Grand News Asia Close

សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ២ «ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាម៉េរិក មកលើជីវិតមនុស្ស និង ទឹកដីដ៏ស្រស់ស្អាតរបស់កម្ពុជា»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣ ឯកសារ 80
សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ២ «ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាម៉េរិក មកលើជីវិតមនុស្ស និង ទឹកដីដ៏ស្រស់ស្អាតរបស់កម្ពុជា» សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ២ «ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាម៉េរិក មកលើជីវិតមនុស្ស និង ទឹកដីដ៏ស្រស់ស្អាតរបស់កម្ពុជា»

សៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នកដែលចូលចិត្តកិច្ចការស្រាវជ្រាវ និងចងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បីចងក្រងប្រវត្តិសាស្រ្តរបស់យើង ព្រោះតាំងពីច្រើនសម័យកាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការចងក្រងឯកសារ នៃប្រទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។ ជនបរទេស មិនមែនទន់ខ្សោយនោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អាចនឹងមានការលើសលស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រសិនបើជាតិសាសន៍យើងជាអ្នករៀបរៀងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និងឧត្តមគតិជាតិពិតប្រាកដរបស់ខ្លួនដែរ។

ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។

វគ្គ២ «ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាម៉េរិក មកលើជីវិតមនុស្ស និង ទឹកដីដ៏ស្រស់ស្អាតរបស់កម្ពុជា»

“អាម៉េរិកជាអ្នកខុស ព្រោះអាម៉េរិកមិនមែនទម្លាក់គ្រាប់បែកលើពួកវៀតកុងទេ គឺអាម៉េរិកទម្លាក់គ្រាប់បែកលើកទឹកដីកម្ពុជា ដែលប្រជាជនកម្ពុជាកំពុងរស់នៅ បង្កឱ្យមានរបួស និងស្លាប់ជាច្រើននាក់” ( បណ្ឌិត ឆយ យីហ៊ាង)។

រឿងរ៉ាវនៃការទម្លាក់គ្រាប់របស់សហរដ្ឋអាម៉េរិក មកលើទឹកដីកម្ពុជា ទោះបីជារបាយការណ៍ជាច្រើនរកឃើញថា អាម៉េរិកបានបំពានច្បាប់អន្តរជាតិ និងរំលោភសិទ្ធិសេរីភាព និងអាយុជីវិត ប្រជាជនកម្ពុជាក្តី ក៏សហរដ្ឋអាម៉េរិកពុំទទួលស្គាល់អំពីទោសកំហុសរបស់ខ្លួនឡើយ។ផ្ទុយទៅវិញសហរដ្ឋអាម៉េរិក ដែលហាក់មានចរិតសងសឹកចំពោះការឈឺចាប់ និងទុក្ខវេទនារបស់ប្រជាជនខ្មែរ បែរជានៅតែទាមទារសំណងសម័យសង្រ្គាមដដែល ទោះបីបំណុលនោះ ជាបំណុលដែលរបបសាធារណរដ្ឋខ្មែរ ខ្ចីបុលយកមកទិញអាវុធក្តី។ ភាពចម្រូងចម្រាស និងប្រទូសរ៉ាយនៃការទម្លាក់គ្រាប់បែកប្រភេទបេ៥២ ក៏ត្រូវលើកឡើងដ៏រង្គោះរង្គើ នៅសភាសហរដ្ឋអាម៉េរិកដែរ ប៉ុន្តែជាទូទៅលោក ហង់រី ឃីសស៊ិនជើរ រដ្ឋមន្រ្តីការបរទេសអាម៉េរិកការពារប្រធានាធិបតី រីឆាត និចសុន និងលាក់បាំងរឿងនេះ។ នៅពេលសភា និងតុលាការជាន់ទាបអាម៉េរិកកោះហៅឱ្យមកបំភ្លឺ សហសេវិក ឬសហការីនៃទាហានដែលបើកយន្តហោះមកទម្លាក់គ្រាប់នៅកម្ពុជា បាននិយាយបែបលាក់លៀមថា របាយការណ៍នៃការទម្លាក់គ្រាប់បែកត្រូវដុតបំផ្លាញ និងកែប្រែរបាយការណ៍ជាថ្មី។

នៅក្នុងសៀវភៅ “រឿងក្រៅឆាក ឃីសស៊ិនជើរ, និចសុន និងការបំផ្លាញកម្ពុជា” អ្នកនិពន្ធ វីលៀម ស្តក្រូស្ស បានដកស្រង់សម្តីអតីតអ្នកបើកយន្តហោះទម្លាក់គ្រាប់បេ៥២ ម្នាក់ គឺលោក ដូណាល់ ដេសុន (Donald Dason) ថា ឆ្នាំ១៩៧៣ លោកត្រូវទទួលភារកិច្ចទម្លាក់គ្រាប់បែកបេ៥២ ជាលើកទី៣ នៅកម្ពុជា។ មូលដ្ឋានរបស់លោកនៅយូតាប៉ាវ (U-tapao) ប្រទេសថៃ។ អ្វីដែលធ្វើឱ្យលោករន្ធត់ ឈឺចាប់ និងសោកស្តាយនោះ គឺក្រោយពេលដែលលោកទម្លាក់ហើយ ខ្សែវីដេអូ បង្ហាញថា ការទម្លាក់គ្រាប់របស់លោកលើកនោះ ត្រូវចំភូមិប្រជាជនខ្មែរកំពុងរៀបអាពាហ៍ពិពាហ៍។

លោក វីលៀម ក៏បានពណ៌នាដែរ អំពីការធ្វេសប្រហែសរបស់កងទ័ពអាម៉េរិកក្នុងការទម្លាក់គ្រាប់បែកនៅកម្ពុជា។ ដោយដកស្រង់អត្ថបទពីសារព័ត៌មាន ដឹ ញ៉ូវយ៉កថែម (The New York Time) លោក វីលៀម រៀបរាប់ថា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ១៩៧៣ គឺមុនពេលអាម៉េរិកអនុម័តបញ្ចប់ការទម្លាក់គ្រាប់បែកប្រភេទបេ៥២ នៅកម្ពុជា៨ថ្ងៃ (រដ្ឋបាលនិចសុន សម្រេចបញ្ឈប់ការទម្លាក់គ្រាប់បែកនៅកម្ពុជា ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧៣) អ្នកមើលផែនទីម្នាក់ធ្វេសប្រហែលក្នុងភារកិច្ចរបស់ខ្លួន ហើយធ្វើឱ្យសន្ទះបាតក្រោមយន្តហោះបេ៥២ របើកឡើង រួចរោយស្រោចគ្រាប់បែកប្រមាណ៣០តោនមកលើទឹកដីកម្ពុជា នៅតំបន់អ្នកលឿង បណ្តាលឱ្យមនុស្ស១៣៧នាក់ស្លាប់ និង២៦៨នាក់ផ្សេងទៀតរងរបួស។ ជាទូទៅមុនពេលទម្លាក់គ្រាប់បែក អ្នកបញ្ជាចុច ប៊ូតុងត្រូវតែពិនិត្យមើលផែនទីថាត្រូវ ឬចំកន្លែងដែលយន្តហោះស៊ើបយកការណ៍នោះផ្តល់ឱ្យពិតប្រាកដឬនៅ? បើមិនត្រឹមត្រូវ គេមិនទាន់ទម្លាក់ឡើយ តែនេះគេមិនបានពិនិត្យផែនទីទេ ហើយក៏ចុចប៊ូតុងបញ្ជាតែម្តង។ គោលដៅនៃការទម្លាក់គ្រាប់ប្រភេទបេ៥២ គឺតម្រូវសំដៅតែតំបន់ដែលមានទាហានយៀកកុង ឬកងទ័ពខ្មែរក្រហម មិនមែនសំដៅលើជនស៊ីវិលទេ។ តាមរបាយការណ៍ ប្រជាជនខ្មែរដែលស្លាប់ និងរបួសដោយការទម្លាក់គ្រាប់បែកខុសបច្ចេកទេសនោះ ទទួលសំណងម្នាក់១០០ដុល្លារពីរដ្ឋការវ៉ាស៊ីនតោន។

