Grand News Asia Close

តំណាង UNODC៖ ការឆបោកតាមអនឡាញបង្កការខាតបង់ ១១៤ ពាន់លានដុល្លារ ក្នុងមួយឆ្នាំនៅអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់

ដោយ៖ Morm Sokun ​​ | ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ព័ត៌មានជាតិ 1110
តំណាង UNODC៖ ការឆបោកតាមអនឡាញបង្កការខាតបង់ ១១៤ ពាន់លានដុល្លារ ក្នុងមួយឆ្នាំនៅអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់ តំណាង UNODC៖ ការឆបោកតាមអនឡាញបង្កការខាតបង់ ១១៤ ពាន់លានដុល្លារ ក្នុងមួយឆ្នាំនៅអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់

ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦–លោកស្រី Delphine Schantz តំណាងប្រចាំតំបន់នៃការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានគូសបញ្ជាក់ថា ការឆបោកតាមអនឡាញកំពុងក្លាយជាប្រភពចំណូលដ៏សំខាន់របស់ឧក្រិដ្ឋកម្មដែលមានការរៀបចំជាប្រព័ន្ធ និងកំពុងពង្រីកខ្លួនយ៉ាងឆាប់រហ័សឆ្លងកាត់ព្រំដែន ហើយការខាតបង់ដោយសារការឆបោកនៅអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់ មានចំនួនរហូតដល់១១៤ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ខណៈចំនួននេះកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ការគូសបញ្ជាក់របស់លោកស្រីតំណាងប្រចាំតំបន់នៃការិយាល័យអង្គការសហប្រជាជាតិបែបនេះ ក្នុងសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

លោកស្រី Delphine Schantz បានលើកឡើងថា តួលេខនេះមិនទាន់រាប់បញ្ចូលការខាតបង់នៅតំបន់ផ្សេងទៀតនៃពិភពលោកនៅឡើយទេ។ លោកស្រីបានបញ្ជាក់ដែរថា សហរដ្ឋអាមេរិកក៏បានប៉ាន់ប្រមាណថា ការខាតបង់ដោយសារការឆបោកមានប្រមាណ១០ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ខណៈ EUROPOL បានចាត់ទុកគម្រោងឆបោកនេះថា ជាវិស័យដែលកំពុងពង្រីកលឿនបំផុតមួយក្នុងចំណោមឧក្រិដ្ឋកម្មដែលមានការរៀបចំជាប្រព័ន្ធ។ លោកស្រីបានអះអាងថា៖ «ការឆបោកតាមអនឡាញមិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច ទំនុកចិត្តរបស់ប្រជាជនចំពោះស្ថាប័ន និងនីតិរដ្ឋផងដែរ»។

បើតាមលោកស្រី Delphine Schantz ប្រាក់ចំណូលពីការឆបោកទាំងនេះ ត្រូវបានយកទៅវិនិយោគឡើងវិញ ដើម្បីពង្រីកប្រព័ន្ធឧក្រិដ្ឋកម្មឱ្យកាន់តែធំ និងស្មុគស្មាញ។ ទន្ទឹមនេះ តាមការវាយតម្លៃរបស់ UNODC ឧស្សាហកម្មឆបោកនៅអាស៊ីអាគ្នេយ៍កំពុងផ្លាស់ប្តូរពីបណ្តាញឧក្រិដ្ឋកម្មដែលបែកខ្ញែក ទៅជាសេដ្ឋកិច្ចឧក្រិដ្ឋកម្មឆ្លងដែនតែមួយ ដែលដំណើរការដោយបច្ចេកវិទ្យា។ លោកស្រីបានអះអាងទៀតថា៖ «បណ្តាញទាំងនេះមានផ្នែកឯកទេសពាក់ព័ន្ធនឹងការលាងលុយ ការជួញដូរមនុស្ស ការរត់ពន្ធជនចំណាកស្រុក និងការប្រមូលទិន្នន័យ ហើយផ្នែកទាំងនេះត្រូវបានភ្ជាប់គ្នាជាប្រព័ន្ធ»។

