វិភាគអន្តរជាតិ៖ តើចិន និងហ្វីលីពីន កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកសង្រ្គាម ឬ?
(វ៉ាស៊ីនតោន)៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលចិនបានធ្វើតេស្ដលើព្រំដែននៃសកម្មភាពរបស់ខ្លួន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដើម្បីដឹងថាតើខ្លួនអាចដើរទៅមុខបានឆ្ងាយ ប៉ុនណា ទើបអាចមានអ្នកចេញមុខមករារាំង។ នេះជាហ្គេមមួយដ៏គ្រោះថ្នាក់ ខណៈចិន និងហ្វីលីពីនដំឡើងសសៃកដាក់គ្នាកាន់តែខ្លាំង បន្ទាប់ពីទីក្រុងម៉ានីលអះអាងថា កងកម្លាំងជើងទឹក ហ្វីលីពីន ៣នាក់ បានរងរបួស ក្រោយនាវាឆ្មាំសមុទ្រចិនប្រើប្រាស់កាណុងបាញ់ទឹក ដាក់ទូករបស់ពួកគេដែលកំពុងដឹកនាំបេសកកម្មផ្គត់ផ្គង់ឡើងវិញ ទៅកាន់តំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ជាតំបន់វិវាទដែនទឹកមួយនៃតំបន់សមុទ្រចិនខាងត្បូងរវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល កាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅ។
នេះមិនមែនជាលើកទីមួយទេដែលហ្វីលីពីនចោទប្រកាន់ថានាវាឆ្មាំសមុទ្រចិនប្រើកាណុងបាញ់ទឹកដាក់ទូករបស់ខ្លួន ហើយវាក៏ប្រហែលជានឹងមិនក្លាយជាលើកចុងក្រោយនោះដែរ។ ប៉ុន្តែអ្វី ដែលធ្វើឱ្យគេបារម្ភ គឺថាការកើនឡើងនៃការប្រឈមមុខដាក់គ្នារបៀបនេះ អាចនឹងអូសឱ្យសហរដ្ឋអាមេរិកលូកដៃធ្វើអន្តរាគមន៍ ដោយប្រការណាមួយ ពីព្រោះវ៉ាស៊ីនតោន និងម៉ានីល មានសន្ធិសញ្ញាយោធាតម្រូវឱ្យជួយគ្នាទៅវិញទៅមកក្នុងករណីភាគីណារងការវាយប្រហារដោយប្រដាប់អាវុធ បើទោះជាមិនមានភាពច្បាស់លាស់ថាតើការវាយប្រហារកម្រិតណា ទើបធ្វើឱ្យ សន្ធិសញ្ញានេះដំណើរការក៏ដោយ។ «ការឆ្លើយតបទៅនឹងសកម្មភាពសម្លុតគំរាម ក្នុង «យុទ្ធសាស្ត្រតំបន់ប្រផេះ» គឺពិតជាពិបាកបញ្ជាក់ខ្លាំងណាស់ ដោយសារតែភាពស្រពេចស្រពិលរវាង បន្ទាត់សន្តិភាព និងជម្លោះ»។ នេះជាការលើកឡើងរបស់លោកស្រី Veerle Nouwens ជានាយកប្រតិបត្តិការសម្រាប់អាស៊ី នៃវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាពីយុទ្ធសាស្ត្រ (International Institute for Strategic Studies)។
ជាការពិតណាស់ មកទល់នឹងបច្ចុប្បន្ន សកម្មភាពរបស់ចិនត្រឹមតែបង្កឱ្យមានការតវ៉ាតាមផ្លូវការទូតតែប៉ុណ្ណោះ។ ក្រោយការប៉ះទង្គិចគ្នា ហ្វីលីពីនបានកោះហៅមន្ត្រីទូតចិនម្នាក់ឱ្យចូលជួប ដើម្បីថ្កោលទោសលើអ្វីដែលខ្លួនហៅថាសកម្មភាពឈ្លានពានប្រព្រឹត្តដោយឆ្មាំសមុទ្រចិន ខណៈក្រសួងការបរទេសអាមេរិក បានបញ្ជាក់ឡើងវិញពីការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះ ហ្វីលីពីន ហើយថាសកម្មភាពរបស់ចិនកំពុងបង្កអស្ថិរភាពក្នុងតំបន់ និងបង្ហាញពីការមិនគោរពច្បាប់អន្តរជាតិ។ ក៏ប៉ុន្តែ ក្រសួងការពារជាតិចិន បានចេញមុខប្រតិកម្មភា្លមៗដោយចាត់ទុកថា ហ្វីលីពីនជា «អ្នកចូលចិត្តបង្ករឿង» ភ្ជាប់ជាមួយការព្រមានឱ្យទីក្រុងម៉ានីលបញ្ឈប់រាល់ការធ្វើសេចក្ដីថ្លែងការណ៍ណាមួយដែលធ្វើឱ្យភាពតានតឹងឡើងកម្ដៅកានតែខ្លាំង និងបញ្ឈប់រាល់ សកម្មភាពបំពានចូលដែនទឹករបស់ចិន ដោយខុសច្បាប់។
