Grand News Asia Close

ការពារបូរណភាពទឹកដីដោយមិនបង្កសង្គ្រាម៖ ការប្តេជ្ញាចិត្តមុតមាំ និងដំណោះស្រាយដោយ​សន្តិវិធី​របស់កម្ពុជា

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 1018
ការពារបូរណភាពទឹកដីដោយមិនបង្កសង្គ្រាម៖ ការប្តេជ្ញាចិត្តមុតមាំ និងដំណោះស្រាយដោយ​សន្តិវិធី​របស់កម្ពុជា ការពារបូរណភាពទឹកដីដោយមិនបង្កសង្គ្រាម៖ ការប្តេជ្ញាចិត្តមុតមាំ និងដំណោះស្រាយដោយ​សន្តិវិធី​របស់កម្ពុជា

ការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ គឺជាអាទិភាពខ្ពស់បំផុត និងជាការប្តេជ្ញាចិត្តដ៏មោះមុត​របស់​រាជ​រដ្ឋាភិបាលកម្ពុជា។ ឆន្ទៈមុតស្រួចនេះ មិនមែនគ្រាន់តែជាពាក្យសម្ដីនិយាយឲ្យតែពិរោះស្តាប់ដូច​ក្រុមប្រឆាំងចោទប្រកាន់មកលើរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែត្រូវបានបង្ហាញឲ្យឃើញតាមរយៈ​សកម្មភាព​ជាក់​ស្តែង និងជំហរច្បាស់លាស់នៅលើឆាកអន្តរជាតិ ជាពិសេសក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលបាននិងកំពុងបន្តកើតមានឡើងមកដល់ពេលនេះ។

ប្រឈមមុខនឹងសកម្មភាពដែលកម្ពុជាចាត់ទុកថាជាការរំលោភបំពានជាបន្តបន្ទាប់ពីសំណាក់ភាគីថៃ ដូច​ជា ការដាក់ទូកុងតឺន័រ ការរាយបន្លាលួសរារាំងពលរដ្ឋខ្មែរមិនឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ការសាង​សង់​​ហេដ្ឋា​រចនា​សម្ព័ន្ធផ្សេងៗ រួមទាំងការសាងសង់ព្រះពុទ្ធរូប និងការបង្ហូតទង់ជាតិនៅតំបន់ដែលកម្ពុជា​ចាត់ទុកថាស្ថិតក្នុងទឹកដីរបស់ខ្លួន រាជរដ្ឋាភិបាលកម្ពុជាបានបន្តចាត់វិធានការតាមផ្លូវការទូត និងច្បាប់​យ៉ាង​ជាប់​លាប់។

វិធានការទាំងនេះរួមមាន ការតវ៉ាជាផ្លូវការ ការចរចា ការទូតសកម្ម ការកត់ត្រា និងប្រមូលភស្តុតាង ព្រ​ម​ទាំង​ការប្រើប្រាស់យន្តការដោះស្រាយវិវាទដែលភាគីទាំងពីរបានព្រមព្រៀងគ្នា តាមរយៈក្រសួងការ​បរទេស និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ គោលបំណងគឺដើម្បីជំទាស់យ៉ាងច្បាស់លាស់ចំពោះសកម្ម​ភាព​ណាមួយដែលកម្ពុជាយល់ថាប៉ះពាល់ដល់បូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងបេតិកភណ្ឌ​វប្បធម៌​របស់ខ្មែរ។

ការប្រើប្រាស់ការទូត ច្បាប់ និងយន្តការអន្តរជាតិ មិនមែនមានន័យថាកម្ពុជាបោះបង់ការការពារ​បូរណ​ភាព​ទឹកដីឡើយ។ ផ្ទុយទៅវិញ វាបង្ហាញពីការជ្រើសរើសវិធីសាស្ត្រដែលអាចការពារផល​ប្រយោជន៍​ជាតិ​បានយ៉ាងមានប្រសិទ្ធភាព ខណៈពេលដែលកាត់បន្ថយហានិភ័យ និងជៀសវាងការធ្វើ​ឱ្យវិវាទព្រំដែន​ក្លាយ​ទៅជាជម្លោះប្រដាប់អាវុធ។

លើសពីការបង្ហាញជំហរប្រឆាំងជំទាស់ ការតវ៉ាជាផ្លូវការក៏មានសារៈសំខាន់ក្នុងការកត់ត្រា​ជំហររបស់​កម្ពុជា និងរក្សាភស្តុតាងពាក់ព័ន្ធនឹងវិវាទ។ ការរក្សាជំហរឱ្យបានជាប់លាប់ និងមានឯកសារគាំទ្រ គឺជា​មូល​ដ្ឋានសំខាន់សម្រាប់ការការពារផលប្រយោជន៍របស់កម្ពុជាតាមផ្លូវច្បាប់ និងការទូត។ ក្នុងន័យនេះ កម្ពុជាបញ្ជាក់ជំហរយ៉ាងច្បាស់ថា មិនទទួលស្គាល់ការកំណត់ខ្សែព្រំដែន ឬការទាមទារទឹកដីជាឯក​តោ​ភាគីណាមួយ ដែលផ្ទុយនឹងកិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិឡើយ។

ទន្ទឹមនឹងការតវ៉ា កម្ពុជាប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី ស្រប​តាម​ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ រាជរដ្ឋាភិបាលបានអំពាវនាវឲ្យភាគី​ថៃគោរព និងអនុវត្តឱ្យបានពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈ​កម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កិច្ចព្រមព្រៀងនេះ បានកំណត់យ៉ាង​ច្បាស់ឲ្យប្រគល់ការងារវាស់វែង និងខណ្ឌសីមាព្រំដែន ទៅឲ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីធានាបាននូវយុត្តិធម៌ និងនិរន្តរភាព។

ក្រៅពីយន្តការផ្លូវការ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ការពារជីវភាពប្រជាពលរដ្ឋនៅតំបន់ព្រំដែន ដោយបន្តជំរុញសេដ្ឋកិច្ច ជាពិសេសវិស័យកសិកម្ម ដើម្បីជាកម្លាំងចិត្ត និងជាមូលដ្ឋានគ្រឹះនៃ​ស្ថិរភាព​ជាតិ។ ការរួបរួមគ្នារវាងរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ គឺជាកម្លាំងដ៏សំខាន់ក្នុង​ការការពារបូរណភាពទឹកដី។

ជាចុងក្រោយ ការការពារបូរណភាពទឹកដីដោយសន្តិវិធី មិនមែនជាការដកថយពីការការពារ​អធិប​តេយ្យ​ភាពឡើយ។ ផ្ទុយទៅវិញ វាគឺជាការជ្រើសរើសមធ្យោបាយដែលអាចការពារទាំងទឹកដី ប្រជាពលរដ្ឋ និង​អនាគតរបស់ប្រទេស ដោយកាត់បន្ថយហានិភ័យនៃការបង្កើតជម្លោះធ្ងន់ធ្ងរ។ កម្ពុជាប្រកាន់ខ្ជាប់យ៉ាងមុត​មាំ​នូវគោលការណ៍ និងច្បាប់អន្តរជាតិ មិនទទួលស្គាល់រាល់ការទាមទារ ឬសកម្មភាពឯកតោភាគីដែលប៉ះ​ពាល់ដល់បូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ខ្លួន និងនៅតែបើកចំហសម្រាប់ការចរចា និងការ​ដោះ​ស្រាយវិវាទតាមមធ្យោបាយសន្តិវិធី។

ដូច្នេះ ការការពារទឹកដីរបស់កម្ពុជា គឺមិនពឹងផ្អែកតែលើការប្រឈមមុខដោយកម្លាំងនោះទេ ប៉ុន្តែផ្អែក​លើការទូតសកម្ម ការតវ៉ាជាផ្លូវការ ការប្រើប្រាស់ច្បាប់ និងយន្តការដោះស្រាយវិវាទដោយសន្តិវិធី និងការ​ពង្រឹង​សាមគ្គីភាពជាតិ នេះហើយគឺជាវិធីសាស្ត្រដែលបង្ហាញពីភាពមោះមុតក្នុងការការពារ​អធិប​តេយ្យ​ភាព ទំនួលខុសត្រូវចំពោះសន្តិភាព និងចក្ខុវិស័យរយៈពេលវែងសម្រាប់ប្រទេសកម្ពុជា៕

ដោយ៖ សុខ សុវណ្ណ

អត្ថបទទាក់ទង