Grand News Asia Close

វិភាគអន្តរជាតិ៖ អ្វីទៅជាមីស៊ីលចម្ងាយឆ្ងាយ ATACMS ដែលសហរដ្ឋអាមេរិក បញ្ជូនទៅឱ្យអ៊ុយក្រែន?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 393
វិភាគអន្តរជាតិ៖ អ្វីទៅជាមីស៊ីលចម្ងាយឆ្ងាយ ATACMS ដែលសហរដ្ឋអាមេរិក បញ្ជូនទៅឱ្យអ៊ុយក្រែន? វិភាគអន្តរជាតិ៖ អ្វីទៅជាមីស៊ីលចម្ងាយឆ្ងាយ ATACMS ដែលសហរដ្ឋអាមេរិក បញ្ជូនទៅឱ្យអ៊ុយក្រែន?

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីសប្ដាហ៍មុនបានទទួលស្គាល់ថាកងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយ ATACMS ផ្ដល់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារលើកងទ័ពរុស្ស៉ីជាលើកដំបូង។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់ខាងលើ ក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម តែមិនបានបញ្ជាក់ថាតើមីស៊ីលនេះត្រូវបានប្រើនៅទីណា ឬក៏ត្រូវ បានប្រើតាំងពីណាមកនោះទេ? សេតវិមានវិញ ក៏បានទទួលស្គាល់ដែរពីការប្រគល់មីស៊ីល ATACMS ទៅឱ្យអ៊ុយក្រែន បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាមីស៊ីលនេះ ត្រូវបានផ្ដល់ឱ្យអ៊ុយក្រែនជាសម្ងាត់។ មីស៊ីលចម្ងាយឆ្ងាយ ATACMS អាចបាញ់បានចម្ងាយអតិបរមា ៣០៥គីឡូម៉ែត្រ ហើយកន្លងមក ទីក្រុងវ៉ាស៊ីនតោន មានការស្ទាក់ស្ទើរក្នុងការបញ្ជូនមីស៊ីល ATACMS សម្រាប់អ៊ុយក្រែន ដោយសារបារម្ភពីរយៈចម្ងាយនៃមីស៊ីលនេះដែលអាចបាញ់ដល់ទឹកដីរុស្ស៉ី។

ប៉ុន្តែ មីស៊ីល ATACMS ដែលត្រូវបានផ្ដល់ឱ្យអ៊ុយក្រែននៅពេលនេះ ជាប្រភេទបាញ់បានត្រឹមចម្ងាយអតិបរាមា ១៦៥គីឡូម៉ែត្រ និងអាចបំពាក់ជាមួយគ្រាប់បែក ចង្កោម។

* ដូច្នេះថាតើអ្វីទៅជាមីស៊ីលចម្ងាយឆ្ងាយ ATACMS?
មីស៊ីលចម្ងាយឆ្ងាយ ATACMS ឬមានឈ្មោះពេញថា Army Tactical Missile Systems អាចបាញ់បានរយៈចម្ងាយអតិបរមា ១៩០ miles ឬស្មើនឹងជាង៣០៥ គីឡូម៉ែត្រ។ ពោលគឺបាញ់បានឆ្ងាយជាងមីស៊ីលសម័យសូវៀត Tochka-U របស់អ៊ុយក្រែនដល់ទៅ ២ដង។

ATACMS ផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin ហើយក្រុមហ៊ុនមួយនេះអាចផលិតមីស៊ីលនេះបាន៥០០គ្រាប់ក្នុងមួយឆ្នាំ។ ប៉ុន្តែ មីស៊ីលនេះត្រូវបាន ផលិតឡើងសម្រាប់លក់ឱ្យប្រទេសមួយចំនួន ក្រៅពីអ៊ុយក្រែន។ ចក្រភពអង់គ្លេស និងបារាំង បានផ្ដល់មីស៊ីលគ្រូសអាចបាញ់ចេញពីយន្ដហោះចម្បាំង ជាមួយ រយៈចម្ងាយ ១៤០ miles។ ATACMS ជាប្រភេទមីស៊ីលបាញ់ចេញពីដីគោក។

