Grand News Asia Close

វិភាគអន្តរជាតិ៖ តើចិន រុស្ស៉ី និងអ៉ីរ៉ង់ បង្កើតទំនាក់ទំនងជិតស្និទ្ធដោយរបៀបណា?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 756
វិភាគអន្តរជាតិ៖ តើចិន រុស្ស៉ី និងអ៉ីរ៉ង់ បង្កើតទំនាក់ទំនងជិតស្និទ្ធដោយរបៀបណា? វិភាគអន្តរជាតិ៖ តើចិន រុស្ស៉ី និងអ៉ីរ៉ង់ បង្កើតទំនាក់ទំនងជិតស្និទ្ធដោយរបៀបណា?

(ឡុងដ៍)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៊ីម រ៉ៃស៊ី មានរឿងជាច្រើនដែលមេដឹកនាំទាំង២សម្លឹងឃើញថាជា «ប្រយោជន៍រួម» ស្របពេល រុស្ស៉ី និងអ៉ីរ៉ង់សុទ្ធតែកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ លោក ពូទីន និងលោក រ៉ៃស៊ី ក៏ត្រូវបានគេមើលឃើញថាកំពុងខិតជិតគ្នារឹតតែខ្លាំងផងដែរ។ តួយ៉ាង កាលពីខែធ្នូ ឆ្នាំ២០២៣ មេដឹកនាំទាំង២ បានជួបគ្នានៅឯវិមានក្រឹមឡាំងដើម្បីពិភាក្សាគ្នាពីសង្រ្គាមហ្កាហ្សា ហើយកាលពីថ្ងៃទី១៨ ខែមីនា លោក រ៉ៃស៊ី បានចូលរួមជាមួយ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ចេញសារអបអរសាទរភ្លាមៗចំពោះជ័យជម្នះរបស់លោក ពូទីន ក្នុងការបោះឆ្នោតប្រធានាធិបតី។

មែនទែនទៅ កាលពីអតីតកាល រុស្ស៉ី អ៉ីរ៉ង់ និងចិន មិនសូវជាមានទំនាក់ទំនងល្អនឹងគ្នានោះទេ ហើយម្ដងម្កាល ពួកគេថែមទាំងប្រជែងដណ្ដើមឥទ្ធិពលគ្នា ដើម្បីគ្រប់គ្រងផ្លូវពាណិជ្ជកម្ម របស់តំបន់អាស៊ីទៀតផង។ ក៏ប៉ុន្តែ សកម្មភាពរបស់សហរដ្ឋអាមេរិកបានកែប្រែអ្វីៗគ្រប់យ៉ាង។ ក្នុងឆ្នាំ២០២០ ពោល២ឆ្នាំ បន្ទាប់ពីដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ និងប្រកាសពីការដាក់ទណ្ឌកម្មបន្ថែមកាលពីខែមករា ឆ្នាំ២០២៤នេះប្រឆាំងនឹងអ៉ីរ៉ង់ សម្រាប់ការគាំទ្រដល់ក្រុមហាម៉ាស និងក្រុមហ៊ូទីក្នុងប្រទេសយេម៉ែន។

រុស្ស៉ីវិញបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក​ ចាប់តាំងបើកធ្វើសង្រ្គាមប្រឆាំងអ៊ុយក្រែន កាលពីឆ្នាំ២០២២មក ហើយកាលពីពេលថ្មីៗនេះ លោកខាងលិច បានប្រកាសរឹតបន្តឹងការដាក់ទណ្ឌកម្មលើមូស្គូថែមទៀត។ ក្នុងពេលដំណាលគ្នានេះ ចិនក៏កំពុងប្រឈមមុខនឹងការរឹតត្បិតពាណិជ្ជកម្ម ដោយសហរដ្ឋអាមេរិកដែរ ហើយការរឹតត្បិត នេះទៀតសោតអាចនឹងកើនឡើងទ្វេដង ប្រសិនបើលោក ដូណាល់ ត្រាំ អាចត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខសាជាថ្មីមែននោះ។ ប្រឈមមុខនឹង «សត្រូវរួម» ដូចជាសហរដ្ឋអាមេរិកបែបនេះឯង ទើបជំរុញឱ្យចិន រុស្ស៉ី និងអ៉ីរ៉ង់ខិតកាន់តែជិតគ្នា ហើយប្ដេជ្ញាជំរុញគោលនយោបាយការបរទេសរួម នោះគឺការគាំទ្រដល់ «ពិភពលោកពហុប៉ូលមួយដែល មិនស្ថិតនៅក្រោមការត្រួតត្រារបស់សហរដ្ឋអាមេរិក»។