លោកស្រី Delphine Schantz បានប្រៀបធៀបរបៀបប្រតិបត្តិការរបស់បណ្តាញឧក្រិដ្ឋកម្មទាំងនេះទៅនឹង “ការផ្តល់សិទ្ធិអាជីវកម្មជាបណ្តាញ” ដោយសារពួកគេអាចផ្តល់សេវាកម្ម និងសហការគ្នាឆ្លងកាត់ព្រំដែន។ ស្ថានភាពនេះធ្វើឱ្យស្ថាប័នអនុវត្តច្បាប់កាន់តែពិបាកក្នុងការបែងចែករវាងជនរងគ្រោះ និងជនប្រព្រឹត្តបទល្មើស ព្រមទាំងធានាការការពារ និងជួយសង្គ្រោះជនរងគ្រោះឱ្យបានគ្រប់គ្រាន់។ លោកស្រីក៏បានព្រមានផងដែរថា ឧក្រិដ្ឋជនកំពុងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដូចជា រូបិយប័ណ្ណគ្រីបតូ អ្នកផ្តល់សេវាទ្រព្យសកម្មនិម្មិត និងមេរោគកុំព្យូទ័រ ដើម្បីពង្រីកសកម្មភាពរបស់ខ្លួន និងគេចចេញពីការអនុវត្តច្បាប់។ «ក្រុមឧក្រិដ្ឋកម្មមួយចំនួនមិនត្រឹមតែប្រើប្រាស់បច្ចេកវិទ្យាថ្មីៗទេ ប៉ុន្តែថែមទាំងអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗដោយខ្លួនឯងផងដែរ»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់លោកស្រី Delphine Schantz ។

ទោះជាយ៉ាងណា លោកស្រី Delphine Schantz បានស្វាគមន៍ចំពោះការឆ្លើយតបដែលកំពុងកើនឡើងនៅក្នុងតំបន់ ដោយមានការបង្កើតមជ្ឈមណ្ឌលប្រឆាំងការឆបោក ក្រុមការងារពិសេស និងការបង្កើនប្រតិបត្តិការអនុវត្តច្បាប់។

ជាមួយគ្នានេះ លោកស្រី Delphine Schantz បានចាត់ទុកកម្ពុជា ជាឧទាហរណ៍មួយនៃប្រទេសដែលកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបិទប្រតិបត្តិការឆបោក។ លើសពីនេះទៀត ការបង្កើតគណៈកម្មការអន្តរក្រសួង/គណៈកម្មការពិសេសស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ និងការរៀបចំសន្និសីទអន្តរជាតិនេះ បង្ហាញពីការប្តេជ្ញាចិត្ត និងការបើកចំហររបស់កម្ពុជាក្នុងការសហការជាមួយប្រទេសដទៃ។

ក្នុងឱកាសនោះ លោកស្រី Delphine Schantz ក៏បានស្នើឱ្យផ្តោតលើវិស័យសំខាន់ៗចំនួន៥ រួមមាន ១. បង្កើតការយល់ដឹងរួមអំពីនិន្នាការ និងការវិវឌ្ឍនៃឧក្រិដ្ឋកម្មឆបោក។ ២. ពង្រឹងក្របខណ្ឌច្បាប់ និងសមត្ថភាពប្រមូល គ្រប់គ្រង និងវិភាគភស្តុតាងឌីជីថល។ ៣. ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងការចែករំលែកព័ត៌មាន។ ៤. បង្កើនការចូលរួមរបស់វិស័យឯកជន ជាពិសេសវិស័យ FinTech និងបណ្តាញសង្គម។ ៥. សិក្សាឱ្យបានច្បាស់អំពីលំហូរប្រាក់ចំណេញពីការឆបោក និងវិធីទប់ស្កាត់ការយកប្រាក់ទាំងនោះទៅពង្រីកប្រព័ន្ធឧក្រិដ្ឋកម្ម។

លោកស្រីបានសង្កត់ធ្ងន់ថា៖ «ការឆបោកតាមអនឡាញមិនមែនជាបញ្ហាដែលប្រទេសណាមួយអាចដោះស្រាយដោយខ្លួនឯងបានឡើយ។ ដូច្នេះ ត្រូវការកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់នៅថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ ដើម្បីទប់ស្កាត់ការផ្លាស់ទីរបស់បណ្តាញឧក្រិដ្ឋកម្មពីកន្លែងមួយទៅកន្លែងមួយទៀត»។ លោកស្រីក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនេះ និងបានអំពាវនាវឱ្យប្រទេសចូលរួមកំណត់ជំហានជាក់លាក់ និងអាចអនុវត្តបាន ដើម្បីបង្កើតការឆ្លើយតបដែលមានប្រសិទ្ធភាពជាងមុនចំពោះការឆបោកតាមអនឡាញ៕ -AKP-

ដោយ៖ ទេស ច័ន្ទសុធារី

 

អត្ថបទទាក់ទង