រឿរ៉ាវដ៏អាស្រូវនេះ ក៏ត្រូវប្តឹងផ្តល់ឡើងដល់តុលាការកំពូលអាម៉េរិក ហើយចៅក្រមម្នាក់បានទាមទារឱ្យលោក រីឆាត និចសុន ត្រូវតែចេញមុខទទួលខុសត្រូវ តែការសម្រេចនេះត្រូវរារាំងដោយរដ្ឋមន្រ្តីការបរទេស លោក ហង់រី ឃីសស៊ិនជើរ មិនឱ្យទទួលខុសត្រូវ។ ចៅក្រមនៅតែ លើកឡើងថា ករណីខ្លះទោះបីរកមុខអ្នកសម្លាប់មិនឃើញក៏ដោយ តែជនរងគ្រោះគឺជាមនុស្សដែលបាត់បង់ជីវិត ហើយទីបំផុតសភាអាម៉េរិកសម្រេចឱ្យរដ្ឋបាលនិចសុន បញ្ឈប់ការទម្លាក់គ្រាប់បែកបេ៥២នៅកម្ពុជា ត្រឹមថ្ងៃទី១៥សីហា ឆ្នាំ១៩៧៣។

ស្នាមរបួស និងការឈឺចាប់ដែលអាម៉េរិកបន្សល់ទុកឱ្យប្រជាជនកម្ពុជា គេអាចមើលឃើញតាមរយៈរណ្តៅគ្រាប់ប្រភេទបេ៥២ និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលកំពុងរកឃើញបន្តបន្ទាប់ទៀតបាន។ ក្នុងនោះគ្រាប់បែកទម្លាក់ពីលើយន្តហោះអាម៉េរិក ប្រភេទMK82 ទម្ងន់ជាង២០០គីឡូក្រាម ត្រូវកម្លាំងនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់(CMAC) ដោះបន្សាប នៅស្រុកសេសាន ខេត្តស្ទឹងត្រែង។ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ស៊ីម៉ាក់ បានបោសសម្អាតគ្រាប់បែកទម្លាក់ពីលើយន្តហោះរបស់អាម៉េរិក បន្សល់ទុកពីសម័យសង្គ្រាម ប្រភេទMK82 នៅទីតាំងឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ប្រាប់អ្នកសារព័ត៌មានឱ្យដឹងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ថា គ្រាប់បែកខ្នាតធំ១គ្រាប់នេះ រកឃើញនៅឯភូមិសាស្រ្តស្ថិតនៅភូមិសេសាន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ គ្រាប់បែកប្រភេទ MK82 នេះ អាចមានចំនួនច្រើនលានគ្រាប់ដែលបានទម្លាក់លើទឹកដីកម្ពុជា។

គ្រាប់បែកដែលទម្លាក់ពីយន្តហោះរបស់សហរដ្ឋអាម៉េរិក ក្នុងរដ្ឋបាលលោកប្រធានាធិបតី ចនសុន (Johnson) ចាប់ពីឆ្នាំ១៩៦៥ ដល់១៩៧៣ មកលើទឹកដីកម្ពុជាចំនួនប្រមាណ ៤៧៥ ៥១៥តោន(ជិតកន្លះលានតោន) និងក្នុងរដ្ឋបាលលោកប្រធានាធិបតី រីឆាត និចសុន (Richard Nixon) ចាប់ពីឆ្នាំ១៩៦៩ បានបញ្ជាដាច់ណាត់ឱ្យទម្លាក់គ្រាប់បែកសម្លាប់អ្វីៗ ដែលមានជីវិត ដោយកុំឱ្យកងទ័ពខ្វល់ពីអ្វីទាំងអស់ រួមទាំងការចំណាយ។ ការទម្លាក់គ្រាប់បែកក្នុងរដ្ឋបាលលោក Nisxon កាន់តែខ្លាំងក្លា ពោលគឺមានចំនួនប្រមាណជាង២លានតោនក្នុងរយៈពេល៥ឆ្នាំ (១៩៦៩-១៩៧៣) នាំឱ្យទិន្នន័យសរុបមានចំនួនជាង ២លាន៨សែនតោន ក្នុងរយៈពេលជាង៨ឆ្នាំ គឺពីថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៦៥ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧៣ ដែលក្នុងនោះមានកូនគ្រាប់បែកចង្កោមជាង២៨លានគ្រាប់ និងគ្រាប់បែកគីមី ថែមទៀតផង (ពុំទាន់មានកំណត់ត្រា ឬទិន្នន័យនៅឡើយទេ)។

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ មន្ដ្រីជំនាញរបស់ស៊ីម៉ាក់ ស្រាវជ្រាវរកឃើញតំបន់ផលប៉ះពាល់ដោយគ្រាប់បែកគីមីរបស់អាម៉េរិកចំនួន១២ទីតាំងថ្មីថែមទៀតស្ថិតក្នុងស្រុករមាសហែក ខេត្ដស្វាយវៀង ក្នុងនោះមាន១១ទីតាំង ស្ថិតនៅឃុំត្រស់ និង១ទីតាំង នៅឃុំគគីរ ហើយប្រសិនបើសរុបលទ្ធផលនៃការរកឃើញទីតាំងទម្លាក់គ្រាប់នៅស្រុករមាសហែក ក្នុងសម័យសង្គ្រាមទសវត្សរ៍១៩៧០ ពីរឃុំគគីរ និងឃុំត្រស់ មានកន្លែងទម្លាក់គ្រាប់បែកប្រមាណជាង៤០ទីតាំង។ តាមរបាយការណ៍បឋមឱ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋដែលរងគ្រោះដោយសារអាវុធគីមី ក៏មានប្រមាណជាង១០០នាក់ ហើយដែលត្រូវបញ្ជូនទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យ។ ភាគច្រើននៃប្រជាពលរដ្ឋទាំងនេះ គឺមានបញ្ហាផ្លូវដង្ហើម និងរមាស់កន្ទួលលើស្បែក។ របាយការណ៍របស់ ស៊ីម៉ាក់បញ្ជាក់ថា អាវុធគីមីរបស់សហរដ្ឋអាម៉េរិក ក្រៅពីខេត្តស្វាយរៀង រកឃើញនៅខេត្តមួយចំនួនទៀតនៃប្រទេសកម្ពុជា រួមមានខេត្តមណ្ឌលគិរី និងត្បូងឃ្មុំ។ អាចនឹងមាននៅក្នុងខេត្តមួយចំនួនទៀតផងដែរ។

