភិ​បា​ល​ក​ម្ពុជា ដែលគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ បានដោយជោគជ័យ រហូ​តដល់កា​រ​បើ​ក​សេដ្ឋ​កិច្ចសង្គមលើគ្រប់វិស័យទ្បើងវិញ។ ប្រទេសឥណ្ឌា ដែលមានប្រវត្តិសាស្រ្តទំនាក់ទំនងការទូតជាមួយកម្ពុជាច្រើនឆ្នាំមកហើយ ក្នុ​ង​ដំ​ណាក់កាលកូវីដ-១៩ ក៏បានបង្ហាញពីការគាំទ្រ និងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែ​លខិតខំប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ លោ​កស្រីឯ​កអ​គ្គ​រ​ដ្ឋ​ទូ​តឥណ្ឌា ប្រចាំកម្ពុជាManika បានមានប្រសាសន៍ថា បើទោះបីបច្ចុប្បន្ន ប​ណ្តាប្រទេសលើ​ពិ​ភ​ពកំពុងជួបប្រទះបញ្ហាសុខភាពសាធារណៈបណ្តាលមកពីការរីករាលដាលជំងឺកូវីដ-១៩ ក៏​ដោ​យ ប៉ុន្ដែ កម្ពុ​ជាបានយកចិត្តទុកដាក់ខ្ពស់ចំពោះការការពា​រនិងទប់ស្កាត់បាន​យ៉ាងមា​នប្រ​សិ​ទ្ធភាពខ្ពស់។ ជិតពីរឆ្នាំក្រោយមកនេះ ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងបង្ការជំងឺកូវី​ដ-១៩ ដែលជាជំ​នួយ​រ​ប​ស់​រដ្ឋាភិបាល និងប្រជាជនឥណ្ឌា នៅព្រឹកថ្ងៃទី១២ ខែមេ​សា ឆ្នាំ២០២២ នៅវិមានសន្តិភាព លោ​កស្រីឯកអគ្គរដ្ឋទូត Manika Jain មានប្រសាសន៍ថា លោ​កស្រីមានការចាប់អារម្ម​ណ៍ខ្លាំ​ង​ ចំពោះភាពប្រសើរឡើង នៃការរស់នៅរបស់ប្រជាជនកម្ពុជា ដោ​យបើកឱ្យ​មានស​កម្ម​ភា​ព​សេ​ដ្ឋកិច្ចពេញលេញឡើងវិញ និងកា​រចាប់ផ្តើមប្រមូលផ្តុំរបស់ប្រជាជនដោយមិ​នមាន​ការ​រឹ​ត​ត្បិ​ត។ លោកស្រីបានកោតសរសើរម្តងទៀត ចំពោះ​កិច្ចខិតខំប្រឹងប្រែងដឹកនាំ​រ​ប​ស់​ស​ម្តេ​ច​តេ​ជោ​ ហ៊ុន សែន ក្នុងការគ្រប់គ្រង ទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ-១៩ ដោ​យមិនគិតពីការ​នឿ​យ​​ហត់ ដែលសម្តេច ពិតជាស័ក្តិសមនឹងទទួលបានការសរសើរពីអន្តរជាតិ លើ​ការ​ប្រយុ​ទ្ធប្រ​ឆាំ​​ងនឹងជំងឺកូវីដ-១៩ ជាពិសេសការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូន​ប្រជាជ​នក្នុងល្បឿ​ន​មួ​​យដ៏លឿន។ ប្រទេសស៊ុយអែត ដែលជាប្រទេសតូចមួយនៅឆ្ងាយពីកម្ពុជា និងដែលជាមិត្តល្អ របស់​កម្ពុ​ជា​ដែ​រនោះ ក្នុងដំណាក់កាលកូវីដ-១៩ តាមរយៈឯកអគ្គរាជទូត​ប្រចាំកម្ពុជា បា​នពោ​លកោត​សរ​សើ​រ ចំពោះរាជរដ្ឋាភិបាលកម្ពុជា លើការប្រយុទ្ធទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ក្នុង​ជំនួបការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋម​ន្រ្តីក្រសួងម​ហា​ផ្ទៃ​ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លោក ប្យ៊ន ហេម៉ាក (Bjorn Haggmark) បា​នថ្លែ​ង​​កោតសរសើរចំពោះវិធានការរាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំប្រឹងប្រែងទប់ស្កាត់កា​រឆ្ល​ង​រី​ក​រា​លដាលជំងឺកូវីដ-១៩ ជាពិសេសការខិតខំអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាជន និ​ង​កា​របង្ការទប់ស្កាត់ការឆ្លងជំងឺនៅក្នុងពន្ធនាគារ។
ព្រះរាជាណាចក្រថៃ ដែលជាប្រទេសភូមិផងរបងជាមួយ ទោះ​បីពេល​ខ្លះមាន​ការ​ថ្នាំង​ថ្នាក់​គ្នា​ខ្លះ​​លើនយោបាយការទូត ប៉ុន្តែ ក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងកូវីដ-១៩ដ៏លំបាក និង​នឿ​យហត់នេះ ថៃក៏បានលើកទឹកចិត្តកម្ពុជា តាមរយៈការថ្លែងកោតសរសើរកម្ពុជា ក្នុង​ការ​ទ​ប់​ស្កា​ត់ និងដាក់ចេញវិធានការការពារជំងឺកូវីដ-១៩ បានទាន់ពេលវេលា។ ក្នុងជំនួបការងារ និង​ស្វែ​ង​យល់នីតិវិធី និងវិធានការកាពារទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួ​យរ​ដ្ឋមន្ដ្រី​ក្រសួង​សុខា​ភិ​បា​ល​ លោក ម៉ម ប៊ុនហេង នៅថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០២០ ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា លោ​ក​ Panyarak Poolthup បានថ្លែងកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុ​ន សែន និងក្រសួងសុខាភិបាលដែលដាក់ចេញ នូវវិធានការការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ ប្រ​កបដោយភាពជោគជ័យ។ កាលពីចុងខែឧសភា ឆ្នាំ២០២០ ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ នា​យក​រ​ដ្ឋ​ម​ន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព លោក ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup) បា​ន​ជ​ម្រា​បសម្តេចថា រាជរដ្ឋាភិបាលថៃ បានកោតសរសើរ និងចាត់ទុកដែរថា កម្ពុជា ជា​ប្រទេ​ស​ដែ​ល​បានដាក់វិធានការប្រាកដនិយម និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ មិន​ឱ្យឆ្លងរីករាលដាលក្នុងទ្រង់ទ្រាយធំ។ លោ​កសូមចូលរួមអរសាទរយ៉ាងជ្រាលជ្រៅជាទី​បំផុ​ត​ចំពោះសម្ដេច ហ៊ុន សែន ដែលបានដាក់វិធានការយ៉ាងជាក់លាក់ម៉ឺងម៉ាត់ ក្នុងគោលដៅ​ទប់​ស្កា​ត់ជំងឺកូវីដ-១៩ ព្រោះវិធានការ ដែលសម្តេចបានដាក់ចេញនេះ គឺមានប្រសិទ្ធភាពខ្ពស់ ហើ​យ​ទប់ស្កាត់មិនឱ្យមានការរីករាលដាលនៅកម្ពុជា។ ជា​មួយគ្នានេះប្រទេសវៀតណាមតា​មរ​យៈ​​ស្ថា​នទូតប្រចាំកម្ពុជាបានកោតសរសើរកម្ពុជា ដែលទប់ស្កាត់ជំងឺកូវីដ-១៩ បានល្អប្រសើរ រហូ​តក្លាយជាកន្លែងដែលសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោក។ ក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹ​ក​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ២០២១ នាវិមានរដ្ឋសភា លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯ​កអគ្គ​រដ្ឋ​ទូ​តវៀតណាមថ្មី បានអបអរសាទរ និងកោតសរសើរចំពោះនយោបាយចាក់វ៉ា​ក់សាំង​រប​ស់រា​ជ​រ​​​ដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩រហូតទទួលបានជោគជ័យយ៉ាងធំធេង ធ្វើ​​ឱ្យកម្ពុជាមានលទ្ធភាពបើកសេដ្ឋកិច្ចប្រទេសឡើងវិញ។
កាលពីចុងខែកក្កដា ឆ្នាំ២០២១ វៀ​ត​​ណាមបានកោតសរសើរ និងថ្លែងអំណរគុណរួចម្តងមកហើយ ចំពោះជំនួយជាក់ស្តែង និ​ង​ទា​ន់ពេលវេលារបស់កម្ពុជា និងមិត្តភក្តិអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩។ ប្រ​ទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោកស្រី ទាវ ឡាយចេង ឯក​អគ្គរ​ដ្ឋទូ​ត​​សិង្ហបុរីថ្មីប្រចាំកម្ពុជាបានចូលរួមអបអរសាទរ និ​ងកោតសរសើរយ៉ាងខ្លាំងចំពោះ​រាជរដ្ឋា​ភិ​បា​​លកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដែ​ល​ទទួលជោគជ័យដ៏ធំធេង និងបើកប្រទេសឱ្យដំណើរការជាប្រក្រតីឡើងវិញ។ កាលពីខែធ្នូ ឆ្នាំ​២០២០ ប្រទេសសិង្ហបុរី តាមរយៈស្ថានទូតប្រចាំកម្ពុជាចប់អាណត្តិបា​នកោតសរសើរ​ចំ​ពោះ​រាជ​រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩នេះដែរ។
ក្នុងជំនួ​បជាមួយឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង​សំ​​ណង់ ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួង លោក Michael Tan Keng Si​on​g​ ឯកអគ្គរដ្ឋទូតសិង្ហបុរីចប់អាណត្តិ បាននិយាយថា លោកសូមកោតសរសើរ ចំ​ពោះរាជរដ្ឋា​ភិ​បា​ល​កម្ពុជា ដែលបានរៀបចំវិធានការត្រឹមត្រូវទទួលបាន ជោគជ័យក្នុងការប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់ នៃជំងឺរាតត្បាតជាសកលកូវីដ-១៩។ លោក Michael Tan Keng Siong ជឿ​ជា​ក់​ថា ក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ មានភាពធូរស្រាល ​នឹងមា​នវិ​និ​យោ​គិ​នសិង្ហបុរីច្រើន ធ្វើដំណើរមកកម្ពុជា ដើម្បីពិនិត្យមើលឱកាសវិនិយោគ ជា​ពិសេសលើវិស័យ​សំ​ណ​ង់លំនៅឋាន និងអចលនទ្រព្យ។ នៅវិមានសន្តិភាព ក្នុងជំនួបការងារជាមួយសម្ដេចតេជោ ហ៊ុន សែន ថ្ងៃទី១​៦ ខែកុម្ភៈ ឆ្នាំ​២​០​២​២ លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានសម្ដែងការសាទរចំពោះប្រ​ទេ​ស​​កម្ពុជា ដែលទទួលបានជោគជ័យក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ និង​គាំទ្រកម្ពុជា​ជា​ប្រ​​ធានអាស៊ាន។ លោកបានអបអរសាទរសម្ដេចតេជោ ហ៊ុន សែន ចំពោះ​ជោគជ័យដ៏​ត្រ​ចះ​ត្រ​ច​ង់ ក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ក្នុង​នោះកម្ពុជាបានចាក់​វ៉ា​ក់​​សាំងជូនប្រជាជនបានច្រើនជាងគេនៅក្នុងតំបន់ និងច្រើនជាងប្រទេសអភិវឌ្ឍន៍មួយចំនួន ជា​ពិសេអត្រាស្លាប់ក៏មានទាបជាងគេដែរ។
នេះគឺជាកត្តា ដែល​អនុញ្ញាតឱ្យកម្ពុជាអា​ចបើក​ប្រ​ទេ​​សឡើងវិញបានយ៉ាងឆាប់រហ័ស ហើយអ្នកវិនិយោគសិង្ហបុរី ក៏មានចំណាប់អារម្មណ៍​មក​វិ​និ​យោ​គ នៅកម្ពុជាដែរនៅលើវិស័យពាណិជ្ជកម្ម លើវិ​ស័យឃ្លាំងស្តុកទំនិញត្រជាក់ក៏ដូ​ច​ជា​វិ​ស័​យ​​ដឹកជញ្ជូន។
លោកក៏បានអបអរសាទរជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែ​​លបានទទួលមេដាយសន្តិភាព ស៊ុនហាក់ ដែលនេះជាការទទួលស្គាល់ មិន​ត្រឹ​ម​តែ​នៅ​ក្នុ​ង​ប្រ​ទេសកម្ពុជា ឬនៅ ក្នុងតំបន់ទេ គឺទូទាំងពិភពលោក។ ប្រទេ​សឡាវ ជាប្រទេសដ៏ស្ងប់ស្ងៀម និងធ្លាប់ជា​មិ​ត្ត​ដ៏​យូ​រ​អ​​ង្វែងមកហើ​យជាមួយកម្ពុជានោះ ក៏បានកោតសរសើរ ចំពោះការដឹកនាំ និងគ្រប់គ្រ​ងទ​ប់​ស្កា​ត់​​ជំងឺកូវីដ-១៩ នៅកម្ពុជាដែរ។ ថ្លែងប្រាប់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តីក្រសួងការពារជាតិ ក្នុងពិធីទទួលម៉ាស និងបរិក្ខារពេទ្យ ដែលកម្ពុជាផ្តល់ឱ្យ នៅ​ក្រុង​វៀ​ងចន្ទន៍ប្រទេសឡាវ ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ថងលុន ស៊ីស៊ូលីត នាយ​ករ​ដ្ឋ​មន្ត្រីឡាវ បានថ្លែងកោតសរសើរចំពោះទឹកចិត្ត និងឆន្ទៈរបស់រាជរដ្ឋាភិបាល និ​ងប្រ​ជា​ជ​ន​ក​ម្ពុ​ជា ដែលបានផ្ដល់ម៉ាស និងបរិក្ខារពេទ្យ ខណៈកម្ពុជាកំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩។ លោ​ក​មា​​នប្រសាសន៍ថា ការផ្ដល់ជូនរបស់រាជរដ្ឋាភិបាលកម្ពុជាពេលនេះ រឹត​តែបង្ហា​ញពីទំនា​ក់ទំ​ន​ង​ល្អ​រវាងប្រទេសទាំងពីរ ខណៈកម្ពុជា និងឡាវ មានទំនាក់ទំនងល្អជាមួយគ្នាយូរមកហើយ ហើ​យ​ទំនាក់ទំនងល្អនេះ នឹងមិនមាននរណាអាចបំបែកបានដែរ។ លោកនាយករដ្ឋមន្រ្តី បា​នលើ​ក​ឡើងដែរថា កន្លងមកកម្ពុជាតែងតែជួយដល់រដ្ឋាភិបាល និងប្រជាជនឡាវ នៅពេ​លជួ​បកា​រ​លំ​បាក ជាពិសេសក្នុងគ្រាមានគ្រោះមហន្តរាយធម្មជាតិ ដែលនេះបានបង្ហាញពីកាយវិការ និង​ទំ​នាក់ទំនងល្អ ដែលមានស្រាប់ សម្រាប់ប្រទេសទាំងពីរ។ មួ​យឆ្នាំក្រោយមក ក្នុងជំនួបការងារជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​ភា​កម្ពុជា