វិភាគអន្តរជាតិ៖ លោក ដូណាល់ ត្រាំ ដើរចូលក្នុងអន្ទាក់តៃវ៉ាន់របស់លោក ស៊ី ជីនពីង?
(តូក្យូ)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រហែលជាញញឹមបិទមាត់មិនជិតទេ បន្ទាប់ពីបានបិទបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃរបស់លោកទៅកាន់សហរដ្ឋអាមេរិក បើទោះជាដំណើរទស្សនកិច្ចនេះមិនអាចសម្រេចបានលទ្ធផលធំដុំលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មក៏ដោយ។ ក៏ប៉ុន្តែសមិទ្ធផលដ៏ធំបំផុតរបស់លោក ស៊ី ជីនពីង នោះគឺជាអ្វីដែលលោក ដូណាល់ ត្រាំបាននិយាយជាសាធារណៈ។ លោកប្រធានាធិបតីអាមេរិក ត្រាំ បានលើកឡើងថាចិនធ្លាប់ជាសម្ព័ន្ធមិត្តមួយរបស់សហរដ្ឋអាមេរិកអំឡុងសង្រ្គាមលោកលើកទី២ ហើយបន្ទាប់មកទៀត សហរដ្ឋអាមេរិកបានចេញផ្សាយឯកសារផ្លូវការមួយដោយរំឮកពាក្យសម្ព័ន្ធមិត្តឡើងវិញ។
នៅក្នុងសុន្ទរកថាអំឡុងពិធីទទួលស្វាគមន៍លោក ស៊ី ជីនពីង នៅឯសេតវិមានកាលពីថ្ងៃទី២៤ ខែកញ្ញា លោក ត្រាំ បានធ្វើការកត់សម្គាល់មួយដែលបង្កការសង្ស័យនៅក្នុងប្រទេសជប៉ុន ជាសម្ព័ន្ធដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកក្នុងតំបន់អាស៊ី។ «ពេញមួយប្រវត្តិសាស្ត្រ ការស្វែងរក ផលប្រយោជន៍រួមទាំងនោះបានផ្សារភ្ជាប់ទំនាក់ទំនងនៃប្រជាជនរបស់យើង ដែលរស់នៅខណ្ឌចែកគ្នាដោយមហាសមុទ្រដ៏ធំល្វឹងល្វើយ នៅឆ្ងាយពីគ្នា និងមានចំណុចខុសគ្នាជាច្រើន ហើយរហូតដល់សូម្បីតែធ្វើឱ្យពួកយើងក្លាយជាសម្ព័ន្ធមិត្តនឹងគ្នាក្នុងសង្រ្គាមលោកលើកទី២»។ នេះជាការលើកឡើងរបស់លោក ត្រាំ។ នៅឯពិធីលៀងសាយភោជននៅឯសេតវិមាននៅល្ងាចថ្ងៃដដែល លោក ស៊ី ជីនពីង បានបន្ទរតាមពីក្រោយលោក ត្រាំ ដោយនិយាយថាប្រជាជនចិន និងអាមេរិកបានប្រកៀកស្មាគ្នាប្រយុទ្ធប្រឆាំងនឹងយោធានិយមជប៉ុន។
កិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក ស៊ី ជីនពីង ក្នុងទីក្រុងវ៉ាស៊ីនតោន បានកើតឡើងចំពេលភាពតានតឹងការទូតរវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូ ជុំវិញការព្យាកររបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន អំពីលទ្ធភាពនៃការធ្វើអន្តរាគមន៍យោធារបស់ជប៉ុន ក្នុងករណីចិនបើកការវាយប្រហារលើតៃវ៉ាន់។ ម្លោះហើយការកត់សម្គាល់របស់លោក ត្រាំ ថាចិនធ្លាប់ជាសម្ព័ន្ធមិត្តក្នុងសង្រ្គាមលោកលើកទី២ បានបង្កមានការព្រួយបារម្ភនៅក្នុងប្រទេសជប៉ុន ជាទីដែលមជ្ឈដ្ឋានជាច្រើនសង្ស័យថាសង្រ្គាមពាក្យសម្ដីរវាងចិន និងជប៉ុន អាចជាហេតុផលនៅពីក្រោយការលើកឡើងបែបនេះរបស់លោក ត្រាំ។ ក៏ប៉ុន្តែ គោលដៅពិតប្រាកដរបស់ចិនគឺសហរដ្ឋអាមេរិកទៅវិញទេ។ លោក ស៊ី ជីនពីង បានរៀបចំអន្ទាក់ការទូតមួយដែលធ្វើឱ្យលោក ត្រាំ ដើរចូលដោយខ្លួនឯងតាមរយៈការធ្វើសេចក្ដីថ្លែងការណ៍ដែលមើលទៅផ្ដល់អត្ថាប្រយោជន៍មួយចំនួនដល់គោលជំហររបស់មេដឹកនាំចិនចំពោះតៃវ៉ាន់។
ចិនបានអះអាងថាចិនមានតែមួយគត់ ហើយតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ចិន។ គំនិតនេះមានប្រភពដើមចេញពីគោលជំនឿដែលថានៅពេលត្រូវបានបង្កើតឡើង សាធារណរដ្ឋប្រជាមានិតចិន ឬចិនកុម្មុយនិស្ត គឺជាអ្នកស្នងប្រវត្តិសាស្ត្រចិនទាំងមូល។ នៅទីនេះអាចពន្យល់បានថាតើហេតុអ្វីលោក ស៊ី ជីនពីងចង់ឱ្យលោក ត្រាំ និយាយថាសហរដ្ឋអាមេរិក និងចិនធ្លាប់ជាសម្ព័ន្ធមិត្តនឹងគ្នាអំឡុងសង្រ្គាមលោកលើកទី២។ ចិនប្រហែលជាកំពុងបកស្រាយថា «ពាក្យសម្ព័ន្ធមិត្ត» ចេញពីមាត់លោក ត្រាំ ជាការទទួលស្គាល់យ៉ាងច្បាស់ក្រឡែតថា សាធារណរដ្ឋប្រជាមានិតចិនដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សកុម្មុយនិស្តចិនជាអ្នកស្នងប្រវត្តិសាស្ត្រទាំងមូលរបស់ចិន។
រដ្ឋបាលលោក ស៊ី ជីនពីងជឿថាការធានាបាននូវការទទួលស្គាល់បែបនេះពីប្រធានាធិបតីអាមេរិក អាចយកទៅប្រើជា «យុទ្ធសាស្ត្រដ៏សមហេតុសមផលមួយ» ឆ្ពោះទៅរកការធ្វើឱ្យក្ដីសុបិនរបស់ចិនចង់បង្រួបបង្រួមជាមួយតៃវ៉ាន់ ក្លាយជាការពិតនៅថ្ងៃណាមួយ។ ចិនប្រហែលជាកំពុងគិតថាលោក ត្រាំ បានគូសបញ្ជាក់ឡើងវិញពី «ពាក្យចិនតែមួយ» ដូច្នេះវាជារឿងមួយដែលលោក ត្រាំ ត្រូវតែប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់ និងទទួលស្គាល់ថាតៃវ៉ាន់ជាផ្នែកមួយរបស់ចិន។
តាមរយៈឡូហ្ស៉ីកនេះ ចិនអាចព្រមានរដ្ឋបាលលោក ត្រាំ កាន់តែខ្លាំងប្រឆាំងនឹងការលក់អាវុធឱ្យតៃវ៉ាន់ ក្នុងបរិបទដែលការលក់អាវុធឱ្យតៃវ៉ាន់មានទំហំទឹកប្រាក់ ១៤ពាន់លានដុល្លារ ត្រូវបានពន្យារពេលអនុម័តជាច្រើនខែមកហើយ។ តាមពិតទៅ រដ្ឋបាលអាមេរិកសឹងតែគ្រប់ជំនាន់បានអំពាវនាវឱ្យរក្សាស្ថានភាពដើមដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ នៅក្រោមគោលនយោបាយនេះ សហរដ្ឋអាមេរិកមិនគាំទ្រដល់ឯករាជ្យរបស់តៃវ៉ាន់នោះទេ តែបានត្រឹមទទួលដឹងឮពីគោលជំហររបស់ចិនចំពោះតៃវ៉ាន់តែប៉ុណ្ណោះ។ លោក ស៊ី ជីនពីង ឥលូវចង់បានការប្ដេជ្ញាចិត្តពីសហរដ្ឋអាមេរិកប្រឆាំងជំទាស់ទៅនឹងឯករាជ្យភាពរបស់តៃវ៉ាន់ មិនមែនត្រឹមប្រើពាក្យមិនគាំទ្រ ឬទទួលដឹងឮនោះឡើយ។ លោក ស៊ី ជីនពីងប្រហែលជាទទួលបានការប្ដេជ្ញាចិត្តបែបនេះពីលោក ត្រាំ ដែលបានចាត់ទុកបញ្ហាពាក់ព័ន្ធនឹងតៃវ៉ាន់ជាឧបករណ៍ចរចា នៅពេលត្រូវដោះស្រាយបញ្ហាជាមួយចិន។ ដូច្នេះចិនជឿថាការប្រើពាក្យសម្ព័ន្ធមិត្តរបស់លោក ត្រាំ ជាការបោះជំហានដំបូងឆ្ពោះទៅរកការធានាបាននូវការប្ដេជ្ញាចិត្តពីប្រធានាធិបតីអាមេរិកប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់។
គួរបញ្ជាក់ថា នៅបន្ទាប់ពីទទួលបានអត្ថាប្រយោជន៍ជាយុទ្ធសាស្ត្រមួយពីលោក ត្រាំ ក្នុងកិច្ចប្រជុំកំពូលនៅវ៉ាស៊ីនតោន លោក ស៊ី ជីនពីងកំពុងសម្លឹងទៅរកកិច្ចប្រជុំកំពូលចំនួន២ថែមទៀតជាមួយលោក ដូណាល់ ត្រាំ ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅមុនដំណាច់ឆ្នាំ២០២៦នេះ។ លោក ត្រាំ និងលោក ស៊ី ជីនពីងត្រូវបានរំពឹងថានឹងជួបគ្នានាឱកាសចូលរួមកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុង Shenzhen ប្រទេសចិន នៅខែវិច្ឆិកាខាងមុខ និងកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុង Miami សហរដ្ឋអាមេរិក នៅខែធ្នូខាងមុខ៕
-Fresh News-