នៅឆ្នាំ២០១២ អង្គការហាមឃាត់អាវុធគីមី (OPCW) របស់អង្គការសហការប្រជាជាតិ ចុះ ពិនិត្យស្រាវជ្រាវអាវុធគីមីម្ដងរួចមកហើយនៅខេត្តមណ្ឌលគិរី ដោយពេលនោះបញ្ជាក់ថា គ្រាប់បែកនេះ គឺជាអាវុធគីមីយ៉ាងពិតប្រាកដ។ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ស៊ីម៉ាក់ រកឃើញគ្រាប់បែក ចង្កោមទម្លាក់ពីលើយន្តហោះដោយសហរដ្ឋអាម៉េរិក ចំនួន១៣២គ្រាប់ នៅខេត្តត្បូងឃ្មុំ។ ក្នុងនោះតាមទិន្នន័យបឋម គឺមានចំនួន១១៥,២៧៥ទីតាំង មានការហោះហើរទម្លាក់ចំនួន ២៣០,៥៤៤លើក ចំនួនគ្រាប់ទម្លាក់ជាង២លាន៥៩ម៉ឺនគ្រាប់ មានទម្ងន់ជាង២លាន៨សែនតោន (២,៨០៣,៨៦៨,១៥២គីឡូក្រាម) ក្នុងនោះមានគ្រាប់បែកចង្កោម គិតជាកូនគ្រាប់បែកចង្កោមចំនួនជាង២៧លាន៩សែនគ្រាប់។ នៅថ្ងៃទី១៩ ខែវិច្ចិកា ឆ្នាំ២០១៦ អ្នកស្រុកល្វាឯម ប្រទះឃើញកេសគ្រាប់ និងគ្រាប់M16 ចំនួន៨៤០គ្រាប់។ នៅថ្ងៃទី២៩មករា ២០១៧ ប្រជាពលរដ្ឋជីកដីធ្វើសាលារៀន ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ១គ្រាប់ ទំហំមុខកាត់ប្រហែល៨ហ៊ុន ប្រវែងប្រហែល៦តឹក នៅចំណុចវត្តព្រែកឫស្សី ភូមិព្រែកឫស្សី ឃុំព្រែកឫស្សី នៅស្រុកល្វាឯម ខេត្តកណ្តាល។ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ ស៊ីម៉ាក់ រកឃើញគ្រាប់មិនទាន់ផ្ទុះ១គ្រាប់ ប្រភេទ Mark 82 ឬMK82 ដែលមានគុណភាពនៅឡើយ នៅក្នុងទឹកបាតទន្លេ ស្ថិតក្នុងឃុំល្វាសរ ស្រុកល្វាឯម។ MK82 នេះមានទម្ងន់២៤១គីឡូក្រាម ប្រវែង១,៥៦ម៉ែត្រ មានមុខកាត់ ២៧៤មីលី្លម៉ែត្រ។ តាម មន្ត្រីស៊ីម៉ាក់ឱ្យដឹងថា គ្រាប់បែកMK82 នេះ ជាប្រភេទគ្រាប់ទម្លាក់ពីលើយន្តហោះ B52 ក្នុងសម័យសង្គ្រាមទសវត្សរ៍១៩៧០។ នៅថ្ងៃទី២៣កក្កដា ឆ្នាំ២០១៦ គ្រាប់បែក MK82 ដែលទម្លាក់ពីលើយន្តហោះ B52 រកឃើញនៅក្នុងភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក។ ជាមួយគ្នានេះកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ គ្រាប់បែកប្រភេទ MK82 ដូចគ្នានេះ ប្រទះឃើញនៅបាតបឹងក្រសាំង ស្ថិតក្នុងភូមិសាស្ត្រ ក្នុងឃុំឈើទាល ស្រុកកៀនស្វាយ ខណៈក្រុមកម្មករជីកដីក្នុងការដ្ឋានរបស់ខ្លួន។ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ អ្នកភូមិព្រែក ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមចំនួន២គ្រាប់ គឺប្រភេទគ្រាប់MK82 ដែលជាប្រភេទគ្រាប់ទម្លាក់១គ្រាប់ និងគ្រាប់៨១មីល្លីម៉ែត្រមួយគ្រាប់។ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ អ្នកភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន២២គ្រាប់ ក្នុងនោះ គ្រាប់M79 (ហៅគ្រាប់សឺវ៉័នធីណាយ)ចំនួន២១គ្រាប់ និងគ្រាប់ផ្លោងចំនួន១គ្រាប់។ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ប្រជាពលរដ្ឋនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ប្រទះឃើញគ្រាប់MK82មួយគ្រាប់ទម្ងន់៥០០ផោន ស្មើនឹងទម្ងន់២២៧គីឡូក្រាម ប្រវែង២,២៧ម៉ែត្រ មុខកាត់២,៧៣សង់ទីម៉ែត្រ។

យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តកណ្តាល ឱ្យដឹងចាប់តាំងពីដើមខែមករា ឆ្នាំ២០១៥ រហូតដល់ខែធ្នូ ចុងឆ្នាំ២០១៥ ថាសមត្ថកិច្ចនគរបាលខេត្តកណ្តាល សហការជាមួយមន្ត្រីជំនាញCMAC បានប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទះបានចំនួន៦៧៣គ្រាប់ ក្នុងនោះមានគ្រាប់ផ្លោង១០៥មីល្លីម៉ែត្រចំនួន៤៣គ្រាប់, គ្រាប់ត្បាល់៨១មីល្លីម៉ែត្រចំនួន៤១គ្រាប់, គ្រាប់ត្បាល់៦០មីល្លីម៉ែត្រចំនួន៤៩គ្រាប់, គ្រាប់ត្បាល់៨២មីល្លីម៉ែត្រចំនួន២គ្រាប់, គ្រាប់ត្បាល់៨០មីល្លីម៉ែត្រចំនួន១គ្រាប់, គ្រាប់M79ចំនួន៨៩គ្រាប់, គ្រាប់M76ចំនួន១គ្រាប់, គ្រាប់M67 ចំនួន១០គ្រាប់, គ្រាប់M75 ចំនួន១គ្រាប់, គ្រាប់MK82ចំនួន៦គ្រាប់, គ្រាប់M117ចំនួន១គ្រាប់, គ្រាប់ទម្លាក់ពីយន្តហោះទម្ងន់២០ផោនចំនួន៨គ្រាប់, គ្រាប់រ៉ុកែតចំនួន២គ្រាប់, គ្រាប់មីនក្លេម័រចំនួន១គ្រាប់, ក្បាលផ្ទុះចំនួន១គ្រាប់, គ្រាប់ DK75 ចំនួន១គ្រាប់, គ្រាប់ផ្លោង៨៥មីល្លីម៉ែត្រចំនួន២គ្រាប់, គ្រាប់ផ្លោង១៦០មីល្លីម៉ែត្រចំនួន៧ គ្រាប់, គ្រាប់ផ្លោង១២២មីល្លីម៉ែត្រចំនួន២គ្រាប់, គ្រាប់ផ្លោង១៥២ មីល្លីម៉ែត្រចំនួន១គ្រាប់, គ្រាប់ BOMB ចំនួន១គ្រាប់, គ្រាប់BOMBI ចំនួន១៣៩គ្រាប់, គ្រាប់បែកដៃចំនួន១៤គ្រាប់, គ្រាប់កាំភ្លើងដៃចំនួន២៤៩គ្រាប់ និងកាកសំណល់ UXO-M70ចំនួន១គ្រាប់។

កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ បុគ្គលិកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បង្ហាញពីទីតាំងដែលគ្រាប់បែកចង្កោមត្រូវកម្ទេច នៅឃុំជីរោពីរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលគ្រាប់បែកចង្កោមនៅតែបង្កការគំរាមកំហែង និងផលប៉ះពាល់។

យោងតាមឯកសារស្តីពីគ្រាប់បែកចង្កោមនៅកម្ពុជារបស់អង្គការជនពិការអន្តរជាតិ បានឱ្យដឹងថាគ្រាប់បែកចង្កោម គឺជាប្រភេទគ្រាប់បែកដែលផលិតឡើងដើម្បីទម្លាក់ពីលើអាកាស និងបាចសាចកូនគ្រាប់បែកតូចៗពាសពេញផ្ទៃដីដ៏ធំ ដែលពេលខ្លះមានទំហំធំជាងតារាងបាល់ទាត់រហូតដល់៣ទៅ៤ដង។ ចំនួនកូនគ្រាប់បែកតូចៗ ដែលបាចសាចមានលក្ខណៈខុសៗគ្នាទៅតាមប្រភេទរបស់វា ហើយអាចមានចំនួនចាប់ពី១២រហូតដល់ច្រើនជាង៦០០គ្រាប់។ គ្រាប់បែកចង្កោមដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា បង្កឱ្យមានការគំរាមកំហែង ហានិភ័យធ្ងន់ធ្ងរ និងជាបន្តបន្ទាប់ដល់ការរស់នៅ ហើយជីវភាព ប្រជាជន។ សហរដ្ឋអាម៉េរិកបានទម្លាក់គ្រាប់បែកចង្កោមចំនួន៨០.០០០គ្រាប់ ដែលមានគ្រាប់បែកតូចៗសរុបចំនួន២៦លានគ្រាប់ នៅតំបន់ភាគខាងកើត និងភាគឦសាននៃប្រទេសកម្ពុជា នៅអំឡុងសង្គ្រាម វៀតណាមទសវត្សរ៍១៩៦០ និង១៩៧០។ ក្នុងនោះគ្រាប់មិនទាន់ផ្ទុះដែលនៅសេសសល់មានរាយប៉ាយនៅក្នុងខេត្តចំនួនប្រាំពីរក្នុងប្រទេសកម្ពុជា បង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ប្រជាជនស៊ីវិល និងមានផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គមសេដ្ឋកិច្ច។ ប្រភពឯកសារដដែលបន្តថា ក្នុងពេលបច្ចុប្បន្ន តាមការប៉ាន់ប្រមាណឱ្យដឹងថា ផ្ទៃដីប្រមាណ២២០គីឡូម៉ែត្រការ៉េ មានផ្ទុកគ្រាប់បែកចង្កោម។ គ្រាប់បែកចង្កោមត្រូវអាជ្ញាធរកម្ចាត់មីនកម្ពុជា ស្វែងរកនៅភាគខាងកើតប្រទេសកម្ពុជា និងនៅខេត្តព្រះវិហារ។

លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី១៩សីហា ២០១៣ បន្ទាប់ពីលោកចូលរួមក្នុងការបើកសិក្ខាសាលាមួយ ស្តីពីការបណ្តុះបណ្តាលគ្រូពេទ្យនៃអង្គភាព CMAC ថាយ៉ាងហោចណាស់មានគ្រាប់បែកចង្កោមចំនួនប្រមាណជា៥,៨លានគ្រាប់ទៀត ដែលអាម៉េរិកទម្លាក់នៅកម្ពុជាក្នុងអំឡុងទសវត្សរ៍១៩៧០ មិនទាន់ផ្ទុះនៅឡើយ ហើយគ្រាប់ទាំងនោះវានឹងបង្កគ្រោះថ្នាក់គ្រប់ពេលវេលាដល់ ប្រជាពលរដ្ឋកម្ពុជា។

កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាសហការជាមួយអាជ្ញាធរជាតិអាវុធគីមីរបស់ក្រសួងការពារជាតិ និងអាជ្ញាធរមូលដ្ឋាន រកឃើញទីតាំងកប់គ្រាប់គីមី១គ្រាប់ ក្នុងចំណោមគ្រាប់គីមីចំនួន២គ្រាប់ ដែលកប់ក្នុងបរិវេណវត្តគគីរ និងសាលាបឋមសិក្សាគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ គ្រាប់បែកគីមីដែលរកឃើញនៅខេត្តស្វាយរៀង ជាប្រភេទ Chlorobenzalmalononitrile (CS) ទម្លាក់ពីលើយន្តហោះរបស់អាម៉េរិក ហើយប្រសិនបើផ្ទុះ នឹងធ្វើឱ្យមានផលប៉ះពាល់ខ្លាំង ព្រោះអាចបង្កឱ្យថប់ដង្ហើម ក្មេងកើតមិនគ្រប់ខែ និងបញ្ហាមួយចំនួនទៀត។ គ្រាប់បែកគីមីនេះ ស៊ីម៉ាក់ធ្លាប់ជួបនៅខេត្តចំនួន៥ រួមមានខេត្តស្វាយរៀង ព្រៃវែង រតនគិរី មណ្ឌលគិរី និងក្រចេះ ប៉ុន្តែមានខេត្ត៣ ដែលស៊ីម៉ាក់ជឿជាក់ថាមានគ្រាប់បែកគីមីនេះ រួមមានខេត្តស្វាយរៀង ព្រៃវែង និងមណ្ឌលគិរី។

ដោយព្រួយបារម្ភពីផលប៉ះពាល់ដល់សុខុមាលភាពប្រជាជន សម្តេច ហ៊ុន សែន បានបញ្ជាឱ្យក្រសួងសុខាភិបាល ស្រាវជ្រាវ និងធ្វើរោគវិនិច្ឆ័យ។ ជាលទ្ធផលនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ក្រុមគ្រូពេទ្យជំនាញនៃក្រសួងសុខាភិបាល ក៏រកឃើញអំពីឥទ្ធិពលនៃគ្រាប់បែកនេះបណ្តាលឱ្យក្មេងចំនួន៣នាក់ កើតមកមាត់វៀច ក្បាលធំនិងរមាស់លើស្បែក។ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងប្រាប់អ្នកកាសែតថា ក្រោយការរកឃើញនេះ សម្ដេច ហ៊ុន សែន សម្រេចឱ្យសាងសង់មណ្ឌលសុខភាពថ្មីមួយនៅក្នុងមូលដ្ឋាន ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ទីដែលគ្រាប់បែកគីមីដ៏សាហាវរបស់អាម៉េរិកបន្សល់ទុក និងដែលបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋរាប់រយគ្រួសារយ៉ាងធ្ងន់ធ្ងរ។

យោងតាមរបាយការណ៍របស់ស៊ីម៉ាក់បញ្ជាក់ថា គ្រាប់បែកគីមីរបស់អាម៉េរិក រកឃើញមាន១៥កន្លែង នៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលបច្ចុប្បន្នមានប្រជាពលរដ្ឋរហូតដល់៤៥នាក់ បានរងគ្រោះដោយសារឥទ្ធិពលគ្រាប់បែកគីមីនេះ ហើយបញ្ជូនទៅសង្រ្គោះនៅតាមមន្ទីរពេទ្យក្នុងខេត្តស្វាយរៀង និងនៅមន្ទីរពេទ្យគន្ធបុប្ផា។ ប៉ុន្តែក្រោយការរកឃើញកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជាចេញសេចក្តីថ្លែងការណ៍ ដោយហៅគ្រាប់បែកគីមីនេះថា ជាឧស្ម័នបង្ហូរទឹកភ្នែក។ សេចក្តីថ្លែងការណ៍ថែមទាំងអះអាងថា ឧស្ម័នទាំងនោះមិនបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះឡើយ។

