Grand News Asia Close

កិច្ចសម្ភាសន៍ផ្តាច់មុខ ជាមួយវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG) និងទីភ្នាក់ងារព័ត៌មានស៊ីនហួរ ដើម្បីអបអរសាទរខួបលើកទី ៧០ ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩ កិច្ចសម្ភាសន៍ សម្រង់ប្រសាសន៍ 510
កិច្ចសម្ភាសន៍ផ្តាច់មុខ ជាមួយវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG) និងទីភ្នាក់ងារព័ត៌មានស៊ីនហួរ ដើម្បីអបអរសាទរខួបលើកទី ៧០ ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន កិច្ចសម្ភាសន៍ផ្តាច់មុខ ជាមួយវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG) និងទីភ្នាក់ងារព័ត៌មានស៊ីនហួរ ដើម្បីអបអរសាទរខួបលើកទី ៧០ ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

CNV: 

សំណួរ ១៖ … ខ្ញុំបាទសុំការអនុញ្ញាត ជំរាបសួរសម្ដេចនូវសំណួរទី ១។ ឆ្នាំនេះ ជាខួបឆ្នាំទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន តើសម្ដេចមានការចាប់អារម្មណ៍ផ្ទាល់ខ្លួនដូចម្ដេចខ្លះ ស្ដីពីសមិទ្ធផលត្រូវទទួលបាននៃការអភិវឌ្ឍរបស់ប្រទេសចិនរយៈពេល ៧០ ឆ្នាំកន្លងមក? តើមានវិស័យអ្វីខ្លះធ្វើឱ្យសម្ដេចមានការចាប់អារម្មណ៍ខ្លាំង?

អរគុណជាមួយនឹងសំណួរនេះ ហើយដំបូង សម្រាប់យើងជាកម្ពុជា បើទោះបីថា យើងជាប្រទេសដោយឡែក ក៏យើងមានរីករាយ និងការជូនពរ ជាមួយនឹងរយៈពេល ៧០ ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ បើយើងពិនិត្យអំពីដំណាក់កាលឆ្លងកាត់ ការដែលចិនបានរើបម្រះរួចចេញពីស្ថានភាពដ៏លំបាក ហើយបង្កើតបានទៅជាសាធារណរដ្ឋប្រជាមានិតចិន ចំពេលវេលា ដែលបណ្ដាប្រទេសនៅក្នុងក្របខណ្ឌអាស៊ីអាគ្នេយ៍ ក៏ដូចជាអាស៊ី និងតំបន់ដទៃទៀត កំពុងរើបម្រះទាមទារនូវឯករាជ្យ។ ដូច្នេះ ការបង្កើតឡើងនូវសាធារណរដ្ឋប្រជាមានិតចិន កាលពី ៧០ ឆ្នាំមុននោះ ក៏បានបង្កើតទៅជាមូលដ្ឋានជំនឿទុកចិត្តមួយនៃបណ្ដារដ្ឋ ដែលកំពុងស្ថិតនៅក្រោមអាណានិគមនាពេលនោះ។

បន្តទៅទៀត សាធារណរដ្ឋប្រជាមានិតចិនបានដើរតួនាទីមួយដ៏សំខាន់នៅក្នុងការចូលរួមចំណែក ដើម្បីសន្តិភាពនៅក្នុងតំបន់នេះ ជាពិសេស នៅក្នុងដំណាក់កាលនៃទសវត្សរ៍ ៦០ ទសវត្សរ៍ ៧០ នៅពេលដែលសង្រ្គាមឥណ្ឌូចិននៅបន្ត។ អាចនិយាយបានថា បង្អែកសម្រាប់ចលនាតស៊ូនៅពេលនោះ ភាគច្រើនចេញមកពីបណ្ដាប្រទេសសង្គមនិយម ចាប់ពីការប្រឆាំងអាណានិគមនិយមដើម្បីឯករាជ្យ ក៏ដូចជាការប្រឆាំងការឈ្លានពានរបស់បរទេសនៅក្នុងទសវត្សរ៍ ៦០ ទសវត្សរ៍ ៧០។

សម្រាប់ការរីកលូតលាស់ រីកធំធាត់របស់សាធារណរដ្ឋប្រជាមានិតចិន គឺជារឿងអស្ចារ្យណាស់ ដែលគេអាចបង្ហាញឃើញអំពីតួនាទី នៅត្រង់ថា ទំហំផ្ទៃដីរបស់ចិនប្រហែលមិនដល់ ១០% នៃផ្ទៃដីពិភពលោកនោះទេ ក៏ប៉ុន្តែ ចិនបានចិញ្ចឹមប្រជាពលរដ្ឋប្រមាណជិត ២០% ឯណោះ។ នោះហើយគឺជាសមិទ្ធផលដែលពួកគេមិនអាចមើលរំលងពីទិដ្ឋភាពបែបនេះ … អាចចាត់ទុកជាសមិទ្ធផលដ៏អស្ចារ្យ ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន។

អ្វីដែលសំខាន់ជាងនេះទៀតនោះ ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺចិនបានហក់ឡើងក្នុងឋានៈជាប្រទេសដែលមានទំហំសេដ្ឋកិច្ចកម្រិតទី ២ នៃពិភពលោក ដែលប្រហែលជា ១០ ទៅ ២០ ឆ្នាំមុននោះ គ្មានអ្នកណានឹកស្មានដល់ថា ចិនអាចដើរដល់កម្រិតប៉ុណ្ណេះទេ។ នេះជាចំណុចដែលយើងត្រូវមើលឃើញអំពីល្បឿននៃការហក់ឡើងរបស់សាធារណរដ្ឋប្រជាមានិតចិនលើគ្រប់វិស័យ។ ក្នុងហ្នឹង វិស័យសេដ្ឋកិច្ច ជីវភាពប្រជាជន មានការកើនឡើងគួរឱ្យកត់សម្គាល់។ ក្រៅពីការអភិវឌ្ឍប្រទេសខ្លួនឯង ចិននៅបានដើរតួនាទីសំខាន់ៗ នៅក្នុងការនាំមកនូវវិបុលភាពសម្រាប់តំបន់ និងពិភពលោក។

ខ្ញុំមានការកត់សម្គាល់ ២ យ៉ាង៖ កត់សម្គាល់ទី ១ នៅក្នុងឆ្នាំ ១៩៩៧-១៩៩៨ ពេលនោះ មានវិបត្តិហិរញ្ញវត្ថុអាស៊ី ប្រសិនបើពេលនោះ ចិនមានវិបត្តិហិរញ្ញវត្ថុដូចគ្នា ប្រហែលជាតំបន់អាស៊ីជួបការលំបាក ប៉ុន្តែផ្ទុយទៅវិញ ចិនមិនបានជួបនឹងវិបត្តិហិរញ្ញវត្ថុនោះទេ។ ដូច្នេះធ្វើឱ្យបណ្ដាប្រទេសនៅក្នុងក្របខណ្ឌអាស៊ីនេះ មានការងើបឡើងវិញយ៉ាងឆាប់ តាមរយៈតួនាទី និងកំណើនសេដ្ឋកិច្ចរបស់ចិន​។ ដំណាក់កាលទី ២ គឺវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុសកល ដែលបានកើតក្នុងរង្វង់ឆ្នាំ ២០០៨-២០០៩ ជាថ្មីម្ដងទៀត ចិនបានដើរតួនាទីក្នុងការសង្រ្គោះ។ ម្ដងនេះមិនមែនសង្រ្គោះត្រឹមតែសេដ្ឋកិច្ចនៃតំបន់អាស៊ីទេ ក៏ប៉ុន្តែ ចិនបានឈានទៅជួយសង្រ្គោះពិភពលោកតែម្ដង។ ពេលនោះ សហរដ្ឋអាមេរិក អឺរ៉ុប មានការធ្លាក់ចុះយ៉ាងខ្លាំងនៃកំណើនសេដ្ឋកិច្ច ដែលនាំទៅដល់វិបត្តិ។ ក៏ប៉ុន្តែ តំបន់អាស៊ីរបស់យើងមិនទទួលរងនូវវិបត្តិធ្ងន់ធ្ងរណាមួយទេ ដែលកត្តាសម្អាងរបស់យើង គឺការបន្តកើនឡើងនៃសេដ្ឋកិច្ចរបស់ចិន រួមនឹងការកើនឡើងនៃសេដ្ឋកិច្ចរបស់ឥណ្ឌា ក៏ដូចជាការកើនឡើងនៃបណ្ដាសេដ្ឋកិច្ចនៅក្នុងតំបន់ ជាពិសេសជាងនេះទៀត គឺកំណើនសេដ្ឋកិច្ចរបស់ចិនមិនថមថយ។ នោះហើយគឺជាការទប់ទល់នូវវិបត្តិសម្រាប់តំបន់ផង ហើយក៏ជាផ្នែកមួយ នៃការជួយទប់ទល់វិបត្តិ ដែលរីករាលដាលពីសហរដ្ឋអាមេរិក ដល់អឺរ៉ុប។ ចំណុចនេះ ជាចំណុចដែលខ្ញុំគួរតែត្រូវបាននិយាយថា ចិនបានដើរតួនាទីជួយខ្លួនឯងផង និងជួយដល់ពិភពលោក ជួយដល់តំបន់ផង។

ចុងក្រោយនេះ គំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតី ស៊ី ជីនពីង លើបញ្ហាពាក់ព័ន្ធជាមួយនឹងខ្សែក្រវាត់ និងផ្លូវ ក៏ដូចជាផ្លូវសូត្រសតវត្សរ៍ទី ២១ បានផ្ដល់ឱ្យប្រទេសជាច្រើនដែលមានការយកចិត្តទុកដាក់ ជាមួយនឹងគម្រោងសហប្រតិបត្តិការ និងគម្រោងនេះ ទទួលបាននូវផលប្រយោជន៍ ដូចជាកម្ពុជា និងបណ្ដាប្រទេសផ្សេងទៀតនៅក្នុងតំបន់ ទទួលបាននូវផលប្រយោជន៍ពីគម្រោងនេះ។ គម្រោងនេះ ខ្ញុំបានចូលរួមប្រជុំ ២ ដង កាលពីឆ្នាំ ២០១៧ ហើយនិងខែមេសា ឆ្នាំ ២០១៩ កន្លងទៅនេះ ខ្ញុំឃើញថា ប្រទេសជាច្រើនកាន់តែមានការចូលរួមជាមួយនឹងគំនិតផ្ដួចផ្ដើមទាក់ទិននឹងខ្សែក្រវាត់មួយ ផ្លូវមួយ។ ហើយកម្ពុជាក៏ជាអ្នកទទួលផលនៃការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់ចិន។

សរុបមក អាចនិយាយបានថា ចិនបានឆ្លងផុតដំណាក់កាលពីការអភិវឌ្ឍដែលមានការយឺតយ៉ាវ មកកាន់ជាប្រទេសដែលមានការអភិវឌ្ឍខ្ពស់រួចស្រេចទៅហើយ។ ហើយនេះហើយ គឺជាការដែលកម្ពុជាខ្លួនខ្ញ៉ុំក្នុងឋានៈជាមិត្តភក្តិមួយរបស់ចិន ក៏សូមជូនពរដល់ប្រជាជនចិន បក្សកុម្មុយនីស្ត ក៏ដូចជារដ្ឋាភិបាល និងប្រជាជនចិនទទួលនូវសមិទ្ធផលកាន់តែធំធេងថែមទៀត សម្រាប់ជាឆ្នាំបន្ត ដើម្បីជួយដល់ប្រជាជនចិនរីកលូតលាស់ខ្លួនឯងផង និងជួយទៅបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរ។

សំណួរ ២៖ ប្រទេសចិន និងប្រទេសកម្ពុជា គឺជាមិត្តល្អតាំងពីបុរាណកាលរៀងមក ក្រោយពីសាធារណរដ្ឋប្រជាមានិតចិនបង្កើតឡើង ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឆ្លងកាត់បទពិសោធន៍នីមួយៗ និងវិវឌ្ឍកាន់តែរីកចម្រើនឡើង តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្នកាល។ តើសម្តេចអាចចែករំលែកបទពិសោធន៍ខ្លះៗ ស្តីពីការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលបានធ្វើឱ្យសម្តេចមានការចាប់អារម្មណ៍ខ្លាំង និងជ្រាលជ្រៅបំផុត?

ខ្ញុំហាក់ដូចជានៅចាំបានថា ចិនមានសុភាសិតមួយ ឬក៏មានពាក្យមួយ … ចេញពីអ្នកប្រាជ្ញរបស់ចិន ដែលបាននិយាយពាក្យថា «ដំណើរផ្លូវឆ្ងាយទើបដឹងកម្លាំងសេះ»។ យើងទើបនឹងធ្វើខួបទី ៦០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងចិនកាលពីឆ្នាំ ២០១៨ កន្លងទៅ។ អាចនិយាយបានថាទំនាក់ទំនងកម្ពុជា និងចិន ពិនិត្យមើលក្នុងប្រវត្តិអតីតកាលសម្ដេចព្រះនរោត្តម សីហនុ ព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋ បានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន តាំងពីពេលដែលសាធារណរដ្ឋប្រជាមានិតចិនមិនទាន់បានក្លាយទៅជាសមាជិកអង្គការសហប្រជាជាតិឯណោះ។ ចំណុចនេះជាចំណុច ដែលខ្ញុំមានការគោរពខ្លាំងណាស់ ចំពោះទស្សនវិស័យរបស់សម្ដេចឪ សម្តេចតា សម្តេចតាទួត គឺអតីតព្រះមហាក្សត្រ ក៏ដូចជាព្រះប្រមុខរដ្ឋរបស់កម្ពុជា គឺសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ហេតុអីបានជាព្រះអង្គពេលនោះមិនទទួលស្គាល់តៃវ៉ាន់ ដែលជាសមាជិកអចិន្រៃ្តយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបែរមកទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ដែលពេលនោះមិនមែនជាសមាជិកអង្គការសហប្រជាជាតិ តែកំពុងតស៊ូ ដើម្បីឈានឆ្ពោះទៅធ្វើជាតំណាងរបស់ចិននៅឯអង្គការសហប្រជាជាតិ? ដូច្នេះសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានយកនូវទិសដៅនយោបាយមួយជាក់លាក់របស់ព្រះអង្គ ដោយមិនព្រមទទួលស្គាល់តៃវ៉ាន់ ដែលជាតំណាងនៅអង្គការសហប្រជាជាតិនៅពេលនោះ បែរជាទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន។

ក្រោយមកទៀតគឺដល់ដំណាក់កាល មានការប្រែប្រួលនៅក្នុងប្រទេសកម្ពុជាយើង វាជារឿងមួយទៅហើយ ប៉ុន្តែ រឿងបន្តបន្ទាប់មកទៀតគឺដល់ដំណាក់កាលខ្លួនខ្ញុំតែម្តង ដែលនៅឆ្នាំ ១៩៩៦ នៅពេលដែលខ្ញ៉ុំទស្សនកិច្ចទៅកាន់ប្រទេសចិន ពេលនោះខ្ញុំ និងបានជួបជាមួយឯកឧត្តម ហ្សាង ស៊ីមិញ ដែលគាត់ជាអគ្គលេខា​ធិ​ការ ក៏ដូចជាប្រធានរដ្ឋចិននៅពេលនោះ។ គាត់បានហៅខ្ញុំថា «ឯកឧត្តម ហ៊ុន សែន ជាមិត្តចាស់របស់ចិន»។ ខ្ញុំគិតថា បញ្ហាធំរបស់យើង ដែលយើងអនុវត្តជាមួយនឹងគោលនយោបាយចិនមួយ នេះជាចំណុចពិសេសដែលមិនអាចនឹងបំពានបានទៅលើបញ្ហានេះនោះទេ។ ចិនមិនត្រូវការអ្វីពីកម្ពុជានោះទេ តែអ្វីដែលចិនត្រូវការ គឺការស្មោះត្រង់ជាមួយគ្នា គឺមិនចាប់ដៃជាន់ជើង។ ចំណុចនេះ ខ្ញុំតែងតែប្រាប់ទៅក្នុងសហការីរបស់ខ្ញុំ ទាំងក្នុងគណបក្ស និងក្នុងរដ្ឋាភិបាលថា បើយើងទាក់ទងជាមួយនឹងរដ្ឋាភិបាលរបស់សាធារណរដ្ឋប្រជាមានិតចិននៅក្រុងប៉េកាំង យើងកុំមានការភ័ន្តច្រឡំណាមួយទៅដាក់ទំនាក់ទំនងណាមួយជាមួយនឹងតៃវ៉ាន់ឱ្យសោះ ត្រូវប្រកាន់ខ្ជាប់នូវនយោបាយចិនមួយ។ ការអនុវត្តនូវនយោបាយចិនមួយ ជាការគោ​រពអធិបតេយ្យភាពរបស់ចិន។ ការគោរពអធិបតេយ្យភាពរបស់ចិន វាមានតម្លៃស្មើនឹងការគោរពអធិប​តេយ្យភាពរបស់កម្ពុជាខ្លួនឯង។ ខ្ញុំលើកឧទាហរណ៍ថាប្រ​សិនបើមានប្រទេសណាមួយ ចង់កាត់ផ្តាច់ខេត្តណាមួយរបស់កម្ពុជា ចេញទៅជារដ្ឋឯករាជ្យ សួរថា កម្ពុជាមានការខឹងទេ មានការតូចចិត្តទេ មានការជំទាស់ទេ? ពិតជាមានការខឹង មានការតូចចិត្ត ហើយមានការជំទាស់​។ ចិនក៏ដូចគ្នាដែរ ប្រសិនបើមានការប៉ុនប៉ងឱ្យតៃវ៉ាន់បង្កើតទៅជារដ្ឋឯករាជ្យមួយនោះ ចិនពិតជា មិនយល់ស្របទេ។

ដូច្នេះនេះជាតម្លៃដែលសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានត្រួសត្រាយកាលពីពេលមុន ហើយខ្ញុំក៏ដូចជាសម្តេច ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្តវេនពីសម្តេច ព្រះនរោត្តម សីហនុ ជារៀងរហូតមក។ អ្នកអាចឃើញនៅប្រទេសកម្ពុជាមានអ្នករកស៊ីមកពីតៃវ៉ាន់ មានក្រុមហ៊ុនហោះហើរមកពីតៃវ៉ាន់ ក៏ប៉ុន្តែ ពួកគេគ្មានស្ថានតំណាងពាណិជ្ជកម្ម ឬស្ថានតំណាងបែបណាមួយនៅក្នុងប្រទេសកម្ពុជានោះទេ។ នេះគឺជាភាព ដែលកម្ពុជាផ្តល់នូវតម្លៃខ្ពស់សម្រាប់ការអនុវត្តគោលនយោបាយចិន។

កត្តាទាក់ទាញរបស់ខ្ញុំ ជាមួយនឹងទំនាក់ទំនងជាមួយចិន នៅត្រង់ថា ចិនជាប្រទេសមួយធំ ជាប្រទេសមួយ​ដែលមានការអភិវឌ្ឍ ក៏ប៉ុន្តែ ខ្ញុំបានធ្វើការជាមួយនឹងមេដឹកនាំចិនប្រកបដោយសមភាព។ បើទោះបីយើងជាប្រទេសតូច ត្រូវពឹងពាក់ប្រទេសធំ ហើយជួនកាលខ្ញុំធ្វើការជាមួយនឹងអ្នកមានវ័យចំណាស់ជាងខ្ញុំតាំងពីជំនាន់ឯកឧត្តម ហ្សាង ស៊ីមិញ,  ហ៊ូ ចិនតាវ ពីរនាយករដ្ឋមន្រ្តីដែលបានកន្លង ផុតមាន លីំ ផឹង, ជូ យ៉ុងជី, វ៉េន ជាបាវ អ្នកទាំងគ្នាសុទ្ធតែសំដែងនូវការគោរព មិនគិតថា យើងជាប្រទេសតូច ហើយមានវ័យក្មេងជាងនោះទេ។

ចិនមានទម្លាប់មួយគឺធ្វើច្រើន និយាយតិច។ ដូច្នេះត្រង់ចំណុចនេះ ជាចំណុចដែលយើងផ្តល់ការគោរព។ ចំណុចនេះបានធ្វើយើងអាចនៅជាមួយគ្នា​ សាមគ្គីភាពគ្នា ធ្វើការជាមួយគ្នាក្នុងភាពយូរអង្វែង។ ខ្ញុំនិយាយនេះគឺមិនទាន់គ្រប់គ្រាន់ទៅនឹងអ្វីដែលជាការពិតនោះទេ ក៏ប៉ុន្តែវាអាចបង្ហាញឱ្យដឹងថា តើពីខាងចិនមានអ្វីសម្រាប់ទាក់ទាញយើង ហើយពីខាងចិនមានតម្រូវការអ្វីពីយើង? ចំណុចវាបានរត់រកគ្នាទៅលើការគោរពឯករាជ្យ អធិបតេយ្យភាព និងផលប្រយោជន៍ទៅវិញទៅមក។ នេះគឺជាចំណុចពិសេសក្នុងទំនាក់ទំនងរបស់យើង។

សំណួរ ៣៖ ចាប់ផ្តើមពីសាធារណរដ្ឋប្រជាមានិតចិនបង្កើតឡើងមក ប្រទេសចិនបានឈរយ៉ាងខ្លាំងគោលការណ៍​ ៥ ប្រការ នៃការរស់នៅដោយសន្តិភាព ចាត់ទុកគ្នាដោយស្មើភាព ទទួលផលប្រយោជន៍ទៅវិញទៅមក រហូតបន្តជំនួយឥតសំណងជាច្រើនលើគ្រប់វិស័យ … តើសម្តេចយល់ថា ជំនួយរបស់ប្រទេសចិនបានដើរតួនាទីអី្វខ្លះដល់ការរីកចម្រើននៃសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា?

ចំណុចនេះហើយជាចំណុចដែលខ្ញុំបាននិយាយពីខាងលើអម្បាញ់មិញ។ ចិនបានផ្តល់ជំនួយសម្រាប់យើង ដោយគ្មានការភ្ជាប់លក្ខខណ្ឌណាមួយជាមួយយើងទេ។ គោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាពរបស់​ចិន គឺជាចំណុចពិសេសដែលប្រទេសកម្ពុជា ក៏ដូចជាប្រទេសមិត្តភក្តិដទៃទៀតតែងតែធ្វើការជាមួយចិនបានយ៉ាងល្អ។ គ្មានលក្ខខណ្ឌតម្រូវណាមួយ ថាកម្ពុជាគួរធ្វើនេះ គួរធ្វើនោះនោះទេ ប៉ុន្តែ ចិនបានគោរពនូវការសម្រេចចិត្តរបស់យើង។ ឧទាហរណ៍​ ជំនួយឥតសំណងចង់ធ្វើអ្វី? កម្ចីឥណទានចង់ធ្វើអ្វី? គឺសម្រេចទៅលើកម្ពុជា ជាអ្នកសម្រេចទៅលើបញ្ហានេះ។

បើនិយាយពីកម្ពុជាសព្វថ្ងៃ ខ្ញុំតែងលើកជាញឹកញាប់ហើយថា ប្រសិនបើពុំមានជំនួយរបស់ចិន និងការឧបត្ថម្ភរបស់ចិនទេ សួរថា មកដល់ពេលនេះ តើកម្ពុជាមានផ្លូវថ្នល់ប្រមាណជាង ៣០០០ គីឡូម៉ែត្រ និងស្ពានធំៗដែលឆ្លងកាត់ទន្លេ ជំនួសឱ្យផ្លូវដែលគ្មានកាលពីពេលមុន និងស្ពានដែលគ្មានពីពេលមុនឬអត់? ហេដ្ឋារចនាសម្ព័ន្ធដែលកម្ពុជាទទួលបានពីជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន គឺបានជួយជម្រុញនូវសេដ្ឋកិច្ចរបស់កម្ពុជាខ្លាំងណាស់។ អស់លោកអាចពិនិត្យមើល ការតភ្ជាប់ផ្ទៃក្នុងរបស់កម្ពុជាខ្លួនឯង ពឹងអាស្រ័យយ៉ាងខ្លាំងទៅលើជំនួយឧបត្ថម្ភរបស់សាធារណរដ្ឋប្រជាមានិតចិន។ ផ្លូវប្រវែងប្រមាណជាង ៣០០០ គីឡូម៉ែត្រនេះ គឺតភ្ជាប់ផ្ទៃក្នុង ដែលធ្វើឱ្យកម្ពុជាអាចសមាហរណកម្មខ្លួនឯងបាន។

បន្ថែមលើនោះ ចិនក៏បានជួយធ្វើឱ្យយើងបានតភ្ជាប់រវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសជិតខាងនៅក្នុងតំបន់។ នៅក្នុងសន្និសីទអន្តរជាតិ ក៏ដូចជានៅទីណាក៏ដោយ គេនិយាយអំពីការតភ្ជាប់ ក៏ប៉ុន្តែ ពាក្យតភ្ជាប់ វាចាំបាច់ត្រូវមានទុន។ កម្ពុជាពុំមានទុនគ្រប់គ្រាន់ទេ។ អញ្ចឹង យើងត្រូវពឹងពាក់ពីមិត្តភក្តិ ក្នុងហ្នឹងពឹងពាក់ច្រើនជាងគេ គឺពឹងពាក់មិត្តភក្តិសាធារណរដ្ឋប្រជាមានិតចិន ដើម្បីតភ្ជាប់ផ្ទៃក្នុងផង និងតភ្ជាប់យើងជាមួយនឹងប្រទេសថៃ តភ្ជាប់យើងជាមួយប្រទេសវៀតណាម និងតភ្ជាប់យើងជាមួយនឹងប្រទេសឡាវ ដែលជាចំណុចដ៏សំខាន់នៅក្នុងរបៀបវារៈអាស៊ាន ក៏ដូចជា សមាហរណកម្មនៅក្នុងក្របខណ្ឌតំបន់មេគង្គរបស់យើង ឬក៏អាចនិយាយបានថា​ នៅក្នុងទូទាំងអាស៊ីតែម្តង។

ខ្ញុំពិតជាមានការរីករាយដែលបានធ្វើការជាមួយមិត្តចិន ហើយក្នុងលក្ខណៈដោយមិនមានការភ្ជាប់លក្ខ​ខណ្ឌតម្រូវ។ ពិតហើយ មានមនុស្សមួយចំនួនបាននិយាយជាមួយយើង បាននិយាយដាក់ផ្លែដាក់ផ្កាឱ្យយើងថា នេះគឺនឹងក្លាយទៅជាអន្ទាក់បំណុលរបស់ចិន។ ក៏ប៉ុន្តែ កុំភ្លេចថា​ តើប្រទេសប៉ុន្មានដែលមិនជំ ពាក់បំណុលបរទេស? តើប្រទេសប៉ុន្មានដែលមិនជំពាក់បំណុលរបស់ចិន? មានប្រទេសមួយចំនួន ជំពាក់បំណុលច្រើនជាងកម្ពុជាទៅទៀត។ ក៏ប៉ុន្តែ ខ្ញុំមិនជឿថា កម្ពុជា​នឹងអាចទៅធ្លាក់ក្នុងអន្ទាក់បំណុល របស់ចិន ក្នុងពេលដែលយើងមានការខ្ចីដោយមានការគ្រប់គ្រងហ្មត់ចត់ ហើយមិត្តចិនក៏បានធ្វើការជាមួយ យើងដោយហ្មត់ចត់។ យើងមិនអនុញ្ញាតឱ្យ(មាន)ការខ្ចីលើសពិដាន ដែលកំណត់ឱ្យខ្ចីនោះទេ។ អនុបាតបំណុលត្រូវខ្ចី ៤០% ប៉ុន្តែ មកដល់ពេលនេះកម្ពុជាទើបតែនឹងខ្ចីគេត្រឹមតែ ២៣% តែប៉ុណ្ណោះ រាប់ទាំងបំណុលចាស់របស់អាមេរិក និងបំណុលចាស់របស់អតីតសហភាពសូវៀត។ អនុបាតបំណុលរបស់យើងទើបនឹងស្មើ ២៣% ប្រៀបធៀបទៅនឹងអនុបាត ដែលអនុញ្ញាតឱ្យខ្ចីទៅដល់ ៤០%។ ប៉ុន្តែប្រទេសខ្លះនៅលើពិភពលោកសព្វថ្ងៃជំពាក់បំណុលគេរហូតទៅដល់ ១០០%, ២០០%, ៣០០% ទៅហើយ។ អញ្ចឹងទេ ខ្ញុំគួរតែជូនសារទៅអ្នក​បន្តុះបង្អាប់កម្ពុជាថា កម្ពុជានឹងធ្លាក់ទៅក្នុងអន្ទាក់បំណុលរបស់ចិន គឺអ្នកមិនប្រាកដនិយម។ អ្នកហាក់ដូចជាមើលស្រាលចំពោះកម្ពុជា​ ក៏ដូចជាមើលស្រាលចំពោះឥរិយាបថរបស់ចិន ក្នុងឋានៈជាអ្នកផ្តល់ទុនទៅឱ្យបណ្តាប្រទេសនានាដែលបានទទួលការអភិវឌ្ឍ។

សំណួរ ៤៖ ជានិច្ចកាល ប្រទេសចិនបានប្រកាន់ខ្ជាប់នូវគោលនយោបាយប្រកបដោយសន្តិវិធី ហើយក៏​បានជម្រុញ និងអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសជិតខាង​ ដោយប្រកាន់ខ្ជាប់នូវគំនិត​រាប់អានគ្នា មានភាពស្មោះត្រង់ ការទទួលផលប្រយោជន៍ជាមួយគ្នា​ យោគយល់ និងអធ្យាស្រ័យគ្នា​។ តើសម្តេចអាចវាយតម្លៃយ៉ាងដូចម្តេច ចំពោះតួនាទីរបស់ប្រទេសចិននៅក្នុងស្ថានការណ៍សន្តិសុខនៅក្នុងតំបន់ និងឆាកអន្តរជាតិ?

ចំណុចគោលនយោបាយដែលលោកបានលើកឡើងក្នុងសំណួរនោះហើយ ដែលជាមូលដ្ឋានធ្វើឱ្យមិត្តចិនមានមិត្តភក្តិកាន់តែច្រើនទៅៗ ដោយគោរពផល​ប្រយោជន៍របស់គ្នា ហើយដោយមិនបំពានគ្នា​។ បើនិ​យាយនៅក្នុងក្របខណ្ឌតំបន់ ខ្ញុំលើកគ្រាន់តែ ២ ចំណុចទាក់ទិនជាមួយនឹងតំបន់ពាណិជ្ជកម្មសេរី អាស៊ាន-ចិន តើអ្នកណាទទួលផលប្រយោជន៍ពិតប្រាកដ អំពីបញ្ហាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន? គឺបណ្ដាប្រទេសអាស៊ានទេ ដែលទទួលផលប្រយោជន៍ច្រើនជាងចិនទៅទៀត ព្រោះទំហំពាណិជ្ជកម្មទ្វេ ទិសនេះវាធំ។ បើយើងយកមកពិនិត្យ ចិននាំចូលមកពីបណ្តាប្រទេសអាស៊ាន ច្រើនជាងអាស៊ាននាំចេញពីចិន។ ចំណុចនេះគឺបណ្តាប្រទេសអាស៊ាន គឺជាអ្នកទទួលផលប្រយោជន៍។ ដូច្នេះហើយខ្ញុំគិតថា ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន-ចិន គឺជាការចាំបាច់ដើម្បីបន្តទៅមុខទៀត។

យន្តការអាស៊ានបូកចិន គឺជាយន្តការដ៏ល្អ ជាមួយនឹងយន្តការអាស៊ាន-ជប៉ុន អាស៊ាន-កូរ៉េខាងត្បូង និងអាស៊ានបូក ៣ ដែលរួមមាន អាស៊ាន ចិន ជប៉ុន កូរ៉េខាងត្បូង។ តែនៅមានយន្តការ ២ ទៀត ដែលដើរតួនាទីជួយមកដល់បណ្តាប្រទេសនៅក្រោម។ ទី ១៖ គឺ ឡានឆាង-មេគង្គ ដែលជាការតភ្ជាប់រវាងចិន ជាមួយនឹងបណ្តាប្រទេសមេគង្គ។ ហើយឆ្នាំខាងមុខ ដើមឆ្នាំ ២០២០ នឹងមានការប្រជុំនៅទីក្រុងវៀងច័ន្ទន៍។ លើកទី ១ យើងប្រជុំនៅឯប្រទេសចិន លើកទី ២ ប្រជុំនៅកម្ពុជា លើកទី ៣​ នឹងត្រូវប្រជុំនៅឡាវ នៅឆ្នាំ ២០២០ ខាងមុខ។ នេះជាយន្តការមួយទៀត ដែលបំពេញបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការ រវាងចិនជាមួយនឹងបណ្តាប្រទេសនៅតាមដងទន្លេមេគង្គ។ ឯយន្តការមួយទៀតគឺ មហាអនុតំបន់មេគង្គ ដែលរួមមានបណ្តាប្រ​ទេសតាមដងទន្លេមេគង្គទាំងចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និង វៀតណាម និងធនាគារអភិវឌ្ឍន៍អាស៊ី។​ អញ្ចឹងចំណុចទាំងអស់នេះ គឺជាចំណុចដែលមានភាពប្រទាក់ក្រឡាគ្នា ក្នុងទិដ្ឋភាពជានយោបាយ ដែលផ្ដល់នូវស្ថិរភាពសម្រាប់តំបន់ ហើយក្នុងនោះ ជម្រុញនូវការរីកលូតលាស់ខាងសេដ្ឋកិច្ច ដោយជម្រុញនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម​ វិនិយោគ ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ចំណុចអស់ទាំងនេះហើយ ដែលធ្វើឱ្យតំបន់របស់យើងមានសន្តិភាព ស្ថិរភាព ក៏ដូចជាមានការអភិវឌ្ឍ ដែលជាចំណុចយើងត្រូវរួមគ្នាទាំងចិន ក៏ដូចជាបណ្តាប្រទេសនៅក្នុងតំបន់នេះផងដែរ។