តែទោះជាបែបនេះក្ដី ក្រុមអ្នកវិភាគយល់ថា ថាតើសង្រ្គាមពាក្យសម្ដីនេះនឹងក្លាយជាសង្រ្គាមគ្រាប់កាំភ្លើងដែរឬក៏យ៉ាងណា គឺវាអាស្រ័យលើថាតើការប៉ះទង្គិចគ្នានោះធ្ងន់ធ្ងរដល់កម្រិតណា? លោក Chang Jun Yan ជាប្រធានកម្មវិធីសិក្សាពីយោធា មកពីវិទ្យាស្ថានស្រាវជ្រាវ S. Rajaratnam School of International Studies ឬហៅកាត់ថា RSIS មានមូលដ្ឋាន ក្នុងប្រទេស សិង្ហបុរី បានប្រាប់ទស្សនាវដី្ដ TIME ថាមានរឿងសំខាន់ចំនួន៣ ដែលសហរដ្ឋអាមេរិកត្រូវផ្ដោតជាអាទិភាព រួមមានការកំញើញចិន ការធានាចំពោះហ្វីលីពីន និងការអនុវត្តការទូតចំពោះ ចិន។ លោកបន្តថាសហរដ្ឋអាមេរិកមិនអាចបោះបង់ចោលកត្តាណាមួយក្នុងចំណោមកត្តាទាំង៣នេះបានទេ។ តែបើតាមលោក Joseph Liow ជាសាស្ត្រាចារ្យផ្នែកនយោបាយអន្តរជាតិ មកពី សាកលវិទ្យាល័យ Singapore’s Nanyang Technological University (NTU) វាក៏អាចមានកត្តាទី៤ ផងដែរ នោះគឺ «នយោបាយក្នុងស្រុករបស់សហរដ្ឋអាមេរិក»។ អ្នកជំនាញរូបនេះ បញ្ជាក់ថា «ប្រសិនបើជម្លោះផ្ទុះឡើងក្នុងតំបន់សមុទ្រចិនខាងត្បូង ថាតើរដ្ឋាបាលអាមេរិកនឹងពន្យល់ប្រាប់ប្រជាជនរបស់ពួកគេ យ៉ាងដូចម្ដេចថាសហរដ្ឋអាមេរិកត្រូវតែធ្វើអន្តរគមន៍ នៅក្នុង ជម្លោះមួយដែលអាចនាំទៅរកសង្រ្គាមដោយផ្ទាល់ជាមួយចិន? ណាមួយធនធានរបស់សហរដ្ឋអាមេរិកក៏កំពុងតែខើចគួរសមដែរ ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន និងក្នុងតំបន់ហ្កាហ្សា ក្នុងបរិបទដែលមានការមិនពេញចិត្ត ក្នុងចំណោមប្រជាជនអាមេរិកភាគច្រើនចំពោះការលូកដៃរបស់អាមេរិកក្នុងសង្រ្គាមទាំង២នេះ។
ដូច្នេះប្រឈមមុខនឹងស្ថានការណ៍សព្វថ្ងៃ សហរដ្ឋអាមេរិកកំពុងស្ថិតនៅលើគោលជំហរមួយដ៏លំបាក ក្នុងការពិចារណាថាតើត្រូវតែធ្វើអន្តរាគមន៍ ឬក៏ឈរមើលផលប្រយោជន៍របស់ខ្លួន សាបរលាប ទៅតាមការកើនឡើងភាពតានតឹងក្នុងតំបន់សមុទ្រចិនខាងត្បូង។ និយាយបែបនេះ សហរដ្ឋអាមេរិកអាចនឹងត្រូវកំណត់តុល្យភាពរវាង «នៅស្ងៀមមិនធ្វើអ្វីសោះ និងការលូកដៃ ពេញទំហឹង»។ នេះបើតាមលោក Colin Koh ជាអ្នកជំនាញម្នាក់មកពីវិទ្យាស្ថាន RSIS។ តែសម្រាប់លោក Kevin Chen មកពីវិទ្យាស្ថាន RSIS ដែរ ការបណ្ដោយឱ្យចិនបន្តធ្វើតេស្ដលើ ព្រំដែនសកម្មភាពរបស់ខ្លួនក្នុងតំបន់សមុទ្រខាងត្បូង ជាមួយហ្វីលីពីន អាចនឹងបំផ្លាញដល់ផលប្រយោជន៍អាមេរិក នោះគឺអាចធ្វើឱ្យសហរដ្ឋអាមេរិកប្រថុយនឹងការបាត់បង់ផ្លូវពាណិជ្ជកម្ម