Grand News Asia Close

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកអគ្គរាជទូតចក្រភពអង់គ្លេស ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 427
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកអគ្គរាជទូតចក្រភពអង់គ្លេស ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកអគ្គរាជទូតចក្រភពអង់គ្លេស ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

 

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ក្នុងជំនួបនេះដែរ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្ដែងនូវក្តីរីករាយដែលបានជួប ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស បន្ទាប់ពីជំនួបដំបូងកាលពីអំឡុងខែកុម្ភៈឆ្នាំ២០២៣។ ឯកឧត្តម ឯកអគ្គរាជទូត បានសំដែងនូវក្ដីរីករាយ និងអរគុណសម្ដេចតេជោដែលបានអនុញ្ញាតឱ្យ ឯកឧត្តម បានដឹកនាំសហការី ចូលជួបសម្ដែងការគួរសមនៅពេលនេះ។ ឯកឧត្តមបានអបអរសាទរចំពោះសម្ដេចតេជោ ដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងគោរពជូនពរសម្ដេច សូមមានសុខភាពល្អ និងទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានរំលឹកថា កាលពីជំនួបលើកមុន ក្រោយពេលដែលឯកឧត្តម បានក្លាយជាឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ដែលចាប់តាំងពីពេលនោះមក ទំនាក់ទំនងរវាងកម្ពុជា និងចក្រភពអង់គ្លេសមានការរីកចម្រើនជាបន្តបន្ទាប់។ ក្នុងនោះដែរគឺការបើកសាកលវិទ្យាល័យអង់គ្លេសមួយនៅកោះពេជ្រដែលបានបើកដំណើរការជាផ្លូវការនៅខែកញ្ញា ឆ្នាំ២០២៣​ កន្លងមក ជាមួយនឹងតម្លៃសិក្សាសមរម្យ និងមានផ្ដល់អាហារូបករណ៍ផងដែរ។

ឯកឧត្តមពិតជារីករាយដែលមានការចុះហត្ថលេខារវាងចក្រភពអង់គ្លេសជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបចំអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតងថាមពលករកើតឡើងវិញ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យការពារជាតិ។

ឯកឧត្តម ពិតជារីករាយ ដែលមាននិស្សិតខ្មែរដំបូងដែលបានចេញពីសាកលវិទ្យាល័យការពារជាតិរបស់អង់គ្លេស ហើយកន្លងទៅនេះ ក៏មាននាវារបស់អង់គ្លេសបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ហើយសង្ឃឹមថានៅពេលខាងមុខ នឹងមាននាវាកងទ័ពជើងទឹករបស់អង់គ្លេសចូលចតជាបន្តបន្ទាប់ទៀត។

ឯកឧត្តម ឯកអគ្គរដ្ឋទូត ពិតជារីករាយដែលមើលឃើញថាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើងជាបន្តបន្ទាប់ និងមានការបង្កើតវេទិកាវិនិយោគ ដើម្បីទាក់ទាញការវិនិយោគពីអង់គ្លេសមកកម្ពុជា ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ឯកអគ្គរាជទូតអង់គ្លេស ដែលបានលើកពីការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចបានមានប្រសាសន៍ថា សម្ដេចពិតជារីករាយដែលចក្រភពអង់គ្លេសបានសម្រេចតាមបំណងរបស់សម្ដេច បើកសាកលវិទ្យាល័យមួយនៅក្នុងប្រទេសកម្ពុជា ពីព្រោះថាកន្លងទៅនេះ មាននិស្សិតកម្ពុជាមួយចំនួនបានទៅសិក្សានៅអង់គ្លេស តែពេលនេះ គឺមានសាកលវិទ្យាល័យចក្រភពអង់គ្លេសនៅកម្ពុជាតែម្ដង ដែលនឹងកាន់តែមានភាពងាយស្រួល​ ពិសេសការកាត់បន្ថយការចំណាយរបស់និស្សិត។​ អ្វីដែលគួរឲ្យគាត់សម្គាល់មួយទៀតគឺ ការបង្កើតឧទ្យានឧស្សាហកម្មបៃតង ដែលកន្លងមកយើងមានការវិនិយោគដោយកូរ៉េ ដោយជប៉ុន តែឥឡូវនេះ គឺយើងនឹងមានការវិនិយោគដោយចក្រភពអង់គ្លេសបន្ថែមទៀត ក្នុងការវិនិយោគឧស្សាហកម្មបៃតងនេះ។ ទាក់ទងទៅនឹងវេទិកាវិនិយោគកម្ពុជា-អង់គ្លេស សម្ដេចតេជោ បានលើកឡើងថាថ្នាក់ដឹកនាំអង់គ្លេសបានជម្រាបបន្ថែមថា ទោះបីអង់គ្លេសចាកចេញពីសហគមន៍អឺរ៉ុបក៏ដោយ ក៏ប៉ុន្តែគោលនយោបាយរបស់អង់គ្លេសចំពោះកម្ពុជា គឺមិនមានការប្រែប្រួលនោះទេ។ សម្ដេចតេជោបានលើកទឹកចិត្តឲ្យ ឯកអគ្គរាជទូតអង់គ្លេសបន្តធ្វើការជាមួយរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត លើវិស័យពាណិជ្ជកម្ម និងការវិនិយោគនេះ ដើម្បីជំរុញទំហំពាណិជ្ជកម្មឲ្យមានការកើតឡើង។

ឯកឧត្តម ឯកអគ្គរាជទូតអង់គ្លេស បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយ សម្ដេចធិបតីនាយករដ្ឋមន្ត្រី គឺមានថាមពលខ្លាំង មានសកម្មភាពមមាញឹក ដែលផ្ដោតសំខាន់ទៅលើបញ្ហាពាណិជ្ជកម្ម និង ការវិនិយោគ ហើយអង់គ្លេសក៏មានកិច្ចសហប្រតិបត្តិការជាច្រើនជាមួយកម្ពុជា ហើយចក្រភពអង់គ្លេស នឹងជួយឱ្យការផ្ទេរអំណាចទៅអ្នកជំនាន់ក្រោយនេះ មានស្ថិរភាព មានសន្តិសុខមានសន្តិភាព និងគាំទ្ររដ្ឋាភិបាលថ្មី ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន។

សម្ដេចតេជោ និង ឯកឧត្តមឯកអគ្គរាជទូតអង់គ្លេស ក៏បានពិភាក្សាគ្នាផងដែរអំពី សភាពការណ៍នៅមីយ៉ាន់ម៉ា ដំណោះស្រាយ និងវិបត្តិនៅរុស្ស៊ី និងអ៊ុយក្រែន សភាពការណ៍នៅមជ្ឈឹមបូព៌ា និងពិភាក្សាពីសភាពការណ៍សមុទ្រចិនខាងត្បូងផងដែរ។ សម្ដេចតេជោបានមានប្រសាសន៍ថា ការផ្ទេរអំណាចទៅអ្នកជំនាន់ក្រោយនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ពីព្រោះថារាជរដ្ឋាភិបាលថ្មី គឺសុទ្ធតែជាកម្លាំងវ័យក្មេង ហើយសុទ្ធសឹងជាធនធានមនុស្ស ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសឲ្យរីកចម្រើនបន្តទៀតនាពេលខាងមុខ។ សម្ដេចតេជោបានស្នើឲ្យឯកឧត្តមឯកអគ្គរាជទូតអង់គ្លេស ជួយក្នុងបញ្ហាអធិការកិច្ច ដោយផ្ដល់នូវបច្ចេកវិទ្យាទំនើប ក្នុងការគ្រប់គ្រងធនធានមនុស្ស ក៏ដូចជាបច្ចេកវិទ្យាក្នុងការគ្រប់គ្រងអំពើអសកម្មផ្សេងៗជាដើម។

សម្ដេចតេជោបានចាត់ទុកសភាពការណ៍តំបន់សមុទ្រចិនខាងត្បូងនាពេលបច្ចុប្បន្ន មិនក្តៅដូចនៅឆ្នាំ ២០២២ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននោះទេ ដែលពេលនោះកម្ពុជាគ្រោងនឹងធ្វើឲ្យសម្រេចនូវកិច្ចព្រមព្រៀង COC តែមិនអាចសម្រេចបានឡើយ។ សម្ដេចបានចាត់ទុកបញ្ហាសមុទ្រចិនខាងត្បូង មិនមែនជាបញ្ហារវាងអាស៊ាន និងចិននោះទេ ដូច្នេះប្រទេសពាក់ព័ន្ធត្រូវធ្វើការ សម្របសម្រួលគ្នា។ ភាគីទាំងអស់ត្រូវគោរព DOC ឲ្យបានខ្ជាប់ខ្ជួន មានការអត់ធ្មត់ ហើយប្រទេសពាក់ព័ន្ធត្រូវសម្របសម្រួលគ្នា។ សម្ដេចតេជោក៏បានបង្ហាញកង្វល់ផងដែរអំពីយុទ្ធសាស្ត្រដ៏សំបូរបែបពីបណ្ដាប្រទេសផ្សេងៗ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងនោះរួមមានយុទ្ធសាស្ត្ររបស់ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប កាណាដា ឥណ្ឌា និងកូរ៉េខាងត្បូង។ តែទោះជាយ៉ាងនេះក៏ដោយ កម្ពុជាមានគោលជំហរមួយ គឺរាល់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ត្រូវបម្រើឲ្យសន្តិភាព និងការអភិវឌ្ឍ មិនប្រឆាំងនឹងប្រទេសណាមួយ នឹងត្រូវគោរពមជ្ឈភាពរបស់អាស៊ាន។ សម្ដេចតេជោក៏បានអរគុណចំពោះដៃគូរបស់អាស៊ានទាំងអស់ ដែលបានគោរពមជ្ឈភាពអាស៊ានកន្លងមក ។

ជាចុងក្រោយ ឯកឧត្តមឯកអគ្គរាជទូតចក្រភពអង់គ្លេស បានសម្ដែងការអរគុណចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យមានជំនួបនាពេលនេះ ដែលបង្ហាញពីភាពត្រង់ទៅត្រង់មក ដែលជាការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដើម្បីឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ និងបន្តនូវភាពរីកចម្រើនជាបន្តបន្ទាប់ទៀត៕

 

អត្ថបទទាក់ទង