សំណួរ ៥៖ … អម្បាញ់មិញ សម្តេចបានលើកឡើងថា ប្រទេសចិនបានកសាងប្រទេសខ្លួនពីទន់ខ្សោយក្រីក្រ ទៅជាតួអង្គសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោក។ តើសម្ដេចអាចវាយតម្លៃយ៉ាងណាខ្លះ ចំពោះសមិទ្ធផលនៃការតភ្ជាប់គ្នា រវាង ផ្តួចផ្តើមគំនិតខ្សែក្រវាត់ និងផ្លូវ របស់ប្រទេសចិន និងយុទ្ធសាស្ត្រចតុកោណរបស់ប្រទេសកម្ពុជា?

ចំណុចនេះគឺ យើងបានឃើញតាំងពី ឯកឧត្តម ប្រធានាធិបតី ស៊ី ជីងពីង ក្នុងពេលដែលទស្សនកិច្ចនៅកម្ពុជា គាត់បានមើលឃើញ អំពីការដែលអាចធ្វើទៅបាន រវាងយុទ្ធសាស្ត្រចតុកោណ ជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ដែលអាចធ្វើសំយោគជាមួយគ្នា។ ចំណុចនេះហើយ ដែលប្រទេសទាំង ២ ឈានទៅសម្រេចនូវការចុះកិច្ចព្រមព្រៀងទាក់ទងជាមួយនឹងសុខដុមបនីយកម្ម រវាងកម្ពុជា និងចិន។ មានចំណុចប្រហាក់ប្រហែលគ្នាច្រើនណាស់ ប៉ុន្តែ សម្រាប់កម្ពុជាគ្រាន់ជាផ្នែកមួយ ដែលអាចតភ្ជាប់ ទាញយកផលប្រយោជន៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន ហើយដែលវាស្របជាមួយនឹងគំនិតផ្តួចផ្តើម រវាងយុទ្ធសាស្រ្តចតុកោណ ជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលអាចផ្តល់ឱ្យកម្ពុជា នូវការរីកលូតលាស់ តាមរយៈការប្រើប្រាស់នូវវិធានការជាកញ្ចប់ និងវិធានការតាមផ្នែក ដែលលេចចេញពីគំនិតផ្តួចផ្តើមនៃខ្សែក្រវាត់ និងផ្លូវរបស់សាធារណរដ្ឋប្រជាមានិតចិន។ ឥឡូវ អស់លោក បាន និងកំពុងឃើញហើយ ដែលកំពុងមានការរីកចម្រើនសព្វថ្ងៃ ទាក់ទងជាមួយនឹងការ ក​សាងហេដ្ឋារចនាសម័្ពន្ធ និងការអភិវឌ្ឍដទៃទៀត ដែលយើងកំពុងទទួលផលប្រយោជន៍ពីគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ដែលសំយោគមកគួបផ្សំជាមួយនឹងយុទ្ធសាស្ត្រចតុកោណរបស់យើង។ ខ្ញុំគិតថា នេះមិនមែនធ្វើការក្នុងរយៈពេលខ្លីទេ បើយោងទៅលើគំនិត ដែលមានចរិតប្រហាក់ប្រហែលបែបនេះ យើងអាចធ្វើការជាមួយគ្នាក្នុងរយៈពេលវែង។ នោះហើយដែលយើងប្រើនៅក្នុងក្របខណ្ឌ ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយក៏ជាមិត្តដែកថែបផងដែរ។

សំណួរ ៦៖ … សម្តេចបានដឹងថា ពិភពលោកមានការប៉ះទង្គិចខាងពាណិជ្ជកម្មរវាងចិន និងអាមេរិក ហើយវាបានជះឥទ្ធិពលវិជ្ជមានខ្លះ អវិជ្ជមានខ្លះ ទៅលើសេដ្ឋកិច្ចពិភពលោក។ តើសម្តេចវាយតម្លៃយ៉ាងម៉េចសម្រាប់រឿងនេះ?

បញ្ហានេះ ទាំងអស់គ្នាសុទ្ធតែបានដឹងហើយថា សង្គ្រាមពាណិជ្ជកម្ម ដែលបានចាប់ផ្តើម យើងក៏មានការកង្វល់អំពីបញ្ហានេះ ដែលវាអាចប៉ះពាល់ទៅដល់កំណើននៃសេដ្ឋកិច្ចពិភពលោក។ បញ្ហាការដាក់ពន្ធមកលើប្រទេសចិន ឬក៏ប្រទេសដទៃទៀត មិនមែនគ្រាន់តែចិនទេ ដែលសហរដ្ឋអាមេរិកបានដាក់ពន្ធ ប្រទេសដទៃទៀតក៏អាមេរិកដាក់ពន្ធដែរ។ ដូច្នេះ​ សង្គ្រាមពាណិជ្ជកម្ម គឺវារីករាលដាលទូទាំងពិភពលោក។ វាអាចមានផលប៉ះពាល់ជាមួយនឹងកំណើន នៃសេដ្ឋកិច្ចពិភពលោក។ វាហាក់ដូចជាឆាប់ពេក ដែលយើងនឹងធ្វើការវាយតម្លៃថា តើសភាពការណ៍វានឹងទៅដល់ណា? ព្រោះវានៅមានការសង្ឃឹមខ្លះៗថា នឹងអាចមានការស្រុះស្រួល បើវាមិនទាំងស្រុង (ក៏)វាអាចជាផ្នែកមួយនៃការស្រុះស្រួល រវាងចិន​ និងសហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិក ជាមួយនឹងដៃគូដទៃទៀត ដែលមានផលប៉ះពាល់ជាមួយគ្នា។

