Grand News Asia Close

 វិភាគអន្តរជាតិ៖ តើមីយ៉ាន់ម៉ា ជាសមរភូមិនៃសង្រ្គាមត្រជាក់ថ្មី ឬ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 280
 វិភាគអន្តរជាតិ៖ តើមីយ៉ាន់ម៉ា ជាសមរភូមិនៃសង្រ្គាមត្រជាក់ថ្មី ឬ?  វិភាគអន្តរជាតិ៖ តើមីយ៉ាន់ម៉ា ជាសមរភូមិនៃសង្រ្គាមត្រជាក់ថ្មី ឬ?

 

FN- (វ៉ាស៊ីនតោន)៖ ប្រទេសមីយ៉ាន់ម៉ាដែលជាសមាជិកអាស៊ានមួយផងនោះ បានធ្លាក់ចូលក្នុងភាពចលាចល និងអំពើហិង្សាយ៉ាងបង្ហូរឈាម ចាប់តាំងពីមានរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សានស៊ូជី ពីអំណាចកាលពីខែកុម្ភៈ ឆ្នាំ២០២១។ អ្វីៗបាន ចាប់ផ្ដើមពីបាតុកម្មតវ៉ាដោយសន្តិវិធីប្រឆាំងនឹងរបបសឹក ប្រែក្លាយទៅជាចលនាតស៊ូប្រដាប់អាវុធដែលកើតចេញពី កងកម្លាំងប្រជាធិបតេយ្យ និងកងកម្លាំងប្រដាប់អាវុធជនជាតិដើមភាគតិច ដែលបានតស៊ូប្រយុទ្ធជាមួយរដ្ឋាភិបាលកណ្ដាលមីយ៉ាន់ម៉ា អស់ពេលរាប់ទសវត្សរ៍។

បណ្ដាប្រទេសក្បែរខាងមីយ៉ាន់ម៉ា រួមទាំងអាស៊ាន ក៏បានព្យាយាមសម្រុះសម្រួលផងដែរ ប៉ុន្តែហាក់ដូចជាមិនមានពន្លឺសម្រាប់កិច្ចចរចា សន្តិភាព បិទបញ្ចប់អំពើហិង្សាទាល់តែសោះ។ ជាង ២ឆ្នាំមកនេះ វិបត្តិនៅមីយ៉ាន់ម៉ាទទួលបានការចាប់អារម្មណ៍តិចតួចប៉ុណ្ណោះពី សហរដ្ឋអាមេរិក និងចិន បើទោះជាការប្រជែងភូមិសាស្ត្រនយោបាយរវាងប្រទេសទាំង២ ឡើងកម្ដៅក៏ដោយ ហើយវាអាចមកពីអាមេរិកខ្លួន ឯងកំពុងជាប់រវល់នឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនបានបង្ហាញការគាំទ្រដល់ ចលនាប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា តែជាលក្ខណៈភូមិសាស្ត្រនយោបាយពួកគេមិនបានដាក់ចេញវិធានការធ្ងន់ធ្ងរណាមួយប្រឆាំងនឹង របបសឹកឡើយ។ ចំណែក ទីក្រុងប៉េកាំង ក៏នៅតែបន្តរង់ចាំមើលឱកាសល្អដូចគ្នាដែរ បើទោះជាបន្តរក្សាទំនាក់ទំនងជាមួយរបបសឹក ក៏ដោយ។

តែយ៉ាងណាក៏ដោយ ការធ្វើជាប្រងើយកន្តើយទាំងនេះបានកែប្រែបន្តិចម្ដងៗ ខណៈទីក្រុងប៉េកាំងចាប់ផ្ដើមបង្កើនការគាំទ្រដល់របបសឹក ដ្បិតមើលឃើញថាសហរដ្ឋអាមេរិកផ្ដល់ការគាំទ្រកាន់តែខ្លាំងដល់ចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរបបសឹក។ នេះមិនខុសគ្នាប៉ុន្មានទេពី សង្រ្គាមត្រជាក់ ដោយសង្រ្គាមស៊ីវិលបានទាក់ទាញពួកមហាអំណាចឱ្យលូកដៃ ដើម្បីប្រយោជន៍របស់ពួកគេរៀងៗខ្លួន ហើយស្ថានភាព បែបនេះនឹងធ្វើឱ្យបណ្ដាប្រទេសក្នុងតំបន់ ជាពិសេសគឺអាស៊ាន ស្ថិតនៅលើជំហរមួយដ៏លំបាក។ គោលការណ៍ស្នូលមួយរបស់អាស៊ាន គឺមិនជ្រើសរើសរវាងសហរដ្ឋអាមេរិក និងចិន ក៏ដូចជារក្សាទំនាក់ទំនងល្អទាំងជាមួយចិន និងសហរដ្ឋអាមេរិក។ ប៉ុន្តែ ដរាបណា វិបត្តិនៅ មីយ៉ាន់ម៉ានៅតែបន្តអូសបន្លាយក្រោមទម្រង់សង្រ្គាមត្រជាក់ នោះចង់ ឬមិនចង់ វាមិនមែនត្រឹមតែនឹងបង្ខំឱ្យអាស៊ានត្រូវរើសយករវាង របបសឹក និងចលនាតស៊ូប្រជាធិបតេយ្យប៉ុណ្ណោះទេ​ តែពួកគេក៏ត្រូវរើសផងដែរថា «តើចង់ឈរនៅខាងចិន ឬសហរដ្ឋអាមេរិក»?

* ការត្រឡប់មកវិញនៃសង្រ្គាមស៊ីវិល

រដ្ឋប្រហារយោធា កាលពីឆ្នាំ២០២១ បានតម្រង់ទិសឱ្យមីយ៉ាន់ម៉ាដើរទៅរកជម្លោះ និងការបំផ្លិចបំផ្លាញ។ ដំបូងឡើយ ការប្រឆាំងនឹង របបសឹក ធ្វើឡើងតាមរយៈការធ្វើបាតុកម្មតវ៉ាដោយសន្តិវិធី តែក្រោយមកបានប្រែទៅជាចលនាតស៊ូប្រដាប់អាវុធ។ សមាជិកមួយចំនួនធំ ក្នុងជួរអតីតរដ្ឋាភិបាលរបស់លោកស្រី ស៊ូជី បានប្រកាសបង្កើតរដ្ឋាភិបាលរួបរួមជាតិ ក្រោមកិច្ចសហការជាមួយគណបក្សនយោបាយដទៃ និងក្រុមប្រដាប់អាវុធជនជាតិដើមភាគតិច។ តែព្រមពេលជាមួយគ្នា ដើម្បីការពារអំណាចរបស់ខ្លួន របបសឹកសព្វថ្ងៃបានប្រើកណ្ដាប់ដៃដែក បង្រ្កាបមិនរើសមុខ លើអ្នកដែលហ៊ានងើបប្រឆាំងនឹងខ្លួន។

គិតនៅត្រឹមពាក់កណ្ដាលឆ្នាំ២០២១ មីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលសាជាថ្មី ដោយអ្នកដែលប្រឆាំងនឹងរបបសឹក បានចូលរួម ជាមួយចលនាតស៊ូប្រដាប់អាវុធ ហើយបានសន្យាថានឹងតស៊ូប្រយុទ្ធរហូតដល់ទីបញ្ចប់។ ចលនាតស៊ូប្រដាប់អាវុធនេះមានការចូលរួមពី កងកម្លាំងជនជាតិដើមភាគតិចជាច្រើនដែលមានមូលដ្ឋាននៅតាមបណ្ដោយព្រំដែនរបស់មីយ៉ាន់ម៉ា។ បើទោះជាប្រឈមមុខនឹងគូសត្រូវ ដែលមានសព្វាវុធធុនធ្ងន់ក៏ពិតមែន ក៏ចលនាតស៊ូប្រដាប់អាវុធនេះនៅតែអាចដណ្ដើមគ្រប់គ្រងបានយ៉ាងឆាប់រហ័សនូវទីតាំងសំខាន់ៗ ពី យោធាមីយ៉ាន់ម៉ា នៅតាមទីជនបទ តួយ៉ាងដូចជានៅតាមតំបន់ជាប់ព្រំដែនឥណ្ឌា ចិន និងថៃ។ ក្នុងពាក់កណ្ដាលឆ្នាំ២០២១នោះដែរ មេដឹកនាំរបបសឹក លោក មីន អោងឡាំង បានសារភាពថាកងកម្លាំងរបស់លោកមិនអាចគ្រប់គ្រងប្រទេសទាំងស្រុងបាននៅឡើយទេ ហើយ រហូតដល់ពាក់កណ្ដាលឆ្នាំ២០២៣នេះ ទើបភាគីជម្លោះទាំង២ ហាក់ឈានដល់ដំណាក់កាលជាប់គាំងនៅក្នុងសង្រ្គាមស៊ីវិល គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់។

* លាក់បាំងចេតនាពិតប្រាកដ?

យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅក្រោយរដ្ឋប្រហារយោធា គឺជាការរួមផ្សំគ្នារវាងភាពប្រុងប្រយ័ត្ន និងការរក្សាតុល្យភាពរវាង «គុណតម្លៃ និងផលប្រយោជន៍»។ ខណៈប្រឆាំងនឹងរបបសឹក ទីក្រុងវ៉ាស៊ីនតោនក៏មានការព្រួយបារម្ភផងដែរពីការបែកបាក់គ្នា នៅក្នុងចំណោមសម្ព័ន្ធមិត្ត របស់ខ្លួនដែលមានមួយចំនួនបន្តរក្សាទំនាក់ទំនងជាមួយយោធាមីយ៉ានម៉ា ចាប់តាំងពីមានរដ្ឋប្រហារមក។ ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក ក៏បានជួប ជាមួយមេដឹកនាំចលនាតស៊ូប្រឆាំងនឹងរបបសឹកផងដែរ ហើយរដ្ឋបាលអាមេរិកបានដាក់ទណ្ឌកម្មដោយមានគោលដៅលើក្រុមមន្ត្រីយោធា ជាន់ខ្ពស់មីយ៉ាន់ម៉ា។ ប៉ុន្តែ ទណ្ឌកម្មនេះមិនបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរអ្វីដល់ទ្រព្យសម្បត្តិរបស់របបសឹកនោះទេ ដូចជាក្រុមហ៊ុនប្រេង និងឧស្ម័ន Myanma Oil and Gas Enterprise ជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៃយោធាមីយ៉ាន់ម៉ាដែលរកចំណូលបានជាង ១.៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។

មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក ក៏មិនបានដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនដែលបន្តរកស៊ីជាមួយយោធាមីយ៉ាន់ម៉ានោះដែរ ដូចជាបណ្ដា ក្រុមហ៊ុនថាមពលរបស់ថៃ និងក្រុមហ៊ុនហិរញ្ញវត្ថុសិង្ហបុរី។ ការអត់ធ្មត់របស់សហរដ្ឋអាមេរិកបែបនេះទំនងជាមានបំណងបញ្ចៀសការខឹងសម្បារ ពីបណ្ដាប្រទេសដទៃក្នុងតំបន់ ជាពិសេសគឺថៃដែលមានរដ្ឋាភិបាលសព្វថ្ងៃកើតចេញពីរដ្ឋប្រហារយោធាក្នុងឆ្នាំ២០១៤ និងបន្តគាំទ្រ ក៏ដូចជារក្សា ទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយរបបសឹកមីយ៉ាន់ម៉ា។ កាន់តែសំខាន់ជាងនេះទៅទៀត សម្ព័ន្ធមិត្ត និងប្រទេសជាដៃគូរបស់សហរដ្ឋអាមេរិក ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមមានអូស្ត្រាលី ឥណ្ឌា និងជប៉ុន សុទ្ធតែបានបង្ហាញកង្វល់ដូចគ្នាៗចំពោះវិបត្តិនៅមីយ៉ាន់ម៉ា ដោយពួកគេបារម្ភថា ការដាក់ទណ្ឌកម្មធ្ងន់ធ្ងរពេកអាចនឹងធ្វើឱ្យរបបសឹកមីយ៉ាន់ម៉ា កាន់តែខិតទៅរកចិន។ ម្លោះហើយ ទើបពួកគេជ្រើសរើសបន្តរក្សាទំនាក់ទំនង ជាមួយយោធាមីយ៉ាន់ម៉ា។ ជាឧទាហរណ៍ក្នុងករណីឥណ្ឌាដែលបានពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងការទូតជាមួយរបបសឹក ហើយក៏ទំនងជានឹង មិនផ្ដល់ការគាំទ្រដល់ចលនាតស៊ូប្រដាប់អាវុធឡើយ។

ចិនវិញ ក៏មិនខុសគ្នាពីសហរដ្ឋអាមេរិកនោះដែរ។ ទីក្រុងប៉េកាំងធ្លាប់មានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយរដ្ឋាភិបាលរបស់លោកស្រី អោង សានស៊ូជី នៅមុនពេលរដ្ឋាភិបាលនេះត្រូវបានបណ្ដេញចេញពីអំណាច។ សម្រាប់ចិនដែលមានព្រំដែនគោកជាប់ជាមួយមីយ៉ាន់ម៉ា ចម្ងាយជាង ២,០៩២គីឡូម៉ែត្រ ការផ្ទុះឡើងនូវសង្រ្គាមស៊ីវិលមួយដែលនៅក្បែរមាត់ទ្វារផ្ទះរបស់ខ្លួន គឺជាដំណឹងដ៏អាក្រក់ចំពោះស្ថិរភាពនៅក្នុងតំបន់ និងគម្រោងវិនិយោគរាប់ពាន់លានដុល្លាររបស់ចិនក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ។ ចិននៅតែបន្តជាអ្នកផ្គត់ផ្គង់អាវុធ ដ៏សំខាន់មួយរបស់មីយ៉ាន់ម៉ា ប៉ុន្តែទីក្រុងប៉េកាំងក៏មិនដែលជឿទុកចិត្តខ្លាំងណាស់ណានោះដែរលើមេដឹកនាំយោធាមីយ៉ាន់ម៉ា ដែលខ្លួនយល់ថា មិនអាចព្យាករបាន ហើយប៉េកាំង ថែមទាំងគាំទ្រដល់កងកម្លាំងប្រដាប់អាវុធជនជាតិដើមភាគតិចមីយ៉ាន់ម៉ាមួយចំនួនទៀតផង។

នៅក្រោមហេតុផលនេះ និងហេតុផលផ្សេងទៀត ថ្នាក់ដឹកនាំចិនបានសម្រេចចិត្ត «លាក់បាំងចេតនាពិតប្រាកដ» នៅក្រោយរដ្ឋប្រហារយោធា ផ្ទុះឡើង។ ជាក់ស្ដែង ទោះជាចិនមិនដែលបានថ្កោលទោសរបបសឹក ឬធ្វើការអំពាវនាវជាសាធារណៈឱ្យមីយ៉ាន់ម៉ា ត្រឡប់ទៅរកការដឹកនាំបែប ស៊ីវិលវិញក៏ពិតមែន តែចិនបានបើកបណ្ដាញទំនាក់ទំនងជាសម្ងាត់ជាមួយរដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា ព្រមទាំងបានដាក់សម្ពាធលើរបបសឹក កុំឱ្យរំលាយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី ស៊ូជី។ នៅពេលដែលការវាយប្រយុទ្ធគ្នា បង្កឱ្យមានការវាយប្រហារដោយ ចៃដន្យលើទីក្រុងជាប់ព្រំដែនមួយរបស់ចិន ទីក្រុងប៉េកាំងត្រូវបានគេរាយការណ៍ថាបានព្រមានរបបសឹកថាបើឧប្បតិ្តហេតុបែបនេះកើតឡើងជាថ្មី នោះវានឹងជំរុញឱ្យមានការចាត់វិធានការឆ្លើយតបជាចាំបាច់។ លើសពីនេះទៅទៀត ចិនក៏ធ្លាប់បានបង្ហាញភាពសោះអង្គើយដាក់ មេដឹកនាំរបបសឹកផងដែរ ដោយកាលពីរដូវក្ដៅឆ្នាំ២០២២ អតីតរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានធ្វើទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ា តែលោកបានបដិសេធជួបជាមួយលោក មីន អោងឡាំង។

យ៉ាងណាក៏ដោយ នៅក្រោយពេលដែលសហរដ្ឋអាមេរិក អនុម័តច្បាប់ 2023 BURMA Act ដែលបានបញ្ជាក់យ៉ាងច្បាស់ពីបំណងរបស់អាមេរិក ក្នុងការប្រឆាំងនឹងរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា និងអំពាវនាវឱ្យមានការផ្ដល់ជំនួយយោធាមិនអាចសម្លាប់មនុស្ស ដែលភាគច្រើនជាបរិក្ខារ ទំនាក់ទំនងសម្រាប់ចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរបបសឹក ចិនហាក់ដូចជាបានប្ដូរគោលជំហរដោយកាន់តែបង្ហាញការគាំទ្រដល់របបសឹក បិទបញ្ចប់ការរក្សាភាពស្ងៀមស្ងាត់ជាង២ឆ្នាំមកនេះ។ កាលពីខែឧសភា ឆ្នាំ២០២៣ រដ្ឋមន្ត្រីការបរទេសចិន លោក ឈិន កាង បានជួបជាមួយ លោក មីន អោងឡាំង និងបានសន្យាថាចិននឹងជួយមីយ៉ាន់ម៉ាសម្រេចឱ្យបាននូវការផ្សះផ្សារជាតិ អនុលោមតាមរដ្ឋធម្មនុញ្ញ ក្របខណ្ឌច្បាប់ និងក្រិតក្រមការទូតដើម្បីគាំទ្ររបបយោធា។

កាលពីដើមឆ្នាំ២០២៣ របបសឹកមីយ៉ាន់ម៉ា បានហាមមិនឱ្យគណបក្សរបស់លោកស្រី អោង សានស៊ូជី ចូលរួមក្នុងការបោះឆ្នោតសកល នៅពេលអនាគត ខណៈក្រុមអ្នកវិភាគយល់ថាយោធាមីយ៉ាន់ម៉ា ប្រហែលជាមិនធ្វើបែបនេះឡើយ ប្រសិនបើពួកគេមិនមានអារម្មណ៍ថានឹងទទួល បានការយល់ព្រមពីចិនទេនោះ។ ម្យ៉ាងវិញទៀត បេសកជនពិសេសរបស់ចិនគឺលោក Deng Xijun បានបង្ហាញជំហរគាំទ្ររបស់ទីក្រុងប៉េកាំង ចំពោះរបបសឹកមីយ៉ាន់ម៉ាកាន់តែច្បាស់ជាងមុនទៅទៀត ដោយប៉ុន្មានខែថ្មីៗនេះ លោក Deng បានបើកកិច្ចសន្ទនាជាបន្តបន្តជាមួយមេដឹកនាំ របបសឹក និងអ្នកតំណាងជាច្រើនរូបមកពីកងកម្លាំងប្រដាប់អាវុធជនជាតិដើមភាគតិច ហើយថែមទាំងត្រូវបានគេរាយការណ៍ទៀតផងថា បានស្នើសុំឱ្យមានបទឈប់បាញ់រវាងភាគីជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ា។

សម្រាប់ក្រុមអ្នកវិភាគ​ ការលូកដៃកាន់តែខ្លាំងរបស់សហរដ្ឋអាមេរិក នៅក្នុងមីយ៉ាន់ម៉ាអាចនឹងបង្ខំឱ្យចិនគាំទ្ររបបយោធាពេញទំហឹង ពីព្រោះចិន ដឹងថាបើចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរបបសឹកទទួលបានជ័យជម្នះ នោះពួកគេអាចនឹងមានទំនោរងាកទៅរកសហរដ្ឋអាមេរិក និងលោកខាងលិចដែលនេះនឹងកាន់តែអំណោយផលដល់យុទ្ធសាស្ត្រឡោមព័ទ្ធចិនរបស់ទីក្រុងវ៉ាស៊ីនតោនតែប៉ុណ្ណោះ៕

អត្ថបទទាក់ទង