Grand News Asia Close

សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ២៥ « ព្រឹត្តិការណ៍ ថ្ងៃ៥-៦ កក្កដា ១៩៩៧ »

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣ ឯកសារ 553
សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ២៥ « ព្រឹត្តិការណ៍ ថ្ងៃ៥-៦ កក្កដា ១៩៩៧ » សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ២៥ « ព្រឹត្តិការណ៍ ថ្ងៃ៥-៦ កក្កដា ១៩៩៧ »

សៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នកដែលចូលចិត្តកិច្ចការស្រាវជ្រាវ និងចងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បីចងក្រងប្រវត្តិសាស្រ្តរបស់យើង ព្រោះតាំងពីច្រើនសម័យកាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការចងក្រងឯកសារ នៃប្រទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។ ជនបរទេស មិនមែនទន់ខ្សោយនោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អាចនឹងមានការលើសលស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រសិនបើជាតិសាសន៍យើងជាអ្នករៀបរៀងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និងឧត្តមគតិជាតិពិតប្រាកដរបស់ខ្លួនដែរ។

ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។

វគ្គ២៥ « ព្រឹត្តិការណ៍ ថ្ងៃ៥-៦ កក្កដា ១៩៩៧ »

រដូវវស្សាបានចូលមកដល់ជាង២ខែមកហើយនៅឆ្នាំ១៩៩៧ ប៉ុន្តែទឹកភ្លៀងក៏មិនបានបង្អុរច្រើនគួរជាទីពេញចិត្តចំពោះកសិករខ្មែរដែរ។ ប្រជាកសិករនៅតាមតំបន់មួយចំនួនចាប់ផ្តើមភ្ជួររាស់ សាបព្រោះ ដក ស្ទូង និងតំបន់ខ្លះទៀតក៏បានរួចរាល់។ នៅរាជធានីភ្នំពេញ ឆ្នាំ១៩៩៧ ស្ថានភាពផ្លូវ៩០% គឺនៅមានការខូចខាតនៅឡើយ។ ផ្លូវភាគច្រើនសូម្បីមហាវិថីព្រះនរោត្តម ក៏មានជង្ហុកជាសម្បុកមាន់ ឬហៅថារន្ធបាយខុំដែរ។ ដើមខែកក្កដា ឆ្នាំ១៩៩៧ ស្ថានភាពនយោបាយនៅកម្ពុជា មិនទាន់ធូរស្រាលនៅឡើយទេ បន្ទាប់ពីមានការប្រយុទ្ធគ្នានៅព្រែកតាទែន និងនៅផ្ទះលោកឧត្តមសេនីយ៍ ហុក ឡង់ឌី និងដំណាក់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ កាលពីខែមិថុនា រវាងកងកម្លាំងគណបក្សប្រជាជន និងគណបក្សហ៊្វុនស៊ិនប៉ិច។