ប៉ុន្តែ ខ្ញុំសង្កេតឃើញថា បណ្តាប្រទេសនៅអឺរ៉ុប មានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការរកស៊ីជាមួយចិន​។ សភាពការណ៍នេះ ក៏អាចកាត់បន្ថយនូវផលប៉ះពាល់ ដែលអាចកើតមាន។ បើសិនជា ទាំងអាមេរិក ទាំងអឺរ៉ុប គេទៅជាមួយគ្នា ហើយដាក់សម្ពាធមកលើចិនតែឯង អាចនឹងមានការលំបាក។ ប៉ុន្តែនេះ អាមេរិក គឺប៉ះជាមួយនឹងចិនផង ប៉ះជាមួយដៃគូរបស់ខ្លួនទាំងអស់ ទាំងអឺរ៉ុប ទាំងកាណាដា ទាំងក្របខណ្ឌ​ NAFTA ឬក៏ក្នុងក្របខណ្ឌជាមួយជប៉ុន និងជាមួយប្រទេសដទៃទៀត។ ដូច្នេះ ចំណុចអស់ទាំងនេះ ខ្ញុំគិតថា វាអាចនឹងមិនមាន ក្រៅពីបញ្ហាពាក់ព័ន្ធជាមួយនឹងចិន ប្រទេសដទៃក៏មានការពាក់ព័ន្ធ។ ប៉ុន្តែ ប្រជាជនអាមេរិកខ្លួនឯង ក៏ចាប់ផ្តើមថ្ងូរដែរ ​ព្រោះកាលណាវាយពន្ធ អ្នកណាទទួលផលអាក្រក់ក្រោយគេ គឺអ្នកដែលត្រូវទទួលទិញក្រោយគេនោះឯង។ ធ្លាប់ទិញអាវ ក្នុងអាវមួយ ១០ ដុល្លារ ត្រូវវាយពន្ធ ២០% ត្រូវថែម ២ ដុល្លារ ឡើង ១២ ដុល្លារ។ ដូច្នេះ អ្នកដែលទិញចុងក្រោយនោះហើយ គឺជាអ្នករងគ្រោះ។ អញ្ចឹង ប្រជាជនអាមេរិកសព្វថ្ងៃក៏កំពុងរងគ្រោះ ដោយសារការវាយពន្ធលើទំនិញរបស់ចិន ឬទំនិញដែលនាំចូលពីប្រទេសមួយចំនួនផ្សេងទៀតដែរ។

ប៉ុន្តែ ខ្ញុំនៅតែមានសុទិដ្ឋិនិយមថា នៅពេលណាមួយនោះសភាពការណ៍ នឹងដើរមកដល់នៃការសម្របសម្រួលមួយ។ ចំណុចនេះវាពិតជាអាចកើតមាន ព្រោះមិនអាចតឹងរហូតរបៀបនេះបានទេ បើមិនដូច្នោះនឹងធ្វើឱ្យពិភពលោកមានការធ្លាក់ចុះដោយស្មានមិនដល់។ ប៉ុន្តែ ឥឡូវវាឆាប់ពេកដើម្បីនឹងធ្វើ​ការសន្និដ្ឋាន យើងត្រូវបន្តតាមដានយ៉ាងយកចិត្តទុកដាក់។ អ្វីដែលយើងត្រូវប្រឹងទាក់ទិននឹងកម្ពុជាផ្ទាល់ គឺការប្រឹងខ្លួនឯង គឺជាបញ្ហាសំខាន់ គឺត្រូវធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចខ្លួនឯងបានរឹងមាំ បើទោះបីជាផលប៉ះពាល់នោះ វាធ្លាក់មកលើខ្លួន ក៏កុំឱ្យផលប៉ះពាល់វាមានទំហំពេកសម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា។ ដូច្នេះ បានជាអស់​លោកបានឃើញហើយថា កម្ពុជាប្រឹងប្រែងខ្លួនឯងប៉ុណ្ណាដើម្បីងើបឈរឡើង នៅក្នុងកាលៈទេសៈនៃសភាពការណ៍ខាងក្រៅមិនអំណោយផលយ៉ាងដូច្នេះ ទាក់ទងជាមួយនឹងសង្គ្រាមពាណិជ្ជកម្ម ដែលបាន និងកំពុងកើត ហើយនឹងបន្តកើតទៅមុខទៀត។

សំណួរ ៧៖ តើសម្តេចមានសេចក្តីសង្ឃឹមយ៉ាងដូចម្តេចខ្លះ​ចំពោះអនាគត នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងចិន នៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ជាដើម?

ខ្ញុំបានធ្វើកិច្ចការជាង ២០ ឆ្នាំ កសាងគ្រឹះនៃទំនាក់ទំនង ពីអ្នកជិតខាងល្អ ពីដៃគូល្អ ទៅជាក្របខណ្ឌដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយចុងក្រោយប្រធានាធិបតី ស៊ី ជីនពីង ក៏ហៅថា ជាមិត្តដែកថែប ខ្ញុំមានសុទិដ្ឋិនិយមថា ចំណងទាក់ទងនេះនឹងបន្តរីកចម្រើនតទៅទៀត ដោយរាប់បញ្ចូលទាំងរៀបចំឆ្នាំនៃកិច្ចសហ​ប្រតិបត្តិការ ឧទាហរណ៍ឆ្នាំនៃកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍទាក់ទងជាមួយនឹងវិស័យទេស​ចរណ៍ វប្បធម៌ ឆ្នាំនៃការអនុវត្តការពង្រឹង​ការអនុវត្តច្បាប់ជាដើម។ ចំណុចអស់ទាំងនេះ គឺជាចំណុចសុទ្ធតែយើងមានកម្មវិធីជាក់លាក់ និងគោលដៅជាក់លាក់ ដើម្បីលើកកម្ពស់ទំនាក់ទំនងរបស់យើង​។

នៅក្នុងទស្សនកិច្ចចុងក្រោយរបស់ខ្ញុំទៅកាន់ប្រទេសចិន មិត្តចិនបានសន្យារួចហើយថា នឹងបង្កើតឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន បន្ថែមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន។ ឥឡូវ យើងកំពុងប្រើប្រាស់យន្តការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន តែខ្ញុំនៅមានការសង្ឃឹមមួយយ៉ាងធំ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​រវាងកម្ពុជា និងចិន ដែលអាចលេចចេញជារូបរាងនៅពេលខាងមុខ ហើយពេលនោះ ទីផ្សាររបស់កម្ពុជានឹងមានទំហំធំ ដែលមានប្រជាជនរហូតទៅដល់ ១៣០០ លាននាក់។ យើងអាចមានទីផ្សារបែបនេះ ផ្តល់ឱកាសឱ្យកម្ពុជាអាចបន្តមានការរីកចម្រើន។ ក្រុមហ៊ុនរបស់ចិនបន្តការវិនិយោគនៅកម្ពុជា។ យើងបានឃើញហើយ ក្រុមហ៊ុនចិនជាច្រើនកំពុងបណ្ដាក់ទុននៅកម្ពុជា​។

ទេសចររបស់ចិនមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយខ្ញុំចង់បានទេសចរចិន ៥ លាននាក់ នៅប៉ុន្មានឆ្នាំខាងមុខ ដើម្បីមកកាន់កម្ពុជា។ ប៉ុន្តែ អ្វីដែលខ្ញុំចង់បានថែមទៀត ទីផ្សារដ៏ធំ​របស់ចិន ដែលទំនិញរបស់កម្ពុជាអាចរុញទៅកាន់ប្រទេសចិន។ សម័យនេះ ប្រជាជនចិនមានប្រាក់កាសចាយ គ្រាន់តែទេសចរណ៍ក្នុងមួយឆ្នាំ ចិនចេញទៅប្រទេសក្រៅប្រហែលជាង ២០០ លាននាក់។ អញ្ចឹងមកកម្ពុជាបានតែ ២ លាននាក់ ទើបនឹងបាន ១% ទេ។ កាលពីមុន ខ្ញុំនិយាយជាមួយប្រធានាធិបតី ស៊ី ជីនពីង ថា ខ្ញុំត្រូវការទេសចរចិន ០,០១% ប៉ុន្តែ ឥឡូវនេះ យើងមិនអាចប្រើភាសានេះបានទៀតទេ ព្រោះបើ ០,០១% គឺបានត្រឹមតែ ១,៣ លាននាក់តែប៉ុណ្ណោះ តែឥឡូវយើងមាន ២ លាននាក់រួចទៅហើយ អញ្ចឹងត្រូវផ្លាស់តួលេខ។ យើងចង់បានទេសចរចិន ០,០៥% នៃប្រជាជនចិន ដែលអាចនឹងធ្វើឱ្យទេសចរចិនឡើងទៅដល់ ៥ លាននាក់នៅកម្ពុជា។ អញ្ចឹងទេ ចិនសម័យនេះមានលុយដើម្បីដើរលេងនៅប្រទេសក្រៅ ចិនសម័យនេះគឺចិនមានប្រាក់កាសដើម្បីទិញនូវរបស់ដែលនាំចូលពីប្រទេសក្រៅទៅកាន់ប្រទេសចិន។ ដូច្នេះ បើសិនជាអ្វីដែលប្រធានាធិបតី ស៊ី ជីនពីង និងនាយករដ្ឋមន្រ្តី លី ខឺឈាង បានសន្យាជាមួយខ្ញុំថា នឹងរៀបចំឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិននោះ (នឹងកើតមាន) កម្ពុជានឹងបានទទួលផលប្រយោជន៍មហាសាលពីទីផ្សារដ៏ធំមួយនេះ ហើយនោះគឺជាបំណងប្រាថ្នាដែលខ្ញុំចង់ទៅដល់គោលដៅនោះ ដោយមិនយូរប៉ុន្មាន។ សង្ឃឹមថាមិត្តចិននឹងមានការឆ្លើយតបលើបញ្ហានេះ។

សំណួរ ៨៖ … ដោយសារយើងខ្ញុំមកពីវិទ្យុមិត្តភាពកម្ពុជា-ចិន សហការីរប​ស់យើងខ្ញុំសុទ្ធតែប្រើភាសាខ្មែរ ដើម្បីផ្លាស់ប្តូរវប្បធម៌ និងព័ត៌មានរវាងប្រទេសទាំងពីរ តើសម្តេចអាចវាយតម្លៃយ៉ាងដូចម្តេចខ្លះលើតួនាទីសំខាន់របស់វិទ្យុមិត្តភាពកម្ពុជា-ចិន មកប្រទេសកម្ពុជាបានទេ? … វិទ្យុយើងខ្ញុំបានដំណើរការនៅកម្ពុជា ១១ ឆ្នាំរួចមកហើយ។

នេះគឺជាទិដ្ឋភាពនៃការផ្លាស់ប្តូរវប្បធម៌ ផ្លាស់ប្តូរព័ត៌មាន និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ខ្ញុំបានសង្កេតឃើញថា ​មានទាំងវិទ្យុ មានទាំងទូរទស្សន៍ ក្នុងការផ្លាស់ប្តូរព័ត៌មានគ្នា ដែលវាផ្ដល់ឱកាសឱ្យប្រជាជនចិនយល់ពីកម្ពុជា ហើយ​ក៏ផ្តល់ឱកាសឱ្យប្រជាជនកម្ពុជាយល់ពីចិនផងដែរ។ ខ្ញុំសូមលើកទឹកចិត្តឱ្យទាំងស្ថានីយ៍វិទ្យុ ទាំងស្ថានីយ៍ទូរទស្សន៍ ដែលមានកិច្ចសហប្រតិបត្តិការជាមួយគ្នា និងបណ្តាញសារព័ត៌មាន ដែលមានកិច្ចសហប្រតិ​បត្តិការជាមួយគ្នា ដូចជាជាមួយនឹងខាងពីចិន ដែលមានស្ថាប័នសារព័ត៌មាន ពីកម្ពុជាក៏មានស្ថាប័នព័ត៌មានរបស់រដ្ឋ ក៏ដូចជាផ្នែក​​​ឯកជនខាង Fresh News ក៏បានធ្វើការ សូមឱ្យបន្តការងារនេះតទៅទៀត។

ត្រូវជួយផ្សព្វផ្សាយព័ត៌មានពីគ្នាទៅវិញទៅមក ជាពិសេស គឺការយល់ដឹងអំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងអំពីកិច្ចការទាក់ទងនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ ដែលនោះគឺជាការជួយលើកស្ទួយក្នុងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជម្រុញទៅដល់ការទំនាក់ទំនងក្នុងវិស័យវប្បធម៌ វិស័យទេសចរណ៍ វិស័យព័ត៌មាន ក៏ដូចជាជួយទៅដល់ការទ្រទ្រង់ក្នុងការទំនាក់ទំនងខាងវិស័យនយោបាយ សេដ្ឋកិច្ច ក៏ដូចជាវិស័យដទៃរវាងរដ្ឋ ​និងរដ្ឋ។ ចំណុចនេះគឺជាចំណុចដែលមិនត្រូវមើលស្រាលទេ។ ប្រសិនបើយើងគ្មានការតភ្ជាប់គ្នាបែបនេះទេ ប្រហែលជាយើងម្ខាងយល់ផ្សេង​ ប្រជាជនចិនមិនយល់ពីប្រជាជនកម្ពុជា ប្រជាជនកម្ពុជាមិនយល់ពីប្រជាជនចិន គឺវាជួបការលំបាក។ តែឥឡូវ ខ្ញុំជឿថា យើងមានយន្តការ មានបណ្តាញក្នុងការផ្សារភ្ជាប់នូវទំនាក់ទំនងទាំងអស់នេះ ដែលគប្បីគួរលើកទឹកចិត្តឱ្យបានធ្វើតទៅទៀត៕

អត្ថបទទាក់ទង