វិភាគអន្តរជាតិ៖ ចិន និងអាមេរិក, តើនរណានឹងស្ទូចត្រីបានច្រើនជាងគេ ក្នុងតំបន់ប៉ាស៊ីហ្វិក?
(ហុងកុង)៖ នៅឯរាជធានីនូគូអាឡូហ្វា (Nuku’alofa) នៃប្រទេសតុងហ្កា កាលពីដើមខែឧសភាកន្លងទៅនេះ ទង់ជាតិអាមេរិកត្រូវបានបង្ហូតឡើង អំឡុងពិធីបើកសម្ពោធស្ថានទូតអាមេរិក ថ្មីមួយប្រចាំប្រទេសដែនកោះប៉ាស៊ីហ្វិកមួយនេះ។ ក្រសួងការបរទេសតុងហ្កា បានចាត់ទុកថានេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនៅក្នុងទំនាក់ទំនងដ៏យូរអង្វែង និងរឹងមាំរវាងតុងហ្កា និងសហរដ្ឋអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោនបាននិយាយថាការបើកស្ថានទូតអាមេរិកប្រចាំប្រទេសតុងហ្កា គឺជានិមិត្តរូបមួយនៃការបើកទំព័រថ្មីនៃទំនាក់ទំនង និងជាការគូសបញ្ជាក់ពី ភាពរឹងមាំនៃការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះទំនាក់ទំនងទ្វេភាគី និងភាពជាដៃគូក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
សហរដ្ឋអាមេរិក ក៏មានគម្រោងបើកស្ថានទូតប្រចាំប្រទេស Vanuatu និង Kiribati ផងដែរ ក្រោមផែនការយុទ្ធសាស្ត្រមានទំហំទឹកប្រាក់ ៨១០លានដុល្លារ ដាក់ចេញដោយរដ្ឋបាល លោកប្រធានាធិបតី ចូ បៃដិន ស្របពេលប្រទេសដែនកោះប៉ាស៊ីហ្វិកទាំងនេះកំពុងក្លាយជាទីលាននៃការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែ ការលុបចោលភ្លាមៗ នៃគម្រោងបំពេញទស្សនកិច្ចរយៈពេលខ្លីរបស់លោកប្រធានាធិបតី ចូ បៃដិន ទៅកាន់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ កាលពីសប្ដាហ៍មុន បាន និងកំពុងបង្កជា ការចោទសួរជាថ្មីពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក។ បើតាមក្រុមអ្នកវិភាគខ្លះ ការកើនឡើងនៃការចូលរួមរបស់សហរដ្ឋអាមេរិកជាមួយប្រទេសដែនកោះប៉ាស៊ីហ្វិក នារយៈពេល ប៉ុន្មានខែចុងក្រោយនេះ បានបង្ហាញយ៉ាងច្បាស់ថាតំបន់នេះកាន់តែមានសារៈសំខាន់សម្រាប់គោលនយោបាយការបរទេសអាមេរិក ហើយទីក្រុងប៉េកាំងក៏នឹងមិនឈរឱបដៃមើល នោះដែរ ដោយនឹងរិះរកវិធីបង្កើនទំនុកចិត្តនៅក្នុងចំណោមប្រទេសក្នុងតំបន់ ដើម្បីអាចរក្សាឥទ្ធិពលរបស់ខ្លួននៅទីនោះ។