ទាក់ទងទៅនឹងបញ្ហាគ្រាប់បែកគីមីនេះ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅក្នុងពិធី សំណេះសំណាលជាមួយតំណាងកម្មករ និយោជិតជាង៤ពាន់នាក់ នៅមហោស្រពកោះពេជ្រ សម្តេច ហ៊ុន សែន ប្រតិកម្មយ៉ាងខ្លាំង ចំពោះសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជាដែលហៅគ្រាប់បែកគីមីរបស់ខ្លួននៅខេត្តស្វាយរៀងថា ជាឧស្ម័នបង្ហូរទឹកភ្នែក។ សម្តេចចាត់ទុកសេចក្តីថ្លែងការណ៍នោះថា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា រួចក៏ប្រកាសយកសំណុំរឿងគ្រាប់បែកគីមីនេះ ប្តឹងទៅអង្គការសហប្រជាជាតិផងដែរ។

សម្តេច ហ៊ុន សែន បញ្ជាក់ថា៖

“… ជាការសង្វេគចិត្តខ្លាំងណាស់ដែលសហរដ្ឋអាម៉េរិកចាត់ទុកថា គ្រាប់បែកគីមីនៅឯស្វាយរៀងជាឧស្ម័នបង្ហូរទឹកភ្នែក។ ព្រះជាម្ចាស់អើយ! អាម៉េរិកម្តេចក៏ចិត្តធម៌ម្ល៉េះ! មកធ្វើសង្រ្គាមនៅឥណ្ឌូចិន ដឹកមកនូវឧស្ម័នបង្ហូរទឹកភ្នែក។ តើឧស្ម័នបង្ហូរទឹកភ្នែកនេះ គេយកមកសម្រាប់បង្រ្កាបមនុស្សនៅក្នុងព្រៃឬ? កោតតែអាចនិយាយទៅរួច! សង្ឃឹមថាទូតអាម៉េរិកនឹងនាំគ្នាទៅទស្សនកិច្ចលេងកម្សាន្តនៅទីកន្លែងនោះ រាប់ទាំង PEACECORP របស់អាម៉េរិកដែលកំពុងនៅស្រុកខ្មែរនេះ ដែលទើបអស់វីហ្សា (ទិដ្ឋាការ) ហើយទើបផ្តល់វីហ្សាបន្ដឱ្យ៣ខែបន្តទៀត គួរទៅលេងកន្លែងណុង(ខេត្តស្វាយរៀង) ហើយបើអាចយកល្អទូតអាម៉េរិកគួរយកដីកន្លែងណុងមួយចំនួនមកតាំងធ្វើជាជីដាក់ដាំដំណាំនៅក្នុងស្ថានទូត។ ខ្មែអើយ! អីក៏អភ័ព្វអ្វីម្ល៉េះ! គេយកគ្រាប់បែកគីមីមកទម្លាក់ជ្រុះទាំងស្លឹកឈើ ឥឡូវមនុស្សខ្លះមើលដូចឃ្លង់ទៅហើយ ក្មេងៗកើតឡើងក្បាលធំ ភ្នែកលៀន សរីរាង្គមើលលែងចង់ឃើញ គេថាឧស្ម័នបង្ហូរទឹកភ្នែក។ វាគឺជារឿងដែលឈឺចាប់បំផុត នៅពេលដែលអាម៉េរិកយកកាំភ្លើង ឬគ្រាប់បែកមកទម្លាក់លើកម្ពុជាហើយ បែរជានិយាយថាជាការយកផ្កាមកឱ្យកម្ពុជាទៅវិញ…”។

ក្នុងឱកាសនោះ សម្តេច ហ៊ុន សែន ក៏លើកឡើងដែរថានឹងយកបញ្ហាអាវុធគីមីនេះទៅកាន់អង្គការសហប្រជាជាតិ។ ទោះបីជាតួលេខមិនទាន់ពេញលេញ តែគ្រាប់បែកទាំងនេះបានទម្លាក់ដោយសហរដ្ឋអាម៉េរិក។ កម្ពុជាកំពុងស្វែងរកវិធី និងលទ្ធភាពដើម្បីលើកបញ្ហាគ្រាប់បែកគីមី នៅខេត្តស្វាយរៀង ទៅអង្គការសហប្រជាជាតិជួយដោះស្រាយ ដើម្បីឱ្យប្រជាជននៅតំបន់នៃខេត្តស្វាយរៀងស្ងប់ចិត្ត និងរស់នៅដោយគ្មានភ័យខ្លាចសារធាតុគីមីតទៅទៀត។

លោកហង់រី ឃីសស៊ិនជើរ រដ្ឋមន្រ្តីការបរទេសអាម៉េរិក សរសេរក្នុងសៀវភៅរបស់លោកថា គ្មានប្រទេសណារងគ្រោះដោយការបំផ្លាញនៃការទម្លាក់គ្រាប់បែករបស់អាម៉េរិកដូចនៅកម្ពុជាទេ។ លោកក៏បន្ថែមនៅចុងបញ្ចប់នៃសៀវភៅរបស់លោកថា មូលហេតុដែលសហរដ្ឋអាម៉េរិកដកកងទ័ព ឬកាត់ផ្តាច់ជំនួយកងទ័ពពីកម្ពុជា គឺដោយសារជម្លោះផ្ទៃក្នុងរវាងក្រសួងការពារជាតិ អាម៉េរិក និងសមាជិកសភា។

ទោះជាយ៉ាងនេះក្តី អាម៉េរិកពុំទទួលស្គាល់ថាបានទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជាទេ។ លើកឡើងពីបញ្ហាទម្លាក់គ្រាប់បែក និងបដិសេធនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជយលាភីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ សម្តេច ហ៊ុន សែន ថ្លែងស្តីបន្ទោសធ្ងន់ៗ ចំពោះប្រទេសមហាអំណាចសហរដ្ឋអាម៉េរិក ដែលទម្លាប់គ្រាប់បែកសម្លាប់ប្រជាជនខ្មែររាប់សែននាក់ ហើយគ្រាប់បែកទាំងនោះនៅតែបន្តគំរាមកំហែងដល់អាយុជីវិត ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ដោយមិនទាន់ដោះស្រាយ ប៉ុន្តែអាម៉េរិកនៅតែព្យាយាមលូកដៃចូលក្នុងបញ្ហាផ្ទៃក្នុងកម្ពុជាថែមទៀត។

សម្តេច ហ៊ុន សែន ចោទជាសំណួរថា៖ “ ពេលដែលអ្នកឯងទម្លាក់គ្រាប់បែកលើប្រទេសខ្ញុំ សម្លាប់ប្រជាជនខ្ញុំ អ្នកឯងបានគិតដល់សិទ្ធិមនុស្សទេ? មកដល់ពេលនេះ អ្នកឯងមានថ្លែងការណ៍ជាសាធារណៈថា មានការសោកស្តាយដែលបានទម្លាក់គ្រាប់បែកនៅកម្ពុជា ឬបានគាំទ្ររបប លន់ នល់ ទម្លាក់ សម្តេចព្រះនរោត្តម សីហនុ ហើយបន្តទៅគាំទ្រលន់ នល់ ឱ្យបំផ្លាញប្រទេសកម្ពុជា និងនាំគ្រាប់បែកមកដាក់នៅលើទឹកដីកម្ពុជា បន្ទាប់ទៅអ្នកឯងគាំទ្រ ប៉ុល ពត នៅអង្គការសហ-ប្រជាជាតិ អ្នកឯងបានគិតពីសិទ្ធិទេ?…”។

អាម៉េរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យឯកភាពដោយប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហថា អាម៉េរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីដែរ ក្រោមលេសថាតាមកម្ទេចពួកយៀកកុងឈ្លានពាន ទើបបណ្តាលឱ្យពលរដ្ឋខែ្មរជាង ៥០០ ០០០នាក់ សម្លាប់ដោយផ្ទាល់ និងកម្ទេចភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង។

របាយការណ៍ស៊ីម៉ាក់ ប្រចាំឆ្នាំ២០១៧ បានឱ្យដឹងថាចាប់ឆ្នាំ១៩៦៣ដល់១៩៧៥ អាម៉េរិកទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា មានគ្រាប់បែកចង្កោម និងគ្រាប់បែកគីមីសរុបជាង១១ម៉ឺនទីតាំង ហោះហើរទម្លាក់គ្រាប់បែកជិត២៥ម៉ឺនជើង និងសម្លាប់ប្រជាជនខែ្មរជាងកន្លះលាននាក់។ ថ្លែងចេញពីខេត្តរតនគីរី កាលពីដើមខែមករា ឆ្នាំ២០១៧ នៅក្នុងកម្មវិធីចូលរួមចុះពិនិត្យលើការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ស្ថិតក្នុងភូមិ៣ (វាលឆ្កែហត់) ឃុំត្រពាំងក្រហម ស្រុកកូនមុំ ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា លោក William A. Heidt ទទួលស្គាល់ជាប្រវត្តិសាស្ត្រ ដែលសហរដ្ឋអាម៉េរិក បានទម្លាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់មកលើប្រទេសកម្ពុជា កាលពីសម័យសង្គ្រាម។

សម័យសង្រ្គាមនៅកម្ពុជា ក្រៅពីធ្វើឱ្យរងរបួសទាំងផ្លូវកាយ ផ្លូវចិត្តដ៏ឈឺចាប់ និងសម្លាប់ ប្រជាជនរាប់សែននាក់ សហរដ្ឋអាម៉េរិកនៅទាមទារបំណុលដែលរដ្ឋការលោក លន់ នល់ បានខ្ចីឬជំពាក់ ដោយឱ្យរដ្ឋាភិបាលថ្មី គឺព្រះរាជាណាចក្រកម្ពុជាទី២ នៃសម្តេច ហ៊ុន សែន ជាអ្នកសងដែរ។ ឆ្លើយតបចំពោះការទាមទារសំណង ឬបំណុលរបស់សហរដ្ឋអាម៉េរិក អតីតអ្នកកាសែតអាម៉េរិក ដែលចូលមកកម្ពុជាទសវត្សរ៍១៩៧០ អ្នកស្រី អេលីហ្សាប៊ែត ប៊ែគឃ័រ (Elizabeth Becker) បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មានអន្តរជាតិ អាល់ហ្សាហ្សេរ៉ា (Al Jazeera) ដែលដកស្រង់យកមកចុះផ្សាយដោយវិទ្យុសំឡេងសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ថាការណ៍ដែលអាម៉េរិកទាមទារឱ្យកម្ពុជា សងបំណុលដែលជំពាក់តាំងពីសម័យរបបលោក លន់ នល់ គឺជារឿងអសីលធម៌ ព្រោះការអន្តរាគមន៍យោធារបស់អាម៉េរិកក្នុងប្រទេសកម្ពុជា គឺជារឿងរ៉ាវដ៏ប្រទាញប្រទង់បំផុតដែលកើតមានឡើងកាលពីយុគសម័យនោះ។ សហរដ្ឋអាម៉េរិក បានអូសទាញកម្ពុជាឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាមវៀតណាម ក្រោយពីរំពឹងថាខ្លួនអាចយកឈ្នះតាមរយៈការពង្រីកសង្គ្រាមនេះ។ បញ្ហាចាក់ស្រែះទាំងឡាយបច្ចុប្បន្ននេះ គឺជាកេរដំណែលរបស់របបខ្មែរក្រហម ដែលជារឿងរ៉ាវ សោកនាដកម្មដ៏អាក្រក់បំផុតមួយ។ បន្ទរពីលើសំឡេងអ្នកស្រី អេលីហ្សាប៊ែត ប៊ែគឃ័រ អតីតឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា លោក តូនី ខេវិន (Tony Kevin) បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មានអូស្ត្រាលី អេ.ប៊ី.ស៊ី (ABC) ថាការណ៍ដែលសហរដ្ឋអាម៉េរិកប៉ុនប៉ងស្នើឱ្យកម្ពុជាសងបំណុល គឺជាការឆ្គាំឆ្គងផ្នែកនយោបាយការបរទេស ព្រោះគឺជារឿងមួយដែលមិនសមស្របទាល់តែសោះចំពោះការដែលសហរដ្ឋអាម៉េរិក ស្នើឱ្យកម្ពុជាសងបំណុលណាមួយក្នុងអំឡុងពេលនេះ ហើយថាវាមិនមែនជារឿងឆ្លាតវៃនោះទេសម្រាប់នយោបាយការបរទេស អាម៉េរិក ដោយសារតែកម្ពុជាកំពុងតែបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសចិន នៅប៉ុន្មានឆ្នាំចុងក្រោយ។ សកម្មភាពរបស់អាម៉េរិកក្នុងទសវត្សរ៍១៩៧០ បានបង្កនូវវិនាសកម្មយ៉ាងខ្លាំងក្លាដល់កម្ពុជា ដែលការណ៍នេះត្រូវដឹងឮក្នុងចំណោមមជ្ឈដ្ឋានអ្នកធ្វើគោលនយោបាយការបរទេសថា បានចូលរួមចំណែកក្នុងការបង្កើតឱ្យមានឡើងនូវរបបខ្មែរក្រហម។

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ លោកបណ្ឌិត Henry C. Theriault ជាជនជាតិអាម៉េរិក និងជាប្រធានអង្គសន្និសីទអន្តរជាតិ នៃអ្នកស្រាវជ្រាវជាន់ខ្ពស់ពីអំពើប្រល័យពូជសាសន៍ ធ្វើសន្និសីទមួយ និងបានសម្តែងភាពខ្មាសអៀន និងសូមអភ័យទោសពីពលរដ្ឋខ្មែរ ចំពោះការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាម៉េរិកមកលើប្រទេសកម្ពុជា ចាប់ពីឆ្នាំ១៩៦៩ ដល់ដើមទសវត្សរ៍១៩៧០ ដោយលោកអះអាងថា គ្រាប់បែកជាង២លានតោនទម្លាក់លើកម្ពុជា ច្រើនជាងជប៉ុន ២ដង កាលសង្រ្គាមលោកលើកទី២។ លោកនិយាយនៅចំពោះមុខអ្នកសារព័ត៌មានជាច្រើននាក់ថា សហរដ្ឋអាម៉េរិកបានទម្លាក់គ្រាប់បែកចំនួន២,៧លានតោនមកលើប្រទេសកម្ពុជា លើសពីចំនួនគ្រាប់បែកដែលបានទម្លាក់នៅជប៉ុនក្នុងអំឡុងសង្គ្រាមលោកលើកទី២ ដែលគិតទាំងនៅ ហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី គឺជិតមួយលានតោនប៉ុណ្ណោះ។ ក្នុងអំឡុងពេលបួន ឆ្នាំ១៩៦៩ ដល់ ឆ្នាំ១៩៧៣ ប្រជាពលរដ្ឋខ្មែរប្រហែល៣០% ទូទាំងប្រទេសត្រូវផ្លាស់ទីលំនៅ ដើម្បីគេចចេញពីវិនាសកម្មទម្លាក់គ្រាប់បែករបស់អាម៉េរិក។ ទោះបីលោកអះអាងថា ការលើកឡើងរបស់លោកមិនតំណាងឱ្យរដ្ឋាភិបាលអាម៉េរិក តែលោកបាន និយាយថា សូមអភ័យទោសចំពោះពលរដ្ឋខ្មែរនូវរឿងពីអតីតកាល។

បន្ថែមពីលើសេចក្តីថ្លែងការណ៍របស់ Henry C. Theriault លោកបណ្ឌិត Kenneth Dunn ប្រធានសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញថ្លែងថា កាលពី៤០ឆ្នាំមុន ប្រទេសកម្ពុជាជាកន្លែងដែលបំផ្លិចបំផ្លាញស្ទើរគ្មានសល់ តែថ្ងៃនេះយើងស្វាគមន៍អ្នកក្នុងនាមជាប្រទេសកម្ពុជាថ្មី ដែលក្លាយជាគំរូមួយអំពីរបៀបដែលប្រទេសមួយនេះ អាចកសាងពីគំនរផេះផង់កាលពីអតីតកាលដ៏សោកសៅ ដើម្បីអនាគតថ្មីប្រកបដោយសុទិដ្ឋិនិយម។

ករណីទម្លាក់គ្រាប់បែកដ៏រសើប ដែលអាម៉េរិកបានធ្វើមកលើកម្ពុជា ក៏ត្រូវលោក នួន ជា ជនជាប់ចោទនៃសាលាក្តីខ្មែរក្រហមចោទសួរទៅអ្នកជំនាញអាម៉េរិក កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ដែរ គឺលោកស្រី Elizabeth Becker ជុំវិញការទទួលខុសត្រូវនៃព្រឹត្តិការណ៍ទម្លាក់គ្រាប់បែករបស់អាម៉េរិកមកលើកម្ពុជា ក្នុងចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៣។ ក្នុងបន្ទប់សវនាការដែលមានវត្តមានលោក ខៀវ សំផន ផងដែរនោះ លោក នួន ជា សួរថា៖

“ រដ្ឋាភិបាលអាម៉េរិក បានមកជ្រៀតជ្រែក និងឈ្លានពានកម្ពុជា ពិសេសពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៣ បានទម្លាក់គ្រាប់បែក២០០ថ្ងៃ ២០០យប់ គិតសរុបទាំងអស់ប្រហែល៣លានតោន ហើយដែលបានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់ និងកម្ទេចភូមិករ វត្តអារ៉ាមអស់ជាច្រើន។ តើលោកស្រីអ្នកជំនាញដឹងពីមូលហេតុអ្វីទេ? សំណួរទី២ ក្នុងរឿងនេះ តើអ្នកជំនាញគិតថា រដ្ឋាភិបាលអាម៉េរិកត្រូវទទួលខុសត្រូវលើសោកនាដកម្ម ដែលខ្លួនសាបព្រោះមកលើប្រជាជនកម្ពុជាដែរទេ? ឬអាងតែខ្លួនមានអំណាចដើរឈ្លានពាន រំលោភប្រទេសតូចតាចតាមអំពើចិត្ត? ” ។ ឆ្លើយតបនឹងសំណួររបស់លោក នួន ជា លោកស្រី Elizabeth Becker បានអះអាងតាម រយៈអ្នកបកប្រែថា ហេតុផលដែលរដ្ឋាភិបាលអាម៉េរិកទម្លាក់គ្រាប់បែកនៅពេលនោះ ព្រោះអាម៉េរិកគាំទ្រដល់របបសាធារណរដ្ឋខ្មែរ ដើម្បីកុំឱ្យរបបនេះដួលរលំ។ អ្នកកស្រី Elizabeth Becker អះអាងថា ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ សហរដ្ឋអាម៉េរិកបានគាំទ្រដល់របបសាធារណរដ្ឋខ្មែរ។ការទម្លាក់គ្រាប់បែកនោះ គឺជាការទម្លាក់ពីលើយន្តហោះ ហើយអ្នកស្រីលើកឡើងពីយុទ្ធនាការក្នុងឆ្នាំ១៩៧៣។ ទាំងអស់នោះ កើតចេញពីលទ្ធផលនៃការភ័យខ្លាចដែលថា របបសាធារណរដ្ឋខ្មែរនឹងចាញ់នៅពេលនោះ។ ចំណុចទី២ ដោយសារមានការជឿជាក់ពីរដ្ឋបាលលោក រីឆាត និកសុន ថាប្រសិនបើមានការទម្លាក់គ្រាប់បែកខ្មែរក្រហមនឹងចូលតុចរចា ដែលនៅពេលនោះកិច្ចព្រមព្រៀង ទីក្រុងប៉ារីស បានចុះហត្ថលេខាជាមួយវៀតណាមខាងជើង ហើយនយោបាយអាម៉េរិក ដើម្បីឱ្យមានការដកទ័ព ទើបនៅខែសីហា ឆ្នាំ១៩៧៣ អាម៉េរិកសម្រេចឈប់ទម្លាក់គ្រាប់បែកមកលើកម្ពុជា។ ជុំវិញការទទួលខុសត្រូវនៃការទម្លាក់គ្រាប់បែក សហរដ្ឋអាម៉េរិកត្រូវតែមានការទទួលខុសត្រូវ ហើយរឿងនេះជាព្រឹត្តិការណ៍ដែលអាម៉េរិកមិនទាន់បំភ្លេចចោលទេ។ វាជាការទទួលខុសត្រូវចំពោះសោកនាដកម្មទៅលើការបំផ្លាញមនុស្សជាតិ និងសម្ភារៈច្រើនទៀត។ ជាការពិតត្រូវតែទទួលខុសត្រូវ។ ជាបញ្ហាចោទដែលគេកំពុងសាកសួរដេញដោលនៅចំពោះមុខ ហើយថា តើអាម៉េរិកអាងតែមានអំណាចដើរតែជ្រៀតជ្រែកប្រទេសតូចតាចដែរទេ? តាមច្បាប់អន្តរជាតិ គេមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកលើប្រទេសតូចតាចឡើយ។

មរតកនៃការទម្លាក់គ្រាប់បែកដ៏អាស្រូវនេះ សម្តេច ហ៊ុន សែន ក៏អំពាវនាវ និងស្នើឱ្យ សហរដ្ឋអាម៉េរិកពិចារណាម្តងហើយម្តងទៀត លុបចោលបំណុលដែលកម្ពុជាជំពាក់ក្នុងសម័យ សង្រ្គាម។ ប៉ុន្តែសំណើនេះមិនត្រូវអាម៉េរិកពិចារណាឡើយ។ អាម៉េរិកនៅតែព្រងើយកន្តើយក្នុងការឆ្លើយតប ទោះបីនៅក្នុងពិធីបើកអង្គសន្និសីទអន្តរជាតិ នៅក្រុងភ្នំពេញ កាលពីល្ងាចថ្ងៃអាទិត្យទី១៤ ខែកក្កដា ឆ្នាំ២០១៩ ដែលមានអ្នកស្រាវជ្រាវជាន់ខ្ពស់ជិត៥០០នាក់ មកពីទូទាំងពិភពលោកបានចូលរួមនោះ លោកបណ្ឌិត Henry ក្រៅពីសូមអភ័យទោសពលរដ្ឋខ្មែររឿងអតីតកាល ក៏ចាប់អារម្មណ៍ដែរពីទុក្ខលំបាក និងសោកនាដកម្មនានា ដែលកើតចេញពីរបបប្រល័យពូជសាសន៍។ បណ្ឌិត Henry C. Theriault ប្រធានអង្គសន្និសីទអន្តរជាតិ នៃអ្នកស្រាវជ្រាវជាន់ខ្ពស់ពីអំពើប្រល័យពូជសាសន៍ ក៏បានសម្តែង “ភាពខ្មាសអៀន និងសូមអភ័យទោសពីពលរដ្ឋខ្មែរ ចំពោះការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាម៉េរិកមកលើប្រទេសកម្ពុជាដែរ”។

ក្នុងបទសម្ភាសមួយជាមួយសារព័ត៌មានល្បីរបស់រុស្ស៊ី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ លោក Robert Freeman អ្នកនិពន្ធសៀវភៅ “Vietnam: The Best One-Hour History”លើកឡើងថា ពុំមានមន្ទិលសង្ស័យឡើយថា ជាប្រវត្តិសាស្រ្តសហរដ្ឋអាម៉េរិក បានបង្កការបំផ្លិចបំផ្លាញក្នុងទ្រង់ទ្រាយដ៏សែនធំមហិមាចំពោះសង្គមកម្ពុជា ហើយដូចដែលអ្នកលើកឡើង ពួកគេបានទម្លាក់គ្រាប់បែកចំនួន ៥០០ ០០០តោន ទៅលើប្រទេសកម្ពុជា ជាហេតុបណ្តាលឱ្យមនុស្សប្រហែលជាពីរលាននាក់បាត់បង់ជីវិត។ នៅពេលពិធីការិនីព័ត៌មានអ្នកនាង Ashlee Banks លើកជាសំណួរថា តើអ្នកយល់ថាសហរដ្ឋអាម៉េរិក ជាអ្នកទទួលខុសត្រូវមួយផ្នែកដែរឬទេ ចំពោះការកើតមានឡើងនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានសម្លាប់ជីវិតប្រជាជនស្លូតត្រង់ជាងពីរលាននាក់ នៅជំរំពលកម្មដែលគេស្គាល់ថាជាវាលពិឃាដនោះ? លោក Robert Freeman អះអាងថា របបខ្មែរក្រហមប្រហែលជាពុំអាចកើតមានឡើងទេ បើសិនមិនមែនដោយសារតែសហរដ្ឋអាម៉េរិក។ នៅមុនការទម្លាក់គ្រាប់បែក ពួកខ្មែរក្រហមគ្រាន់តែជាក្រុមកុម្មុយនីស្តមួយចង្កោមតូចប៉ុណ្ណោះ តែពួកគេប្រើប្រាស់ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាម៉េរិក ធ្វើជាឈ្នាន់ដើម្បីកែនសមាជិកបន្ថែមយ៉ាងច្រើនសន្ធឹកសន្ធាប់។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង១ម៉ឺននាក់ មកពីរោងចក្រកាត់ដេរ ចំនួន១០ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ សម្តេច ហ៊ុន សែន ដែលខ្វល់ខ្វាយ និងព្រួយបារម្ភពីសុខទុក្ខប្រជាជនខ្មែរ មាន ប្រសាសន៍បញ្ជាក់បន្ថែមថា៖

“… សហរដ្ឋអាម៉េរិកមិនខ្វល់អំពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាទេ។ នៅពេលរដ្ឋាភិបាលនៃប្រទេសមហាអំណាចមួយនេះ ទម្លាក់គ្រាប់បែកដែលមានទាំងគ្រាប់បែកគីមីផងមកលើប្រទេសកម្ពុជា ហើយធ្វើឱ្យពលរដ្ឋខ្លះជួបប្រទះបញ្ហាសុខភាពជាច្រើនជំនាន់ និងខ្លះទៀតត្រូវរងទុក្ខវេទនាខ្លោចផ្សានោះ តើបានគិតដល់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែរឬទេ? ខណៈប្រជាពលរដ្ឋនៅក្នុងសហគមន៍ នៅទីកន្លែងដែលមានគ្រាប់បែកគីមីខ្លះ កើតកូនមកភ្នែកលាន ក្បាលធំ?…” ។

បញ្ហាបំណុលដ៏ចម្រូងចម្រាសដែលគេអាចហៅបានថា “ឈាមនិងបំណុល ឬបំណុលឈាម”នេះ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងជំនួបជាមួយនឹងប្រធានាធិបតីថ្មី សហរដ្ឋអាមេរិក ដូណាល់ត្រាំ នៅប្រទេសហ្វីលីពីន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅក្រុងម៉ានីល សម្តេចហ៊ុន សែន ថ្លែងដោយផ្ទាល់ ថាឱ្យពិចារណាបង្វែរបំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាម៉េរិក ក្នុងសម័យសង្រ្គាមនាទសវត្សរ៍១៩៧០ មកជាជំនួយដើម្បីអភិវឌ្ឍន៍កម្ពុជាជំនួសវិញ។ សម្តេចក៏ប្រាប់ប្រធានាធិបតីរូបនេះដែរថា សម្តេចមិនដឹងថាលោកសេនាប្រមុខ លន់ នល់ យកលុយទាំងនោះទៅធ្វើអ្វី ហើយគេទិញអាវុធមកធ្វើសង្រ្គាមនៅកម្ពុជា ក្នុងពេលដែលសម្តេចនៅក្មេងៗនៅឡើយ។ សម្តេចបញ្ជាក់ប្រាប់លោកប្រធានាធិបតីសហរដ្ឋអាម៉េរិកថា បញ្ហាបំណុលដែលកម្ពុជាមានជាមួយសហរដ្ឋអាម៉េរិក គឺជាបញ្ហាមួយដែលសម្តេចធ្លាប់លើកឡើងជាមួយប្រធានាធិបតី បារ៉ាក់ អូប៉ាម៉ា។

“រឿងនេះនៅត្រង់ថា កម្ពុជាត្រូវទម្លាក់ដោយរដ្ឋប្រហារមួយដែលគាំទ្រដោយ សហរដ្ឋអាម៉េរិក ហើយក្លាយទៅជាប្រទេសជំពាក់បំណុលសហរដ្ឋអាម៉េរិក ហើយបំណុលនោះទៀតសោត គឺយើងខ្ញុំ (សម្តេច និងប្រជាជនខ្មែរ) ជាអ្នកទទួលមរតក ដូច្នេះយើងខ្ញុំត្រូវមានភារកិច្ចសង។ យើងខ្ញុំស្នើសុំថា យើងខ្ញុំសង ប៉ុន្តែសុំស្នើអាម៉េរិកបង្វែរបំណុលនេះមកជួយដល់កម្ពុជាវិញ។ ចំណុចនេះ គឺជាចំណុចដែលយើងខ្ញុំស្នើសុំឯកឧត្តមធ្វើការពិចារណា ពីព្រោះថា ដូចជាការយកញញួរមកវ៉ៃយើងខ្ញុំហើយ ឱ្យយើងខ្ញុំសងថ្លៃញញួរហ្នឹងទៅទៀត ព្រោះជំនួយនេះ មិនដឹងថាគេយកមកធ្វើអ្វី ហើយគេទិញអាវុធមកធ្វើសង្រ្គាមនៅកម្ពុជាក្នុងពេលយើងខ្ញុំនៅក្មេងៗនៅឡើយ។ ប៉ុន្តែមរតករដ្ឋ យ៉ាងណា ក៏យើងខ្ញុំត្រូវតែមានការគោរព…” ៕ ដោយ៖ គង់ សិរីរ័ត្ន, សម្រួលផ្សាយ៖ កន ចំណាន

អត្ថបទទាក់ទង