នៅវិមានចម្ការមន ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នា​យករដ្ឋមន្ត្រីឡាវ(ថ្មី)បានកោតសរសើរ និងអបអរសាទរជាថ្មី ចំពោះ​ការដឹ​កនាំ​ដ៏ត្រឹ​មត្រូ​វរ​ប​ស់​សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និង​ទប់ស្កា​ត់នឹ​ង​ជំ​ងឺ​កូ​វីដ-១៩ បានយ៉ាងល្អប្រសើរ។
លោកនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និ​ងប្រជា​ជ​ន​​កម្ពុជា ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ប្រទេសឡាវនាពេលកន្លងមក ជាពិសេ​ស​ការ​ជួ​យ​ឧ​បត្ថម្ភក្នុងការទប់ស្តាត់ជំងឺកូវីដ-១៩ដោយបានផ្តល់ជំនួយជាវ៉ាក់សាំង២០ម៉ឺនដូស និ​ងក្រោ​យ​​មកសម្តេចតេជោ ហ៊ុន សែន បានផ្តល់វ៉ាក់សាំងចំនួន៥០ម៉ឺនដូស ជំនួ​យជាថវិ​ការប​ស់​រាជ​រ​ដ្ឋា​ភិបាល និងពីសម្បុរសជនចំនួន១៣លានដុល្លារអាមេរិកថែមទៀត។
នៅចុងខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋមន្ត្រីសុខាភិបាលឡាវបាន កោ​តសរសើរយ៉ាងខ្លាំ​ងពី​យុទ្ធសា​ស្ត្រ ​និងសុំដកស្រង់បទពិសោធ ពីការអនុវត្តចាក់វ៉ាក់សាំងកូវីដ-១៩ របស់កម្ពុជា។ ក្នុងជំ​នួបជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព ថ្ងៃទី១៦ ខែកុម្ភៈ​ ឆ្នាំ២០២២ លោ​ក​ សាឡឺមសៃ ឃុំម៉ាស៊ីត រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ មានប្រសាសន៍ថា រដ្ឋាភិបាល និង​ប្រ​ជាជនឡាវ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែ​ន និងប្រជាជនកម្ពុជា ដែលបានជួយរដ្ឋាភិបាល និងប្រជាជនឡាវ រួមទាំ​ងការផ្ដ​ល់វ៉ាក់​សាំ​ង​ ការផ្ដល់រថយន្ត ក៏ដូចជា បរិក្ខារផ្សេងៗទៀតឱ្យឡាវក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កា​ត់ជំ​ងឺ​រា​តត្បាតកូវីដ-១៩។ លោកក៏អបអរសាទរ និងកោតសរើសរចំពោះរាជរដ្ឋាភិបាលកម្ពុជា

ដែ​ល​ទ​ទួលជោគជ័យក្នុងការទប់ស្កាត់ ជំងឺរាតត្បាតកូវីដ-១៩។ ក្នុងឱកាសអញ្ជើញបិទសន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី២៧ ខែមេសា ឆ្នាំ​២​០​២​២ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន មិនបានទទួលយកភាពជោគជ័​យនេះតែម្នាក់​ឯង​នោះ​ទេ គឺសម្តេចបានចែករំលែកភាពជោគជ័យទាំងស្រុងទៅឱ្យប្រជាជន និងស្ថា​ប័នពា​ក់ព័​ន្ធ​ទាំ​ងអស់។ សម្តេចមានប្រសាសន៍ថា ការយកឈ្នះលើសមរភូមិជំងឺកូវីដ-១៩ គឺកើ​តឡើ​ង​ដោ​យ​សារការរួបរួមគ្នាជាមួយរាជរដ្ឋាភិបាលជាធ្លុងមួយដ៏ល្អប្រសើរ នៅ​ក្នុងសង្គ​មខ្មែរ​លើគ្រ​ប់វិ​ស័​យ ជាពិសេសចំពោះទឹកព្រះទ័យ ព្រះមហាក្សត្រ និងហ្លួងម៉ែ ហើយការងារនេះ មិនមែនជា​រឿ​ង​​ធម្មតាពេកដែរ។ សម្តេច ហ៊ុន សែន បានរម្លឹកឡើងវិញថា ថ្ងៃនេះ(២៧ ខែមេសា ឆ្នាំ២០២១) កា​លពីឆ្នាំមុន គឺជាពេលវេលា ដែលរាជរដ្ឋាភិបាលក៏ដូចជាប្រជាជនកម្ពុជា កំពុ​ងតែនាំ​គ្នា​ប្រ​យុ​​​ទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលបានផ្ទុះរីករាលដាលក្នុងសហគមន៍ រហូ​តសម្ដេចបង្ខំ​ចិត្ត​ប្រើ​ប្រា​ស់ នូវវិធានការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល ហើយមានការកំណត់​តំប​ន់​ក្រហម តំបន់លឿងទុំ និងតំបន់លឿង។
ដូច្នេះ ក្នុងរយៈពេលមួយឆ្នាំ នៃ​ការប្រយុ​ទ្ធប្រ​ឆាំង​ជំ​ងឺ​កូវីដ-១៩ មិនមែនជារឿងធម្មតាពេកទេ គឺជារឿងលំបាកបំផុត ប៉ុន្ដែប្រជាពលរដ្ឋ រួម​ជា​មួ​យ​រា​ជ​រដ្ឋាភិបាល គឺជាការគួរឱ្យលើកទឹកចិត្តគួរឱ្យកោតសរសើរ ទោះ​បីជាមានជំនឿលើប​ក្សណា​ក៏​ដោ​​យ។ យើងស្រុះគ្នា រួបរួមគ្នាណាស់ ហើយភាពស្រុះគ្នានេះហើយ ដែ​លបង្កើននូវភាពជោ​គ​ជ័​​យសម្រាប់យើងទាំងអស់គ្នាលើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ជាមួយគ្នានេះ វិស័​យឯ​ក​ជន ក៏បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ជាពិសេសការផ្ដល់ នូវទី​តាំងស​ម្រាប់​ធ្វើ​ជាកន្លែងព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ ទាំងនៅតំបន់កោះពេជ្រ សណ្ឋាគារ និង​កន្លែ​ងស​ម្រា​ប់​រៀបមង្គលការផ្សេងទៀត។ វិស័យឯកជន និងក្រុមគ្រូពេទ្យជួរមុខទាំងអស់ ជាពិសេ​ស​ក្រុ​​មគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ TYDA ដែលសម្តេចហៅថា កង​ទ័ពអាវសបានរួ​ម​ចំ​​ណែកយ៉ាងធំធេងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ ក្រោយមក សម្តេច តេជោ ហ៊ុន សែន មានប្រសាសន៍ សម្តេចព្រួយបារម្ភខ្លាំងជាគេ ពី​ការ​ឆ្ល​ង​រី​ក​រាលដាលជំងឺកូវីដ-១៩ នៅពេលសម្តេច សម្រេចអនុញ្ញាតឱ្យប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃ​ណី​ខ្មែរ ឆ្នាំខាល ឡើងវិញបន្ទាប់ពីខកខានរយៈពេល២ឆ្នាំកន្លងមក។ សម្តេចតេជោ ហ៊ុន សែ​ន បានលើកជាសំណួរសួរខ្លួនឯង តើការសម្រេចចិត្តនោះ ត្រូវ ឬខុស? ភាពអស្ចារ្យរបស់សម្តេចតេជោរបស់កម្ពុជា ក្នុងដំណាក់កាលកូវីដ-១៩ គឺចាក់វ៉ាក់សាំង និ​ង​ព្យា​​បាល ជូនប្រជាជនកម្ពុជា និងជនបរទេស ដែលស្នាក់នៅកម្ពុជា ដោយឥតគិតថ្លៃ ខណៈ​ប្រ​ទេ​សជិតខាងកម្ពុជា ក្នុងតំបន់ ឬក្រៅតំបន់គិតថវិកាពីអ្នកជំងឺ និងអ្នកចាក់វ៉ាក់សាំងកូវីដ-១៩៕

អត្ថបទទាក់ទង