លោក ចូ បៃដិន ដំបូងឡើយមានគម្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ កាលពីសប្ដាហ៍មុន ដែលនឹងធ្វើឱ្យលោកកា្លយជាប្រធានាធិបតីអាមេរិកកំពុងកាន់ អំណាចដំបូងគេបំផុតធ្វើទស្សនកិច្ចក្នុងប្រទេសដែនកោះមួយនេះ។ ប៉ុន្តែ គម្រោងនេះស្រាប់តែត្រូវបានលុបចោលដោយសារតែលោកជាប់រវល់ដោះស្រាយបញ្ហាក្នុងស្រុក ពាក់ព័ន្ធនឹង ការកំណត់កម្រិតអតិបរមានៃបំណុលសាធារណៈ ឬ debt ceiling។ ការសម្រេចចិត្តនេះបានបង្កការខកចិត្តដល់ប្រជាជនប៉ាពូអាស៊ីនូវែលហ្គីណេ ហើយក្រុមអ្នកវិភាគបានព្រមានថា ការកើនឡើងបញ្ហានៅក្នុងស្រុកនៅសហរដ្ឋអាមេរិក អាចនឹងបង្កជាឧបសគ្គរារាំងដល់ការចូលរួមរបស់ទីក្រុងវ៉ាស៊ីតោនជាមួយតំបន់ប៉ាស៊ីហ្វិក។
យ៉ាងណាក៏ដោយ ជាការបន្ធូរបន្ថយស្ថានការណ៍ លោក បៃដិន បានបញ្ជូនរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ឱ្យបំពេញទស្សនកិច្ចជំនួសរូបលោកទៅកាន់ប្រទេស ប៉ាពូអាស៊ីនូវែលហ្គីណេ កាលពីថ្ងៃចន្ទ ទី២២ ខែឧសភា ដើម្បីបើកកិច្ចពិភាក្សារលើបញ្ហាជាច្រើនចាប់ពីពាណិជ្ជកម្ម រហូតដល់សេដ្ឋកិច្ចក្នុងតំបន់ជាមួយបណ្ដាមេដឹកនាំដែនកោះ ប៉ាស៊ីហ្វិកដែលមានវត្តមានក្នុងកិច្ចប្រជុំនោះដែរ។ មិនតែប៉ុណ្ណោះ លោក Blinken បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីវិស័យការពារជាតិជាមួយប៉ាពូអាស៊ីនូវែលហ្គីណេ ដែលនឹង អនុញ្ញាតឱ្យប្រទេសទាំង២ ចែករំលែកជំនាញបច្ចេកទេស និងការល្បាតសមុទ្ររួមគ្នា។
លោក Mihai Sora, ជាអ្នកសា្រវជ្រាវម្នាក់នៃកម្មវិធីដែនកោះប៉ាស៊ីហ្វិក មកពីវិទ្យាស្ថាន Lowy Institute មានមូលដ្ឋានក្នុងប្រទេសអូស្ត្រាលី យល់ថាតាមរយៈការបើកស្ថានទូតក្នុង ប្រទេសតុងហ្កា សហរដ្ឋអាមេរិកមើលឃើញថាបណ្ដាប្រទេសដែនកោះប៉ាស៊ីហ្វិក មានសារៈសំខាន់មិនអាចកាត់ផ្ដាច់បានសម្រាប់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន។ ពីព្រោះថា ទឹកដីមួយផ្នែកធំដែលជាដែនកោះរបស់ពួកគេគឺជាច្រកផ្លូវឆ្លងកាត់ដ៏សំខាន់សម្រាប់ប្រតិបត្តិការពាណិជ្ជកម្ម និងយោធា។ ដោយឡែក អ្នកវិភាគផ្សេងទៀតដូចជា លោក Corey Bell ជាអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានទំនាក់ទំនងចិន-អូស្ត្រាលីនៃសាកលវិទ្យាល័យ University of Technology Sydney បាននិយាយថាវត្តមានយោធាណាមួយរបស់ចិននៅក្នុងប្រទេស តុងហ្កា អាចនឹងកា្លយជាការគំរាមកំហែងមួយដល់នាវាអូស្ត្រាលី និងអាមេរិក ក៏ដូចជាអនុញ្ញាតឱ្យចិនប្រមូលព័ត៌មានសម្ងាត់ទៀតផង។ ដូច្នេះការរារាំងកុំរឿងច្រំដែលដូចជានៅសូឡូម៉ុន កើតឡើងជាថ្មីម្ដងទៀត វាជាអាទិភាពមួយសម្រាប់សហរដ្ឋអាមេរិក។
កាលពីខែមេសា ឆ្នាំ២០២២ ចិន និងប្រទេសដែនកោះសូឡូម៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខ ដែលអនុញ្ញាតឱ្យនាវាកងទ័ពជើងទឹកចិន បំពេញទស្សនកិច្ច និងឈប់សំចតបាន។ នៅពេលនោះដែរ ក្រុមអ្នកវិភាគយល់ថាកិច្ចព្រមព្រៀងរវាងសូឡូម៉ុន និងចិន កើតឡើងដោយសារតែការធ្វេសប្រហែសរបស់សហរដ្ឋអាមេរិក ចំពោះការចូលរួមជាមួយប្រទេសក្នុងតំបន់ និងជាសញ្ញាមួយបញ្ជាក់ពីការកើនឡើងឥទ្ធិពលចិនក្នុងតំបន់។
ប្រទេសដែនកោះប៉ាស៊ីហ្វិក ត្រូវបានបែងចែកជា ៣ក្រុម គឺ Micronesia, Melanesia និង Polynesia ហើយជាប្រពៃណី សហរដ្ឋអាមេរិកផ្ដោតសំខាន់លើក្រុមទី១ ខណៈពឹងផ្អែកលើ អូស្ត្រាលី និងនូវែលសេឡង់ លើការទំនាក់ទំនងទាំងផ្នែកការទូត និងយោធាជាមួយក្រុមទី២ និងទី៣។ ប៉ុន្តែ ការសម្រេចចិត្តបើកស្ថានទូតក្នុងប្រទេសតុងហ្កា ដែលស្ថិតនៅក្នុងក្រុម Polynesia គឺជាភស្តុតាងមួយបញ្ជាក់ពីការបង្កើនការចូលរួម និងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងប្រទេសជាដៃគូ ហើយការផ្លាស់ប្ដូរនេះត្រូវបានជំរុញដោយ កិច្ចព្រមព្រៀងសន្តិសុខរវាងចិន និងសូឡូម៉ុន។
នៅពេលត្រូវបានសាកសួរកាលពីសប្ដាហ៍មុនពីកិច្ចព្រមព្រៀងស្ដីពីវិស័យការពារជាតិដែលសហរដ្ឋអាមេរិក ត្រូវបានរំពឹងថាចុះហត្ថលេខាជាមួយប៉ាពូអាស៊ីនូវែលហ្គីណេ អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Wang Wenbin បានកត់សម្គាល់ថាចិនមិនជំទាស់នឹងការផ្ដោះប្ដូរទំនាក់ទំនងធម្មតា និងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ និងប្រទេសដែនកោះ ប៉ាស៊ីហ្វិកនោះទេ ប៉ុន្តែទីក្រុងប៉េកាំងជំទាស់ដាច់ខាតទៅនឹងការប្រែក្លាយតំបន់ប៉ាស៊ីហ្វិកទៅជាជម្លោះភូមិសាស្ត្រនយោបាយដោយប្រទេសណាមួយ ដែលមើលទៅលោកចង់សំដៅលើ សហរដ្ឋអាមេរិក។
ទីក្រុងប៉េកាំង មួយរយៈពេលចុងក្រោយនេះ នៅតែបន្តពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសដែនកោះប៉ាស៊ីហ្វិក ដោយកាលពីខែមេសាកន្លងទៅ បេសកជនពិសេសចិន ទទួលបន្ទុកកិច្ចការប្រទេសដែនកោះប៉ាស៊ីហ្វិក លោក ឈាន បូ (Qian Bo) បានជួបពិភាក្សាការងារជាមួយប្រតិភូថ្នាក់ដឹកនាំនយោបាយមួយក្រុមមកពីប្រទេសដែនកោះប៉ាស៊ីហ្វិក និងបានធ្វើបទបង្ហាញពីគោលនយោបាយរបស់ទីក្រុងប៉េកាំងចំពោះតំបន់ប៉ាស៊ីហ្វិក។ លោក ឈាន ដែលជាអតីតឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសហ្វីជី ក៏បានជួបជាមួយក្រុមមន្រ្តីសំខាន់ៗ មកពីប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ វ៉ានូអាទូ (Vanuatu) និងសាម៉ៅ (Samoa) ផងដែរ។ បើតាមលោក Corey Bell ចិនសម្រេចបានភាពជឿនលឿនគួរឱ្យកត់សម្គាល់ នៅក្នុងតំបន់ ប៉ាស៊ីហ្វិក ក្នុងនោះរួមមានទាំងការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រទេសតុងហ្កា កាលពីឆ្នាំ២០២២ ដែលរងគ្រោះដោយសារបន្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ។
តែអ្នកវិភាគរូបនេះបន្ថែមថាចិននឹងប្រើពេលស្ទាបស្ទង់ទឹកចិត្ត និងរកចំណុចខ្សោយរបស់សហរដ្ឋអាមេរិក ហើយទំនងជានឹងមិនជំរុញឱ្យប្រទេសដែនកោះប៉ាស៊ីហ្វិកដទៃចុះកិច្ចព្រមព្រៀង សន្តិសុខដូចដែលខ្លួនបានធ្វើជាមួយសូឡូម៉ុននោះទេ។ ចិនអាចនឹងប្រើជំនួយសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មដើម្បីរក្សាឥទ្ធិពលរបស់ខ្លួន។ ក្នុងន័យនេះ ប្រសិនបើការអភិវឌ្ឍនៅក្នុង ប្រទេសដែនកោះប៉ាស៊ីហ្វិកនៅតែមានកម្រិតទាប នោះវានឹងក្លាយជាបរាជ័យមួយសម្រាប់អាមេរិក និងអូស្ត្រាលី ខណៈក្លាយជាឱកាសដ៏ល្អសម្រាប់ចិន។ ដ្បិតចិនដឹងថាប្រទេសដែនកោះ ប៉ាស៊ីហ្វិក នឹងនៅតែបើកចំហទទួលចំនួនពីចិន រួមទាំងកិច្ចសហប្រតិបត្តិការសន្តិសុខ ដែលមិនមានលក្ខណៈយោធាខ្លាំងពេក។ «អ្វីដែលជាគន្លឹះសំខាន់សម្រាប់ចិន នោះគឺការមិន បញ្ចេញមហិច្ឆតាសន្តិសុខឱ្យគេឃើញ ពីព្រោះវាអាចនឹងបំផ្លាញដល់ជំនឿចិត្ត និងអាចក្លាយជាការប្រកាសអាសន្នមួយទៅដល់ប្រទេសក្នុងតំបន់ដទៃ ដែលមិនបានចុះកិច្ចព្រមព្រៀង សន្តិសុខជាមួយចិន ក្នុងពេលដែលមហិច្ឆតាសន្តិសុខរបស់ចិនក្នុងតំបន់នៅតែស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ»។ នេះជាការគូសបញ្ជាក់របស់លោក Corey Bell។
គួរបញ្ជាក់ថា បើតាមលោក Corey Bell ចិនអាចនឹងប្រឈមមុខនឹងបញ្ហាជាច្រើន ក្នុងនោះជាពិសេសគឺការកសាងទំនាក់ទំនងរឹងមាំរវាងប្រជាជន និងប្រជាជន។ ជាឧទាហរណ៍ ប្រជាជន ដែនកោះប៉ាស៊ីហ្វិក ដូចជាតុងហ្កាជាដើមមានទំនាក់ទំនងគ្រួសារ និងការធ្វើចំណាកស្រុកជិតសិ្នទ្ធជាមួយអូស្ត្រាលី និងនូវែលសេឡង់ ដូច្នេះទីក្រុងប៉េកាំងអាចនឹងត្រូវការពេលបន្ថែមទៀត ដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសដែនកោះប៉ាស៊ីហ្វិក៕ Fresh News