* ហេតុអ្វីសហរដ្ឋអាមេរិក កែប្រែចិត្ត?
មន្ទីរបញ្ចកោណ បានប្រឆាំងជំទាស់នឹងការបញ្ជូនឱ្យអ៊ុយក្រែន​នូវមីស៊ីល ATACMS ដោយសារបារម្ភខ្លាចថាមីស៊ីលនេះអាចធ្លាក់ចូលទឹកដីរុស្ស៉ី ដោយប្រការណាមួយ។ ប៉ុន្តែ ក្រុមមន្ត្រីអ៊ុយក្រែន បានចាត់ទុកការព្រួយបារម្ភបែបនេះរបស់សហរដ្ឋអាមេរិក ថាជាការខ្លាចរុស្ស៉ីជ្រុលហួសហេតុ។ ការបដិសេធរបស់ទីក្រុងវ៉ាស៊ីនតោន គឺមានមូលហេតុ នោះគឺខ្លាចថាអាវុធប្រភេទនេះដែលមូស្គូនិយាយថាអាចនឹងក្លាយជា «ការឆ្លងបន្ទាត់ក្រហម» អាចនឹងបង្កឱ្យជម្លោះកាន់តែឡើងកម្ដៅ ឬអាចឱ្យ សហរដ្ឋអាមេរិក និងរុស្ស៉ីត្រូវប្រឈមមុខដាក់គ្នាដោយផ្ទាល់។

សហរដ្ឋអាមេរិកមានមីស៊ីល ATACMS គ្រប់គ្រាន់ ដែលនេះមានន័យថាការផ្ដល់មីស៊ីលនេះឱ្យអ៊ុយក្រែន មិនចាំបាច់តម្រូវឱ្យមានការបំពេញស្ដុកឡើងវិញភ្លាមៗនោះទេ។ ម្យ៉ាងវិញទៀត មីស៊ីលនេះបើប្រើជាមួយក្បាលបំពាក់ដោយគ្រាប់បែកចង្កោម គឺកាន់តែជាជម្រើសទាក់ទាញមួយក្នុងការបញ្ជូនឱ្យអ៊ុយក្រែន ព្រោះវាមិនចាំចាច់អស់ក្បាល គ្រាប់មីស៊ីល។

កាលពីខែឧសភា ឆ្នាំ២០២២ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់អ្នកសារព័ត៌មានថាទីក្រុងវ៉ាស៊ីនតោន នឹងមិនផ្ដល់ឱ្យអ៊ុយក្រែននូវមីស៊ីលដែលអាចបាញ់ ដល់ទឹកដីរុស្ស៉ីនោះទេ។ ប៉ុន្តែ មួយឆ្នាំក្រោយ នៅចុងខែឧសភា ឆ្នាំ២០២៣ លោក បៃដិន ហាក់លេបសម្ដីនេះទៅវិញ ដោយនិយាយជាលើកដំបូងថាការផ្គត់ផ្គង់ ATACMS នៅតែស្ថិតនៅក្នុងការពិចារណា។ ព័ត៌មានស្ដីពីការពិចារណាផ្ដល់មីស៊ីលនេះទៀតសោត កើតមានឡើងចំពេលប្រតិបត្តិការវាយបករបស់អ៊ុយក្រែនដែលបានចាប់ផ្ដើម កាលពីខែមិថុនាមក មានភាពរីកចម្រើនក្នុងល្បឿនយឺតយ៉ាវជាងការរំពឹងទុក ខណៈរដូវរងារកាន់តែខិតជិតមកដល់។

* ATACMS អាចបាញ់ចេញពីប្រព័ន្ធមីស៊ីល HIMARS
មីស៊ីល ATACMS អាចបាញ់ចេញពីប្រព័ន្ធមីស៊ីល HIMARS ដែលសហរដ្ឋអាមេរិកបានបញ្ជូនទៅឱ្យអ៊ុយក្រែនកាលពីឆ្នាំមុន។ បច្ចុប្បន្ន សហរដ្ឋអាមេរិកបានផ្ដល់មីស៊ីល រយៈចម្ងាយ ៥០ mile សម្រាប់ប្រព័ន្ធមីស៊ីល HIMARS។ អ៊ុយក្រែនបានលើកសរសើរយ៉ាងខ្លាំងពីសមត្ថភាព និងប្រសិទ្ធភាពរបស់ HIMARS ក្នុងការវាយប្រហារលើ គោលដៅទាហានរុស្ស៉ី រហូតថា្នក់រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក Sergei Shoigu ចេញបញ្ជាឱ្យទាហានរុស្ស៉ីកំណត់គោលដៅកម្ទេចប្រព័ន្ធមីស៊ីលនេះជាអាទិភាពមួយ។

គួរបញ្ជាក់ថា គិតត្រឹមចុងខែសីហាកន្លងទៅនេះ យោធាអាមេរិកមានមីស៊ីល ATACMS ចំនួន ១,៤៨៦គ្រាប់ នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ក្នុងនោះមាន ១,១២២គ្រាប់ បំពាក់ក្បាលគ្រាប់ធម្មតា និង៣៦៤បំពាក់គ្រាប់បែកចង្កោម៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង