មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
(ភ្នំពេញ)៖ ការចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាបានកាត់ទឹកដីឱ្យថៃ គឺជាបញ្ហាធ្ងន់ធ្ងរដែលទាមទារភស្តុតាងច្បាស់លាស់ មិនអាចផ្អែកតែលើការអះអាងផ្នែកនយោបាយបានឡើយ។
ប៉ុន្តែចំពោះការចោទប្រកាន់ជាបន្តបន្ទាប់របស់លោក អ៊ុំ សំអាន អ្នកនយោបាយប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេសថា រាជរដ្ឋាភិបាលកម្ពុជាបានកាត់ទឹកដីឱ្យថៃនោះ តើបុគ្គលរូបនេះ មានភស្តុតាងអ្វីខ្លះដើម្បីគាំទ្រការចោទប្រកាន់របស់ខ្លួននេះ?
នេះជាសំណួរស្នូលនៃសារឆ្លើយតបជាលើកទី៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះលោក អ៊ុំ សំអាន ជុំវិញការចោទប្រកាន់អំពីការបាត់បង់ទឹកដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ តាមបណ្តោយព្រំដែនកម្ពុជា–ថៃ។
*អ៊ុំ សំអាន ត្រូវបញ្ជាក់ថាតើភស្តុតាងនៅឯណា?
ក្នុងសារឆ្លើយតបលើកទី៤ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានរិះគន់ថា លោក អ៊ុំ សំអាន មិនទាន់បង្ហាញឯកសារព្រំដែន ឬភស្តុតាងបច្ចេកទេសច្បាស់លាស់ ដើម្បីគាំទ្រការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីឱ្យថៃនោះឡើយ។ សម្តេចធិបតីបានចោទសួរថា៖ «ឆ្ងល់ដែរថា ពេលដែលគាត់ចោទរាជរដ្ឋាភិបាលថាកាត់ដីឱ្យថៃ តើផ្អែកលើមូលដ្ឋានអ្វីទៅវិញចឹង?»។
សំណួររបស់នាយករដ្ឋមន្ត្រីបានបង្វែរការជជែកពីការឆ្លើយឆ្លងផ្នែកនយោបាយ ទៅរកបញ្ហាស្នូលមួយ៖ តើការចោទប្រកាន់នេះផ្អែកលើភស្តុតាងអ្វីខ្លះ ហើយតើភស្តុតាងទាំងនោះអាចផ្ទៀងផ្ទាត់បានដែរឬទេ?
ពិតណាស់ ការរិះគន់រដ្ឋាភិបាលជាសិទ្ធិរបស់អ្នកនយោបាយ។ ប៉ុន្តែការចោទប្រកាន់ថារដ្ឋាភិបាលបានកាត់ទឹកដីឱ្យបរទេស មិនមែនជារឿងដែលអាចកាត់សេចក្តីដោយពាក្យសម្តីខ្លាំងៗ ឬការអះអាងផ្នែកនយោបាយនោះទេ។ អ្នកនយោបាយដែលអះអាងថាខ្លួនបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ត្រូវមានទំនួលខុសត្រូវចំពោះពាក្យសម្តីរបស់ខ្លួន ដោយបង្ហាញមូលដ្ឋានច្បាប់ ផែនទី ឯកសារព្រំដែន និងទិន្នន័យបច្ចេកទេសដែលអាចផ្ទៀងផ្ទាត់បាន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏មានទំនួលខុសត្រូវក្នុងការពន្យល់ និងបង្ហាញភស្តុតាងគាំទ្រជំហររបស់ខ្លួន ដើម្បីឱ្យសាធារណជនអាចពិនិត្យ និងវាយតម្លៃបានដែរ។
ចំណុចដែលលោក អ៊ុំ សំអាន និងបក្ខពួល ត្រូវយល់ឱ្យច្បាស់គឺ បញ្ហាព្រំដែនជាបញ្ហាអធិបតេយ្យភាពជាតិ មិនមែនជាវេទិកាសម្រាប់ប្រកួតប្រជែងថាអ្នកណានិយាយខ្លាំងជាងនោះឡើយ។ ការចោទប្រកាន់ធ្ងន់ធ្ងរដែលមិនមានភស្តុតាងគ្រប់គ្រាន់ អាចបង្កការយល់ច្រឡំ និងប៉ះពាល់ដល់ទំនុកចិត្តសាធារណជន។
នេះជាមេរៀនសំខាន់ ដែលបុគ្គលអ៊ុំ សំអាន ត្រូវរៀនទន្ទេញឱ្យចាំ៖ «ការចោទប្រកាន់ត្រូវការភស្តុតាង ហើយការបដិសេធក៏ត្រូវការការបំភ្លឺ។ ចំពោះបញ្ហាទឹកដី ការពិតត្រូវកំណត់ដោយច្បាប់ ផែនទី និងឯកសារដែលអាចផ្ទៀងផ្ទាត់បាន មិនមែនដោយសំឡេងអ្នកណាខ្លាំងជាងនោះទេ»។
*សារលើកទី៤៖ បើមិនមកផ្ទាល់ អាចបញ្ជូនតំណាង
ក្នុងសារថ្មីនេះ សម្តេចបវរធិបតី បានរិះគន់លោក អ៊ុំ សំអាន ដែលលើកនូវបញ្ហាបី៖ ការព្រួយបារម្ភពីសុវត្ថិភាពក្នុងការមកកម្ពុជាផង ការមិនទាន់បង្ហាញភស្តុតាងច្បាស់លាស់ផង និងការដាក់លក្ខខណ្ឌផ្សេងៗដែលសម្តេចចាត់ទុកថាជាការគេចវេសពីការផ្ទៀងផ្ទាត់។ ទោះយ៉ាងណា នាយករដ្ឋមន្ត្រីកម្ពុជា បានបើកជម្រើសថ្មីមួយទៀត ដោយអនុញ្ញាតឱ្យលោក អ៊ុំ សំអាន ចាត់តាំងតំណាងពីក្នុង ឬក្រៅប្រទេស មកពិភាក្សាជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល ដោយមានការធានាសុវត្ថិភាព។
លក្ខខណ្ឌសំខាន់គឺ តំណាងត្រូវមានសិទ្ធិពេញលេញ ទទួលបានឯកសារ និងភស្តុតាងពាក់ព័ន្ធ ហើយលោក អ៊ុំ សំអាន ត្រូវទទួលស្គាល់ខ្លឹមសារ និងលទ្ធផលនៃការផ្ទៀងផ្ទាត់។
ជម្រើសនេះបានបញ្ជូនសំណួរត្រឡប់ទៅលោក អ៊ុំ សំអាន វិញថា តើលោកនឹងបង្ហាញភស្តុតាងតាមរយៈតំណាង ឬបន្តការជជែកប្រកែកតាមបណ្តាញសង្គម?
*មេរៀនអន្តរជាតិ៖ ការកាន់កាប់ទឹកដី មិនស្មើនឹងសិទ្ធិអធិបតេយ្យភាព
ក្នុងច្បាប់អន្តរជាតិ ការកាន់កាប់ទឹកដីជាក់ស្តែង (effective control) មិនមានន័យថាបានទទួលអធិបតេយ្យភាពស្របច្បាប់ (legal title) ដោយស្វ័យប្រវត្តិឡើយ។
ជាឧទាហរណ៍ ក្នុងសំណុំរឿងព្រំដែនរវាង Burkina Faso និង Mali ឆ្នាំ១៩៨៦ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានបញ្ជាក់ពីសារៈសំខាន់នៃមូលដ្ឋានច្បាប់ និងព្រំដែនដែលបន្សល់ទុកពីសម័យអាណានិគម។ សកម្មភាពគ្រប់គ្រងជាក់ស្តែងមិនអាចយកមកជំនួសមូលដ្ឋានច្បាប់ដែលមានសុពលភាពបានតាមតែចិត្តឡើយ។
សម្រាប់កម្ពុជា–ថៃ ការវិនិច្ឆ័យសិទ្ធិលើទឹកដីត្រូវពិនិត្យសន្ធិសញ្ញាឆ្នាំ១៩០៤ និង១៩០៧ ផែនទី និងឯកសារព្រំដែនពាក់ព័ន្ធ។ ដូច្នេះ ការអះអាងថាតំបន់ណាមួយស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ មិនទាន់អាចបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានកាត់ទឹកដីនោះឱ្យថៃឡើយ។
សេចក្តីសន្និដ្ឋាន៖ ទឹកដីត្រូវការភស្តុតាង ជាតិទាមទារការទទួលខុសត្រូវ
សារឆ្លើយតបលើកទី៤ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បញ្ហាភស្តុតាងជាចំណុចស្នូលនៃការជជែក ហើយថែមទាំងផ្តល់ជម្រើសឱ្យលោក អ៊ុំ សំអាន ចាត់តាំងតំណាងមកចូលរួមក្នុងការពិភាក្សា និងផ្ទៀងផ្ទាត់ព័ត៌មានពាក់ព័ន្ធ។ ការចោទប្រកាន់ថារាជរដ្ឋាភិបាលបានកាត់ទឹកដីឱ្យបរទេស គឺជាការចោទប្រកាន់ធ្ងន់ធ្ងរដែលត្រូវការភស្តុតាងរឹងមាំ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលមានភារកិច្ចបន្តការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដោយផ្អែកលើច្បាប់អន្តរជាតិ ព្រមទាំងផ្តល់ការបំភ្លឺច្បាស់លាស់ជូនប្រជាពលរដ្ឋ។
មេរៀនសំខាន់ ដែលលោក អ៊ុំ សំអាន និងបក្ខពួកគួររៀន និងទន្ទេញចងចាំគឺ៖
ការប្រកួតប្រជែងនយោបាយអាចធ្វើឡើងតាមរយៈការជជែកដេញដោល និងការរិះគន់ ប៉ុន្តែការចោទប្រកាន់ថា មានការធ្វើឱ្យបាត់បង់អធិបតេយ្យភាពជាតិ ជាពិសេសការកាត់ទឹកដីឱ្យបរទេស មិនអាចផ្អែកលើពាក្យសម្តី ឬការអះអាងដោយគ្មានភស្តុតាងគ្រប់គ្រាន់បានឡើយ។
អ្នកនយោបាយអាចប្រកួតប្រជែងគ្នាដោយពាក្យសម្តី ប៉ុន្តែការពិតអំពីទឹកដី មិនអាចកំណត់ដោយសំឡេងអ្នកណាបំប៉ោងខ្លាំងជាងនោះទេ។ អ្នកដែលហ៊ានចោទប្រកាន់រឿងធ្ងន់ធ្ងរ ក៏ត្រូវហ៊ានបង្ហាញភស្តុតាង និងទទួលខុសត្រូវចំពោះការអះអាងរបស់ខ្លួនដែរ។
នេះជាគោលការណ៍មូលដ្ឋានដែលអ្នកនយោបាយរត់ចោលស្រុករូបនេះត្រូវយល់និងមិន ចាំបាច់ត្រូវបង្រៀន២ដងទេ! -Fresh News-