ក្នុងនាមជានាយក-រដ្ឋមន្រ្តីទី២ សម្តេច ហ៊ុន សែន បានដាក់ច្បាប់វិស្សមកាល គឺសម្រាកលំហែកាយនៅប្រទេស វៀតណាមជាមួយក្រុមគ្រួសារ។ ភារកិច្ចទទួលខុសត្រូវ គឺសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដែលជានាយករដ្ឋមន្រ្តី១ រហូតដល់ថ្ងៃទី៤កក្កដា ទើបត្រឡប់មកវិញ។ ប៉ុន្តែសម្តេចក្រុមព្រះដែលតាមការស្នើសុំរបស់មេទ័ពព្រះអង្គ ព្រះអង្គបានចាកចេញពីកម្ពុជា ទៅកាន់ប្រទេសបារាំងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៩៩៧ ដែរ ធ្វើឱ្យនៅអំឡុងពេលនោះ នៅកម្ពុជាពុំមាននាយករដ្ឋមន្រ្តីគ្រប់គ្រងទេ។ ចំណែកព្រះមហាក្សត្រ ព្រះបាទនរោត្តមសីហនុ ព្រះអង្គកំពុងគង់ប្រថាប់នៅក្រុងប៉េកាំង។ អាកាសធាតុព្រឹកនោះ ផ្ទៃមេឃមិនសូវស្រឡះល្អប៉ុន្មានទេ ដោយសារមានពពកអ័ព្ទច្រើន ធ្វើឱ្យស្រទំតាំងពីព្រលឹម។ តែសំណល់ទឹកសន្សើមនៅដក់ជាប់នឹងស្លឹកឈើនៅឡើយ។ ម៉ោង៩ព្រឹកសំឡេងផ្ទុះបានលាន់ឮកាន់តែខ្លាំង ស្មើនឹងសំឡេងបាក់ភ្នំរលំមេឃនៅឯនាយ។ ដោយសារព្រឹកនោះផ្ទៃមេឃមានពពកច្រើន ប្រជាជនមួយចំនួននៅជាយរាជធានី មិនបានចាប់អារម្មណ៍ទេ ដោយគិតថានោះជាសំឡេងផ្គរ។ ប្រមាណ១៥នាទី ២០នាទី និង៣០នាទី ក្រោយមកសម្ទុះនៃការលាន់ឮកាន់តែរន្ថើនឡើងៗ ហើយមនុស្សម្នាតាមដងផ្លូវចាប់ផ្តើមប្រញាយឆ្វាត់ឆ្វែង ឈូឆរចុះឡើង ដើម្បីត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេ។ ប្រេងសាំងចាប់ផ្តើមឡើងថ្លៃ។ ម៉ោងប្រមាណ១១ព្រឹក សន្ធឹកមនុស្សចាកចេញពីរាជធានីទៅតាមបណ្តាខេត្តកាន់តែមានចំនួនច្រើនទៅៗ ហើយពីកំពង់ដ ក្តីតាកុយ ពីកំពង់ដ វត្តមុនីសាគរ, កំពង់ដ ផ្លូវត្រី ក្តារបន្ទះ គេអាចមើលឃើញពីកម្សួលផ្សែងខ្មៅខ្មួលខ្មាញ់កំពុងហុយហោះឡើងទៅលើអាកាស។អ្នកដំណើរខ្លះដែលប្រញាយគ្នាឡើងទូក បាននិយាយទាំងហត់ដង្ហក់ថា ឆេះស្ថានីយចាក់ប្រេង ខ្លះថាឆេះរោងចក្រកាត់ដេរ។ សំឡេងអាវុធធុនធ្ងន់ នៅតែអាចបន្លឺឮទៅដល់ទីឆ្ងាយ។ នៅតាមច្រកចេញចូលនានាពីទីរួមខេត្តមក រាជធានី មានក្រុមជីវពល ដែលមានបំពាក់អាវុធមិនទំនើប ដោយច្រកខ្លះប្រើជាតីក្រហម ខ្លះជាតីខៀវ ខ្លះជាតីពណ៌ត្រួយចេក បានចូលមកភ្នំពេញដោយរថយន្ត។ អ្នកទាំងនេះទំនងពុំមែនជាទាហានអាជីពទេ ប៉ុន្តែពួកគេត្រូវបានប្រមូលដោយភាពចាំបាច់ណាមួយដើម្បីទប់ទល់ស្ថានការណ៍អាក្រក់ដែលកំពុងកើតឡើង។កងកម្លាំងទាំងនេះ អ្នកខ្លះពុំមានឯកសណ្ឋានត្រឹមត្រូវ ដូចជាស្បែកជើងឬមួក។ ពេលរសៀល ស្នូរផ្ទុះអាវុធហាក់បានកាត់បន្ថយ និងស្ងប់នៅពេលយប់។ ក្នុងរាជធានីភ្នំពេញ ពុំមានការធ្វើចរាចរណ៍ ក្រៅពីការចល័តកងទ័ពទេនៅពេលយប់ និងជួនកាលគេអាចឃើញរថយន្តដែលបំពាក់ស្លាកសញ្ញា និងទង់ជាតិរបស់សហគមន៍អឺរ៉ុប និងអង្គការសហ-ប្រជាជាតិ បើកចល័តនៅតាមទីងងឹត ឬផ្លូវលំតូចៗដែរ ទំនងជាតាមឃ្លាំមើលសកម្មភាពរំលោភសិទ្ធិមនុស្សណាមួយដែលអាចកើតឡើងជាយថហេតុ។ តាមសណ្ឋាគារមួយចំនួនចាប់ពីម៉ោងប្រមាណ៩យប់ ក៏ចាប់បិទភ្លើង ងងឹតឈឹងដែរ។ យូរៗម្តង ពីនាយឆ្ងាយគេអាចឮសំឡេងផ្ទុះអាវុធ រប៉េះរប៉ោះកើតឡើងដែរ តែមិនញឹកញាប់។ ព្រឹកឡើងថ្ងៃទី៦កក្កដា ការប្រយុទ្ធចាប់ផ្តើមបន្តទៀត។ ស្ថានភាពកាន់តែជ្រួលច្របល់។ ការប្រយុទ្ធគ្នា ក៏កាន់តែមានទ្រង់ទ្រាយធំ។ មន្ទីរពេទ្យព្រះសង្ឃ ត្រូវបាញ់ឱ្យធ្លុះធ្លាយ ដោយអាវុធធុនធ្ងន់របស់កងកម្លាំងជ្រុលនិយមហ៊្វុនស៊ិនប៉ិច។ បង្គោលភ្លើងធំៗ នៅតាមដងផ្លូវសហព័ន្ធរុស្សី បានបាក់ដួលរលំ ដោយមានសាកសពទាហានមួយចំនួននៅក្បែរនេះដែរ។ រសៀលថ្ងៃទី៦កក្កដា ក្រុមកងរក្សាព្រះអង្គ (សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ) ដែលត្រូវហ៊ុមព័ទ្ធដោយកម្លាំងរាជរដ្ឋាភិបាល បាននាំគ្នារកវិធីចាកចេញពីបន្ទាយ។ ខ្លះបានព្យាយាមរត់ចូលផ្ទះដែលក្បែរនេះ ហើយសុំគេផ្លាស់ប្តូរសម្លៀកបំពាក់ជាជនស៊ីវិល ហើយដឹកដៃកូនៗម្ចាស់ផ្ទះចាកចេញ តាមទិសដែលពួកគេចង់ទៅ។ កាំភ្លើងយន្ត ដែលគេបានរៀបចំជាលេណដ្ឋាន នៅជាប់កែងផ្លូវសម្តេចប៉ាន នៃទីបញ្ជាការកងរក្សាព្រះអង្គ (បច្ចុប្បន្នជាទីបញ្ជាការកងរាជអាវុធហត្ថរាជធានី) ត្រៀមដើម្បីប្រយុទ្ធ បានទុកចោលពុំមានអ្នកនៅដើម្បីបាញ់តបត។ ការប្រយុទ្ធបានស្ងប់ស្ងាត់នៅពេលរសៀលថ្ងៃទី៦ ខែក្កដា ឆ្នាំ១៩៩៧។ នៅល្ងាចនោះសម្តេចហ៊ុន សែន ចេញសេចក្តីថ្លែងការណ៍ សោកស្តាយ និងថ្កោលទោសចំពោះអ្នកដែលបង្កឱ្យមានការផ្ទុះអាវុធ។ ព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៩៧ សភាពការណ៍មិនទាន់មានភាពធូរស្រាយនៅឡើយទេ ព្រោះប្រជាជននៅមិនទាន់ទុកចិត្តនៅឡើយ។ រសៀលថ្ងៃទី៧ មនុស្សម្នាចាប់ផ្តើមសម្រុកចូលមករាជធានីវិញបណ្តើរៗ។ មនុស្សបានសម្រុកចូលទៅតំបន់ឃ្លាំងរំសេវ ដែលជាឃ្លាំង ឬហាងលក់ ម៉ូតូមួយទឹកគ្រប់ប្រភេទ និងដណ្តើមយកម៉ូតូ ដោយនិយាយថាជាជយភណ្ឌ។ រថក្រោះជាច្រើនគ្រឿងបានរុលពីទិសខាងលិច មកដល់មុខទីស្តីការគណៈរដ្ឋមន្រ្តី និងត្រូវកងកម្លាំងគណបក្សប្រជាជនកម្ពុជាបាញ់ឱ្យឆេះនៅទីនេះមួយគ្រឿង។ នៅក្បែរមន្ទីរពេទ្យព្រះសង្ឃ ឬព្រះកុសុមៈ មានរថក្រោះពីរគ្រឿងបានឆេះដែរ។ រថក្រោះមួយគ្រឿងប៉ើងដំបូលគម្របខាងលើមកក្រៅ ដោយសារការផ្ទុះគ្រាប់ពីខាងក្នុង។ គេមិនអាចរកឃើញសាកសពអ្នកបើកបរ ឬអ្នកបញ្ជាបាញ់នៅក្នុងរថក្រោះទេ ព្រោះទំនងសពត្រូវបានបំបែកដោយអាវុធធុនធ្ងន់នេះ។ ពីផ្នែកខាងមុខរថក្រោះ ឃើញមានស្នាមបាញ់ទម្លុះដោយគ្រាប់អាំបារ៉ាស់ ដែលគេអះអាងថា លួចទិញចូលដោយ សម្តេចក្រុមព្រះ ដើម្បីបាញ់រថយន្តដែលផលិតនៅសហភាពសូវៀត។

តាមលោកឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ នៅរសៀលថ្ងៃទី៦កក្កដា កងរថក្រោះ និងថ្មើរជើងរបស់លោកបានរុលចូលទៅកាន់តំបន់ទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីទៅរំដោះមន្រ្តីជាន់ខ្ពស់ និងកងរក្សាព្រះអង្គមួយចំនួន ដូចជា គៀង វ៉ាង, លី ធុច ដែលកំពុង់ជាប់នៅទីនោះ ប៉ុន្តែត្រូវកម្លាំង រដ្ឋាភិបាល ឬកម្លាំងគណបក្សជាជនកម្ពុជា ទប់ស្កាត់បាន។ មន្រ្តីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច ម្នាក់បង្ហើបថា ការរុលមកកាន់គណៈរដ្ឋមន្រ្តីរបស់ក្រុមជ្រុលនិយម មិនមែនតែមានគោលដៅរំដោះអ្នកជាប់នៅទីបញ្ជាការកងរក្សាព្រះអង្គទេ តែក៏ដើម្បីចូលមកដណ្តើមស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ និងស្ថានីយប៉ុស្តិ៍អាយប៊ីស៊ី កងយោធពលខេមរភូមិន្ទដែរ។ ពួកគេមានបំណងចូលកាន់កាប់ ដើម្បីប្រកាសផ្សាយព័ត៌មានផ្សេងៗ ស្តីពីការប្រយុទ្ធ ដូចជាអាចនឹងចោទប្រកាន់ គណបក្សប្រជាជនកម្ពុជា ធ្វើរដ្ឋប្រហារ ឬថា ប្រមុខរាជរដ្ឋាភិបាលបានចុះចាញ់ជាដើម។ ព្រោះគេយល់ថា ប្រព័ន្ធឃោសនាជារឿងសំខាន់មួយដែរសម្រាប់សមរភូមិប្រយុទ្ធ ដូចកាលពីខ្មែរក្រហម ចូលភ្នំពេញ១៩៧៥ ខ្មែរក្រហមបានសំដៅទៅកាន់ស្ថានីយវិទ្យុជាតិ ដើម្បីប្រកាសផ្សព្វផ្សាយភ្លាម។

លោក ញ៉ឹក ប៊ុនឆៃ អះអាងថា ការបញ្ចប់ការប្រយុទ្ធរបស់ក្រុមលោកមិនមែនជាការចុះចាញ់ទេ តែដោយសារមានការចរចាបញ្ចប់ការផ្ទុះអាវុធ រវាងសម្តេច ជា ស៊ីម ជាមួយលោក ឡូយ ស៊ឹមឈាង ប្រធានរដ្ឋសភា មកពីគណបក្សហ្វ៊ុនស៊ិនប៉ិចសម័យនោះ។ លោក លឺ ឡាយស្រេង ក្រោយមកបានស្តីបន្ទោសក្រុមលោក ញ៉ឹក ប៊ុនឆៃ, សេរី កុសល ដែលគ្មានយុទ្ធសាស្រ្ត ឬត្រៀមលក្ខណៈឱ្យគ្រប់គ្រាន់ដើម្បីប្រយុទ្ធ គឺបន្ទាយគ្មានច្រកចេញ មានតែច្រកចូល អាវុធតិចតួច កម្លាំងទើបតែរើសចូលថ្មីមិនស្គាល់ពីរបៀបប្រើអាវុធ និងការរត់គេចខ្លួន។

ព្រឹត្តិការណ៍ថ្ងៃទី៥-៦កក្កដា ឆ្នាំ១៩៩៧ ត្រូវគេរិះគន់ថា ជាថ្ងៃអាក្រក់បំផុតចំពោះប្រជាជន និងប្រទេសកម្ពុជា ព្រោះដោយសារតែបង្កឱ្យជីវិតមនុស្សជាច្រើនស្លាប់និងរងរបួស និងធ្វើឱ្យកម្ពុជាត្រូវគេព្យួរអាសនៈនៅអង្គការសហប្រជាជាតិ ព្រមទាំងពន្យារការចូលជាសមាជិកអាស៊ានផងដែរ។

ថ្លែងប្រាប់លោក ឆាយ សុផល អតីតអ្នកសារព័ត៌មានរ៉យទ័រ បច្ចុប្បន្នជាអ្នកនិពន្ធសៀវភៅ ដ៏ល្បីមួយរូប និងជាអនុរដ្ឋលេខាអធិការក្រសួងព័ត៌មាន ដែលសួរនៅព្រឹកព្រលឹមថ្ងៃទី៥ ខែកក្កដាឆ្នាំ១៩៩៧ ថាតើទីតាំងរបស់លោកត្រូវរងការខូចខាតមែនទេ? លោកឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ បដិសេធថា គ្មានការខូចខាតអ្វីទេ បន្ទាប់មកក៏ផ្តាច់ទូរសព្ទ ។ ភ្លាមនោះដែរ លោក ញ៉ឹក ប៊ុនឆៃ ប្រាប់លោក ម៉ា យ៉ារិទ្ធ អតីតអ្នកសារព័ត៌មានរបស់វិទ្យុវីអូអេ សំឡេងសហរដ្ឋអាម៉េរិកថា គេកំពុងផ្លោងចូលទីតាំងរបស់លោក រួចលោកហើយក៏ផ្តាច់ទូរសព្ទ ។

ក្រៅពីនេះមានសារព័ត៌មានទាំងជាតិ និងអន្តរជាតិជាច្រើនបានវាយប្រហារថា ព្រឹត្តិការណ៍នោះ គឺជាអំពើរដ្ឋប្រហាររបស់គណបក្សប្រជាជនកម្ពុជា ដើម្បីដណ្តើមអំណាចពីសម្តេចក្រុម ព្រះនរោត្តមរណឫទ្ធិ។ ការលើកឡើងនេះ ច្រានចោលដោយគណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេច ហ៊ុន សែន។ ស្របគ្នាជាមួយនឹងការលើកឡើងរបស់គណបក្សប្រជាជនកម្ពុជា សារព័ត៌មានបរទេស ញូវយ៉ក ថែម (New York time) ជាសារព័ត៌មានដ៏ធំ និងល្បីល្បាញរបស់សហរដ្ឋអាម៉េរិក សរសេរថា ព្រឹត្តិការណ៍នៃថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ពុំមែនជារដ្ឋប្រហារអ្វីនោះទេ តែជាការផ្ទុះអាវុធរប៉េះរប៉ោះនៅតាមដងផ្លូវ ។

នៅអំឡុងពេលនោះ និងក្រោយមកទៀតបន្តិច គណបក្សហ្វ៊ុនស៊ិនប៉ិច និងអ្នករាជានិយមមួយចំនួននៅតែចោទប្រកាន់ថា ព្រឹត្តិការណ៍ថ្ងៃទី៥-៦កក្កដា ឆ្នាំ១៩៩៧ គឺជារដ្ឋប្រហាររបស់ គណបក្រជាជនកម្ពុជា ទោះបីមុនព្រឹត្តិការកើតឡើង មានការលើកឡើងអំពីបំណងចង់កម្ទេច គណបក្សប្រជាជនកម្ពុជា ពិសេសការប៉ងធ្វើឃាតសម្តេចហ៊ុន សែនក្តី ។ ភុន ភាព ដែលអះអាងថាជាមេបញ្ជាការ និងមានឋានៈជាវរសេនីយ៍ខ្មែរក្រហមមួយរូប បានធ្វើសន្និសីទសារព័ត៌មាននៅមុនព្រឹត្តិការណ៍កើតឡើងថា លោកគឺជាមេបញ្ជាការវ័យក្មេងមួយរូប ដែលស្និទ្ធ ប៉ុល ពត និងតាម៉ុក។ លោក និងកូនចៅលោកប្រមាណជាង២០០នាក់ ត្រូវគេនាំមកកាន់រាជធានីភ្នំពេញ ដើម្បីត្រៀមប្រយុទ្ធជាមួយនឹងគណបក្សប្រជាជន ជាពិសេសគឺកម្ទេចសម្តេច ហ៊ុន សែន។ នៅមុនព្រឹត្តិការណ៍ថ្ងៃ៥-៦កក្កដា គេឃើញ ភុន ភាព ដែលមានក្រវាត់អាវុធខ្លី និងមានសៀតអាយកូម(វិទ្យុទាក់ទង)លើស្មា ឈរស្រែកបញ្ជាឱ្យកូនទាហានរបស់ខ្លួន នៅទីបញ្ជាការកងរក្សាព្រះអង្គរបស់សម្តេចក្រុមព្រះ កែងស្តុបផ្លូវសម្តេចប៉ាន។ ភុន ភាព បានស្រែកបញ្ជាឱ្យកូនទាហានរបស់ខ្លួនបាញ់ប៉េអឹម ឬទាហានរាជរដ្ឋាភិបាលណាដែលនៅតែរំកិលខ្លួនពីមុខវិទ្យាល័យស៊ីសុវត្ថិ មកកាន់ទីបញ្ជាការកងរក្សាព្រះអង្គ ឬរាជដំណាក់សម្តេចក្រុមព្រះនរោត្តមរណឫទ្ធ។ ប៉ុន្តែក្រោយនោះប៉ុន្មានថ្ងៃ ភុន ភាព បានចូលសារភាព និងចុះចូលជាមួយរាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា ដោយអះអាងថា លោកមិនអាចរួមគំនិតក្បត់ជាមួយនឹងគណបក្សហ្វ៊ុនស៊ិនប៉ិច បាន ព្រោះឃើញថាសម្តេចហ៊ុន សែន ជាមេដឹកនាំល្អ ជានាយករដ្ឋមន្រ្តីដែលមានកសាងសមិទ្ធផលយ៉ាងច្រើននៅតាមភូមិឋាននានា។

ការលើកឡើងរបស់ ភុន ភាព ត្រូវបដិសេធជាញឹកញាប់ពីគណបក្សហ៊្វុនស៊ិនប៉ិច ប៉ុន្តែក្រោយមក លោក អ៊ឹង ហួត ដែលក្លាយពីរដ្ឋមន្រ្តីក្រសួងការបរទេស មកជានាយករដ្ឋមន្រ្តីទី១ ជំនួសសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ បានប្រាប់អ្នកសារព័ត៌មានបរទេសថា ព្រឹត្តិការណ៍ថ្ងៃទី៥-៦កក្កដា គឺជាការបង្រ្កាបក្រុមជ្រុលនិយម ដែលនាំកងទ័ពខ្មែរក្រហមមកដល់រាជធានីភ្នំពេញ ក្នុងនោះគេបានបង្កប់នៅទីស្នាក់ការកណ្តាលគណបក្សហ្វ៊ុនស៊ិនប៉ិច នៅគល់ស្ពានជ្រោយចង្វារ ជាប់ស្ថានទូតបារាំងប្រមាណជាង៤០០នាក់។ លោក អ៊ឹង ហួត ថាមានភស្តុតាងច្បាស់លាស់ដែលបញ្ជាក់ពីការនាំខ្មែរក្រហមចូលមករាជធានីភ្នំពេញ ក្នុងនោះមានលិខិតសុំទោសមួយរបស់លោកសេរី កុសល ដែលសរសេរសុំទោសស្ថានទូតបារាំង ចំពោះការយកទាហានខ្មែរក្រហម មកដាក់ ទីស្នាក់ការគណបក្ស នាំឱ្យមានការព្រួយបារម្ភដល់ស្ថានទូត។

នៅក្នុងសៀវភៅ “សំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់” លោក ញឹក ប៊ុនឆៃ អតីតឧត្តមសេនីយ៍មេទ័ពគណបក្សហ្វ៊ុនស៊ិនប៉ិច ដ៏ល្បីមួយរូប ដំបូងឡើយសរសេរថា ការផ្ទុះអាវុធកើតឡើងនៅពេលព្រឹកព្រលឹម ដោយសារការគាបសង្កត់ពីកម្លាំងគណបក្សប្រជាជនកម្ពុជា ក្នុងការដកអាវុធរបស់កម្លាំងហ៊្វុនស៊ិនប៉ិច ដែលឈរជើងនៅវត្តភ្នៀត ហើយសភាពការណ៍កាន់តែតានតឹងទៅៗ។ ប៉ុន្ដែក្រោយមកនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក ញឹក ប៊ុនឆៃ បែរជាប្រាប់អ្នកសារព័ត៌មានថា ព្រឹត្តិការណ៍ថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧ គឺកើតឡើងដោយសារតែការមិនទុកចិត្តគ្នា នៅក្នុងជួររាជរដ្ឋាភិបាលចម្រុះ អាណត្តិទី១ (១៩៩៣) ដែលរៀបចំការបោះឆ្នោតដោយអង្គការសហប្រជាជាតិ ដែលមានរូបមន្តនាយករដ្ឋមន្ត្រីទី១ នាយករដ្ឋមន្ត្រីទី២ គឺសម្ដេចក្រុមព្រះ និង សម្ដេចតេជោ សែន ។ លោកបានពន្យល់ទៀតថា ការមិនទុកចិត្តគ្នា មានកត្តាចំនួន ៥ ដូចជា៖

ទី១៖ នៅក្នុងថ្ងៃទី២១-២២ ខែមករា ឆ្នាំ១៩៩៦ នៅពេលដែលគណបក្សហ៊្វុនស៊ិនប៉ិច ធ្វើសិក្ខាសាលានៅក្រុងព្រះសីហនុ ដែលបានអញ្ជើញគណៈកម្មការនាយកគណបក្ស និយាយអំពីបញ្ហាផ្សេងៗជាច្រើន ក្នុងនោះមាននិយាយអំពីយុទ្ធសាស្ដ្រ អំពីការធ្វើឱ្យមានតុល្យភាពកម្លាំងរបស់ហ្វ៊ុនស៊ិនប៉ិច និងកម្លាំងរបស់គណបក្សប្រជាជនកម្ពុជា។កម្លាំងយោធារបស់គណបក្សប្រជាជនកម្ពុជា មានជាង១១ម៉ឺននាក់ រីឯកម្លាំងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច យកមកបញ្ចូលក្នុងកងយោធពលខេមរភូមិន្ទ មាន២ម៉ឺន១ពាន់នាក់។ សម្តេចក្រុមព្រះ ចង់ឱ្យមានតុល្យភាពកងកម្លាំងនេះ តែលោក ក្នុងនាមជានាយអគ្គសេនាធិការរងទី១ នៃកងយោធពលខេមរភូមិន្ទ និងជាអ្នកទទួលខុសត្រូវយោធាខាងគណបក្សហ៊្វុនស៊ិនប៉ិច មិនបានចូលរួមនៅក្នុងសិក្ខាសាលានោះទេ។ ក្រោយពីសិក្ខាសាលានោះចប់ ក្នុងពិធីជប់លៀងជាមួយគ្នា លោកបានលើកឡើងជំទាស់ អំពីការលើក យុទ្ធសាស្ដ្រស្វែងរកតុល្យភាពកម្លាំងទ័ពនេះ ព្រោះលោកគិតថា មិនអាចធ្វើទៅរួចទេ ២ម៉ឺនទល់នឹង១១ម៉ឺននាក់ នៃការធ្វើឱ្យមានតុល្យភាពកម្លាំងនោះ តែអាចធ្វើបាន គឺបញ្ចូលគ្នាក្នុងកងយោធពលខេមរភូមិន្ទ ជាកម្លាំងកងទ័ពជាតិតែមួយ ដែលមិនប្រកាន់បក្សនយោបាយ និងប្រកាន់ អព្យាក្រឹត្យ។

ទី២៖ ក្នុងសមាជគណបក្សហ៊្វុនស៊ិនប៉ិច នៅពីថ្ងៃទី២១-២២មីនា ឆ្នាំ១៩៩៦ ដែលមានវត្តមានសម្ដេច ហ៊ុន សែន អញ្ជើញចូលរួមដែរនោះ អង្គសមាជបានដំណើរការទៅដោយរលូន ប៉ុន្តែក្រោយមកមានអ្នករាយការណ៍ថ្វាយសម្ដេចក្រុមព្រះថា គណបក្សប្រជាជនកម្ពុជា មិនព្រមបែងចែកតួនាទីអភិបាល អភិបាលរងស្រុក ឱ្យគណបក្សហ៊្វុនស៊ិនប៉ិច ៥០%នោះទេ ដែលបញ្ហានេះ ធ្វើឱ្យគណបក្សហ៊្វុនស៊ិនប៉ិច ប្រកាសដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ។ តាមការពិត តំណែងអភិបាល និងអភិបាលរងស្រុក មានការព្រមព្រៀងគ្នាជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយនឹងលោក យូ ហុកគ្រី និងមានការចុះហត្ថលេខាជាមួយគ្នាទៀត។ ក្រោយមក មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លើកឡើងថា គណបក្សហ៊្វុនស៊ិនប៉ិច មិនបានប្រគល់ឈ្មោះ ឬបញ្ជីឈ្មោះចំពោះការតែងតាំងជាអភិបាល ឬអភិបាលរងស្រុក ដល់គណបក្សប្រជាជនកម្ពុជា ដើម្បីបែងចែកនោះទេ ព្រោះគេត្រូវការបង់ថវិកា (អាចជាសំណូកដើម្បីបានតំណែង) ទើបតែងតាំងបាន។

ទី៣៖ ការបង្កើតរណស្សិររួបរួមជាតិមានបួនគណបក្ស។ លោក ញ៉ឹក ប៊ុនឆៃ លើកឡើងថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ១៩៩៧ គឺមានអង្គប្រជុំ ដែលមានថ្នាក់ដឹកនាំគណបក្សទាំងបួននោះ មកប្រកាសបង្កើតរណសិរ្សរួបរួមជាតិ ដែលមានគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សជាតិខ្មែរ(សម រង្ស៊ី បច្ចុប្បន្ន) គណបក្សខ្មែរអព្យាក្រឹត និងគណបក្សលោកតា សឺន សាន។ការបង្កើតរណសិរ្ស ជាកម្លាំងធ្វើឱ្យមានការមិនទុកចិត្តគ្នាក្នុងរដ្ឋាភិបាលចម្រុះអាណត្តិទី១។

ទី៤៖ ការនាំអាវុធចូលនៅថ្ងៃទី២៦ឧសភា ឆ្នាំ១៩៩៧ លោកញឹក ប៊ុនឆៃ អះអាងថា ការនាំអាវុធចូលរបស់សម្ដេចក្រុមព្រះ នៅពេលនោះលោកមិនបានដឹងទេ ព្រោះពុំមានអ្នកណារាយការណ៍ប្រាប់លោក។ អ្នកដែលនាំអាវុធចូលនៅពេលនោះ គឺលោក ក្រូច យឿម និងលោក ឯក សេរីវឌ្ឍ ដែលជាអតីតរដ្ឋលេខាធិការក្រសួងការពារជាតិ ។ អាវុធដែលនាំចូលនោះ មានអាវុធប្រឆាំងរថក្រោះរបស់សហភាពសូវៀត។ ការនាំចូលអាវុធនោះ សម្ដេចក្រុមព្រះកុហកថា ជាគ្រឿងបន្លាស់របស់ឧទ្ធម្ភាគចក្រ ហើយធ្វើលិខិតស្នើសុំរួចពន្ធគយទៅវិញ។

ទី៥៖ ការចរចាជាមួយខ្មែរក្រហម លោក ញ៉ឹក ប៊ុនឆៃ បានសារភាពថា ការចរចាជាមួយខ្មែរក្រហមនៅពេលនោះ គឺសម្ដេចក្រុមព្រះនរោត្តមរណឫទ្ធ បញ្ជាឱ្យលោកទៅចរចាផ្ទាល់ ច្រើនលើកច្រើនសាណាស់ជាមួយមេដឹកនាំខ្មែរក្រហមនៅអន្លង់វែង ដើម្បីឱ្យកម្លាំងខ្មែរក្រហមចុះចូលជាមួយរាជរដ្ឋាភិបាល បន្ទាប់ពីរដ្ឋសភាដាក់ក្រុមខ្មែរក្រហមនៅក្រៅច្បាប់។ លោកអះអាងថា ការទៅចរចាជាមួយខ្មែរក្រហមនៅអន្លង់វែង លោកបានរាយការណ៍តាមឋានានុក្រមថ្វាយសម្ដេច ក្រុមព្រះ តែចុងក្រោយសម្ដេចក្រុមព្រះ លោកមិនជម្រាបអំពីបញ្ហាខ្មែរក្រហមជូនសម្ដេច ហ៊ុន សែន ឱ្យដឹងទេ ដែលការចរចានោះឈានទៅដល់ការស្រុះស្រួលជាច្រើនចំណុច រហូតទៅដល់ការចុះហត្ថលេខាជាមួយលោក ខៀវ សំផន។

លោក ញ៉ឹក ប៊ុនឆៃ បញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃទី៥-៦កក្កដា ឆ្នាំ១៩៩៧ គឺជារឿងដែលមិនទុកចិត្តគ្នា គឺការលើកយុទ្ធសាស្ដ្ររបស់សម្ដេចក្រុមព្រះ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ធ្វើតុល្យភាពកម្លាំងប្រដាប់អាវុធជាមួយនឹងគណបក្សប្រជាជន។ ឯការធ្វើពិធីប្រារព្ធខួបថ្ងៃទី៥-៦កក្កដា រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ របស់អ្នកនយោបាយកន្លងមក មិនមែនគោរពវិញ្ញាណក្ខន្ធអ្នកដែល ស្មោះស្ម័គ្រចំពោះគណបក្សហ៊្វុនស៊ិនប៉ិច ដែលបានពលីនោះទេ តែជាការធ្វើឡើងដើម្បីកេងចំណេញនយោបាយ របស់អ្នកនយោបាយមួយចំនួនប៉ុណ្ណោះ។ លោក ញ៉ឹក ប៊ុនឆៃ ទទួលស្គាល់ថាព្រឹត្តិការណ៍ថ្ងៃ៥-៦កក្កដា ១៩៩៧ មិនមែនជារដ្ឋប្រហារទេ តែជាការកើតឡើងដោយសារការមិនទុកចិត្តគ្នា និងការចង់ស្វែងរកឱ្យមានតុល្យភាពកងកម្លាំងរបស់គណបក្ស ហ៊្វុនស៊ិនប៉ិច។

លោក លឺ ឡាយស្រេង អតីតមន្រ្តីជាន់ខ្ពស់ គណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី២០ ខែ មករា ឆ្នាំ២០១៧ ផ្ដល់បទសម្ភាសដល់កាសែតភ្នំពេញប៉ុស្ដិ៍ថា លោកថ្វាយបង្គំលុតជង្គង់ដល់ដី ជាមួយសម្តេចក្រុមព្រះ គឺដោយសារព្រះអង្គជាក្សត្រ ជាសែរាជវង្ស ប៉ុន្ដែលោកមិនទទួលស្គាល់ថា សម្តេចក្រុមព្រះ ជាមេដឹកនាំល្អទេ។ ភាពខ្សោយរបស់អ្នកដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច គឺ សម្តេចក្រុមព្រះ បាននាំប្រទេសឈានទៅរកជម្លោះប្រដាប់អាវុធនៅថ្ងៃទី៥-៦កក្កដា ឆ្នាំ១៩៩៧។ លោកទទួលស្គាល់ថា ព្រឹត្តិការណ៍នេះមកពីគណបក្សហ៊្វុនស៊ិនប៉ិច ដែរ ដោយអះអាងថារឿងកាលនោះមានពីរ មិនមែនមានតែមួយទេ។ ព្រោះកាលនោះក្រុមកងរក្សាសម្ដេចក្រុមព្រះ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានរាយការណ៍បែបចាក់រុកថា សម្ដេច ហ៊ុន សែន មានអង្គរក្ស១៨០០នាក់ ដូច្នេះសម្តេចក្រុមព្រះ ត្រូវតែរកអង្គរក្សឱ្យបានប៉ុណ្ណឹងដែរ ដើម្បីមានតុល្យភាពអំណាចជាមួយសម្តេច ហ៊ុន សែន ដែលយកអង្គរក្សចេញពីទាហាន។ ការទូលថ្វាយសម្តេចក្រុមព្រះនេះហើយ ដែលរុញឱ្យហ៊្វុនស៊ិនប៉ិច ឈានដល់ការនាំអាវុធចូលដោយខុសច្បាប់ ហើយធ្វើឱ្យសម្ដេចហ៊ុន សែន ទ្រាំមិនបាន ក៏មានការផ្ទុះអាវុធនៅថ្ងៃទី៥-៦កក្កដា ១៩៩៧។ ស្របពេលនោះ សម្តេច ហ៊ុន សែន មើលឃើញថា ហ៊្វុនស៊ិនប៉ិច មានចំណុចខ្សោយច្រើនក៏គ្រញេចតែម្ដងទៅ។ មួយវិញទៀត កាលនោះនៅក្នុងបន្ទាយតាំងកសាង មិនមានអាវុធ និង កងទ័ពច្រើនទេ ព្រោះយប់កើតហេតុលោកក៏មានវត្តមាននៅទីនោះដែរ។ លោកទៅដល់បន្ទាយ តាំងកសាងនៅម៉ោង ៥-៦ ល្ងាច ហើយឃើញលោក ជា រិទ្ធីឈុត និងមេអង្គភាព ក-៥ ឃួត យឿន(គ្រួច យឿម?) និងម៉ៅ ប៊ុនថន ក៏ប្រាប់ទៅអ្នកទាំងនេះកុំឱ្យផ្ទុះអាវុធ ព្រោះមានគ្នាតិច អត់មានទ័ពនឹងដៃទេ។ រួចលោកបានសួរទៅកាន់លោកឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ ថាទ័ពនៅឯណា? លោក ញឹក ប៊ុនឆៃ ឆ្លើយថាអត់មានទ័ពទេ ឯបន្ទាយតាំងកសាង មានតែរបងព័ទ្ធជិត មានទ្វារតែមួយ ឥតមានច្រកសម្ងាត់ដើម្បីចេញចូល ហើយទ្វារក្រោយក៏អត់មានដែរ។ យល់ស្ថានភាពដូច្នេះ លោក លឺ ឡាយស្រេង ក៏ក្រើនរម្លឹកពួកគេទៀតថា “កុំធ្វើអ៊ីចឹង តែបើចង់ធ្វើបែបនេះ នៅភ្នំពេញស្រួលទេ គឺស្លៀកពាក់តែខោអាវស៊ីវិល ព័ទ្ធគ្រប់តែផ្លូវទៅ”។ តែទីបំផុតគឺបរាជ័យ។

លោក សេរី កុសល ធ្លាប់បានថ្លែងថា ជម្លោះប្រដាប់អាវុធក្នុងឆ្នាំ១៩៩៧ កើតចេញពីល្បែងនយោបាយបំបែកបំបាក់ផ្ទៃក្នុងរបស់គណបក្សហ៊្វុនស៊ិនប៉ិច លើគណបក្សប្រជាជន គឺ គណបក្សហ៊្វុនស៊ិនប៉ិច ព្យាយាមបំបែកសម្តេច ហ៊ុន សែន ពីសម្តេច ជា ស៊ីម ដោយសារលោកសម រង្ស៊ី ប្រមូលព័ត៌មានបានថា គណបក្សប្រជាជនកម្ពុជា កំពុងបែកជាពីរដោយសារជម្លោះផ្ទៃក្នុង ។ លោក សេរី កុសល ថាការទទួលបានព័ត៌មានខុសនេះហើយ ដែលធ្វើឱ្យហ៊្វុនស៊ិនប៉ិច ប្រលូកក្នុងល្បែងនយោបាយដ៏គ្រោះថ្នាក់ ដោយពេលនោះសម្ដេចក្រុមព្រះ ព្យាយាមធ្វើការជាមួយសម្ដេច ជា ស៊ីម ដែលជាប្រធានបក្ស តែមិនធ្វើការជាមួយសម្ដេច ហ៊ុន សែន ដែលជាអនុប្រធានបក្ស និងជានាយក រដ្ឋមន្រ្តីទី២ ទេ។ ការព្យាយាមបំបែកសម្តេច ហ៊ុន សែន ពីសម្តេច ជា ស៊ីម គឺជានយោបាយខុសផ្លូវ ឬភ្លាត់ជំហររបស់ហ៊្វុនស៊ិនប៉ិច ព្រោះគណបក្សប្រជាជនកម្ពុជា បើទោះបីជាមានបញ្ហានៅក្នុងបក្ស ប៉ុន្តែគណបក្សនេះ នៅតែមានជំហររឹងមាំជាមួយសត្រូវខាងក្រៅ។ លោក សេរី កុសល បានអះអាងថា ហ៊្វុនស៊ិនប៉ិច ដើរខុស ហើយអ្នកដែលនាំឱ្យសម្ដេចក្រុមព្រះដើរខុស នោះគឺលោក សម រង្ស៊ី ហើយហ៊្វុនស៊ិនប៉ិច ចុះខ្សោយ រង្គោះរង្គើ គឺចាប់តាំងពីពេលដែលព្រះអង្គម្ចាស់នរោត្តម សិរីវុឌ្ឍ ដែលជា អគ្គលេខាធិការគណបក្ស បានលាចេញពីរដ្ឋមន្រ្តីក្រសួងការបរទេស។ ដោយឡែកចំពោះលោក សម រង្ស៊ី មិនមែនជាការលាលែងពីគណបក្សទេ តែជាការបណ្ដេញលោកចេញពីបក្សហ៊្វុនស៊ិនប៉ិច នៅឆ្នាំ១៩៩៤ ហើយការបណ្តេញចេញនេះ ដោយសារលោក សម រង្ស៊ី ប្រើនយោបាយ ឬគំនុំផ្ទាល់ខ្លួនដើម្បីផ្ដួលរំលំសម្ដេច ហ៊ុន សែន និងក៏ផ្ដួលហ៊្វុនស៊ិនប៉ិចដែរ ព្រោះរឿងផ្ទាល់ខ្លួនរបស់គាត់ជាមួយស្ដេច (រាជវង្ស)។ លោក សេរី កុសល ថា រឿងគំនុំសងសឹកផ្ទាល់ខ្លួនរបស់លោក សម រង្ស៊ី ធ្វើឱ្យសម្ដេចក្រុមព្រះក្លាយជាអ្នករងគ្រោះ។ លោកសេរី កុសល ក៏បានពណ៌នាថា ជារឿងដែលមិននឹកស្មានដល់ ខណៈលោកបានមកចូលរួមជាមួយសម្តេច ហ៊ុន សែន ព្រោះពីអតីតគឺគូសត្រូវនឹងគ្នា។ លោកស្មានមិនដល់ ព្រោះអ្នកខ្លះចោទប្រកាន់សម្តេច ហ៊ុន សែន ថាជាមនុស្សកាចសាហាវ តែធាតុពិត ពេលដែលលោកមកនៅជិតសម្តេច ទើបលោកមានការសោកស្ដាយ ចំពោះអ្វីដែលកើតឡើងពីអតីតកាល។ អ្វីដែលសម្តេចផ្តល់ឱ្យលោក គឺដោយសារតែសម្តេចមើលឃើញថា លោកជាមនុស្សខុសគេ។ សម្តេចឱ្យតម្លៃនៃការតស៊ូ និងភាពស្មោះត្រង់របស់លោក ចំពោះមេកោយរបស់ខ្លួន គឺសម្តេចក្រុមព្រះ។ លោកសេរី កុសល ថាសម្ដេច ហ៊ុន សែន ជាមនុស្សម្នាក់ពិបាករក ហើយជាមនុស្សមិនងាយជឿមនុស្សផ្ដេសផ្ដាស និងជាមនុស្សតែម្នាក់គត់ ដែលហ៊ានប្រកាសការពាររាជានិយម ហើយបានប្រកាសជាសាធារណៈថា ត្រកូលហ៊ុនបីជំនាន់ ជាអ្នកការពាររាជានិយម ដែលការប្រកាសនេះធ្វើឱ្យលោកពេញចិត្ត។ លោកថា លោកមើលឃើញថាអ្វីដែលសម្ដេច ហ៊ុន សែន មាន គឺខុសពីការគិតរបស់លោកកាលពីនៅខាងក្រៅ តែពេលនៅធ្វើការជាមួយ ទើបលោកដឹងថាសម្តេច ហ៊ុន សែន ជាមនុស្សម៉ឺងម៉ាត់ និងហ្មត់ចត់ និងគោរពពាក្យសន្យារបស់ខ្លួនឯងបំផុត។ បើនិយាយយ៉ាងម៉េចធ្វើអ៊ីចឹង។ សម្តេចមានគុណធម៌ណាស់ ទោះបីពេលខ្លះប្រសាសន៍អាក្រក់ គ្រោតគ្រាត តែជាប្រសាសន៍លើកឡើងដោយត្រង់ៗ ដែលកត្តានេះលោកអាចនៅជាមួយបាន ខុសពីការគិតរបស់លោកពីពេលមុនៗ ដែលយល់ថាសម្តេចស្អប់លោកខ្លាំង តែផ្ទុយទៅវិញសម្តេចឱ្យតម្លៃលោកខ្លាំងទៅវិញ។

ទោះបីជាមានការបំភ្លឺពីអតីតមន្រ្តីជាន់ខ្ពស់ និងជាអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ យ៉ាងនេះក្តី ក៏នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង នៅតែចោទសម្ដេច ហ៊ុន សែន ថាបានធ្វើរដ្ឋប្រហារសម្ដេចក្រុមព្រះ ដដែល។ ការលើកឡើងរបស់អតីតមេបក្សប្រឆាំងរូបនេះ ធ្វើឱ្យមានប្រតិកម្មខ្លាំងពីមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាផងដែរ ថាការលើកឡើងរបស់លោក សម រង្ស៊ី គឺជាចេតនាក្នុង ការបង្ខូចកេរ្តិ៍ឈ្មោះ សម្តេច ហ៊ុន សែន។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកថាការលើកឡើងរបស់លោក សម រង្ស៊ី ជាការនិយាយខុសការពិត ព្រោះព្រឹត្តិការណ៍៥-៦កក្កដា គឺកម្លាំងគណបក្សប្រជាជនកម្ពុជា ឬកម្លាំងរាជរដ្ឋាភិបាល ធ្វើការបោសសម្អាតកម្លាំងអនាធិបតេយ្យ ដែលបង្កើតដោយគណបក្សហ៊្វុនស៊ិនប៉ិច ដែលសម្ដេចក្រុមព្រះ បាននាំអាវុធរាប់តោន និងនាំខ្មែរក្រហមចូលមកភ្នំពេញ ក្នុងបំណងផ្តួលរំលំរាជរដ្ឋាភិបាល ។

លោកឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ក៏បានច្រានចោលចំពោះការចោទប្រកាន់ថា កងទ័ពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចក្រុមព្រះ ក្នុងព្រឹត្តិការណ៍ថ្ងៃ៥-៦កក្កដា ឆ្នាំ១៩៩៧។ លោកថាព្រឹត្តិការណ៍នោះ គឺជាការបង្ក្រាបចលនាបះបោរ និងកម្លាំងអនាធិបតេយ្យ ដែលសម្តេចក្រុមព្រះ បានលួចទិញអាវុធទំនើប និងនាំកងកម្លាំងខ្មែរក្រហម ចូលមករាជធានីភ្នំពេញដោយខុសច្បាប់ ក្នុងគោលដៅបង្កសង្គ្រាមជាថ្មីនៅកម្ពុជា។ បើសិនជាកងទ័ពដ៏ស្មោះត្រង់របស់សម្តេច ហ៊ុន សែន ទប់ស្កាត់មិនទាន់វេលាទេ កម្ពុជាក៏មិនមានសុខសន្តិភាព និងការអភិវឌ្ឍដល់ពេលបច្ចុប្បននេះដែរ ហើយក៏ប្រហែលជាធ្លាក់ទៅក្នុងសង្គ្រាមដ៏រ៉ាំរ៉ៃថែមទៀតផង។ លោកចោទថា ការនាំទាហានខ្មែរក្រហមចូលមករាជធានីភ្នំពេញ និងការនាំចូលអាវុធខុសច្បាប់យ៉ាងច្រើនមកកម្ពុជា របស់គណបក្សហ៊្វុនស៊ិនប៉ិច គឺជាសកម្មភាពមិនអាចអត់ឱនឱ្យបាន ដូច្នេះដើម្បីសុខសន្តិភាព កងកម្លាំងទ័ពដែលស្មោះត្រង់ជាមួយសម្តេចត្រូវតែចេញអន្តរាគមន៍ ឱ្យទាន់ពេលវេលា។

សម្តេច ហ៊ុន សែន ក៏ធ្លាប់មានប្រសាសន៍ដែរថា សកម្មភាពរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ជាសកម្មភាពខុសច្បាប់ និងមិនស្មោះត្រង់ចំពោះសម្ពន្ធមិត្តក្នុងជួររដ្ឋាភិបាលចម្រុះ។ ព្រោះប្រសិនបើសម្តេចក្រុមព្រះមានព្រះរាជបំណងចង់ទិញអាវុធដើម្បីការពារព្រះអង្គ ឬការពារជាតិ គួរតែធ្វើឡើងតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមសហអគ្គមេបញ្ជាការកងទ័ព មិនមែនធ្វើឡើងដោយបន្លំ ថាទិញគ្រឿងបន្លាស់ឧទ្ធម្ភាគចក្រនោះទេ។

នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លើកឡើងថា នៅពេលគណបក្សហ៊្វុនស៊ិនប៉ិច ទាមទារឱ្យមានតុល្យភាពកម្លាំង តាមរយៈលោក ទា ចំរ៉ាត់ អតីតសហរដ្ឋមន្រ្តី ក្រសួងការពារជាតិ មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច លោកបានព្យាយាមផ្សះផ្សា និងបញ្ចុះបញ្ចូលដោយអត់ធ្មត់បំផុត ដើម្បីបញ្ចៀសការផ្ទុះអាវុធ ។ លោកថាដំណាក់កាលនោះ លោកបានជម្រាបលោក ទា ចំរ៉ាត់ថា ធ្វើយ៉ាងណាកុំឱ្យមានការប្រើកម្លាំងទ័ព ព្រោះគណបក្សប្រជាជន ទាំងកម្លាំងទ័ព ទាំងយុទ្ធវិធីសង្រ្គាម មានបទពិសោធ និងជំនាញជាងគណបក្សហ៊្វុនស៊ិនប៉ិចឆ្ងាយ។ តែម្តងហើយម្តងទៀត គណបក្សហ៊្វុនស៊ិនប៉ិច បានចល័តទ័ពស្ទើរពេញរាជធានីភ្នំពេញ ទាំងថ្ងៃទាំងយប់ បង្កជាការភ័យខ្លាចដល់ប្រជាជន រហូតមានការផ្ទុះអាវុធ។ លោកថាធ្វើយ៉ាងណាកុំឱ្យផ្ទុះអាវុធឱ្យសោះ ប្រសិនបើចង់ផ្ទុះអាវុធ គឺគណបក្សប្រជាជនកម្ពុជា តឱ្យវាយមុនបីថ្ងៃ។ ក្រោយព្រឹត្តការណ៍នេះប៉ុន្មានថ្ងៃ ក្នុងកម្មវិធីបទបង្ហាញមួយដែលចាក់ផ្សាយដោយទូរទស្សន៍ អាយប៊ីស៊ី ប៉ុស្តិ៍លេខ៥ បច្ចុប្បន្នជាទូរទស្សន៍កងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ម៉ុល រឿប អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជានាយកទីចាត់ការស្រាវជ្រាវ និង ចារកម្ម នៃនាយកដ្ឋានស្រាវជ្រាវចារកិច្ច លើកឡើងថា ក្រោយពីទទួលដំណឹងថាមានសភាពការណ៍មិនល្អ មេបញ្ជាការរបស់លោក បានប្រាប់ឱ្យប្រុងប្រយ័ត្ន គឺប្រយ័ត្នគេវាយ ប្រយ័ត្នគេលួចវាយ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១១ ក៏បានចេញសេចក្តីព្រមានមួយដែរ ប្រាប់អ្នកគ្រប់គ្រងស្ថានីយវិទ្យុ ទូរទស្សន៍ គេហទំព័រ កាសែត ទស្សនាវដ្តី ឬព្រឹត្តិបត្រទាំងអស់នៅកម្ពុជា ឱ្យបញ្ឈប់ការប្រើពាក្យថា ព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែ កក្កដា ឆ្នាំ១៩៩៧ ថាជាការធ្វើរដ្ឋប្រហារ ។ ខ្លឹមសារនៃសេចក្តីព្រមានលើកឡើងថា៖

“ថ្មីៗមានបណ្ដាញសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយលើសារព័ត៌មានរបស់ខ្លួន ដោយប្រើពាក្យពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ថាជារដ្ឋប្រហារ ដែលការផ្សព្វផ្សាយនេះ អាចបណ្តាលឱ្យសាធារណជនទូទៅយល់ច្រឡំ។ ចំពោះព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ រដ្ឋាភិបាលកម្ពុជា ចេញផ្សាយរួចហើយនូវសៀវភៅស្ដីពីព្រឹត្តិការណ៍នេះ គឺជាមូលហេតុនៃជម្លោះផ្ទៃក្នុងរាជរដ្ឋាភិបាល ដែលនាំដល់ការប៉ះទង្គិចដោយអាវុធ។ បន្ថែមលើនេះ សៀវភៅ “ស” របស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ១៩៩៧ ជាភាសាអង់គ្លេសថា Crisis in July ប្រែថា (វិបត្តិនៅខែកក្កដា) ក៏ចេញផ្សាយរួចហើយដែរ។ ដូច្នេះគ្រប់បណ្ដាញសារព័ត៌មានទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយឱ្យត្រឹមត្រូវ ពីព្រឹត្តិការណ៍ ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧”។

នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ក្នុងពិធីសំណេះសំណាល នៅសាលាបណ្ឌិតសភានគរបាល ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល សម្តេចហ៊ុន សែន មានប្រសាសន៍ថា សូមកុំចោទប្រកាន់ សម្តេចថាធ្វើរដ្ឋប្រហារ ។ សូមកុំចោទសម្ដេចឱ្យសោះចំពោះរឿងនេះ ព្រោះប្រសិនបើចង់ដឹងច្បាស់ គួរយករូបភាពនៃព្រឹត្តិការណ៍នោះមកមើលឡើងវិញ។ ពេលនោះ គណបក្សហ៊្វុនស៊ិនប៉ិច បានថតទិដ្ឋភាពនៃការរៀបចំយុទ្ធសាស្រ្តប្រយុទ្ធ ហើយក្រោយមករូបភាពវីដេអូនោះ ត្រូវកងកម្លាំង គណបក្សប្រជាជនកម្ពុជា រើសបាន។ ដូច្នេះសម្ដេចឱ្យប្រយ័ត្នប្រយែងសម្តី ព្រោះសម្តេចមាន វីដេអូជាភស្តុតាង។ ការព្រមានរបស់សម្តេច ធ្វើឡើងសំដៅលើមន្រ្តីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច បីរូប ដែលចុះចូលជាមួយគណបក្សប្រជាជកម្ពុជា កាលពីឆ្នាំ២០០៨ គឺលោក គៀង វ៉ាង លោក លី ធុច និងលោក សេរី កុសល។

ចំពោះព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ បណ្ដាលឱ្យមនុស្សជាង២០០នាក់ បាត់បង់ជីវិត។ ក្រៅពីនោះ មនុស្សប្រមាណ៦០នាក់ផ្សេងទៀតត្រូវគេសម្លាប់ក្រៅប្រព័ន្ធតុលាការ នៅមុនពេល អំឡុងពេល និងក្រោយពេលព្រឹត្តិការណ៍បង្ហូរឈាមនោះ។ ពួកគេភាគច្រើនគឺជា មន្ត្រី និងជាកងកម្លាំងស្មោះស្ម័គ្រនឹងព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ។ ក្រៅពីលោក ហូ សុខ មន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ២រូបផ្សេងទៀតដែលត្រូវគេចាប់ខ្លួន រួចសម្លាប់ចោលដែរនោះ រួមមាន លោក ចៅ សម្បត្តិ និងលោក ក្រួច យឿម។

ក្រោយព្រឹត្តិការណ៍ ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ១៩៩៨ សម្តេច ក្រុមព្រះនរោត្តមរណឫទ្ធិ នាយករដ្ឋមន្រ្តីទី១ ត្រូវតុលាការយោធាផ្តន្ទាទោស ឱ្យជាប់ពន្ធនាគារ រយៈពេល៣០ឆ្នាំ និងពិន័យជាប្រាក់ប្រមាណ ៤លានដុល្លារសហរដ្ឋអាម៉េរិក ប៉ុន្ដែនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៩៨ សម្តេចក្រុមព្រះ ត្រូវសម្តេចព្រះនរោត្តម សីហនុ ព្រះរាជទានលើកលែងទោស។

លោកឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃអះអាងថា ប្រសិនបើ គ្មាន ព្រឹត្តិការណ៍ផ្ទុះឡើងថ្ងៃ៥-៦កក្កដា កម្ពុជា ក៏គ្មានសន្តិភាពដូចបច្ចុប្បន្ននេះដែរ ព្រោះព្រឹត្តិការណ៍ថ្ងៃ ៥-៦ កក្កដា ជាការស្វែងរកតុល្យការកម្លាំងរវាងបក្សទាំងពីរ មិនមែនជារឿងរដ្ឋប្រហារនោះទេ ។ក៏មានមតិលើកឡើងស្របនឹងមតិលោក ខៀវ សុភ័គ ដែរថា ព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែ កក្កដា ឆ្នាំ១៩៩៧ គឺជាថ្ងៃដែលធ្វើឱ្យកម្ពុជាមានពន្លឺរស្មីត្រចះត្រចង់ឡើងវិញ ដូចសុភាសិតខ្មែរលើកឡើងថា ក្រោយភ្លៀងមេឃស្រឡះ។ មានន័យថា បើគ្មានការវាយប្រយុទ្ធ ឬគ្មានការបង្រ្កាបទាន់ពេលវេលាទេ សង្រ្គាមនៅកម្ពុជាមិនអាចបញ្ចប់ឡើយ ព្រោះអំឡុងពេលនោះ ទាហានខ្មែរក្រហមបញ្ចូលមកដល់ក្នុងរាជធានីភ្នំពេញទៅហើយ។

ក្នុងពិធីសម្ពោធសមិទ្ធផល នៅខេត្តបាត់ដំបង សម្តេច ហ៊ុន សែន មានប្រសាសន៍ជុំវិញព្រឹត្តិការណ៍នេះថា ខណៈគណបក្សប្រជាជនកម្ពុជាកំពុងទប់ និងបំបែកខ្មែរក្រហមនៅក្នុងព្រៃ គេបែរជាយកខ្មែរក្រហមចូលមកដល់ភ្នំពេញទៅហើយ ហើយសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ ក្នុងនាមជានាយករដ្ឋមន្រ្តីទី១ ពុំបានមានវត្តមាននៅកម្ពុជាទេ ដោយព្រះអង្គបានភៀសគេចព្រះកាយទៅប្រទេសបារាំង មុនហេតុការណ៍កើតឡើងមួយថ្ងៃ ដែលកាលនោះមានពាក្យចរចាមអារ៉ាមថា ព្រះអង្គយាងចេញទៅ គឺធ្វើឡើងតាមសំណើរបស់មេទ័ពរបស់ព្រះអង្គ ដែលទូលព្រះអង្គថា ព្រះអង្គត្រូវតែចាកចេញ ព្រោះបើព្រះអង្គគង់នៅកម្ពុជា ពួកគេពិបាកនឹងធ្វើការ (ប្រយុទ្ធ)ណាស់។ ចាំពួកគេរួចរាល់ ចាំព្រះអង្គយាងត្រឡប់មកវិញ។ ដោយ៖ គង់ សិរីរ័ត្ន, សម្រួលផ្សាយ៖ កន ចំណាន

អត្ថបទទាក់ទង