តែទោះជាបែបនេះក្ដី ក្រៅតែពីមានសត្រូវរួម សម្រាប់ប្រទេសទាំង៣ កត្តាសេដ្ឋកិច្ចគឺជាមូលដ្ឋានស្នូលធ្វើឱ្យទំនាក់ទំនងរបស់ពួកគេកាន់តែរឹងមាំ។ ចិនបានសន្យាចំពោះ​ទំនាក់ទំនង «ភាពជាដៃគូគ្មានព្រំដែន» ជាមួយរុស្ស៉ី និងបានចុះកិច្ចព្រមព្រៀងយុទ្ធសាស្ត្រ ២៥ឆ្នាំមានទំហំទឹកប្រាក់ ៤០០ពាន់លានដុល្លារជាមួយអ៉ីរ៉ង់កាលពីឆ្នាំ២០២១។ ចិន រុស្ស៉ី និងអ៉ីរ៉ង់ ក៏បានចូលរួមជាសមាជិកក្នុងស្ថាប័នពហុភាគីមួយចំនួន ដែរ ដូចជាក្រុមប្រទេស BRICS ជាដើម។ រីឯទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីក្នុងចំណោមប្រទេសទាំង៣ បានកើនឡើង ជាមួយការដាក់ចេញផែនការសម្រាប់ការធ្វើពាណិជ្ជកម្មសេរីនៅក្នុងប្លុក រៀបចំបង្កើត ប្រព័ន្ធទូទាត់ថ្មី និងផ្លូវពាណិជ្ជកម្មដែលអាចចៀសពីផ្លូវពាណិជ្ជកម្មគ្រប់គ្រងដោយលោកខាងលិច។ នៅត្រង់នេះ ចំពោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ផែនការរបស់ប្រទេសទាំង៣គឺជាសុបិនអាក្រក់មួយ សម្រាប់ពួកគេ។ ដ្បិតវាអាចជួយឱ្យពួកគេគេចផុតពីទណ្ឌកម្ម មានភាពបត់បែន និងអាចអូសទាញឱ្យប្រទេសមួយចំនួនដែលមិនត្រូវគ្នាជាមួយលោកខាងលិចចូលរួមក្នុងប្លុករបស់ពួកគេ។

និយាយពីការធ្វើពាណិជ្ជកម្ម ចិនគឺជាអតិថិជនប្រេងដ៏ធំរបស់រុស្ស៉ី និងអ៉ីរ៉ង់។ រុស្ស៉ី និងអ៉ីរ៉ង់ក៏ធ្លាប់លក់ប្រេងយ៉ាងច្រើនសន្ធឹកសន្ធាប់ឱ្យតំបន់អឺរ៉ុបដែរ។ តែចាប់តាំងពីអឺរ៉ុបបានរឹតត្បិតលើការនាំចូលប្រេងពី ប្រទេសទាំង២ ចិនបានលេចមុខឡើងជាអតិថិជនប្រេងដ៏ធំ។ លំហូរប្រេងមកពីតំបន់ភាគខាងលិចប្រទេសរុស្ស៉ីចូលទៅក្នុងទីផ្សារចិន បានកើនឡើងពី ១០០ ០០០បារែលក្នុងមួយថ្ងៃ (កម្រិតនៅមុនសង្រ្គាម នៅអ៊ុយក្រែនផ្ទុះឡើង) ដល់៥០០ ០០០បារែល ក្នុងមួយថ្ងៃ។ នេះបើតាមទិន្នន័យរបស់ក្រុមហ៊ុន Reid l’Anson of Kpler។ កាលពីខែធ្នូ ឆ្នាំមុន ការនាំចូលប្រេងរបស់ចិនពីរុស្ស៉ីបានកើនឡើងដល់ទៅ ២.២លានបារែលក្នុងមួយថ្ងៃ ឬស្មើនឹង១៩ភាគរយនៃប្រេងនាំចូលសរុបរបស់ចិន ធៀបទៅនឹងកាលពី២ឆ្នាំចិនចូលប្រេងពីរុស្ស៉ី ១.៥លានបារែលក្នុងមួយថ្ងៃ។