ដ៏សំខាន់មួយឆ្លងកាត់តាមសមុទ្រចិនខាងត្បូង ធ្វើឱ្យសម្ព័ន្ធមិត្តបាត់បង់ជំនឿចិត្តចំពោះអាមេរិកក្នុងនាមជាដៃគូសន្តិសុខ និងបាត់បង់ការចូលប្រើប្រាស់មូលដ្ឋានយោធាក្នុងប្រទេសហ្វីលីពីន ដែលមានសារៈសំខាន់ជាទីបំផុតនៅក្នុងករណីជម្លោះតៃវ៉ាន់ផ្ទុះឡើង។ នៅត្រង់នេះអ្នកខាតបង់ច្រើន មិនមែនមានតែហ្វីលីពីនទេ តែសហរដ្ឋអាមេរិកក៏អាចនឹងបាត់បង់ការជឿទុកចិត្តពី សម្ព័ន្ធមិត្តក្នុងតំបន់ផងដែរ។
ហ្វីលីពីនវិញបានធ្វើអំពាវនាវម្ដងហើយម្ដងទៀតឱ្យសហរដ្ឋអាមេរិកលូកដៃធ្វើអន្តរាគមន៍។ កាលពីឆ្នាំ២០២៣ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បាននិយាយថា សន្ធិសញ្ញាយោធាដែលមានស្រាប់ ចាំបាច់ត្រូវតែកែសម្រួលបន្ថែម នៅចំពោះមុខជម្លោះនៅសមុទ្រចិនខាងត្បូង និងការគំរាមកំហែងនៅតំបន់ដទៃទៀត។ ប៉ុន្តែ ក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មាន Bloomberg កាលពីសប្ដាហ៍មុន លោក Marcos បាននិយាយថាខណៈមានការគាំទ្រយ៉ាងខ្លាំងពីសហរដ្ឋអាមេរិកមែនពិត តែហ្វីលីពីនមិនអាចពឹងផ្អែកទាំងស្រុងលើសម្ព័ន្ធមិត្ត របស់ខ្លួន ក្នុងករណីជម្លោះផ្ទុះឡើងទេ។ «ជារឿងគ្រោះថ្នាក់បំផុតសម្រាប់អ្នកដែលគិតថានៅពេលមានបញ្ហាកើតឡើង យើងនឹងរត់រកបងធំឱ្យជួយ»។ នេះជាការបញ្ជាក់របស់លោក Marcos។ សម្រាប់អ្នកជំនាញដូចជា លោក Joseph Liow វាពិតជាមានហានិភ័យធំណាស់ បើសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ ដ្បិតការផ្ទុះសង្រ្គាមរវាងមហាអំណាចទាំង២ ជាគ្រោះថ្នាក់ធំបំផុត សម្រាប់ពិភពលោក។ លោក Liow បន្ថែមថាវាមិនមានផលប្រយោជន៍អ្វីទេដែលសហរដ្ឋអាមេរិកត្រូវធ្វើសង្រ្គាមជាមួយចិន រីឯចិនវិញក៏គ្មានប្រយោជន៍អ្វីដែរដែលត្រូវធ្វើសង្រ្គាមជាមួយ សហរដ្ឋអាមេរិក។ ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សហរដ្ឋអាមេរិកបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយចិន ហើយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានលើកឡើងអំឡុងសុន្ទរកថាស្ដីពីស្ថានភាពប្រទេសជាតិទៅកាន់សភាកាលពីពេលថ្មីៗនេះថាលោកកំពុងប្រកួតប្រជែង តែមិនមែនស្វែងរកជម្លោះជាមួយចិននោះទេ។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ការវាយប្រហារ ឬការប៉ះទង្គិចគ្នារវាងចិន និងហ្វីលីពីនក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ អាចនឹងធ្វើឱ្យសហរដ្ឋអាមេរិក គ្មានជម្រើស ដោយប្រសិនបើមិនគាំទ្រ ឬមិនធ្វើអន្តរាគមន៍ជួយសម្ព័ន្ធមិត្តរបស់ខ្លួនដូចដែលខ្លួនបានអះអាងទេ នោះការជឿជាក់ និងភាពជាមេដឹកនាំរបស់សហរដ្ឋអាមេរិក អាចនឹងត្រូវរង្គោះរង្គើរ ហើយក៏ប្រហែលជាមិនអាចជួលជុលឡើងវិញបាននោះដែរ៕ ប្រភព៖ Fresh News