Grand News Asia Close

សម្ដេចតេជោ ហ៊ុន សែន៖ ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង ដល់កម្រិតដែលមិនអាចបំបែកបាន

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 615
សម្ដេចតេជោ ហ៊ុន សែន៖ ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង ដល់កម្រិតដែលមិនអាចបំបែកបាន សម្ដេចតេជោ ហ៊ុន សែន៖ ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង ដល់កម្រិតដែលមិនអាចបំបែកបាន

(ភ្នំពេញ)​៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន ដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង បានរីកចម្រើនរហូតដល់កម្រិត ដែលមិនអាចបំបែកបាន។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ទំនាក់ទំនងនេះស័ក្តិសមនឹងគុណតម្លៃ នៃការជឿទុកចិត្តគ្នា ជាពិសេសទំនុកចិត្តខាងនយោបាយ។ ជំនួយរបស់ប្រទេសចិន ដល់ប្រទេសកម្ពុជា មិនត្រឹមតែជួយអភិវឌុ្ឍសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំង ជួយពង្រឹងឯករាជ្យភាព ខាងនយោបាយរបស់កម្ពុជាទៀតផង។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់សាជាថ្មីថា ទោះមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីនៅកម្ពុជាក៏ដោយ ក៏ពុំមានការផ្លាស់ប្ដូរគោលជំហរ ក្នុងទំនាក់ទំនងកម្ពុជា ជាមួយចិននោះឡើយ និង ជូនពរមិត្តភាព កម្ពុជា-ចិន ស្ថិតស្ថេរជាអមតៈ។

ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការ ទប់ស្កាត់ជំងឺកូវីដ១៩ សម្ដេចតេជោ បានសម្ដែងនូវការអរគុណចំពោះមិត្តចិន ដែលធ្វើឲ្យកម្ពុជា អាចទប់ទល់នឹងជំងឺនេះ បានប្រកបដោយភាពជោគជ័យ។ សម្ដេចតេជោ ក៏បានកោតសរសើរ លោកឯកអគ្គរដ្ឋទូត ដែលបានជួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ កន្លងទៅនេះ។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសុំឲ្យលោកពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេច ទៅកាន់ប្រធានាធិបតីចិន ស៊ី ជីនពីង, នាយករដ្ឋមន្ត្រី លី ឈាង និងថ្នាក់ដឹកនាំចិនដទៃទៀត និងសូមជូនពរ លោកមានសុខភាពល្អ បន្តនូវភាពជោគជ័យជាបន្តបន្ទាប់ទៀត និងសង្ឃឹមថា លោកនឹងត្រឡប់មកប្រទេសកម្ពុជា និងមានវត្តមាននៅកម្ពុជា នាពេលខាងមុខ។

លោក Wang Wentian ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកប្រធានាធិបតី ស៊ី ជីនពីង លោកនាយករដ្ឋមន្ត្រី លី ឈាង ជូនសម្ដេចតេជោ។

លោកក៏បានសម្ដែងការអបអរសាទរ ចំពោះជោគជ័យ យ៉ាងត្រចះត្រចង់ នៃការបោះឆ្នោតបន្តបន្ទាប់ របស់គណបក្សប្រជាជនកម្ពុជា ជាពិសេស ការបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភា នាខែកុម្ភៈកន្លងមក ដែលជាសក្ខីភាព នៃការទុកចិត្តរបស់ប្រជាជនកម្ពុជា ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លោក Wang Wentian បានសង្កត់បញ្ជាក់ថា ចិន និងកម្ពុជា គឺជាមិត្តប្រពៃណី និងមិត្តដែកថែប។ លោកមានកិត្តិយសបំផុត ក្នុងជីវិតរបស់លោក ដែលបានធ្វើជា ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា និងត្រូវបានផ្តល់ឱកាស ឲ្យចូលរួមលើកកម្ពស់ទំនាក់ទំនងចិន-កម្ពុជា និងចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា៕

អត្ថបទទាក់ទង