ក្នុងឆមាសទី២ កាលពីឆ្នាំ២០២៣ ការនាំចូលប្រេងរបស់ចិនពីអ៉ីរ៉ង់មានជាមធ្យម ១លានបារែលក្នុងមួយថ្ងៃ ឬកើនឡើង១៥០ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នៅពេលលោកខាងលិច អនុញ្ញាតឱ្យបណ្ដាប្រទេសដទៃក្រៅពីប្រទេសជាសមាជិក G7 អាចទិញប្រេងពីរុស្ស៉ី ឧស្សហកម្មថាមពលអ៉ីរ៉ង់នៅតែជាកម្មវត្ថុជាប់ទណ្ឌកម្មបន្ទាប់បន្សំដដែល ដែលរឹតត្បិតលើប្រទេសទី៣។ ប៉ុន្តែ ចាប់តាំងពី ឆ្នាំ២០២២ រដ្ឋបាលលោក បៃដិន បានសម្រេចចិត្តបន្ធូរបន្ថយទណ្ឌកម្មលើអ៉ីរ៉ង់ ដើម្បីអាចបញ្ចុះតម្លៃប្រេងនៅលើទីផ្សារ ដែលហក់ឡើងថ្លៃយ៉ាងគំហុកដោយសារតែការដាក់ទណ្ឌកម្មលើរុស្ស៉ី ហើយចិននៅតែជា អ្នកទទួលបានផលចំណេញធំដោយអាចទិញប្រេងពីប្រទេសទាំង២ ក្រោមការលក់បញ្ចុះតម្លៃ។ ម្យ៉ាងទៀត ជារង្វាន់ពីរុស្ស៉ី ចិនក៏អាចទិញប្រេងក្នុងតម្លៃថោក តាមរយៈការនាំចូលប្រេងទ្វេដងពីបំពង់ឧស្ម័ន Power of Siberia ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង។

ដើម្បីអាចទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួន និងទប់ទល់ជាមួយលោកខាងលិច អ៉ីរ៉ង់ និងរុស្ស៉ីយល់យ៉ាងច្បាស់ថាការធ្វើពាណិជ្ជកម្ម និងការពង្រឹងទំនាក់ទំនងជាមួយចិន គឺជាត្រូវតែធ្វើ។ ដូច្នេះហើយរុស្ស៉ី និងអ៉ីរ៉ង់ គ្មានជម្រើសច្រើននោះទេ ក្រៅតែពីការលក់ប្រេងឱ្យចិន។ តែផ្ទុយទៅវិញ ខណៈកំពុងស្ថិតនៅក្រោមការរឹតត្បិតលើការនាំចូលបច្ចេកវិទ្យាពីលោកខាងលិច ចិនមិនបានប្រឈមមុខនឹងទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ ឬពាណិជ្ជកម្មពីលោកខាងលិចនោះទេ។ ម្លោះហើយចិនអាចទិញប្រេងពីបណ្ដាប្រទេសដទៃ ដែលនេះនឹងជួយបង្កើនឥទ្ធិពលចិននៅឯតុចរចាណាមួយ។ ចិនអាចទិញប្រេងក្រោមការបញ្ចុះតម្លៃពី១៥ ដល់៣០ដុល្លារ នៃតម្លៃទីផ្សារប្រេងពិភពលោក ហើយក្នុងពេលជាមួយគ្នាចិនអាចកែច្នៃ hydrocarbons មានតម្លៃថោកទៅជាផលិតផលលក់បានក្នុងតម្លៃខ្ពស់ ខណៈសមត្ថភាពផលិតនៃឧស្សាហកម្មគីមីឥន្ធនៈ រីកចម្រើនទៅមុខជាលំដាប់។ ដរាបណា ត្រូវប្រឈមមុខជាមួយលោកខាងលិច ទាំងចិន រុស្ស៉ី និងអ៉ីរ៉ង់ ដឹងយ៉ាងច្បាស់ថាពួកគេត្រូវការគ្នាទៅវិញទៅមក៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង