អ្នកជំនាញអារ្យធម៌ខ្មែរ៖ «លេខ១៨» ជាលេខហុងស៊ុយសកល
(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថានៅក្នុងសង្គមមនុស្សលើផែនដីនេះ បើពោលអំពីប្រព័ន្ធជំនឿទៅលើលេខ គឺគ្រប់ជាតិសាសន៍ទាំងអស់ មិនថា ខ្មែរយើង ឬជាតិសាសន៍នានាលើពិភពលោកទេ តែងមានក្បួនតម្រាលេខ គេចាត់ទុកជាអំណាចវិញ្ញាណវេទមន្តមួយ ផ្ដល់នូវសិរីសួស្ដីលើការរៀបចំសិល្ប: សាសនា ស្ថាបត្យកម្មទីក្រុង និងជីវិតរស់នៅរបស់មនុស្សប្រកបដោយភាពសុខដុមរមនាទៅតាមជំនឿសាសនា វប្បធម៌ ប្រពៃណីរៀងៗខ្លួន ដើម្បីនាំមកនូវសិរីសួស្ដីដល់សង្គមតាំងពីបុរាណរៀងមក។
ក្នុងនោះលេខ១៨ គឺជាលេខហុងស៊ុយសកលស្ថិតក្នុងប្រព័ន្ធជំនឿសាសនា វប្បធម៌ ប្រពៃណីជាច្រើនជុំវិញពិភពលោកយើងនេះ។
ដូច្នេះបើពោលលេខ១៨ ជាលេខហុងស៊ុយសកលនេះ គឺមានដូចតទៅ៖
១៖ «លេខ១៨» ក្នុងប្រព័ន្ធជំនឿព្រះពុទ្ធ
នៅក្នុងព្រះពុទ្ធសាសនា លេខ១៨ គឺជាកំលាំងអំណាចថាមពលនៃវិញ្ញាណរបស់ព្រះពុទ្ធ ដែលតំណាងឲ្យព្រះអរហន្ដឬសាវ័ករបស់ព្រះពុទ្ធទាំង១៨ (ពុទ្ធការធម៌) គឺការត្រាស់ដឹងរបស់ព្រះពុទ្ធ ។ ព្រោះព្រះអរហន្ដទាំង១៨នោះគឺមាន៖ ធម្មសមោធានរឿងទាំង៨ បូកនិងទសបារមីទាំង១០ គឺ១៨ គឺជាការត្រាស់ដឹងរបស់ព្រះពុទ្ធ។
២៖ «លេខ១០៨» ក្នុងប្រព័ន្ធជំនឿព្រហ្មញ្ញសាសនា
នៅក្នុងលោកធាតុវិទ្យារបស់ព្រហ្មញ្ញសាសនាលេខ១០៨ គឺជាលេខរបស់មហារាជហើយត្រូវបានចម្លងយកមកកសាងរាជធានីយសោធរបុរៈដែលមានភ្នំបាខែងជាចំណុចកណ្តាល។ តួប៉មទាំងអស់របស់ប្រាសាទភ្នំបាខែងគឺមានសរុប១០៨ ឧទ្ទិសទៅដល់ព្រះសិវៈ ឬព្រះឥសូរ ព្រោះនៅក្នុងពិធីកម្មព្រហ្មញ្ញសាសនា ដូចជាការសូត្រគាថាជាដើម គឺត្រូវសូត្រឲ្យគ្រប់១០៨ចប់ដើម្បីសម្រេចបានដល់កំពូល។ ដូច្នេះហើយលេខ ១៨ និង ១០៨ នេះគឺមានន័យជាលេខពិសិដ្ឋដូចគ្នា។
៣៖ «លេខ១០៨» ក្នុងប្រព័ន្ធជំនឿព្រះពុទ្ឌសាសនាមហាយាន
នៅក្នុងពុទ្ឌសាសនាទាំងមហាយាន និងហិនយានលេខ១០៨ ជាលេខពិសិដ្ឋខ្សែអង្កាំសូត្រធម៌របស់ព្រះសង្ឃគឺមាន១០៨ ហើយការថ្វាយបង្គំរបស់ព្រះសង្ឃក្នុងមហាយានពិសេសនៅចិន កូរ៉េ ជប៉ុន គឺធ្វើឡើង១០៨ដងពេលថ្វាយបង្គំធំម្តងៗ។ នៅក្នុងពុទ្ធសាសនាហិនយាន ពុទ្ធបាតដែលយើងប្រណិប័តន៍រាល់ថ្ងៃគឺមានប្រឡោះចំនួន១០៨ ដែលគេហៅថាមង្គលទាំង១០៨។
៤ ៖ «លេខ១៨» ក្នុងប្រព័ន្ធជំនឿរបស់ជនជាតិយូដា
សារៈសំខាន់ខាងវិញ្ញាណនៃលេខ១៨ គឺ១+៨ គឺ៩ ដែលត្រូវបានគេចាត់ទុកថាជាលេខខាងវិញ្ញាណដ៏មានឥទ្ធិពល។ តំណាងឲ្យការត្រាស់ដឹងខាងវិញ្ញាណ ប្រាជ្ញាខាងក្នុង និងការបញ្ចប់ហើយកើតឡើងថ្មីនៃវដ្តមួយ គឺជានិមិត្តរូបនៃសំណាងល្អ ពរជ័យ និងអាយុយឺនយូរ។
៥៖ «លេខ១៨» ក្នុងប្រព័ន្ធជំនឿចិន
នៅក្នុងប្រទេសចិន លេខ១៨ត្រូវបានចាត់ទុកថាជាលេខសំណាងបំផុត ព្រោះវាស្តាប់ទៅមានសូរដូចជាពាក្យ «សំណាងដុះដាលលាភជ័យគ្មានដែនកំណត់» នៅក្នុងភាសាចិន។ នេះទំនងជាដោយសារតែលេខ ១ តំណាងឲ្យការចាប់ផ្តើមថ្មី ឯលេខ ៨ ដូចគ្នាបេះបិទនឹងពាក្យ «ដុះលូតលាស់គ្មានទីបញ្ចប់»។ នៅពេលដែលលេខទាំងពីរនេះបញ្ចូលគ្នា វាជានិមិត្តរូបនៃសក្តានុពលនិងអំណាចនៃជីវិតគ្មានដែនកំណត់សម្រាប់ភាពជោគជ័យ គឺជាផ្កាយសំណាង គ្រប់គ្រងលើផែនដី។
បើ១៨,១+៨ គឺ៩ ជនជាតិចិនកាតំាងជឿថា លេខវេទមន្ត ៩ មានន័យថាការបំពេញបេសកកម្មពេញលេញ មានភាពសុខដុមរមនានៃឋានសួគ៌ លើផែនដី។
៦៖ «លេខ១៨» ក្នុងប្រព័ន្ធជំនឿលោកខាងលិច
នៅក្នុងវប្បធម៌លោកខាងលិចលេខ ១៨ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពជោគជ័យ។
៧៖ «លេខ១៨» ក្នុងប្រព័ន្ធជំនឿសមាធិ
ក្នុងសមាធិវិធីកែឧបកិលេសទាំង១៨ ជាពន្លឺភ្លឺចាំងនៅពីមុខអ្នក នៅពេលអ្នកដកដង្ហើមយ៉ាងជ្រៅ ហើយសម្រាកចូលទៅក្នុងស្ថានភាពស្ងប់សុខ នោះគឺសេចក្តីសុខល្អៗទាំងអស់នឹងចូលមកក្នុងជីវិតរបស់អ្នក។
៨៖ «លេខ១៨» ក្នុងអត្ថន័យសេចក្ដីសេ្នហា
ក្នុងសេចក្ដីស្នេហាវិញ លេខ ១៨ ជាលេខវិញ្ញាណនៃជីវិតស្នេហា ជានិមិត្តរូបនៃការមកដល់នៃអាយុ និងការចាប់ផ្ដើមនៃភាពពេញវ័យរកគូស្រករ ប្ដេជ្ញាចិត្ដនិងសេចក្ដីស្រឡាញ់ដ៏អស់កាលកល្ប ។
៩៖ «លេខ១៨» ក្នុងអត្ថន័យការជជែកគ្នា
នៅពេលអ្នកកំពុងជជែកជាមួយនរណាម្នាក់តាមអ៊ីនធឺណេត មានអក្សរកាត់ជាច្រើនដែលត្រូវបានប្រើ។ មួយក្នុងចំណោមទូទៅបំផុតគឺ១៨។ អក្សរកាត់នេះគឺពិតជាសាមញ្ញណាស់ក្នុងការយល់ពីអត្ថន័យថា «ខ្ញុំជាមនុស្សពេញវ័យ»។
ជាសរុប លោក រ័ត្ន សណ្ដាប់ បញ្ជាក់ថា ពាក់ព័ន្ធក្នុងប្រព័ន្ធជំនឿទៅលើលេខនេះ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលចាប់បានលេខរៀងបោះឆ្នោតលេខ ១៨នេះ បើពោលក្នុងប្រព័ន្ធជំនឿខ្មែរ និងប្រព័ន្ធជំនឿជាតិសាសន៍នានាលើពិភពលោក គឺជាលេខដ៏ពិសិដ្ឋ ជានិមិត្តរូបកម្លាំងថាមពល អំណាច និងការដុះលូតលាស់សម្បូរបែបគ្រប់ទិសទីគ្មានដែនកំណត់។
មួយវិញទៀតប្រសិនបើលេខលើសពីពីរខ្ទង់ទៅ បើគេបូកបាន៩នោះ គឺជាលេខនាំលាភសំណាងដូចជា ១៨, ១+៨ គឺលេខ៩ និងលេខ១០៨ ជាលេខវិញ្ញាណសាសនា វប្បធម៌ ប្រពៃណីរបស់ជាតិសាសន៍និមួយៗ ពីព្រោះលេខ៩ តំណាងឲ្យព្រះមហាក្សត្រដែលប្រៀបបាននឹងអវតាររបស់អាទិទេពមកគ្រប់គ្រងលោក អ្វីដែលបង្ហាញជាក់ស្តែងនោះ គឺស្វេតច្ឆត្រនៃរាជបល្ល័ង្គរបស់ព្រះមហាក្សត្រគឺមាន៩ជាន់៕ Frenh News